ពាក្យចុងក្រោយ
ទៅហើយធ្វើដោយទុកចិត្តលើព្រះ
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១០ ។
យុវជននីហ្វៃនៅក្នុងព្រះគម្ពីរមរមនបំផុសយើងឲ្យមានបំណងប្រាថ្នាអភិវឌ្ឍការទុកចិត្តរបស់យើងលើព្រះអម្ចាស់ ដើម្បីគោរពតាមព្រះបញ្ញត្តិទ្រង់ ។ នីហ្វៃបានប្រឈមនឹងគ្រោះថ្នាក់ ហើយអាចនឹងស្លាប់ផង ពេលលោកបាននិយាយពាក្យពេចន៍នៃការទុកចិត្តទាំងនេះថា យើងអាច ហើយត្រូវតែមានអារម្មណ៍ខ្ជាប់ខ្ជួននៅក្នុងដួងចិត្តយើង ៖ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ត្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ( នីហ្វៃទី ១ ៣:៧ ) ។
ការទុកចិត្តនោះបានមកពីការស្គាល់ព្រះ ។ តាមរយៈព្រឹត្តិការណ៍ដ៏រុងរឿងនៃការស្ដារឡើងវិញនៃដំណឹងល្អ នោះយើងបានមានអារម្មណ៍នៃការដឹងគុណច្រើនជាងមនុស្សផ្សេងៗទៀតនៅលើផែនដី ចំពោះអ្វីដែលព្រះបានបើកបង្ហាញអំពីព្រះអង្គផ្ទាល់ថា យើងអាចទុកចិត្តទ្រង់ ។
សម្រាប់ខ្ញុំ វាបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៨២០ ជាមួយនឹងក្មេងប្រុសនៅក្នុងព្រៃនៅកសិដ្ឋានមួយក្នុងរដ្ឋនូវយ៉ោក ។ ក្មេងប្រុស យ៉ូសែប ស៊្មីធ ជុញ្ញ័រ បានដើរទៅកន្លែងស្ងប់ស្ងាត់តែឯង ហើយបានលុតជង្គង់ចុះដោយមានការទុកចិត្តទាំងស្រុងថាព្រះនឹងឆ្លើយតប ។ រាល់ពេលដែលខ្ញុំអានពីដំណើររឿងនេះ ការទុកចិត្តរបស់ខ្ញុំទៅលើព្រះ និងពួកអ្នកបម្រើរបស់ទ្រង់កើនឡើង ៖
« ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។
« … កាលពន្លឺស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរដែលមានរស្មី និង សិរីរុងរឿងដែលពុំអាចពណ៌នាបានឈរនៅអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ ) ។
ព្រះវរបិតាបានបើកបង្ហាញដល់យើងថា ទ្រង់មានព្រះជន្មរស់ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ហើយថាទ្រង់ស្រឡាញ់យើងគ្រប់គ្រាន់ដើម្បីបញ្ជូនព្រះរាជបុត្រានោះដើម្បីសង្គ្រោះយើង ។ ហើយដោយសារខ្ញុំមានទីបន្ទាល់មួយថា ទ្រង់បានហៅក្មេងប្រុសនោះឲ្យធ្វើជាព្យាការី នោះខ្ញុំទុកចិត្តពួកសាវក និងពួកព្យាការីរបស់ទ្រង់នៅសព្វថ្ងៃនេះ ក៏ដូចជាអស់អ្នកដែលពួកលោកបានហៅឲ្យបម្រើព្រះ ។
អ្នកបង្ហាញការទុកចិត្តរបស់អ្នកលើព្រះ ពេលអ្នកស្ដាប់ដោយមានបំណងដើម្បីរៀន និងប្រែចិត្ត រួចហើយអ្នកទៅ ហើយធ្វើអ្វីក៏ដោយដែលទ្រង់សូម ។ ប្រសិនបើអ្នកទុកចិត្តព្រះគ្រប់គ្រាន់ដើម្បីស្ដាប់រកមើលសារលិខិតរបស់ទ្រង់អំពីការលើកទឹកចិត្ត ការកែតម្រូវ និងការដឹកនាំពីពួកអ្នកបម្រើរបស់ទ្រង់ នោះអ្នកនឹងរកឃើញសារលិខិតទាំងនោះ ។ ហើយប្រសិនបើអ្នកទៅ ហើយធ្វើនូវអ្វីដែលទ្រង់ឲ្យអ្នកធ្វើ នោះអំណាចរបស់អ្នកដើម្បីទុកចិត្តលើទ្រង់នឹងរីកលូតលាស់ឡើង ហើយពេលនោះអ្នកនឹងត្រូវបានគ្របដណ្ដប់ដោយការដឹងគុណ ដោយឃើញថាទ្រង់បានយាងមករកការទុកចិត្តរបស់អ្នក ។