២០២០
ការជំរុញ​ទឹកចិត្ត​ជំនាន់​កំពុង​ពេញ​វ័យ
ខែ មករា ឆ្នាំ ២០២០


ការជំរុញ​ទឹកចិត្ត​ជំនាន់​កំពុង​ពេញ​វ័យ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

នេះ​ជា​របៀប​បួន​យ៉ាង​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ដាក់ និង​សម្រេច​គោលដៅ​ដ៏​មាន​អត្ថន័យ ដើម្បី​រីក​លូតលាស់​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​រីកលូតលាស់ ។

hands helping women

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ក្នុង​នាម​ជា​ឪពុក​ម្ដាយ និង​ជា​ថ្នាក់​ដឹកនាំ យើង​ចង់​ជួយ​ដល់​កូនៗ​ជា​កុមារ និង​យុវវ័យ​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អស់​មួយ​ជីវិត ដែល​ត្រូវបាន​ជំរុញ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​បំពេញ​បេសកកម្ម​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

កម្មវិធី កុមារ និង​យុវវ័យ គឺ​សាមញ្ញ​ប៉ុន្តែ​ជា​ធនធាន​ដ៏​មាន​អានុភាព ដើម្បី​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​រីកលូតលាស់​ខាង​វិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាងបញ្ញា ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​រីក​លូត​លាស់​ដែរ ( សូមមើល លូកា ២:៥២ ) ។ វា​អាច​កើតឡើង​បាន នៅពេល​ពួកគេ​រៀន ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ចូលរួម​នៅក្នុង​ការបម្រើ និង​សកម្មភាព​នានា​ដ៏​មាន​អត្ថន័យ និង​រំភើប ព្រមទាំង​ដាក់ និង​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ដូច​ជា​ឪពុក​ម្ដាយ​នៅក្នុង​រឿង​ខាងក្រោម​នេះ ទោះយ៉ាង​ណា យើង​អាច​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ហួស​កម្រិត​រួច​ទៅ​ហើយ ដោយ​មិន​បាច់​បន្ថែម​គោលដៅ​របស់​អ្នក​ផ្សេង​ទៀត​ដល់​បញ្ជី​របស់​យើង​នោះ​ទេ ។ ឬ​យើង​អាច​បារម្ភ​ថា​កូនៗ​របស់​យើង​នឹង​មិន​រីក​ចម្រើន​ទេ លើក​លែង​តែ​មាន​អ្នក​ជំរុញ ។

ការ​សន្ទនា​ពី​ការដាក់​គោលដៅ ឧទាហរណ៍​ទី ១ ៖

អាឡាណា អាយុ ១៥ ឆ្នាំ បាន​អង្គុយ​ជាមួយ​ម៉ាក់​នាង រ៉ាឆែល ពិនិត្យ​មើល​បញ្ជី​មួយ​ដែល​ពួកគេ​បាន​ធ្វើ​អំពី​គោលដៅ​ដែល​មាន​សក្តានុពល ដែល​អាឡាណា​អាច​បំពេញ ។ ប៉ា​របស់​អាឡាណា ជេហ្វ បាន​ដើរ​កាត់ ។ « តើ​កូន​គួរ​ធ្វើ​មួយ​ណា​ទៅ ប៉ា ? » អាឡាណា​បាន​សួរ ៖

ជេហ្វ​បាន​មើល​នាឡិកា​គាត់ ញាក់​មុខ​បន្តិច ហើយ​ក្រឡេក​មើល​បញ្ជី​នោះ​មួយ​ភ្លែត ។ « អឺ មួយ​នេះ​មើល​ទៅ​ងាយស្រួល ។ ‹ ទន្ទេញ​ទំនុក​តម្កើង​មួយ​បទ › ទៅ​យ៉ាង​ម៉េច​ដែរ ? កូន​អាច​ធ្វើ​វា​ហើយ​បាន​យ៉ាង​ឆាប់ ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ងាយ​ស្រួល ? »

