២០២០
តើ​ផ្លែឈើ​ដែល​នៅក្នុង​ការ​និមិត្ត​របស់​លីហៃ​តំណាង​ឲ្យ​អ្វី ?
ខែ មករា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ផ្លែឈើ​ដែល​នៅក្នុង​ការនិមិត្ត​របស់​លីហៃ​តំណាង​ឲ្យ​អ្វី ?

ថ្ងៃ​ទី ​១៣–១៩ ខែ មករា នីហ្វៃ​ទី១ ៨–១០

Tree of life

ដើមជីវិត ដោយ កាហ្សូតូ អ៊ូតា © 2015 by Intellectual Reserve, Inc. All rights reserved.

នៅក្នុង​ការនិមិត្ត​របស់​លីហៃ តើ​ផ្លែឈើ​ដែល « គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើស​លប់​ជាង​អ្វីៗ​ទាំង​អស់ » តំណាង​ឲ្យ​អ្វី ? ( នីហ្វៃទី​១ ១១:២២ ) ។

« ផ្លែឈើ​នៅលើ​ដើម​គឺជា​និមិត្តសញ្ញា​មួយ​សម្រាប់​ពរជ័យ​នៃ​ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] ។ ការទទួល​ទាន​ផ្លែឈើ​តំណាងឲ្យ​ការទទួល​យក​ពិធី​បរិសុទ្ធ និង​សេចក្តីសញ្ញា ដោយ​ហេតុ​នោះ​ដង្វាយធួន​អាច​បាន​សក្ដ័សិទ្ធិ​បំផុត​នៅក្នុង​ជីវិត​របស់​យើង » ( ដេវីឌ អេ បែដណា « Lehi’s Dream: Holding Fast to the Rod » Liahona ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣៤ ) ។

ពិធីបរិសុទ្ធ​ទាំង​នេះ​រួមមាន ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធីបញ្ជាក់ ការតែងតាំង​បព្វជិតភាព​មិលគិស្សាដែក​សម្រាប់​បុរស និង​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការស្វែងរក​ផ្លែឈើ

ដំបង​ដែក ឬ​ព្រះបន្ទូល​នៃ​ព្រះ ដឹកនាំ​យើង​ទៅ​កាន់​ព្រះយេស៊ូវ​គ្រីស្ទ ព្រោះ​ព្រះគម្ពីរ​ទាំងឡាយ និង​ពួកព្យាការី​សម័យ​ទំនើប​អញ្ជើញ​យើង​ឲ្យ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ ហើយ​ជួយ​យើង​ឲ្យ​យល់​ពី​ការបង្រៀន បេសកកម្ម និង​ការបូជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ពាក្យ​សម្ដី​ចេញ​ពី​ព្រះគម្ពីរ ឬ​មក​ពី​ព្យាការី​សម័យ​ទំនើប​ណា​ខ្លះ​ដែល​បាន​ដឹកនាំ​អ្នក​មកកាន់​ព្រះយេស៊ូវ​គ្រីស្ទ ?

បន្ត​នៅ​ជាប់​នឹង​ផ្លែឈើ

មនុស្ស​មួយ​ចំនួន​នៅក្នុង​ការនិមិត្ត​របស់​លីហៃ បាន​បោះបង់​ចោល​ផ្លែឈើ​នោះ ដោយសារ​ការចំអក​របស់​អ្នក​ដទៃ ។ ការបន្ត​នៅ​ជាប់​នឹង​ផ្លែឈើ គឺ​ការ​បន្ត​នៅ​ពិត​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ទៅ​កន្លែង​ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ទាំងនោះ​ឲ្យ​បាន​ញឹកញាប់ ។

ការ​ចែក​ចាយ​ផ្លែ​ឈើ

បន្ទាប់​ពី​លីហៃ​បាន​ទទួលទាន​ផ្លែឈើ​នោះ​ហើយ លោក​ចង់​ចែកចាយ​វា​ជាមួយ​នឹង​គ្រួសារ​លោក ដើម្បី​ពួកគេ​អាច​ទទួល​អារម្មណ៍​នៃ « សេចក្ដី​អំណរ​ជា​អតិបរមា » ដែល​លោក​បាន​ទទួល ( នីហ្វៃទី១ ៨:១២ ) ។

  • តើ​អ្នក​អាច​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដោយ​របៀប​ណា ?