យុវមជ្ឈិមវ័យ
វាជាកន្លែងដែលខ្ញុំទៅ មិនមែនដែលខ្ញុំបានទៅទេ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ខ្ញុំបានដើរតាមផ្លូវមួយដែលបានបង្វែរខ្ញុំចេញពីផ្លូវតូច និងចង្អៀតជាច្រើនដង ប៉ុន្តែឆ្លងកាត់រឿងទាំងអស់នោះ ខ្ញុំបានរៀនថា ព្រះចេស្ដានៃព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់គឺពិត ។
ជីវិតរបស់ខ្ញុំពុំបានកើតឡើតតាមរបៀបដែលខ្ញុំបានគិតនោះទេ ។
នៅអាយុ ១៨ឆ្នាំ ខ្ញុំត្រូវបានរំពឹងឲ្យចេញផ្សព្វផ្សាយសាសនាពេញម៉ោង រៀបការមិនយូរប៉ុន្មានបន្ទាប់ពី នោះ និងចាប់ផ្ដើមគ្រួសារមួយត្រឹមអាយុ ២៥ឆ្នាំ ។ ឥឡូវ ខ្ញុំមានអាយុ ៣២ឆ្នាំ ។ ខ្ញុំពុំបានបម្រើបេសកកម្មទេ ហើយខ្ញុំបានអសកម្មនៅក្នុងសាសនាចក្រស្ទើរតែពេញមួយជីវិតជាមជ្ឈិមវ័យរបស់ខ្ញុំ ។ ខ្ញុំបានរៀបការ—បានលែងលះ—ហើយបានរៀបការម្ដងទៀត ។
ដោយសារខ្ញុំបានដើរតាមផ្លូវមួយដែលបានបង្វែរខ្ញុំចេញពីផ្លូវតូច និងចង្អៀតជាច្រើនដង នោះខ្ញុំមិនតែងតែមានអារម្មណ៍ថាចូលចំណោមនៅក្នុងសាសនាចក្រនោះទេ ។ ទោះជាយ៉ាងណា ខ្ញុំបានដឹងថាមានកន្លែងមួយសម្រាប់ខ្ញុំ ។ បទពិសោធន៍របស់ខ្ញុំបានបង្រៀនខ្ញុំថា ព្រះចេស្ដានៃព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់គឺពិត ហើយថាអ្វីដែលសំខាន់បំផុតពុំមែនជាកន្លែងដែលខ្ញុំបានទៅទេ ប៉ុន្តែវាគឺជាផ្លូវដែលខ្ញុំកំពុងធ្វើដំណើរឥឡូវនេះ ។
ខ្ញុំគិតថា ពីដំបូងខ្ញុំបានមានសង្ស័យពីអ្វីដែលខ្ញុំបានជឿ ព្រោះខ្ញុំពុំមានទំនុកចិត្តថាទីបន្ទាល់របស់ខ្ញុំរឹងមាំគ្រប់គ្រាន់ដើម្បីទៅបេសកកម្ម ។ ខ្ញុំចាំថា អំឡុងពេលដែលខ្ញុំបញ្ចប់វិទ្យាល័យ ខ្ញុំបានគិតថា ចុះបើទីបន្ទាល់របស់ខ្ញុំមិនមែនជារបស់ខ្ញុំពេញលេញនោះ ? ចុះបើខ្ញុំបានពឹងផ្អែកច្រើនពេកលើទីបន្ទាល់របស់អ្នកដទៃទៀតនោះ ?
