ការឱបដ៏ល្អជាងគេបំផុត !
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.
អែលលីចូលចិត្តការឱបណាស់ ! ការឱបពីប៉ា ។ ការឱបពីលោកយាយ និងលោកតា ។ ការឱបពីពីម៉ាក់ ។ ការឱបធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅ ។ និងមានសុវត្ថិភាព ។ ហើយសប្បាយចិត្ត ។
នោះហើយជាមូលហេតុដែលអែលលីឱបម៉ាក់ពេលនៅព្រះវិហារ ។ នាងចូលចិត្តអង្គុយលើភ្លៅម៉ាក់ណាស់ ។ ម៉ាក់តែងតែបីនាងយ៉ាងណែន ។
បន្ទាប់មកការប្រជុំសាក្រាម៉ង់បានចប់ ។ វាដល់ពេលសម្រាប់ថ្នាក់បឋមសិក្សា ។ អែលលីចូលចិត្តថ្នាក់បឋមសិក្សាណាស់ ! នាងជាក្មេងស្រីធំហើយឥឡូវនេះ ។ អាយុ ៣ ឆ្នាំ ! នាងថែមទាំងមានព្រះគម្ពីរផ្ទាល់ខ្លួនទៀតផង !
ប៉ុន្តែថ្ងៃនេះអែលលីគ្រាន់តែចង់បន្តឱបម៉ាក់ជារៀងរហូត ។
ម៉ាក់បានបីអែលលីតាមផ្លូវច្រកផ្លូវដើរ ។ នៅក្នុងថ្នាក់បឋមសិក្សា ម៉ាក់បានដាក់អែលលីចុះនៅលើកៅអីមួយ ។
« តើកូនអាចទៅជាមួយម៉ាក់បានទេ ? » អែលលីបានសួរ ។
ម៉ាក់បាននិយាយថា « អត់ទេ » ។ សំឡេងរបស់ម៉ាក់ទន់ភ្លន់ល្អ ។ គាត់បាននិយាយថា « កូនត្រូវនៅក្នុងថ្នាក់របស់កូន ។ ហើយម៉ាក់ត្រូវនៅក្នុងថ្នាក់របស់ម៉ាក់ » ។
ម៉ាក់បានថើបថ្ពាល់អែលលី ។ ហើយគាត់ក៏បានដើរចេញទៅខាងក្រៅ ។
អែលលីមានអារម្មណ៍ថាទឹកភ្នែកហូរចុះលើថ្ពាល់នាង ។
នាងបានគិតអំពីម៉ាក់កំពុងបីនាង ។ ម៉ាក់តែងតែបីនាងពេលពួកគេអានព្រះគម្ពីរមរមន ។ ជាធម្មតាពួកគេអានជាមួយគ្រួសារ ។ ប៉ុន្តែពេលខ្លះអែលលី និងម៉ាក់បានអានដោយខ្លួនឯង ។
អែលលីបានយកព្រះគម្ពីរមរមនរបស់នាងឡើង ។ នៅខាងក្នុងមានរូបភាពរបស់ព្រះយេស៊ូវ ។
អែលលីបានបិទគម្ពីរ ហើយឱបវា ។ នាងមានអារម្មណ៍ដូចជានាងកំពុងឱបព្រះយេស៊ូវ ។ នាងមានអារម្មណ៍កក់ក្ដៅ ។ និងមានសុវត្ថភាព ។ ហើយសប្បាយចិត្ត ។ វាគឺជាការឱបដ៏ល្អជាងគេបំផុត !