ប្រព្រឹត្តដោយសេចក្ដីជំនឿ
ប្រធានបទរបស់យើងឆ្នាំនេះគឺផ្តោតលើពាក្យ « ទៅ ហើយធ្វើ » ជាការប្រកាសដ៏មោះមុតរបស់នីហ្វៃជាព្យាការីដ៏ស្មោះត្រង់នៅក្នុងព្រះគម្ពីរមរមន នៅក្នុង នីហ្វៃទី១ ៣:៧ ។ ប៉ុន្តែប្រហែលជាផ្នែកដ៏លួងលោមបំផុតនៃខនេះ គឺនៅពេលដែលនីហ្វៃបង្រៀនថា ព្រះអម្ចាស់នឹងតែងតែ « រៀបចំផ្លូវ » ដើម្បីឲ្យកិច្ចការរបស់ទ្រង់បានសម្រេច ។
ជំនឿដែលថាព្រះនឹងរៀបចំផ្លូវសម្រាប់អ្នក តម្រូវឲ្យមានសេចក្ដីជំនឿដ៏ជ្រាលជ្រៅ ។ នីហ្វៃបានដឹងថា ប្រសិនបើព្រះសូមឲ្យលោកធ្វើអ្វីមួយ នោះព្រះក៏នឹងជួយលោកឲ្យសម្រេចកិច្ចការនោះ ។ ហើយយើងដឹងថា ដោយសារសេចក្ដីជំនឿ និងទំនុកចិត្តរបស់នីហ្វៃលើព្រះអម្ចាស់ នោះលោកអាចទៅយកផ្ទាំងលង្ហិនបានដោយជោគជ័យ ។
ដូចនីហ្វៃដែរ យើងអាចមានជំនឿដើម្បី « ទៅហើយធ្វើ » ។ អ្នកប្រហែលជាមិនតែងតែយល់ពី « មូលហេតុ » ដែលនៅពីក្រោយការណែនាំទាំងឡាយមកពីថ្នាក់ដឹកនាំសាសនាចក្រ ឬឪពុកម្តាយ ឬសូម្បីមកពីការបំផុសរបស់ព្រះវិញ្ញាណបរិសុទ្ធក្តី ។ វានឹងមិនមែនងាយយល់ជានិច្ចនោះទេ ឬវាហាក់បីដូចជាមិនទាំងអាចសម្រេចបានផង ។ ប៉ុន្តែ « ដ្បិតការណ៍អ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។ កាលដែលអ្នកឈានទៅមុខដោយសេចក្ដីជំនឿ នោះអ្នកនឹងឃើញថា ព្រះតែងតែមានហេតុផល និងផែនការ ។
ព្រះនឹងមិនដែលសូមអ្នកឲ្យធ្វើអ្វីមួយដែលទ្រង់ជ្រាបថាអ្នកមិនអាចធ្វើបាននោះឡើយ ។ និយាយឲ្យងាយទៅ ទ្រង់នឹងមិនដែលដាក់កិច្ចការឲ្យអ្នកធ្វើឲ្យបរាជ័យនោះទេ ។ ប៉ុន្តែទ្រង់អាចសូមអ្នកឲ្យធ្វើអ្វីមួយដែលតម្រូវឲ្យមានសេចក្ដីជំនឿដ៏ខ្លាំង និងការពឹងផ្អែកលើព្រះវិញ្ញាណដើម្បីបានការដឹកនាំ ។
គន្លឹះដើម្បីទទួលបានសេចក្ដីជំនឿដើម្បី « ទៅហើយធ្វើ » គឺបង្កើតនូវទំនុកចិត្ត ។ ពេលអ្នកមានទំនុកចិត្តលើព្រះអម្ចាស់ នោះអ្នកទុកចិត្តថា ទ្រង់នឹងធ្វើឲ្យមានមានសមត្ថភាពធ្វើគ្រប់កិច្ចការ ។ សូមគិតអំពីវា—អ្នកត្រូវបានបញ្ចូលមកផែនដីនៅជំនាន់នេះ ព្រោះអ្នកបានត្រៀមខ្លួនរួចរាល់ និងមានលទ្ធភាពដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅទីនេះ និងពេលនេះ ។ អ្នកត្រូវបានជ្រើសរើសឲ្យរស់នៅក្នុងជំនាន់នេះ ដោយសារព្រះអម្ចាស់ទុកព្រះទ័យនឹងអ្នក ។
ពរជ័យដែលអ្នកបានទទួលដោយសារប្រព្រឹត្តដោយសេចក្ដីជំនឿ និងទំនុកចិត្តគឺអស្ចារ្យណាស់ ។ អ្នកនឹងស្គាល់ពីអត្តសញ្ញាណ និងគោលបំណងរបស់អ្នកនៅក្នុងទស្សនវិស័យដែលកាន់តែធំធេង និងកាន់តែផ្ដោតយកចិត្តទុកដាក់ ។ អ្នកនឹងបង្កើនការទុកចិត្តរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ហើយអ្នកនឹងដឹងថា ជាមួយនឹងជំនួយពីព្រះអម្ចាស់ អ្នកគឺមានសមត្ថភាពគ្រប់គ្រាន់ ។