វាបានរំខានដល់ខ្ញុំ ។ ខ្ញុំចង់ទៅបេសកកម្ម ប៉ុន្តែខ្ញុំឆ្ងល់ថាបើបទពិសោធន៍ខាងវិញ្ញាណដែលខ្ញុំបានមានមកដល់ត្រឹមពេលនោះគ្រប់គ្រាន់ដើម្បីធ្វើឲ្យក្លាយជាអ្វីដែលខ្ញុំគិតថាជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យនោះ—ជាម្នាក់ដែលមានកម្លាំងខាងវិញ្ញាណគ្រប់គ្រាន់ ហើយបានដឹងល្មមគ្រប់គ្រាន់អំពីដំណឹងល្អដើម្បីបង្រៀនមនុស្សដទៃទៀត ។
មើលត្រឡប់ក្រោយវិញ ខ្ញុំគួរតែសូមដល់ព្រះដើម្បីជួយខ្ញុំយល់ពីការប្រឹក្សាដែលបានផ្ដល់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:៩៧ ៖ « ចូរឲ្យគាត់បន្ទាបខ្លួននៅចំពោះយើង … ហើយគាត់នឹងបានទទួលព្រះវិញ្ញាណរបស់យើង គឺជាព្រះដ៏ជាជំនួយដែលនឹងសម្ដែងប្រាប់គាត់នូវសេចក្ដីពិតនៃការណ៍គ្រប់ទាំងអស់ ហើយនឹងប្រទានដល់គាត់នូវអ្វីដែលគាត់ត្រូវនិយាយនៅម៉ោងនោះឯង » ។
ប៉ុន្តែជាជាងសូមដល់ព្រះ ខ្ញុំបានវង្វេងនៅក្នុងការប្រៀបធៀបស្ថានភាពខាងវិញ្ញាណរបស់ខ្ញុំទៅនឹងរបស់អ្នកដទៃទៀតវិញ ហើយខ្ញុំភ័យខ្លាចថាភាពខ្វះចន្លោះរបស់ខ្ញុំនឹងរារាំងមនុស្សមិនឲ្យទទួលយកដំណឹងល្អ ។
នៅតែឯកឯងជាយុវមជ្ឈិមវ័យម្នាក់ ខ្ញុំបន្តព្យាយាមស្វែងរកអ្វីដែលខ្ញុំបានជឿ ។ ខ្ញុំពុំបានមើលឃើញពីគ្រោះថ្នាក់នៃអ្វីដែលខ្ញុំបានមើលឃើញថាជាការសម្រេចចិត្តដាច់ដោយឡែក ដែលមិនបានកំណត់ឡើងវិញថាខ្ញុំជានរណាក្នុងនាមជាមនុស្សម្នាក់ ។ ខ្ញុំបានចាប់ផ្ដើមដកខ្លួនចេញពីមនុស្សទាំងឡាយដែលខ្ញុំស្រឡាញ់ ដោយសារខ្ញុំបានដឹងថាពួកគេនឹងខកចិត្តចំពោះការជ្រើសរើសដែលខ្ញុំបានជ្រើស ។ ផ្ទុយទៅវិញ ខ្ញុំបានហ៊ុំព័ទ្ធខ្លួនឯងដោយមនុស្សដែលមិនខ្វល់ពីអ្វីដែលខ្ញុំកំពុងធ្វើ ។ ថ្ងៃមួយខ្ញុំបានសាកផឹកគ្រឿងស្រវឹងមួយគ្រាន់តែចង់ដឹងពីវា ។ ការផឹកក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ហើយនៅទីបំផុតបានផ្ដើមពីការគ្រាន់តែជាការកម្សាន្តទៅជាអ្វីមួយដែលខ្ញុំបានប្រើប្រាស់ជាជំនួយដើម្បីជួយខ្ញុំដោះស្រាយនឹងបទពិសោធន៍លំបាកៗ ។ ការផ្លាស់ប្ដូរជាអវិជ្ជមាននៅក្នុងជីវិតខ្ញុំអំឡុងពេលនោះ មិនចាំបាច់ថាជាប់ពាក់ព័ន្ធទៅនឹងជម្រើសមួយនោះទេ វាបានកើតឡើងបន្តិចម្ដងៗ ។ វាអស់រយៈពេលពីរឆ្នាំទើបខ្ញុំបានដឹងថា ជម្រើសតូចៗដែលខ្ញុំបានជ្រើសកន្លងៗមក បានដឹកនាំខ្ញុំទៅកាន់កន្លែងមួយដែលខ្ញុំមិនចង់នៅ ។
