បាតបាយ៉ា និងសៀវភៅដែលមានរូបភាព
វាជាថ្ងៃមួយដែលមានខ្យល់បក់បោកនៅក្នុងប្រទេសម៉ុងហ្គោលី ។ បាតបាយ៉ាមានអាយុប្រាំបួនឆ្នាំកំពុងតែដើរទៅផ្ទះពីចំណតឡានបន្ទាប់ពីចេញពីសាលារៀន ។ គាត់បានឱបអាវរងាគាត់កាន់តែណែននៅកណ្តាលខ្យល់បក់នោះ ។ សំណាងល្អ កន្លែងដែលគាត់រស់នៅ គឺផ្ទះតាយាយគាត់នៅមិនឆ្ងាយទេ ។
« ជម្រាបសួរ ! » បាតបាយ៉ាបាននិយាយពេលគាត់ចូលមកខាងក្នុង ។
លោកយាយបានមានប្រសាសន៍ថា « ស្វាគមន៍ចៅ ។ យាយបានធ្វើឃូអូស៊ូខ្លះសម្រាប់ញ៉ាំសម្រន់ » ។
«អរគុណលោកយាយ ! » បាតបាយ៉ាបានឈោងយកនំក្ដៅៗមួយ ជានំផាយសាច់មានជាតិហឹរ ។
លោកតាបានមានប្រសាសន៍ថា « ចាំសិន ! កុំទាន់ញ៉ាំ ចាំពួកអ្នកផ្សព្វផ្សាយសាសនាមកដល់សិន ។ ពួកគេនឹងមកដល់ឆាប់ៗនេះហើយ » ។
បាតបាយ៉ាចូលចិត្តពេលពួកអ្នកផ្សព្វផ្សាយសាសនាពីសាសនាចក្ររបស់លោកតាលោកយាយមកលេង ។ គាត់តែងតែរៀនជាច្រើនពីពួកគេ ។ ប៉ុន្តែមានបញ្ហាតែមួយគត់ ។
« តើពួកគេនឹងសូមឲ្យខ្ញុំអានព្រះគម្ពីរមរមនទៀតឬ ? » បាតបាយ៉ាបានសួរ ។ « ការអានគឺពិបាកសម្រាប់ខ្ញុំ » ។
លោកយាយបានមានប្រសាសន៍ថា « នោះហើយជាមូលហេតុដែលពួកគេនឹងយកសៀវភៅមួយផ្សេងទៀតមកនៅថ្ងៃនេះ » ។
បាតបាយ៉ាបានសួរថា « សៀវភៅអ្វីទៅ ? »
លោកតាថា « ចៅនឹងឃើញ » ។
មិនយូរប៉ុន្មានពួកអ្នកផ្សព្វផ្សាយបានមកដល់ ។ ពួកគេបានទទួលទាននំផាយសាច់ដ៏ឆ្ងាញ់របស់លោកយាយជាមួយគ្នា ។ បន្ទាប់មកបាតបាយ៉ាបាននិយាយថា « លោកយាយប្រាប់ថាស៊ីស្ទើរមានសៀវភៅមួយក្បាលមកឲ្យខ្ញុំ » ។
ស៊ីស្ទើរហែតស្ស៍បាននិយាយថា « ខ្ញុំគិតថាប្អូននឹងចូលចិត្តសៀវភៅនេះ ។ វាមានរូបភាពច្រើនណាស់ » ។
បាតបាយ៉ាបានមើលទៅក្របសៀវភៅ ។ វាសរសេរថា សៀវភៅរឿងព្រះគម្ពីរមរមន ។ រូបភាពនៅលើក្របសៀវភៅនោះបង្ហាញពីមនុស្សកំពុងសង់សំពៅ ។
បាតបាយ៉ាបាននិយាយថា « ខ្ញុំចាំពីរឿងនោះ ។ បុរសនោះមិនបានដឹងពីរបៀបសង់សំពៅទេ ។ ដូច្នោះគាត់បានអធិស្ឋាន ។ ហើយព្រះបានជួយគាត់ » ។
ស៊ីស្ទើរអែងឃូយ៉ាបាននិយាយថា « ត្រឹមត្រូវហើយ ។ តើប្អូននឹងព្យាយាមអានសៀវភៅនេះទេ ? រួចហើយប្អូនអាចអធិស្ឋានដើម្បីដឹងថាតើអ្វីវាបង្រៀនពិតឬទេ » ។
បាតបាយ៉ាបានសន្យាថា « ខ្ញុំនឹងធ្វើវា » ។
នៅយប់នោះគាត់បានអានសៀវភៅដែលមានរូបភាពនោះ ។ គាត់បានអានរឿងអំពីសំពៅ ។ បន្ទាប់មកគាត់បានអធិស្ឋាន ។ គាត់បានគេងលក់ដោយគិតអំពីបុរសដែលសង់សំពៅនោះ និងរបៀបដែលព្រះបានជួយគាត់ ។
តាំងពីពេលនោះមក បាតបាយ៉ាបានអានរឿងមួយជារៀងរាល់យប់ ។ បន្ទាប់មក គាត់បានអធិស្ឋាន ។ ហើយរាល់យប់ គាត់បានគេងលក់ដោយគិតអំពីអ្វីដែលគាត់បានអាន ។
ពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរបានត្រឡប់មកវិញ ពួកគេបានបង្រៀនបាតបាយ៉ាបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ បាតបាយ៉ាបានរៀនអំពីពួកព្យាការី ។ គាត់បានរៀនអំពីព្រះបញ្ញត្តិរបស់ព្រះ ។ គាត់បន្តទៅព្រះវិហារជាមួយលោកយាយ និងលោកតា ។ ហើយគាត់បានបន្តអាន និងអធិស្ឋាន ។
ថ្ងៃមួយបាតបាយ៉ាមានអ្វីមួយសំខាន់ដើម្បីប្រាប់លោកតាលោកយាយរបស់គាត់ ។ គាត់បាននិយាយថា « ពេលខ្ញុំអានរឿងនៅក្នុងសៀវភៅដែលមានរូបភាពនោះ ខ្ញុំមានអារម្មណ៍ល្អ ។ ពេលខ្ញុំអធិស្ឋាន ខ្ញុំមានអារម្មណ៍ថារឿងទាំងនោះពិត ។ ខ្ញុំគិតថា ខ្ញុំគួរតែទទួលបុណ្យជ្រមុជទឹក » ។
ថ្ងៃនេះ បាតបាយ៉ាជាសមាជិកនៃសាសនាចក្រ ។ គាត់អានបានកាន់តែល្អឡើងៗ ។ ហើយគាត់នៅតែអានព្រះគម្ពីរមរមនជារៀងរាល់យប់ !