រ៉ាឆែល​បាន​និយាយ​កាត់ ដោយ​ចាំ​ថា​អាឡាណា​ស្ទាក់ស្ទើរ​យ៉ាងណា​ក្នុង​ការ​សាក​ល្បង​ចូល​ក្រុម​រត់ប្រណាំង​នៅ​សាលា ។ « តាមពិត​ទៅ កូន​ប្រហែល​ជា​ត្រូវ​សាកល្បង​អ្វី​មួយ​ដែល​ពិបាក​ហើយ ! ធ្វើ​អ្វី​មួយ​ទាក់ទង​នឹង​ការហាត់​ប្រាណ​ទៅ​យ៉ាង​ម៉េច​ដែរ ? » គាត់​បាន​ផ្ដល់​យោបល់ ។

អាឡាណា​បាន​និយាយ​រងូវៗ​ទាំង​ឈោង​ដៃ​ទៅ​យក​ទូរសព្ទ​របស់​នាង « អូ៎យ! ខ្ញុំ​គិត​ថា​ខ្ញុំ​ឈប់​ហើយ » ។

តើ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​អាច​ជួយ​ដោយ​របៀប​ណា ?

ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​អាច​ធ្វើ​អ្វីៗ​ជា​ច្រើន​ដើម្បី​ជួយ​កុមារ និង​យុវវ័យ ឲ្យ​មាន​ការជំរុញ​ចេញ​ពីក្នុង​ចិត្ត​ដើម្បី​សម្រប​យក​គុណតម្លៃ​ល្អៗ ធ្វើ​ការ​ជ្រើស​រើស​ល្អៗ និង​រីករាយ​នឹង​ការរីក​ចម្រើន និង​សមិទ្ធិផល​របស់​ពួកគេ ។

សូម​គិត​ពី​ពេល​ដែល​បងប្អូន​ត្រូវបាន​ជំរុញ​ចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​ធ្វើ​កិច្ច​ការ​ឆ្ពោះ​ទៅកាន់​គោលដៅ​មួយ ។ តើ​អ្វី​ដែល​ជំរុញ​ចិត្ត​បងប្អូន ? នៅក្នុង​គ្រា​ជាច្រើន​គឺ​បងប្អូន​បាន​ឃើញ​ឱកាស ឬ​ជំនាញ​ដែល​បងប្អូន​ពិត​ជា​ចង់​បាន ឬ​បញ្ហា​ដែល​បងប្អូន​ត្រូវ​ដោះស្រាយ ។ គំរូ និង​ការគាំទ្រ​របស់​អ្នក​ដទៃ​ទៀត​បំផុស​បងប្អូន​ឲ្យ​សាកល្បង ។

ដូចគ្នា​នោះ​ដែរ កុមារ និង​យុវវ័យ​នឹង​មាន​ការជំរុញ​ចេញ​ពី​ក្នុង​ចិត្ត​នៅពេល​ពួកគេ (១) សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​អ្វី​ដែល​ពួកគេ​ចង់បាន ( មិន​មែន​គ្រាន់តែ​ជា​អ្វី​ដែល​អ្នក​ផ្សេង​ចង់បាន​សម្រាប់​ពួកគេ​នោះ​ទេ ) (២) បង្កើត​ផែនការ​មួយ​ដើម្បី​សម្រេច​វា (៣) មិនត្រូវ​ទទួល​ឥទ្ធិពល​ពី​រង្វាន់ ឬ​ការដាក់ទោស​ខ្លាំង​ហួសហេតុ​ពេក និង (៤) មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​ឈរ​នៅ​ខាង​ខ្លួន ។

១. ជួយ​យុវវ័យ​រកមើលអ្វី​ដែល​ពួកគេ​ចង់បាន​បំផុត

គ្រប់​គ្នា​ចង់​បាន​អ្វី​មួយ ៖ ដើម្បី​ចូល​ក្នុង​ក្រុម ដេក​ឲ្យ​បាន​ច្រើន​ជាង​មុន មាន​អារម្មណ៍​ឯកោ​កាន់តែ​តិច កាន់តែ​ខិត​ជិត​ព្រះ ។ ព្រះអម្ចាស់ និង​រាជទូត​របស់​ទ្រង់​សួរ​មនុស្ស​ជា​ញឹកញាប់​ថា « តើ​អ្នក​ចង់បាន​អ្វី ? » ( សូមមើល ម៉ាកុស ១១:២៤, នីហ្វៃទី១ ១១:១–២, អាលម៉ា ១៨:១៥, នីហ្វៃទី៣ ២៧:១–២, អេធើរ ២:២៣–២៥ ) ។ ប៉ុន្តែ​ការដឹង​ពី​អ្វី​ដែល​យើង​ចង់​បាន​បំផុត មិន​មែន​អ្វី​ដែល​យើង​ចង់​បាន​ឥឡូវ​នេះ ត្រូវការ​បទពិសោធន៍ និង​ការសញ្ជឹង​គិត​ផ្ទាល់ខ្លួន ។