ឥឡូវនេះ ខ្ញុំមិននិយាយថា ដើម្បីរៀនពីភាពពេញលេញនៃដំណឹងល្អ អ្នកត្រូវតែដកពិសោធន៍អ្វីដែលផ្ទុយនោះឡើយ ។ ទង្វើរបស់ខ្ញុំបានបណ្ដាលឲ្យមានការឈឺចាប់ មិនគ្រាន់តែសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ផងដែរ—ភាគច្រើនបំផុតនៃជម្រើសទាំងនោះគឺមិនចាំបាច់សោះ ។ ខ្ញុំមានអំណរគុណដែលខ្ញុំអាចបន្ទាបខ្លួនឯងគ្រប់គ្រាន់ដើម្បីដឹងថា ( ១ ) ខ្ញុំវេទនាណាស់ និង ( ២ ) ខ្ញុំបានរីករាយបំផុតពេលខ្ញុំរស់នៅតាមបទបញ្ញត្តិរបស់ព្រះ ។ នោះជាអ្វីដែលខ្ញុំបានដឹងដោយខ្លួនឯង ជាអ្វីដែលខ្ញុំបានដឹងដោយឥតសង្ស័យ ហើយចែកចាយជាមួយអ្នកដទៃទៀត ។
ខ្ញុំបានទៅជួបប៊ីស្សពរបស់ខ្ញុំដើម្បីធ្វើឲ្យអ្វីៗត្រឹមត្រូវឡើងវិញ ហើយយើងបានជួបជាទៀងទាត់ដើម្បីរៀបចំខ្ញុំឲ្យទៅបម្រើបេសកកម្ម ។ ឯកសាររបស់ខ្ញុំជិតនឹងបញ្ចប់ហើយនៅពេលដែលខ្ញុំត្រូវបានបំផុសដើម្បីធ្វើឲ្យប្រាកដថា គាត់យល់ពីជម្រើសមួយចំនួនដែលបានជ្រើស ។ ការសន្ទនានោះមិនងាយស្រួលទេ ប៉ុន្តែខ្ញុំចង់ធ្វើវាឲ្យត្រឹមត្រូវពីមុខព្រះខ្លាំងជាងដែលខ្ញុំចង់ទៅបេសកកម្ម ។ ខ្ញុំមានឆន្ទះដើម្បីទទួលនូវអ្វីដែលខ្ញុំបានធ្វើខុស ហើយដាក់វានៅពីមុខទ្រង់ ដើម្បីខ្ញុំអាចបានស្អាតស្អំ ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបាននៅពីមុខក្រុមប្រឹក្សាពិន័យ ។ វាគួរឱ្យខ្លាចដើម្បីសារភាពពីអ្វីដែលខ្ញុំបានធ្វើនៅពីមុខមនុស្សដែលជាអ្នកដឹកនាំ និងជាគ្រូរបស់ខ្ញុំអស់ជាច្រើនឆ្នាំ ប៉ុន្តែពេលខ្ញុំសម្លឹងមើលជុំវិញបន្ទប់ ខ្ញុំមានអារម្មណ៍សុខសាន្ត ។ ខ្ញុំបានឃើញថា ពួកគេនៅទីនោះដើម្បីយល់ ហើយជួយខ្ញុំ ។ ពេលខ្ញុំចាកចេញ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបញ្ជាក់ដល់ខ្ញុំថា មិនថាការសម្រេចចិត្តជាយ៉ាងណានោះទេ ខ្ញុំបានធ្វើផ្នែករបស់ខ្ញុំ ហើយខ្ញុំនឹងមិនអីទេ ។ ព្រះ និងថ្នាក់ដឹកនាំដែលស្រឡាញ់ខ្ញុំ នឹងធ្វើកិច្ចការជាមួយខ្ញុំដើម្បីនាំខ្ញុំទៅកន្លែងដែលខ្ញុំត្រូវទៅ ។ ខ្ញុំបានដើរចេញទៅដោយមានអារម្មណ៍នៃសេចក្ដីស្រឡាញ់នៃព្រះអង្គសង្គ្រោះ និងដោយដឹងថាវាមិនហួសពីការប្រោសលោះរបស់ទ្រង់ឡើយ ។
