អាងស្តុកទីបន្ទាល់
អំឡុងពេលនៃឆ្នាំសិក្សាដំបូងរបស់ខ្ញុំនៅវិទ្យាល័យ ឪពុកម្ដាយរបស់ខ្ញុំបានលែងលះគ្នា ។ អស់ជាច្រើនឆ្នាំ ខ្ញុំបានមើលឪពុករបស់ខ្ញុំមិនទទួលទានសាក្រាម៉ង់ ។ ខ្ញុំបានដឹងថា គាត់បានមានការលំបាកក្នុងការរក្សាបទបញ្ញត្តិទាំងឡាយ ប៉ុន្តែខ្ញុំពុំយល់ពីទំហំនៃការលំបាកទាំងនោះទេ ។ វាគឺនៅពេលដែលឪពុកម្ដាយខ្ញុំបានប្រាប់ខ្ញុំអំពីការកាត់កាលចេញពីសាសនាចក្ររបស់គាត់ ដែលបងស្រីខ្ញុំ និងខ្ញុំបានដឹងពីរឿងលម្អិត ។
« ខ្ញុំស្អប់ប៉ា ! » ខ្ញុំបានស្រែកម្ដងហើយម្ដងទៀត ទាំងយំខ្សឹកខ្សួល ។ ខ្ញុំខឹងខ្លាំងណាស់ ។ខ្ញុំបានគិតថា តើគាត់ធ្វើដូចនេះចំពោះគ្រួសារយើងដូចម្ដេចកើត ? តើគាត់អាចកុហកយើងអស់ពេលជាយូរយ៉ាងនេះដូចម្ដេចកើត ?
ការរន្ធត់ និងកំហឹងដែលមានដំបូងនោះមិននៅបានយូរទេ ។ ក្នុងពេលពីរបីសប្ដាហ៍ កំហឹងរបស់ខ្ញុំបានក្លាយទៅជាអារម្មណ៍នៃការព្រងើយកណ្តើយ ។ ពីដំបូង អារម្មណ៍នៃការព្រងើយកណ្តើយគឺជាបន្ធូរពីកំហឹង និងការឈឺចាប់ដែលខ្ញុំបានមាន ប៉ុន្តែទីបំផុតការធូរស្បើយរបស់ខ្ញុំបានក្លាយជាការអស់សង្ឃឹមទៅវិញ ។ ខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំខ្ទេចខ្ទាំ ។ ខ្ញុំត្រូវការមានអារម្មណ៍ភ្ជាប់ទៅនឹងស្ថានសួគ៌ជាងពេលណាទាំងអស់ពីមុនមក ។ ខ្ញុំត្រូវការអារម្មណ៍នៃសេចក្ដីស្រឡាញ់ ការដឹកនាំ សេចក្ដីសុខសាន្ត និងការព្យាបាលពីព្រះ ។
មិនយូរប៉ុន្មាន សន្និសីទទូទៅបានមកដល់ ។ ក្នុងសម័យប្រជុំមួយ ខ្ញុំបានស្ដាប់ ហើយរង់ចាំទទួលអារម្មណ៍នៃការលួងលោមពីព្រះ ។ ប៉ុន្តែវាមិនបានកើតឡើងឡើយ ។ នៅក្នុងសាលាជំនុំដ៏ងងឹត ខ្ញុំបានគិតថា ខ្ញុំពុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថាទ្រង់គង់នៅទីនេះ ។ ទ្រង់ត្រូវតែគង់នៅទីនេះ ។ ពេលខ្ញុំបានគិតដូច្នេះ ខ្ញុំបានចាប់ផ្ដើមនឹកឃើញពីទីបន្ទាល់តូចៗជាច្រើនដែលខ្ញុំបានទទួលថាព្រះគម្ពីរគឺពិត ថាយ៉ូសែប ស៊្មីធ ជាព្យាការី ថាព្រះវរបិតាសួគ៌បានប្រទានពរដល់គ្រួសារខ្ញុំ ហើយថាការរក្សាបទបញ្ញត្តិទាំងឡាយបាននាំមកនូវភាពសុខសាន្ត ។ វាហាក់ដូចជា ខ្ញុំមានអាងស្តុកទីបន្ទាល់ដូច្នោះ ។
កាលដែលខ្ញុំកាន់តែសញ្ជឹងគិតពីទីបន្ទាល់ខាងវិញ្ញាណពីមុនរបស់ខ្ញុំ នោះខ្ញុំកាន់តែបានដឹងថា ទោះបីខ្ញុំចង់ទទួលអារម្មណ៍ព្រះវិញ្ញាណយ៉ាងណាក្ដី វាមិនសំខាន់ទេដែលខ្ញុំមិនអាចទទួលអារម្មណ៍នៃព្រះចេស្ដារបស់ទ្រង់នៅគ្រានោះតែម្ដងនោះ ។ ខ្ញុំបានមានអាងស្តុកទីបន្ទាល់ដ៏ស្ងៀមស្ងាត់ខ្ជាប់ខ្ជួនរួចហើយ ថាដំណឹងល្អគឺពិត ។
ការចេះដឹងនោះបានជួយខ្ញុំ ហើយផ្ដល់ដល់ខ្ញុំនូវបំណងប្រាថ្នាដើម្បីបន្តរក្សាបទបញ្ញត្តិទាំងឡាយ សូម្បីតែពេលដែលហាក់ដូចជាពុំមានផលភ្លាមៗក្ដី ។ បន្តិចម្តងៗ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះកាន់តែខ្លាំងនៅក្នុងជីវិតខ្ញុំ ។ ការស្ថិតនៅជិតនឹងពួកទ្រង់ សូម្បីតែពេលដែលយើងពុំអាចទទួលអារម្មណ៍ថាពួកទ្រង់នៅជិតជានិច្ចក្ដី បាននាំឲ្យខ្ញុំមានភាពសុខសាន្តដែលមិនអាចបដិសេធបាន និងនាំមកនូវទីបន្ទាល់ដែលកាន់តែរឹងមាំអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ ការណ៍នេះបន្តមានឥទ្ធិពលលើខ្ញុំឥឡូវនេះ ពេលដែលខ្ញុំជួបនឹងភាពមិនច្បាស់លាស់ ឬការឈឺចាប់ ។ ខ្ញុំដឹងថា ខ្ញុំអាចទុកចិត្តព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ហើយថាពួកទ្រង់នឹងព្យាបាល លើកតម្កើង និងពង្រឹងខ្ញុំ និងយើងម្នាក់ៗ ។