ចូរធ្វើដូចជានីហ្វៃ
ពេលនីហ្វៃបាននិយាយទៅកាន់ឪពុករបស់លោកថា « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ( នីហ្វៃទី១ ៣:៧ ) លោកបានផ្ដល់ដល់យើងនូវគំរូដ៏បំផុសគំនិតមួយអំពីសេចក្ដីជំនឿ និងការគោរពប្រតិបត្តិដ៏ឧស្សាហ៍ព្យាយាម ។ ការប្ដេជ្ញាចិត្តរបស់នីហ្វៃដើម្បីទៅ ហើយធ្វើ គឺបានមកពីគុណសម្បត្តិសំខាន់ពីរដែលយើងទាំងអស់គ្នាអាចបង្កើតបាន ៖ ទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីព្រះអម្ចាស់ ព្រមទាំងពួកព្យាការីរបស់ទ្រង់ និងភាពធន់ខាងវិញ្ញាណរបស់លោក ។
ការអភិវឌ្ឍន៍ទីបន្ទាល់មួយ
នីហ្វៃគោរពប្រតិបត្តិដោយសារលោកបានស្វែងរក និងបានទទួលទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ទៅកាន់ឪពុកលោក ( សូមមើល នីហ្វៃទី១ ២:១៦–២០ ) ។ លោកបានដឹងថា ភារកិច្ចទៅយកផ្ទាំងលង្ហិននឹងពិបាក ។ ប៉ុន្តែមិនដូចជាបងប្រុសទាំងឡាយរបស់លោកទេ លោកបានដឹងថា ព្រះអម្ចាស់នឹងគង់នៅជាមួយលោក ហើយរៀបចំផ្លូវសម្រាប់ពួកគេដើម្បីសម្រេចកិច្ចការនោះបាន ។
សេចក្ដីជំនឿលើព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ បានផ្ដល់ពរ និងគាំទ្រនីហ្វៃអស់មួយជីវិតលោក ហើយបានជួយលោកឲ្យសម្រេចបានកិច្ចការដ៏អស្ចារ្យទាំងឡាយ ។ ដូចជានីហ្វៃដែរ យើងអាចធ្វើកិច្ចការធំៗនៅក្នុងជីវិតយើង កាលណាយើងពុះពារដើម្បីគោរពប្រតិបត្តិដល់ដំបូន្មានដែលយើងទទួលពីពួកព្យាការីនៅរស់ ការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ និងព្រះគម្ពីរ ។ ឧទាហរណ៍ ព្យាការីរបស់ព្រះអម្ចាស់សព្វថ្ងៃនេះ គឺប្រធាន រ័សុល អិម ណិលសុន បានសូមយើងឲ្យជួយប្រមូលផ្ដុំវង្សអ៊ីស្រាអែល ហើយរៀបចំសម្រាប់ការយាងត្រឡប់មករបស់ព្រះអង្គសង្គ្រោះ ។១
កាលដែលយើងសិក្សាព្រះបន្ទូលរបស់ព្រះ ហើយគោរពប្រតិបត្តិ នោះសេចក្ដីជំនឿរបស់យើងនឹងលូតលាស់ឡើង ហើយយើងនឹងទទួលអារម្មណ៍នៅក្នុងដួងចិត្តយើងនូវការប្ដេជ្ញាចិត្តមួយ ដើម្បីបន្តគោរពប្រតិបត្តិ សូម្បីពេលយើងដឹងថាកិច្ចការទាំងឡាយមានភាពលំបាកក្ដី ។
ការអភិវឌ្ឍភាពធន់ខាងវិញ្ញាណ
គំរូរបស់នីហ្វៃក៏បង្រៀនដល់យើងអំពីលក្ខណៈដូចព្រះគ្រីស្ទគឺភាពធន់—ការធ្វើកិច្ចការឆ្លងកាត់ឧបសគ្គនានាជាជាងព្យាយាមចៀសវាងមិនធ្វើវា ។ មានគ្រាទាំងឡាយនៅក្នុងជីវិតយើងទាំងអស់គ្នា ពេលដែលយើងត្រូវបានសូមឲ្យធ្វើកិច្ចការលំបាកៗ និងត្រូវការការព្យាយាមច្រើន ។ នៅក្នុងស្ថានភាពទាំងនោះ ប្រសិនបើយើងពឹងផ្អែកលើសេចក្ដី ជំនឿរបស់យើងលើព្រះគ្រីស្ទ ហើយជ្រើសរើស « ផ្លូវត្រូវជានិច្ចទោះជាវាលំបាកក្ដី កុំជ្រើសរើសផ្លូវខុសដែលងាយស្រួលឡើយ »២ យើងនឹងទទួលពរជ័យ ។
ពេលអ្នកឃើញថាខ្លួនអ្នកកំពុងប្រឈមមុខនឹងការសម្រេចចិត្ត ឬកិច្ចការលំបាកៗ ការមានឥរិយាបថ « ទៅហើយធ្វើ » នឹងជួយអ្នកជំនះតស៊ូបាន ។ ការឆ្លើយតបដោយស្មោះត្រង់ចំពោះការដឹកនាំដែលអ្នកបានទទួល បង្ហាញដល់ព្រះអម្ចាស់ថា ទ្រង់អាចទុកព្រះទ័យលើអ្នក ហើយបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
កាលដែលអ្នកធ្វើកិច្ចការដោយស្មោះត្រង់ដើម្បីអភិវឌ្ឍទីបន្ទាល់ ភាពធន់ខាងវិញ្ញាណ និងឥរិយាបថ « ទៅហើយធ្វើ » របស់អ្នក នោះព្រះអម្ចាស់នឹងប្រទានពរដល់អ្នក ពង្រឹងអ្នក និងគាំទ្រអ្នកនៅឆ្នាំនេះ និងអស់មួយជីវិតអ្នក ។