សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
របៀបដែលព្រះគម្ពីរមរមនបានបើកស្ថានសួគ៌ឲ្យខ្ញុំ
នៅពេលយើងសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះ ខ្ញុំចង់ចែកចាយថា ខ្ញុំមានទីបន្ទាល់ពីអំណាច និងឥទ្ធិពលដែលវាអាចមាននៅក្នុងជីវិតអ្នក ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ខ្ញុំមានទីបន្ទាល់ពីព្រះគម្ពីរមរមន ចាប់តាំងពីលើកដំបូងខ្ញុំអានវា នៅពេលខ្ញុំនៅក្មេង ។ ប៉ុន្តែតាមពិតទៅ « ការសិក្សា »ព្រះម្ពីររបស់ខ្ញុំជាច្រើនខែពីមុនសន្និសីទទូទៅខែតុលាឆ្នាំ២០១៨មានអារម្មណ៍ថា ជាគ្រាន់តែមើលត្រួសៗដោយសាមញ្ញប៉ុណ្ណោះ ។ ដូច្នេះពេលប្រធានណិលសុនបានសំណូមពរឲ្យស្ត្រីនៃសាសនាចក្រឲ្យអានព្រះគម្ពីរមរមនចប់ត្រឹមចុងឆ្នាំនោះ ខ្ញុំមានអារម្មណ៍ថាវាគឺជាអញ្ជើញមួយដែលខ្ញុំត្រូវការ ។
ការអញ្ជើញរបស់លោកបានធ្វើឡើងជាមួយនឹងការសន្យាដ៏មានអនុភាពមួយចំនួនផងដែរ ។ លោកបានមានប្រសាសន៍ថា « នៅពេលបងប្អូនសិក្សាប្រកបដោយការអធិស្ឋាន ខ្ញុំសូមសន្យាថា ស្ថានសួគ៌នឹងបើកទ្វារសម្រាប់បងប្អូន( «Sisters’ Participation in the Gathering of Israel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៦៩ ) ។
ពេលខ្ញុំបានស្ដាប់ឮ ខ្ញុំមានចិត្តរំភើបដើម្បីតាំងចិត្តជាថ្មីអានសៀវភៅដែលបានស្រឡាញ់យ៉ាងខ្លាំង ហើយខ្ញុំពុំអាចរង់ចាំស្ថានសួគ៌បើកទ្វារសម្រាប់ខ្ញុំបានឡើយ ។
ហើយស្ថានសួគ៌បានបើកមែន ។ តាមវិធីជាច្រើន ។ បន្ទាប់ពីបញ្ចប់សំណូមពរសម្រាប់ការអានព្រះគម្ពីរមរមន ខ្ញុំបានចំណាយពេលពិចារណាពីបទពិសោធន៍ដែលខ្ញុំបានមាន ហើយនឹងនៅតែមាន ។ ខ្ញុំបានភ្ញាក់ផ្អើលចំពោះអ្វីដែលខ្ញុំបានរៀន ពីអារម្មណ៍របស់ខ្ញុំ និងមនុស្សដែលខ្ញុំនឹងប្រែក្លាយតាមរយៈការសិក្សាទំព័រដ៏បំផុសគំនិតនៃព្រះគម្ពីរនោះ ។
អ្វីដែលខ្ញុំបានរៀន
ពេលខ្ញុំអានព្រះគម្ពីរមរមនលឿនជាងអ្វីដែលខ្ញុំធ្លាប់ធ្វើ នោះរឿងនិទាននោះមានភាពរស់រវើក ។ ខ្ញុំបានមានអារម្មណ៍ជាប់ទាក់ទងមួយទៅនឹងបុគ្គលដែលទីបន្ទាល់ និងបទពិសោធន៍របស់ពួកគេបានគូសចំណាំនៅក្នុងព្រះគម្ពីរនេះ ។
ខ្ញុំបានរៀនពីប្អូនប្រុសរបស់នីហ្វៃ សាំ ថា សេចក្ដីសុចរិតដ៏ស្ងៀមស្ងាត់គឺជាសេចក្ដីថ្លៃថ្នូរ ។ ខ្ញុំបានរៀនពីអាលម៉ាកុំឲ្យបោះបង់សេចក្ដីជំនឿ ។ ពីកូនប្រុសរបស់លោកថា ការដើរទៅរកព្រះគ្រីស្ទ ហើយដកពិសោធន៍នូវព្រះចេស្ដាលាងសម្អាតនៃដង្វាយធួនជានិរន្តរ៍របស់ទ្រង់គឺពុំដែលយឺតពេលឡើយ( សូមមើលម៉ូសាយ ២៧, អាលម៉ា ៣៦ ) ។ បិតារបស់ស្ដេចឡាម៉ូណៃបានបំផុសគំនិតខ្ញុំឲ្យធ្វើការលះបង់កាន់តែច្រើនថ្វាយព្រះ( សូមមើលអាលម៉ា ២២:១៥, ១៨ ) ។ ពេហូរ៉ានបានបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់ ហើយធ្វើដូចព្រះគ្រីស្ទ នៅពេលខ្ញុំមានអារម្មណ៍ថាយល់ខុស( សូមមើលអាលម៉ា ៦១ ) ។ ខ្ញុំបានរៀនមកពីបងប្រុសរបស់យ៉ារេឌថា កាលការខិតខំធ្វើផ្នែករបស់យើងគឺជាសំខាន់ ប៉ុន្តែវាពុំគ្រប់គ្រាន់ទេ យើងចាំបាច់ត្រូវការជំនួយនិងព្រះចេស្ដានៃសមត្ថភាពរបស់ព្រះគ្រីស្ទ( សូមមើលអេធើរ ២៣ ) ។ ខ្ញុំបានរៀនពីមរ៉ូណៃថា ទោះជាយើងមានអារម្មណ៍ថាឯកោក្ដី ក៏យើងពុំមែនដូច្នោះដែរ( សូមមើលមរមន ៨:៣, ៥ ) ។
ខ្ញុំបានរៀនដើម្បីទូលសូមព្រះអម្ចាស់ជារឿយៗ ដើម្បីអធិស្ឋានដោយក្លៀវក្លា និងដោយសេចក្ដីជំនឿ ។ ខ្ញុំបានរៀនពីសារៈសំខាន់នៃការរក្សាកំណត់ត្រា និងការថ្លែងទីបន្ទាល់ ព្រមទាំងវិធីត្រឹមត្រូវដើម្បីប្រែចិត្ត ។ ខ្ញុំបានរៀនថា ព្រះមានការខ្វល់ខ្វាយព្រះទ័យ ថាព្រះគ្រីស្ទមានការខ្វល់ខ្វាយព្រះទ័យ ហើយថា ពួកគេទ្រង់មានព្រះរាជបំណងតែមួយ ។
ខ្ញុំបានរៀនថា « [ ការទទួលទាន ]នូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ( នីហ្វៃទី២ ៣២:៣ )ផ្ដល់ការដឹកនាំដែលខ្ញុំត្រូវការសម្រាប់ជីវិតរបស់ខ្ញុំ ។
ខ្ញុំបានរៀនជាថ្មីម្ដងទៀតថា យ៉ូសែប ស៊្មីធពុំបាន—ហើយពុំអាច—សរសេរព្រះគម្ពីរនេះបានឡើយ ។
អារម្មណ៍ដែលខ្ញុំមាន
តើវាគឺជារឿងចៃដន្យមួយដែលខ្ញុំបានអានទំនុកតម្កើងរបស់នីហ្វៃ( នីហ្វៃទី ២ ៤ )ចំថ្ងៃដែលខ្ញុំមានអារម្មណ៍ថាធ្វើឲ្យធ្លាក់ចុះដោយសារតែភាពមិនពេញលេញ និងភាពទន់ខ្សោយរបស់ខ្ញុំមែនទេ ? ប្រាកដជាពុំមែនទេ ។ តើវាគឺជាឧបទ្ទវហេតុមួយដ៏រីករាយមែនទេ ដែលខ្ញុំបានស្គាល់ពីការប្រកាសរបស់ស្ដេចលិមហៃថា « ឱ អស្ចារ្យណាស់ហ្ន៎ កិច្ចការទាំងឡាយនៃព្រះអម្ចាស់ ហើយទ្រង់នឹងស៊ូទ្រាំជាមួយនឹងរាស្ត្ររបស់ទ្រង់ដល់កាលណាទៅ »( ម៉ូសាយ ៨:២០ ) នៅពេលខ្ញុំមានអារម្មណ៍ឯកោនៅក្នុងការសាកល្បងរបស់ខ្ញុំនោះ ? អត់ទេ ! ជាមួយនឹងព្រះ គឺគ្មានភាពចៃដន្យនោះឡើយ មានតែសេចក្ដីមេត្តាករុណាទន់ភ្លន់ដ៏ល្អឥតខ្ចោះប៉ុណ្ណោះ ហើយខ្ញុំគឺជាអ្នកដែលទទួលសេចក្ដីមេត្តាករុណានោះយ៉ាងច្រើន ពេលខ្ញុំអានព្រះគម្ពីរនោះ ។ ខ្ញុំពិតជាទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់ខ្ញុំ និងអារម្មណ៍ដែលពុំអាចប្រៀបផ្ទឹមបាននៃសេចក្ដីសុខសាន្ត ពេលខ្ញុំសិក្សាព្រះគម្ពីរមរមនកាន់តែស៊ីជម្រៅ ។