កន្លែងមួយសម្រាប់ភាពមិនល្អឥតខ្ចោះ
ទោះបីខ្ញុំបានមានអារម្មណ៍សុខសាន្តក្ដី ក៏វាពិបាកក្នុងការប្រឈមនឹងសំណួរពីមនុស្សនានាដែលសួរថាហេតុអ្វីខ្ញុំមិនទៅបេសកកម្ម ។ កាលដែលខ្ញុំបានបន្តដំណើរការប្រែចិត្តរបស់ខ្ញុំដោយមានជំនួយពីប៊ីស្សពខ្ញុំ នោះវាហាក់ដូចជាការបម្រើបេសកកម្មគឺមិនមែនជាអនាគតរបស់ខ្ញុំទេ ។ ខ្ញុំត្រូវតែរកវិធីដើម្បីឆ្ពោះទៅមុខក្នុងជីវិតខ្ញុំ ។ នៅអាយុ ២១ឆ្នាំ ដោយសារតែខ្ញុំមិនចូលនៅក្នុងចំណោមអ្នកត្រៀមផ្សាយសាសនា អ្នកត្រឡប់ពីបេសកកម្ម ឬយុវមជ្ឈិមវ័យដែលរៀបការហើយ នោះវាពិបាកនឹងទទួលអារម្មណ៍ថាខ្ញុំនៅក្នុងចំណោមណាមួយណាស់ ។
ការដើរលេងជាគូគឺពិបាកណាស់ ។ ជួនកាលមនុស្សស្រីប្រព្រឹត្តចំពោះខ្ញុំផ្សេង បន្ទាប់ពីខ្ញុំប្រាប់ពួកគេថាខ្ញុំមិនបានបម្រើបេសកកម្ម ហើយថាខ្ញុំបានអសកម្មអស់មួយរយៈ ។ ដោយហេតុផលមួយនេះ ឬមួយនោះ ការប្រាស្រ័យទាក់ទងគឺមិនដែលហួសពីការដើរលេងលើកទីមួយទេ ។
ខ្ញុំរីករាយដែលនៅទីបំផុតខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែជួនកាលខ្ញុំនៅតែមានអារម្មណ៍ថាមិនចូលក្នុងចំណោម ។ ខ្ញុំមានទីបន្ទាល់មួយ ប៉ុន្តែខ្ញុំមិនអាចរកឃើញពីវិធីដើម្បីចែកចាយវានោះទេ ហើយថ្នាក់រៀននៅព្រះវិហារចំពោះខ្ញុំមានអារម្មណ៍ដូចជាការប្រលងដែលមិត្តរបស់ខ្ញុំនឹងមើលឃើញខ្ញុំប្រលងធ្លាក់ ។ ខ្ញុំបានគិតថា ដោយសារពួកគេភាគច្រើនមានជីវិតដែលខ្ញុំចង់បាន ពួកគេពុំបានជំពប់ដួលច្រើនដូចជាខ្ញុំបានដួល ។
ថ្ងៃមួយប៊ីស្សពរបស់ខ្ញុំបានហៅខ្ញុំចូលក្នុងការិយាល័យគាត់ ហើយបានផ្ដល់ការហៅបម្រើមួយឲ្យខ្ញុំបង្រៀនកូរ៉ុមអែលឌើរ ។ ខ្ញុំភ្ញាក់ផ្អើល ដោយសារខ្ញុំបានទៅកាន់កូរ៉ុមអែលឌើរតែពីរដងប៉ុណ្ណោះកាលពីឆ្នាំមុន ។ ថ្វីបើមានអារម្មណ៍ថប់បារម្ភយ៉ាងខ្លាំងក្ដី ក៏ខ្ញុំបានទទួលការហៅបម្រើនោះ ។ នៅថ្ងៃអាទិត្យទីមួយដែលខ្ញុំបង្រៀន ខ្ញុំបានឃើញថា ខ្ញុំបានចាប់ផ្ដើមជាមួយនឹងការណែនាំខ្លួនមួយ ប្រហែលដែលចម្លែកបំផុតដែលពួកគេមិនដែលធ្លាប់ឮ ៖
