ការបើកសោអនុភាពនៃព្រះគម្ពីរមរមន
អ្នកនិពន្ធរស់នៅក្នុងរដ្ឋអារីស្សូណា ស.រ.អា. ។
ពេលនៅក្នុងបេសកកម្មរបស់ខ្ញុំនៅប្រទេសហ្វីលីពីន ខ្ញុំ និងដៃគូខ្ញុំបានបង្រៀនមេរៀនមួយដ៏មានអានុភាពអំពីសារសំខាន់នៃការសិក្សាព្រះគម្ពីរមរមនប្រចាំថ្ងៃ ។ នៅចុងបញ្ចប់នៃមេរៀននោះ ដៃគូរបស់ខ្ញុំបានថ្លែងទីបន្ទាល់ដ៏មានអានុភាពមួយដែលខ្ញុំមិនធ្លាប់បានឮពីមុនមកឡើយអំពីការសិក្សាព្រះគម្ពីរ ។ គាត់បានថ្លែងទីបន្ទាល់ថា ការអានព្រះគម្ពីរមរមនបន្ថែមនូវអំណាចថ្មីមួយទៅក្នុងជីវិតរបស់គាត់ដែលមិនអាចពន្យល់បាន ។
វាជាក់ស្ដែងណាស់ថា បទពិសោធន៍របស់គាត់ជាមួយនឹងព្រះគម្ពីរមរមនបានផ្លាស់ប្ដូរជីវិតរបស់គាត់ ហើយខ្ញុំចង់មានបទពិសោធន៍នោះសម្រាប់ខ្លួនខ្ញុំផងដែរ ។
ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងអានព្រះគម្ពីរមរមនម្ដងទៀត ។ ចាប់ផ្ដើមពីដំបូងមក ។
ខ្ញុំបានចំណាយពេលជាច្រើនលុតជង្គង់ទូលទៅព្រះថា ខ្ញុំចង់ទទួលបទពិសោធន៍នៃការប្រែចិត្តជឿ និងអំណាចដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ចម្លើយដែលខ្ញុំបានទទួលគឺ ៖ អាន ។ គ្រាន់តែអាន ។
ដូច្នេះនោះជាអ្វីដែលខ្ញុំបានធ្វើ ។ ខ្ញុំបានចាប់ផ្ដើមអានជាមួយនឹងការប្ដេជ្ញាចិត្តជាថ្មី ។ ខ្ញុំបានផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើខ ជំពូក និងទំព័រនីមួយៗ ។ កាលដែលខ្ញុំអាន ខ្ញុំបានរកឃើញខទាំងឡាយដែលបានឆ្លើយតបសំណួររបស់ខ្ញុំ ធ្វើឲ្យការព្រួយបារម្ភរបស់ខ្ញុំបានស្រាកស្រាន្ត ហើយបានជួយលើកបន្ទុកអ្នកទាំងឡាយដែលខ្ញុំកំពុងបង្រៀន ។
ប្រហែលមួយខែក្រោយមក ខ្ញុំបានដឹងថាមានអ្វីមួយនៅក្នុងចិត្តខ្ញុំកំពុងតែផ្លាស់ប្ដូរ ។ សមត្ថភាពរបស់ខ្ញុំដើម្បីស្រឡាញ់អ្នកដទៃទៀតបានកើនឡើង ខ្ញុំមានសង្ឃឹមកាន់តែច្រើនក្នុងអនាគត ខ្ញុំធ្វើការកាន់តែខ្លាំង និងកាន់តែយូររាល់ថ្ងៃ ខ្ញុំកាន់តែមានការផ្តោតយកចិត្តទុកដាក់លើការងារ ហើយខ្ញុំបានចាប់ផ្ដើមមានអំណរជាច្រើន ។
ថ្ងៃមួយនៅក្នុងការសិក្សារបស់ខ្ញុំ ខ្ញុំបានប្រទះនឹងការដកស្រង់មួយពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) អតីតប្រធានសាសនាចក្រ ៖ « មានអំណាចមួយនៅក្នុង [ ព្រះគម្ពីរមរមន ] ដែលនឹងចាប់ផ្ដើមហូរចូលមកក្នុងជីវិតរបស់អ្នក ពេលអ្នកចាប់ផ្ដើមសិក្សាដោយហ្មត់ចត់អំពីព្រះគម្ពីរនេះ ។ … នៅពេលអ្នកចាប់ផ្តើមស្រេកឃ្លាននូវព្រះបន្ទូលទាំងនោះ អ្នកនឹងឃើញថា ជីវិតនឹងកាន់តែមានភាពរីកចម្រើនយ៉ាងមហិមា » ។១
កាលដែលខ្ញុំបន្តសិក្សា នោះខ្ញុំបានចាប់ផ្ដើមយល់យ៉ាងពិតប្រាកដពីអត្ថន័យដែលលោកបានប្រាប់ ។ ខ្ញុំបានរកឃើញជីវិតដែលកាន់តែមានភាពរីកចម្រើនយ៉ាងមហិមា ។
ក្រឡេកមើលក្រោយវិញ ខ្ញុំជឿថាមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយដែលខ្ញុំត្រូវបានដាក់ជាមួយដៃគូនោះ គឺដើម្បីខ្ញុំអាចនៅទីនោះនាយប់នោះដើម្បីឮទីបន្ទាល់របស់គាត់ ។ ខ្ញុំបានមានអារម្មណ៍ដូចជាផ្នែកល្អៗទាំងអស់ក្នុងជីវិត—គឺសេចក្ដីស្រឡាញ់ សេចក្ដីសង្ឃឹម ការទុកចិត្ត ការខិតខំធ្វើការ និងអំណរ—ត្រូវបានពង្រឹងឡើង ។
មានពន្លឺថ្មីមួយនៅក្នុងជីវិតខ្ញុំ ហើយខ្ញុំបានដឹងថាវាពិត ។