ពេល​បងប្អូន​គិត​អំពី​កុមារ ឬ​យុវវ័យ​ម្នាក់​ដែល​បងប្អូន​ចង់​ជួយ នោះ​សូម​សួរ​ខ្លួនឯង​ថា ៖

  • តើ​ខ្ញុំ​អាច​ណែនាំ​ពួកគេ​នូវ​បទពិសោធន៍ គុណ​តម្លៃ និង​គំនិត​ថ្មីៗ ក្នុង​បរិបទ​នៃ​ទំនាក់​ទំនង​វិជ្ជមាន និង​សប្បាយៗ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ពួកគេ​ដក​ពិសោធន៍​លទ្ធផល​នៃ​ការ​ជ្រើស​រើស​មិនល្អ​ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ការ​ជ្រើស​រើស​ដែល​ល្អ​ប្រសើរ​ជាង​មុន​ដែរ​ឬ​ទេ ?

  • តើ​ពេល​ណា​ដែល​ខ្ញុំ​អាច​សួរ​ពួកគេ​អំពី​អ្វី​ដែល​គេ​ជឿ និង​ឲ្យ​តម្លៃ ? ( សូមមើល​បញ្ជី​ដែល​ភ្ជាប់​មក​ជាមួយ « សំណួរ​ស្វែងរក​ដ៏​មាន​ប្រយោជន៍ » )

  • តើ​ខ្ញុំ​អាច​ចង្អុល​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សាកល្បង ៖ « ខ្ញុំ​ឃើញ​ថា​អ្នក​ពិត​ជា​ពូកែ​ខាង_________ ។ តើ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? » )

២. ជួយ​យុវវ័យ​ឲ្យ​បង្កើត​ផែនការ

នៅពេល​ពួកគេ​ដាក់​ផែនការ​មួយ​ហើយ ជា​ញឹកញាប់​យុវវ័យ​អាច​រកឃើញ​ផែនការ​មួយ​បាន​ល្អ​ណាស់ ។ កុមារ​តូចៗ​អាច​នឹង​ត្រូវការ​គំនិត​ច្រើន ។ បន្ថែម​យោបល់​របស់​បងប្អូន​តែ​នៅពេល​ដែល​ពួកគេ​គិត​មិន​ចេញ​ប៉ុណ្ណោះ ។ ប៉ុន្តែ​សូម​មាន​ចិត្ត​រំភើប មិនមែន​ការពារ​គំនិត​បងប្អូន​ទេ ប្រសិនបើ​ពួកគេ​ចូលចិត្ត​គំនិត​ខ្លួនគេ​ជាង​គំនិត​របស់​បងប្អូន !

ដើម្បី​ជួយ​អ្នក​ផ្សេង​ទៀត​បង្កើត​ផែនការ​មួយ បងប្អូន​អាច​សួរ ៖

  • តើ​អ្វីជា​គោលដៅ​របស់​អ្នក ? ( គោលដៅ​អរូបី​ដូច​ជា « ចិត្តល្អ​ជាងមុន » គឺ​ពិបាក​នឹង​កំណត់ លើកលែង​តែ​ពួកគេ​បញ្ចូល​នូវ​សកម្មភាព​ជាក់លាក់​ដូចជា « សរសើរ​នរណា​ម្នាក់​ជា​រៀង​រាល់​ថ្ងៃ » ឬ « សូមទោស​ពេល​ខ្ញុំ​ខឹង » ) ។

  • ហេតុអ្វី​គោលដៅ​នេះ​សំខាន់​ចំពោះ​អ្នក ? ( តើ​វា​នឹង​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​តាម​គុណតម្លៃ​របស់​ពួកគេ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? )