« ជម្រាបសួរ បងប្អូន ខ្ញុំឈ្មោះ រីឆាត ម៉នសុន ។ ខ្ញុំមិនដែលបម្រើបេសកកម្មទេ ហើយខ្ញុំបានអសកម្មស្ទើរតែមួយជីវិតជាមជ្ឈិមវ័យរបស់ខ្ញុំ ។ ខ្ញុំមិនដែលបានចូលរួមក្នុងកូរ៉ុមអែលឌើរច្រើនសោះឡើយ ដោយសារខ្ញុំពុំមានអារម្មណ៍ថាខ្ញុំនៅក្នុងចំណោម ។ ខ្ញុំនឹងពុំអាចឆ្លើយគ្រប់សំណួររបស់បងប្អូនទេ ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូននឹងចូលរួមដើម្បីយើងអាចរៀនជាមួយគ្នា ។ ប្រសិនបើបងប្អូនមិនមានបញ្ហាថាខ្ញុំមកពីកន្លែងណាទេ យើងនឹងចាប់ផ្ដើម » ។
ខ្ញុំបានដឹងនៅថ្ងៃនោះថា ខ្ញុំអាចសារភាពដល់អ្នកដទៃ—និងដល់ខ្លួនខ្ញុំផ្ទាល់—ថាទោះបីជាខ្ញុំមិនបានចាត់ថាខ្លួនឯងជា « ព្រួញដ៏ត្រង់ » ( មនុស្សម្នាក់ដែលបានបម្រើបេសកកម្ម សកម្មអស់ពេញមួយជីវិត និងពុំបានធ្វើកំហុសធ្ងន់ធ្ងរ ) ក៏ខ្ញុំត្រូវបានតម្រង់ទៅទិសដៅដូចគ្នានឹងពួកគេដែរ ហើយនោះជាអ្វីដែលសំខាន់បំផុត ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ខ្ញុំបានឃើញថា មានបុរសច្រើនជាងម្នាក់ក្នុងចំណោមបុរសទាំងនេះ ដែលខ្ញុំបានគិតថាបានរស់នៅក្នុងជីវិតដ៏ឥតខ្ចោះ បានធ្វើកំហុសផងដែរ ។ ខ្ញុំគិតថា វាបានពង្រឹងគំនិតដល់យើងទាំងអស់គ្នាថា ភាពល្អឥតខ្ចោះពុំមែនជាតម្រូវការក្នុងការនាំតម្លៃដល់ថ្នាក់រៀន ឬដល់សាសនាចក្រទាំងមូលឡើយ ។
គ្រាលំបាកៗ និងការសម្រេចិត្តមួយ
ជាអកុសល ការសកម្មរបស់ខ្ញុំគឺមិនបានយូរទេ ។ អាពាហ៍ពិពាហ៍របស់ខ្ញុំពិបាក ហើយខ្ញុំបានបែរទៅទម្លាប់ចាស់ៗដើម្បីគេចពីការឈឺចាប់របស់ខ្ញុំ ។ ចំណង់ចំណូលចិត្តបានចាប់ផ្ដើមជំនួសឲ្យការចូលរួមព្រះវិហារ ។
បីឆ្នាំបានកន្លងផុតទៅ ហើយខ្ញុំបានធ្លាក់ចុះដល់កម្រិតទាបបំផុត ។ ខ្ញុំត្រូវតែធ្វើជម្រើសមួយ ។ តើខ្ញុំអាចរស់នៅតាមដំណឹងល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់ ដោយមិនគិតពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតខ្ញុំបានទេ ? ឬក៏ខ្ញុំគ្រាន់តែចុះចូលនឹងភាពងងឹតនោះ ? ខ្ញុំបានដឹងថា