វាគឺជាព្រះចេស្ដាព្យាបាលរបស់ព្រះអង្គសង្គ្រោះដែលខ្ញុំទទួលអារម្មណ៍ខ្លាំងបំផុតនៅក្នុងការអានព្រះគម្ពីរមរមនរបស់ខ្ញុំ ។ ពីមួយខទៅមួយខថ្លែងទីបន្ទាល់ពីព្រះគុណ សេចក្ដីមេត្តាករុណា សេចក្ដីអាណិតអាសូរ និងសេចក្ដីស្រឡាញ់ជានរន្តរ៍របស់ទ្រង់ ។ ពេលខ្ញុំអានអំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំពោរពេញដោយអំណរគុណចំពោះពលិកម្មរបស់ទ្រង់ ។ អព្ភូតហេតុមួយដ៏អស្ចារ្យបំផុតដែលខ្ញុំបានដកពិសោធន៍កាលអានព្រះគម្ពីរមរមនគឺអារម្មណ៍នៃការអភ័យទោសដ៏ពេញលេញសម្រាប់ការជ្រើសរើសខុសឆ្គងដ៏ច្រើនដែលខ្ញុំបានធ្វើជាច្រើនឆ្នាំកន្លងទៅ ។ ខ្ញុំទទួលអារម្មណ៍ថា ហាក់ដូចជាព្រះអង្គសង្គ្រោះកំពុងមានបន្ទូលដោយផ្ទាល់មកកាន់ខ្ញុំ ពេលខ្ញុំកំពុងអានព្រះគម្ពីរនោះ ។ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាដល់ពេលត្រូវបន្តដើរទៅមុខហើយ ។ ព្រះគ្រីស្ទពិតជាបានប្រទានការព្យាបាលដែលខ្ញុំត្រូវការមែន ។
ទោះជាខ្ញុំពុំបានឃើញព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញដូចជាពួកសាសន៍នីហ្វៃក្ដី( សូមមើលនីហ្វៃទី ៣ ១១ ) ក៏ខ្ញុំទទួលអារម្មណ៍ពីវត្តមានរបស់ទ្រង់នៅក្នុងជីវិតរបស់ខ្ញុំ ពេលខ្ញុំអានអំពីទ្រង់នៅក្នុងព្រះគម្ពីរមរមនដែរ ។ ទ្រង់ពិតជាយល់ចិត្តយើងម្នាក់ៗ និងការសាកល្បងខុសៗគ្នារបស់យើង ហើយទ្រង់មានព្រះចេស្ដាដើម្បីសង្គ្រោះ លួងលោមចិត្ត ហើយព្យាបាលយើង ។
បុគ្គលដែលខ្ញុំនឹងប្រែក្លាយ
ពេលខ្ញុំសិក្សាព្រះគម្ពីរឲ្យស៊ីជម្រៅរៀងរាល់ថ្ងៃ ខ្ញុំមានការអត់ធ្មត់ សេចក្ដីមេត្តាករុណា មានអំណរគុណ និងសុទិដ្ឋិនិយមកាន់តែច្រើន ។ ខ្ញុំមិនសូវមានចិត្តកំណាញ់ ហើយមិនសូវខ្វាយខ្វល់នឹងរឿងខាងលោកិយ ។
ដោយសារតែព្រះគម្ពីរមរមន និងព្រះវិញ្ញាណដែលកើតមាននៅក្នុងជីវិតរបស់ខ្ញុំ នោះខ្ញុំជាម្ដាយ ជាភរិយា ជាកូនស្រី និងជាមិត្តម្នាក់ដ៏ប្រពៃ ។ ខ្ញុំគឺជាសិស្សដែលមានការតាំងចិត្តខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ ។
តើសៀវភៅមួយក្បាលមានចម្លើយទាំងអស់បានដោយរបៀបណា ? តើសៀវភៅមួយក្បាលមានអ្វីៗច្រើនបែបនេះបានដោយរបៀបណា ?
មានតែសៀវភៅដែលរៀបចំឡើងដោយព្រះប៉ុណ្ណោះទើបមាននូវអនុភាពបែបនេះ ។ ហើយខ្ញុំដឹងថា ព្រះគម្ពីរនេះមកពីព្រះ ។
ដូចជាប្រធានណិលសុនបានសន្យា នោះស្ថានសួគ៌ពិតជាបានបើកសម្រាប់ខ្ញុំតាមវិធីជាច្រើនលើសពីអ្វីដែលខ្ញុំនឹកស្រមៃ ។ ដូច្នេះខ្ញុំនឹងបន្តអាន ហើយសិក្សាព្រះគម្ពីរមរមន ។ ខ្ញុំនឹងបន្តស្រាវជ្រាវនៅក្នុងគម្ពីរនោះ ហើយស្វែងរកព្រះគ្រីស្ទ ដោយសារព្រះគម្ពីរនេះគឺពិតរៀបរាប់អំពីទ្រង់ទាំងស្រុង ។