  • តើ​នេះ​ជា​ពេល​ល្អ​ដើម្បី​ធ្វើ​គោលដៅ​នេះ​ឬទេ ? ( ហេតុអ្វី​វា​ជា​ពេល​ល្អ ឬ ហេតុអ្វី​វា​ជា​ពេល​មិន​ល្អ ? )

  • តើ​អ្វី​ជា​ជំហាន​តូច​ងាយស្រួល​ដែល​អាច​ធ្វើ​ដើម្បី​ចាប់​ផ្ដើម​វា ? ( រំឭក​ពួកគេ​ថា​សកម្មភាព​បង្កើត​ការជំរុញ​ចិត្ត ។ ជួយ​ពួកគេ​ឲ្យ​ចាប់ផ្ដើម ឬ​ចាប់ផ្ដើម​ម្ដងទៀត ជាមួយ​នឹង​អ្វី​មួយ​ដែល​តូច និង​សាមញ្ញ ) ។

  • តើ​អ្នក​អាច​រៀបចំ​អ្វីៗ​ដើម្បី​គាំទ្រ​ផែនការ​របស់​បងប្អូន​យ៉ាង​ដូចម្តេច ? ( ពិចារណា​ពី​ការដាក់​ការរំឭក សរសេរ​ពាក្យ​លើក​ទឹកចិត្ត ធ្វើ​តារាង ឬ​តារាង​ពេលវេលា​ដើម្បី​តាមដាន​ការរីក​ចម្រើន យក​ការល្បួង​ចេញ ប្រើ​ឧបករណ៍​ត្រឹមត្រូវ ឬ​ការស្នើ​សុំ​ជំនួយ ) ។

  • តើ​មាន​ឧបសគ្គ​អ្វី​ដែល​ដែល​អាច​រារាំង​ផ្លូវ​របស់​អ្នក ? តើ​អ្នក​អាចច​ដោះស្រាយ​វា​ដោយ​របៀប​ណា ? ( ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​ផែនការ​របស់​ពួកគេ មាន​ចិត្ត​ចង់ដឹង​ចង់ឮ​ពី​អ្វី​ដែល​ខុស អនុវត្ត​ផ្នែក​ដែល​លំបាក​បន្ថែម​ទៀត សាកល្បង​យុទ្ធសាស្ត្រ​ថ្មី ឬ​កែ​សម្រួល​គោលដៅ ) ។

ដើម្បី​ជួយ​អ្នកផ្សេង​ទៀត​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ពី​ជីវិត​របស់​បងប្អូន ឬ​របស់​គ្រួសារ​អំពី​មនុស្ស​ដែល​ជួប​ការលំបាក ហើយ​មាន​ចិត្ត​អត់ធន់ ។ ព្យាយាម​សួរ​ផងដែរ ៖

  • តើ​អ្នក​បាន​សាកល្បងអ្វី​ខ្លះ ? តើ​អ្នក​អាច​សាកល្បង​អ្វី​ខ្លះ​ទៀត ?

  • តើ​នរណា​ខ្លះ​អាច​ជួយ​បាន ? តើ​ខ្ញុំ​អាច​ជួយ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​គំនិត​អ្វីខ្លះ​ដែល​អ្នក​គិត​ឃើញ ពេល​អ្នក​អធិស្ឋាន​អំពី​វា ?

៣. សូម​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​រង្វាន់ ឬ​ការដាក់ទោស

