តើគាត់នឹងយល់ទេ ?
នៅក្នុងឆ្នាំ ២០០៥ ខ្ញុំបានផ្ដល់កំណើតដល់កូនភ្លោះបីនាក់ដែលកើតមុនថ្ងៃ ៖ មីលីណា ម៉ាធាអូ និងណិលសុន ។ មីលីណាបានកើតមកមានសុខភាពល្អ ប៉ុន្តែកូនប្រុសតូចពីរទៀតរបស់ខ្ញុំបានរងគ្រោះដោយបញ្ហាពេលសម្រាលកូន ។ ម៉ាធាអូបានស្លាប់ដោយសារបញ្ហានោះ បីខែក្រោយពីគាត់បានកើតមក ។
មួយខែក្រោយពីយើងបានបាត់បង់ម៉ាធាអូ ណិលសុនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺពិការខួរក្បាល និងថ្លង់ ។ យើងមានការពិបាកនៅក្នុងចិត្តយ៉ាងខ្លាំង ។ វេជ្ជបណ្ឌិតបានប្រាប់យើងថាគាត់នឹងមិនអាចដើរបានទេ ។ នៅគ្រានោះ យើងមានអំណរគុណចំពោះចំណេះដឹងរបស់យើងពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាបានជួយយើងឲ្យយល់ពីមូលហេតុដែលយើងដកពិសោធន៍គ្រោះកាចនៅក្នុងជីវិតនេះ ។
តាមរយៈសេចក្ដីជំនឿ និងការខិតខំធ្វើ នោះណិលសុនបានរៀនដើរ និងធ្វើការទាក់ទងតាមភាសាសញ្ញា ។ គាត់បានប្រសើរឡើងច្រើនជាងដែលវេជ្ជបណ្ឌិតរបស់គាត់បានទាយទុកទៅទៀត ។ គាត់បានធំឡើងដោយរីករាយនៅក្នុងគ្រួសារយើង និងនៅក្នុងដំណឹងល្អ ។
ថ្វីបើគាត់មានលទ្ធភាពមិនពេញលេញក្តី ក៏យើងបានមានគោលដៅមួយចំនួនសម្រាប់ណិលសុន ៖ ថាគាត់យល់ពីអត្ថន័យនៃបុណ្យជ្រមុជទឹកមុនពេលគាត់ទទួលបុណ្យជ្រមុជទឹក ថាគាត់ទទួលបព្វជិតភាពអើរ៉ុននៅអាយុ ១២ឆ្នាំ ហើយថាគាត់ទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។
នៅក្នុងឆ្នាំ ២០១៧ ណិលសុនបានមានអាយុ ១២ឆ្នាំ ។ យើងបានជួយគាត់រៀបចំដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ វាជាឧបសគ្គមួយសម្រាប់គាត់ដើម្បីយល់ថា ពួកអ្នកបានទទួលមរណភាពដោយមិនបានទទួលបុណ្យជ្រមុជទឹកត្រូវការជំនួយ ។ មិនយូរប៉ុន្មានបន្ទាប់ពីថ្ងៃខួបកំណើតរបស់ណិលសុន គាត់ មីលីណា ហ្វ្រេងខូ និងប្រិនដា ជាបងៗរបស់គាត់ ព្រមទាំងយុវវ័យផ្សេងៗទៀតពីវួដរបស់យើង បានទៅកាន់ព្រះវិហារបរិសុទ្ធ ឃូដូបា អាហ្សង់ទីន ។ ប្រធានព្រះវិហារបរិសុទ្ធបានស្វាគមន៍ពួកគេ ហើយបាននិយាយនឹងពួកគេអំពីសារសំខាន់នៃបុណ្យជ្រមុជទឹកជំនួស ។ ខ្ញុំបានអង្គុយជាមួយណិលសុន ហើយបានធ្វើភាសាសញ្ញាឲ្យគាត់ ។ មិនយូរប៉ុន្មាន គឺដល់វេនគាត់ ។ ពេលដែលគាត់បានចុះទៅក្នុងអាងជ្រមុជទឹក យើងបានឆ្ងល់ថា តើគាត់ពិតជាយល់ទេ ?
ពេលគាត់ចូលទៅក្នុងទឹក ណិលសុនក្លាយជាក្តុកក្តួល ។ នៅគ្រានោះ ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្ដែងដល់យើងថា គាត់ពិតជាយល់ថាគាត់កំពុងធ្វើអ្វីមួយសម្រាប់ដូនតាដែលបានទទួលមរណភាពទៅហើយរបស់គាត់ ដែលពួកគាត់ពុំអាចធ្វើបានដោយខ្លួនឯង ។ យើងបានដឹងថា គាត់យល់ថាសមាជិកគ្រួសារនៅឯវាំងននម្ខាងទៀតបានរីករាយដែលគាត់បានជួយពួកគេ ។ ព្រះវិញ្ញាណក៏បានបើកសម្ដែងដល់យើងផងដែរថា ម៉ាធាអូបាននៅទីនោះជាមួយនឹងបងប្អូនប្រុសស្រីរបស់គាត់ ។ នៅពេលណិលសុនបានចេញពីទឹកមកវិញ គាត់មានចិត្តរីករាយណាស់ ។
តាំងពីពេលនោះមក ណិលសុនបានទទួលបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់សម្រាប់សមាជិកគ្រួសារជាច្រើន រួមទាំងឪពុករបស់ខ្ញុំ ដែលបានទទួលមរណភាពនៅក្នុងឆ្នាំ ២០១៦ ផងដែរ ។ យើងស្រឡាញ់ដំណឹងល្អ ។ ការបម្រើនៅទីនោះបានក្លាយជាប្រពៃណីមួយរបស់គ្រួសារយើង ។ រាល់ពេលដែលយើងទៅ យើងចងចាំពីថ្ងៃដ៏ពិសេសនោះ ។