ការប្ដេជ្ញាចិត្តដើម្បីដើរតាមផ្លូវតូច និងចង្អៀត គឺមានន័យថាត្រូវបោះបង់ចោលនូវឥទ្ធិពលអវិជ្ជមាននៅក្នុងជីវិតខ្ញុំ ។ ជាមួយគ្នានោះដែរ បំណងប្រាថ្នារបស់ខ្ញុំដើម្បីត្រឡប់ទៅព្រះវិហារវិញបានគូសបញ្ជាក់ថា ភរិយាខ្ញុំ និងខ្ញុំគឺស្ថិតនៅលើផ្លូវខុសគ្នា ។ ស្ថានភាពអាពាហ៍ពិពាហ៍របស់យើងនៅពេលនោះ គឺបោះជំហានដល់ការលះលែងរួចហើយ ។
ខ្ញុំមានការភ័យខ្លាច ។ ពុំមានការធានាថា កិច្ចខិតខំទាំងឡាយរបស់ខ្ញុំនឹងផ្ដល់ដល់ខ្ញុំនូវរឿងល្អៗដែលខ្ញុំចង់បានក្នុងជីវិតខ្ញុំនោះឡើយ ។ ប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំបានត្រឡប់ទៅអ្វីដែលខ្ញុំបានរៀនជាច្រើនឆ្នាំពីមុនមក—គឺខ្ញុំសប្បាយរីករាយបំផុតពេលខ្ញុំរស់នៅតាមដំណឹងល្អ ។ ខ្ញុំបានសម្រេចចិត្តដើម្បីប្ដេជ្ញាចិត្តពេញលេញ ហើយដាក់ខ្លួនខ្ញុំក្នុងព្រះហស្ដព្រះ មិនថាមានអ្វីកើតឡើងនោះទេ ។ ចាប់ពីពេលនេះទៅ គឺរវាងខ្ញុំ និងទ្រង់ ។
ជាថ្មីម្ដងទៀត ខ្ញុំបានចាប់ផ្ដើមត្រឡប់ទៅព្រះវិហារវិញ ហើយបានធ្វើការជ្រើសរើសល្អៗ ។ ថ្ងៃមួយដ៏រីករាយបំផុតក្នុងជីវិតខ្ញុំគឺពេលដែលខ្ញុំបានទទួលប័ណ្ណព្រះវិហារបរិសុទ្ធខ្ញុំម្ដងទៀត ។ ខ្ញុំបានរកឃើញការលួងលោមចិត្តនៅក្នុងព្រះវិហារបរិសុទ្ធកាលដែលអាពាហ៍ពិពាហ៍របស់ខ្ញុំបន្តបាក់បែក ហើយទីបំផុតមកដល់ទីបញ្ចប់ ។
ការស្វែងរកប្រភពនៃតម្លៃផ្ទាល់ខ្លួន
ទោះការសម្រេចចិត្តនោះគួរឲ្យភ័យខ្លាចក្ដី ក៏តាមរយៈបទពិសោធន៍នោះ ខ្ញុំបានរៀនដើម្បីមានអំណរគុណចំពោះព្រះហស្ដរបស់ព្រះនៅក្នុងផ្លូវរបស់ខ្ញុំ ។ ទោះបីជាខ្ញុំបានជំពប់ដួល ក៏ខ្ញុំពុំបានចាញ់ការប្រណាំងនោះទេ ។ ខ្ញុំពុំបានប្រកួតប្រជែងជាមួយនរណាម្នាក់ផ្សេងទៀតឡើយ ។ ពេលខ្ញុំពឹងផ្អែកលើព្រះអង្គសង្គ្រោះសម្រាប់គុណតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំអាចបញ្ឈប់ការចំណាយកិច្ចខិតខំរបស់ខ្ញុំដើម្បីផ្លាស់ប្ដូរទស្សនវិស័យរបស់មនុស្សដទៃទៀតអំពីខ្ញុំ ។