រង្វាន់​តូចៗ​អាច​ជួយ​មនុស្ស​ឲ្យ​សាកល្បង​អ្វី​ដែល​ថ្មី ធ្វើ​ឲ្យ​កិច្ចការ​លំបាក​មាន​ភាពរីករាយ ឬ​អបអរ​នឹង​ជោគជ័យ ។ ទោះ​យ៉ាងណា ពេល​ដែល​រង្វាន់​ត្រូវបាន​ផ្ដល់​ឲ្យ​ច្រើន​ហួស នោះ​អាច​ធ្វើ​ឲ្យ​ការជំរុញ​ចិត្ត​ចុះ​ខ្សោយ​វិញ ។ មនុស្ស​ដែល​រីករាយ​នឹង​កិច្ចការ​មួយ​រួចហើយ ជាញឹកញាប់​នឹង​ធ្វើ​វា​តិច​ជាង​មុន មិនមែន​ច្រើន​ជាងមុន​ទេ បើ​ពួកគេ​ត្រូវបាន​បង់​ឲ្យ​ធ្វើ​វា​នោះ ដោយ​សន្មត់​ថា​វា​មិន​សម​តម្លៃ​នឹង​ធ្វើ​វា​គ្រាន់តែ​ដើម្បី​បាន​រង្វាន់​នោះ ។ ហើយ​ខណៈ​ដែល​កុមារ​ត្រូវការ​ដកពិសោធន៍​នូវ​លទ្ធផល​នៃ​ការជ្រើសរើស​មិន​ល្អ នោះ​ពួកគេ​រៀន​មាន​ចិត្ត​ភ័យខ្លាច ហើយ​ចៀសវាង​ពី​មនុស្ស​ដែល​ដាក់ទោស​ពួកគេ​ជាជាង​ការរៀន​ដើម្បី​អភិវឌ្ឍ​គុណតម្លៃ​ល្អៗ ។

ពិតណាស់ មនុស្ស​រំពឹង​ឲ្យ​គេ​បង់​ប្រាក់​ឲ្យ​ពេល​ធ្វើការ ជា​កន្លែង​ដែល​ប្រាក់រង្វាន់ ឬ​ការទទួលស្គាល់​អាច​ផ្ដល់​នូវ​ការតបស្នង​ដ៏​មាន​ប្រយោជន៍ ។ ប៉ុន្តែ​នៅពេល​និយាយ​ពី​ការរស់នៅ​តាម​ដំណឹងល្អ និង​ការ​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន នោះ​រង្វាន់​ដែល​ចេញ​ពី​ខាង​ក្នុង​គឺ​ជា​រង្វាន់​ដែល​ជំរុញ​ចិត្ត​បំផុត​ក្នុង​រយៈ​ពេល​យូរ ។ រង្វាន់​ដែល​ចេញ​ពី​ខាង​ក្នុង ៖

  • ការ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

  • ការ​មាន​អារម្មណ៍​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ឪពុក​ម្ដាយ ថ្នាក់​ដឹកនាំ និង​មិត្តភក្ដិ ។

  • ការ​រស់នៅ​តាម​គុណតម្លៃ​របស់​ពួកគេ ។

  • ការ​រៀន​សូត្រ ការ​សាក​ល្បង​អ្វី​ដែល​ថ្មីៗ និង​ការ​ដោះស្រាយ​បញ្ហា ។

  • ការ​មាន​ភាព​សប្បាយ​រីករាយ ។

  • ធ្វើ​ការ​ផ្លាស់​ប្ដូរ​សម្រាប់​សេចក្ដី​ល្អ ។

ជួយ​យុវវ័យ​ឲ្យ​ទទួល​ស្គាល់ និង​ផ្ដល់​តម្លៃ​ដល់​រង្វាន់​ដែល​ចេញ​មក​ពី​ខាងក្នុង ។ ហើយ​ម្ដងម្កាល​ប្រគល់​រង្វាន់​ទាក់ទង​ដ៏​តូច​មួយ​ដើម្បី​អបអរ​កិច្ចការល្អ !

៤. ជួយ​យុវវ័យ​ឲ្យ​មាន​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់

ទំនាក់​ទំនង​ដ៏​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​គឺ​ជា​របៀប​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​ជះ​ឥទ្ធិពល​ដល់​គុណតម្លៃ គោលដៅ និង​ការ​ជំរុញ​ចិត្ត​អ្នកដទៃ​ផ្សេងៗ​ទៀត ។ តើ​មនុស្ស​បាន​ទំនាក់​ទំនង​នឹង​បងប្អូន​ដោយ​របៀប​ណា​ដែល​ថា​ពួកគេ​ពិតជា​ស្រឡាញ់​បងប្អូន​នោះ ? តើ​បងប្អូន​សម្រេច​ចិត្ត​ដោយ​របៀប​ណា ថា​នរណា​ដែល​មាន​សុវត្ថិភាព​ដើម្បី​និយាយ​ដោយ​ត្រង់​ជាមួយ អំពី​កំហុស និង​ការ​លំបាក​របស់​បងប្អូន​នោះ ? ប្រសិន​បើ​បងប្អូន​ពុំ​សូវ​មាន​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​នៅ​ផ្ទះ​ទេ តើ​បងប្អូន​គិត​ថា​បងប្អូន​ត្រូវការ​អ្វី​ដែល​បងប្អូន​មិន​មាន​នោះ ?

