ជំពូកថ្មីមួយដ៏អស្ចារ្យ
ខ្ញុំបានបិទជំពូកមួយនៃជីវិតរបស់ខ្ញុំ ពេលខ្ញុំបានក្លាយជាស្ត្រីមេម៉ាយនៅក្នុងខែ តុលា ឆ្នាំ ២០១០ ។ ពេលនោះខ្ញុំបានធ្វើការជាគ្រូម្នាក់នៅប៉ែកខាងត្បូងប្រទេសបារាំង ។ ឧប្បទ្ទវហេតុមួយនៅកន្លែងធ្វើការបានកម្រិតដល់ការធ្វើចលនារបស់ខ្ញុំ ហើយខ្ញុំធុញថប់ណាស់ដែលខ្ញុំមិនអាចកើនសុខភាព និងកម្លាំងខ្ញុំមកវិញឆាប់ៗ ។ ខ្ញុំបានរីករាយនឹងការងារដ៏ល្អមួយអស់រយៈពេល ១១ឆ្នាំ ។ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ។ ខ្ញុំមានមិត្តភក្ដិជាច្រើន ។ ប៉ុន្តែខ្ញុំពុំអាចបំពេញតម្រូវការនៃការងាររបស់ខ្ញុំបានទៀតទេ ។
ខ្ញុំត្រូវតែទទួលស្គាល់វា បន្ទាប់ពីអនុវត្តច្បាប់ពាក្យគតិបណ្ឌិតអស់ ៣៣ឆ្នាំ ខ្ញុំបានឆ្ងល់ថាហេតុអ្វីខ្ញុំពុំអាច « រត់ទៅឥតដែលហត់ » ឬ « ដើរឥតដែលល្វើយឡើយ » ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:២០ ) ។ ទីបំផុត ខ្ញុំបានចូលនិវត្តន៍មុនពេលរំពឹងទុក ដោយបិទជំពូកមួយទៀតនៃជីវិតខ្ញុំ ។
ខ្ញុំបានរស់នៅជាមួយកូនស្រីខ្ញុំ ពេលទទួលដំណឹងថាការងាររបស់នាងនឹងប្ដូរទៅតំបន់ទីក្រុងប៉ារីស ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំគួរទៅជាមួយនាង ហើយបើកជំពូកថ្មីមួយនៅក្នងជីវិតខ្ញុំនៅកន្លែងថ្មី ។
មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ យើងទាំងពីរនាក់ត្រូវបានហៅឲ្យបម្រើនៅក្នុងព្រះវិហារបរិសុទ្ធប៉ារីសប្រទេសបារាំង ។ ការហៅឲ្យបម្រើនៅក្នុងព្រះវិហារបរិសុទ្ធរបស់ខ្ញុំ បានបញ្ជាក់ដល់ខ្ញុំថា ខ្ញុំស្ថិតនៅក្នុងកន្លែងដែលត្រឹមត្រូវ នៅពេលវេលាដ៏ស័ក្ដិសម ព្រោះព្រះអម្ចាស់បាននាំខ្ញុំមកទីនេះ ។ ខ្ញុំបានរកឃើញអំណរជាច្រើន ក្នុងការបម្រើជាទៀងទាត់នៅក្នុងដំណាក់របស់ព្រះ ហើយវាអស្ចារ្យណាស់ដែលបានចែកចាយបទពិសោធន៍ទាំងឡាយនោះនៅក្នុងព្រះវិហារបរិសុទ្ធជាមួយកូនស្រីខ្ញុំ ។ វាធ្វើឲ្យដួងចិត្តខ្ញុំពោរពេញដោយអំណរ ។
ថ្ងៃនេះ ខ្ញុំឃើញពរជ័យដ៏អស្ចារ្យដែលដំបូងឡើយត្រូវបានលាក់ខាងក្រោយការរងទុក្ខមួយ ។ ការដែលមានកម្រិតនៅក្នុងការធ្វើចលនារបស់ខ្ញុំ មិនអាចធ្វើការងាររបស់ខ្ញុំបាន និងត្រូវតែចូលនិវត្តន៍មុនពេលគឺពិបាកណាស់ ។ ប៉ុន្តែខ្ញុំដឹងថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានបីខ្ញុំ ។ ទ្រង់បានជួយខ្ញុំឲ្យបន្ថយល្បើន ហើយស្វែងរកការសម្រាក ក្ដីសង្ឃឹម និងក្ដីសុខសាន្ត ដែលឥឡូវនេះជាផ្នែកដ៏ធំមួយនៅក្នុងជីវិតខ្ញុំ ។
គ្រប់ពេលដែលខ្ញុំដើរកាត់ទ្វារព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងពេលលំបាកៗជាមួយនឹងសម្ពាធពីពិភពលោកដែលមានមកលើយើង វាជាការប្រសើរណាស់ដើម្បីដឹងថា ព្រះអម្ចាស់បានប្រទានទីបរិសុទ្ធដល់យើងដែលអ្វីៗគ្រប់យ៉ាងមានរបៀបរៀបរយ និងស្រស់ស្អាត ។ ខ្ញុំមានអំណរគុណដ៏ធំធេងចំពោះជំពូកថ្មីនៃការបម្រើក្នុងព្រះវិហារបរិសុទ្ធនៅក្នុងជីវិតរបស់ខ្ញុំ ។ វាអស្ចារ្យណាស់ !