ខ្ញុំឃើញថា ខ្ញុំមិនមានបញ្ហាអ្វីទេដែលអង្គុយតែឯងនៅព្រះវិហារ ឬក្នុងចំណោមសមាជិកដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នានៅក្នុងជីវិត ។ ខ្ញុំបានខិតខំមិនលាក់កំបាំង ហើយបានខំនិយាយរាក់ទាក់ជាមួយមនុស្សនៅក្នុងវួដរបស់ខ្ញុំ ។ ខ្ញុំអាចរីករាយនឹងការចូលរួមការប្រជុំរបស់ខ្ញុំតាមគោលបំណងដែលការប្រជុំទាំងនោះមាន ។
ការមានភាពសុខសាន្តនោះក៏ជួយផងដែរពេលដែលខ្ញុំត្រឡប់ទៅដើរលេងជាគូវិញ ។ ខ្ញុំនៅតែមិនបានទៅដើរលេងជាគូជាលើកទីពីរ ប៉ុន្តែឥឡូវនេះខ្ញុំបានដឹងថា ខ្ញុំមិនចាំបាច់បន្ទាបបទដ្ឋានរបស់ខ្ញុំដោយសារតែខ្ញុំបានរអិលជើងដួលចុះកាលពីអតីតកាលនោះទេ ។ ខ្ញុំបានរស់នៅតាមដំណឹងល្អឲ្យបានល្អបំផុតអស់ពីសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំល្អគ្រប់គ្រាន់ដើម្បីដើរលេងជាគូជាមួយនឹងអ្នកដែលរស់នៅតាមដំណឹងល្អអស់ពីសមត្ថភាពរបស់ពួកគេដែរ ។
ទីបំផុត ខ្ញុំបានរកឃើញបុត្រីនៃព្រះដ៏ស័ក្ដិសមម្នាក់ដែលខ្ញុំបានរៀបការជាមួយនៅក្នុងព្រះវិហារបរិសុទ្ធ ។ ផ្លូវរបស់នាងខុសគ្នាពីរបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែពេលនិយាយពីសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ និងការយល់ដឹងពីដង្វាយធួនរបស់ទ្រង់ យើងមានគំនិតតែមួយ ។
អស់ជាច្រើនឆ្នាំ ខ្ញុំបានរៀនមិនឲ្យអតីតកាលរបស់ខ្ញុំ ឬការគិតរបស់អ្នកដទៃកំណត់ពីតម្លៃផ្ទាល់ខ្លួនបច្ចុប្បន្នរបស់ខ្ញុំ ។ ខ្ញុំបានលះបង់គំនិតដែលថា ជីវិតជោគជ័យទាល់តែជីវិតនោះល្អឥតខ្ចោះ ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងអ្វីដែលខ្ញុំមានឥឡូវនេះឡើយ ដោយសារតែរបៀបដែលខ្ញុំបានឈានដល់ចំណុចនេះ ប៉ុន្តែវាមិនថ្វីទេ ។ វាមិនមែនជាគោលដៅរបស់ខ្ញុំដើម្បីបញ្ចុះបញ្ចូលពួកគេនោះទេ ។ វាជាគោលដៅរបស់ខ្ញុំដើម្បីបន្តប្រែចិត្ត និងខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ ដូចជាអាលម៉ាជាកូនដែលបន្ទាប់ពីការប្រែចិត្តរបស់លោក នោះដោយសារទ្រង់ដែលខ្ញុំអាច « អស់កើតទុក្ខដោយការនឹកឃើញអំពើបាបរបស់ខ្លួនតទៀត » ( អាលម៉ា ៣៦:១៩ ) ។ ខ្ញុំអាចមានភាពសុខសាន្តដោយដឹងថា វាគឺជាទីកន្លែងដែលខ្ញុំនឹងទៅ—ឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះ—ដែលសំខាន់ ។