ចម្លើយ​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ទាក់ទង​ទៅ​យុវវ័យ ថា​បងប្អូន​ស្រឡាញ់​ពួកគេ ហើយ​ថា​ពួកគេ​មាន​សុវត្ថិភាព​ជាមួយ​នឹង​បងប្អូន ។

ជាមួយ​នឹង​ការ​អនុវត្ត និង​ជំនួយ​ពី​ស្ថានសួគ៌ យើង​អាច​ជួយ​ជំរុញ​ចិត្ត និង​ជះ​ឥទ្ធិពល​ដល់​ជំនាន់​កំពុង​ពេញវ័យ ។

ការ​សន្ទនា​ពី​ការដាក់​គោលដៅ ឧទាហរណ៍​ទី ២ ៖

អាឡាណា អាយុ ១៥ ឆ្នាំ បាន​អង្គុយ​ជាមួយ​ម៉ាក់​នាង រ៉ាឆែល ពិនិត្យ​មើល​បញ្ជី​នៃ​គោលដៅ ដែល​អាឡាណា​អាច​ធ្វើ ខណៈ​ដែល​ប៉ា​របស់​អាឡាណា ជេហ្វ បាន​ដើរ​កាត់ ។ « តើ​កូន​គួរ​ធ្វើ​មួយ​ណា​ទៅ ប៉ា ? » អាឡាណា​បាន​សួរ ។

ជេហ្វ​បាន​មើល​នាឡិកា​គាត់ ញាក់​មុខ​បន្តិច ហើយ​ក្រឡេក​មើល​បញ្ជី​នោះ​មួយ​ភ្លែត ។ « អឺ មួយ​នេះ​មើល​ទៅ​ងាយស្រួល ។ ‹ ទន្ទេញ​ទំនុក​តម្កើង​មួយ​បទ › ទៅ​យ៉ាង​ម៉េច​ដែរ ? កូន​អាច​ធ្វើ​វា​ហើយ​បាន​យ៉ាង​ឆាប់ ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ងាយ​ស្រួល ? »

ជេហ្វ បាន​ឈប់​មួយ​សន្ទុះ ។ មាន​អ្វី​មួយ​មាន​អារម្មណ៍​ថា​មិន​ត្រឹមត្រូវ ដូច្នេះ​គាត់​បាន​ចំណាយ​ពេល​គិត​ថា​វា​ជា​អ្វី ។

គាត់​បាន​គិត​ថា ខ្ញុំ​យឺត​ហើយ ។ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ចប់​រឿង​នេះ​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​ពូកែ​ខាង​ការចិញ្ចឹម​កូន​នេះ​ទេ ។ ហ្ហឺ ។គាត់​បាន​សម្លឹង​ទៅ​កូនស្រី​គាត់ ហើយ​ពេល​នោះ​គាត់​បាន​ដឹង​ថា គាត់​បាន​មាន​អារម្មណ៍​ផ្សេង​ទៀត​ផងដែរ ។ ក្ដីសង្ឃឹម ។ ក្ដីរីករាយ ។ នេះ​មិន​គ្រាន់តែ​ជា​ការធ្វើ​ឲ្យ​ហើយ​នោះ​ទេ ។ នេះ​គឺ​អំពី​ការរីកចម្រើន​របស់​នាង ។ ហើយ​នេះ​ជា​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​នឹង​នាង ។ គាត់​ញញឹម​ពព្រាយ ។

គាត់​បាន​និយាយ​ថា « តោះ យើង​ផ្អាក​បន្តិច ហើយ​គិត​ពី​វា ។ ចុះ​បើ​យើង​ម្នាក់ៗ​កត់ត្រា​នូវ​អ្វី​ដែល​យើង​មាន​អារម្មណ៍​បំផុស​ឲ្យ​ធ្វើ​នៅ​ពេល​ក្រោយ តើ​យ៉ាង​ម៉េច​ដែរ ? »

អាឡាណា​បាន​និយាយ​ថា « អូ យល់ព្រម » ។ រ៉ាឆែល​បាន​រក​ខ្មៅដៃ និង​ក្រដាស ហើយ​ពួកគេ​បាន​ចំណាយ​ពេល​ពីរបី​នាទី​គិត ហើយ​សរសេរ ។

រ៉ាឆែល​បាន​ថ្លែង​ថា « មែនហើយ ឥឡូវ​យើង​ធ្វើ​អ្វី​ទៀត ? »

អាឡាណា​បាន​ចាំ​ថា « ខ្ញុំ​គិត​ថា យើង​ត្រូវ​អធិស្ឋាន​អំពី​វា​សិន ហើយ​បន្ទាប់​មក​ជ្រើសរើស​គោលដៅ​មួយ ហើយ​ដាក់​ផែនការ ។ ប៉ុន្តែ ប៉ា តើ​ប៉ា​ពិត​ជា​គិត​ថា​ព្រះវរបិតា​សួគ៌​ពិត​ជា​ខ្វល់​អំពី​គោលដៅ​អ្វី​ដែល​ខ្ញុំ​ជ្រើស​រើស​ឬ ? »

ជេហ្វ​បាន​សញ្ជឹង​គិត ។ « កូន​មាន​គំនិត​ល្អៗ​ច្រើន ប្រហែល​ព្រះវរបិតា​សួគ៌​គ្រាន់តែ​មាន​ព្រះទ័យ​ចង់​ឲ្យ​កូន​ជ្រើស​រើស​មួយ​ដើម្បី​ចាប់ផ្ដើម ។ ប៉ុន្តែ ប៉ា​ពិតជា​ដឹង​រឿង​មួយ​យ៉ាង​ពិត​ប្រាកដ ។ ព្រះវរបិតា​សួគ៌​ខ្វល់ខ្វាយ​ពី​កូន​មែន » ។

រ៉ាឆែល​បាន​បន្ថែម​ថា « ម៉ាក់​ដឹង​ថា​កូន​ចង់​ប្រើ​ប្រាស់​អំណោយ​ទាន​របស់​កូន​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​មួយ ដូច្នេះ​បើ​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំងនេះ​សំខាន់​ជាង នោះ​ម៉ាក់​ប្រាកដ​ថា ព្រះវរបិតា​សួគ៌​នឹង​ជួយ​កូន​ឲ្យ​ទទួល​អារម្មណ៍​នោះ » ។

អាឡាណា​ញញឹម ហើយ​បាន​ចាំ​ថា « ប្រធាន ណិលសុន បាន​ស្នើ​សុំ​ឲ្យ​យុវវ័យ​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យ​បាន​ហ្មត់ចត់​ពី​ជីវិត​របស់​យើង ។ តើ​កូន​អាច​ទៅ​យក​អ្វី​ដែល​កូន​បាន​សរសេរ​បាន​ទេ ? »

ជេហ្វ​បាន​តប​ទាំង​ញញឹម​ថា « ប្រាកដ​ជា​បាន ! » គាត់​បាន​សម្លឹង​មើល​នាឡិកា​គាត់​ម្ដង​ទៀត ។ « អូ ប៉ា​ត្រូវ​ប្រញាប់​ទៅ​ហើយ ។ រក​អ្វី​ដែល​កូន​បាន​សរសេរ ហើយ​យើង​នឹង​និយាយ​នៅ​ពេល​អាហារ​ល្ងាច យ៉ាង​ម៉េច​ដែរ ? ប៉ា​មាន​សំណួរ​ខ្លះៗ​ដែល​នឹង​អាច​ជួយ » ។

អាឡាណា​បាន​និយាយ​ទាំង​ញញឹម​ថា « អស្ចារ្យ​ណាស់ ! ប៉ា ? ម៉ាក់ ? អរគុណ » ។