លីអាហូណា
បង្គោល និង​កាំ​រស្មី
ខែ ឧសភា ឆ្នាំ ២០២៤


11:17

បង្គោល និង​កាំរស្មី

យើង​ក៏​អាច​មាន​បង្គោល​ពន្លឺ​ដោយ​ខ្លួន​ឯង​ដែរ—រស្មី​មួយ​កាំ​ម្តងៗ ។

សារលិខិត​របស់​ខ្ញុំ​គឺ​សម្រាប់​អ្នក​ដែល​ព្រួយបារម្ភ​អំពី​ទីបន្ទាល់​របស់​ខ្លួន ពីព្រោះ​ពួកគេ​គ្មាន​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ ។ ខ្ញុំ​អធិស្ឋាន​ថា ខ្ញុំអាច​នឹង​ផ្តល់​នូវ​ភាពសុខសាន្ត និង​ការធានា​ខ្លះៗ​បាន ។

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បានចាប់ផ្តើម​ដោយ​ការលេច​ចេញ​នូវ​ពន្លឺ និង​សេចក្តីពិត ! ក្មេងប្រុស​ជំទង់​ម្នាក់​នៅ​រដ្ឋ​ញូវ​យ៉ក ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស្ម៊ីធ បាន​ចូល​ទៅ​ក្នុង​ព្រៃ​អធិស្ឋាន ។ គាត់​ព្រួយ​បារម្ភ​អំពី​ព្រលឹង និង​ជំហរ​របស់គាត់​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ ។ គាត់​បាន​ស្វែងរក​ការអភ័យ​ទោស​ចំពោះ​អំពើបាប​របស់គាត់ ។ ហើយ​គាត់​បានច្របូកច្របល់​មិនដឹង​ចូល​​ព្រះវិហារ​មួយ​ណា ។ គាត់​ត្រូវការ​ភាពច្បាស់លាស់ និង​ភាព​សុខសាន្ត—គាត់ត្រូវការ​ពន្លឺ និង​ចំណេះដឹង ។

នៅពេល យ៉ូសែប លុត​ជង្គង់​អធិស្ឋាន និង « បាន​ចាប់ផ្ដើម​បួងសួង​ដល់​ព្រះ​ទូល​ប្រាប់​ពី​បំណង​នៃ​ដួង​ចិត្ត [ របស់គាត់ ] ស្រាប់តែភាពងងឹត​មួយ​បាន​គ្របសង្កត់​លើ​លោក ។ អ្វីមួយ​អាក្រក់ គ្របសង្កត់ និង​ព្យាយាម​បញ្ឈប់​គាត់—គឺ​ចង​អណ្តាត​គាត់​ទុក​ដើម្បី​មិន​ឲ្យ​គាត់​និយាយ​ឡើយ ។ កម្លាំង​នៃ​ភាពងងឹតមាន​កាន់តែ​ខ្លាំង​ឡើង​ដែល យ៉ូសែប គិត​ថា​គាត់​នឹង​ស្លាប់​ហើយ ។ ប៉ុន្តែគាត់ « ខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដែល [ គាត់ ] មាន ដើម្បី​អំពាវនាវ​ដល់​ព្រះ សូម​ឲ្យ​ដោះ​លែង [ គាត់ ] រួច​ពី​អំណាច​នៃ​ខ្មាំងសត្រូវ​នេះ [ ដែល​បាន ] គ្រប​សង្កត់​មក​លើ [ គាត់] » ។ ហើយ​បន្ទាប់​មក « កាល [ គាត់ ] ហៀប​នឹង​លិចលង់​ក្នុង​ការអស់​សង្ឃឹម ហើយ​បោះបង់ [ ខ្លួន​គាត់ ] ទៅ​ក្នុង​ការបំផ្លិច​បំផ្លាញ » នៅពេល​គាត់​មិន​ដឹង​ថា​តើ​គាត់អាច​ស៊ូទ្រាំ​បាន​ទៀត​ឬអត់ នោះ​ពន្លឺ​ដ៏​ភ្លឺ​ចែងចាំង​ពេញ​ក្នុង​ព្រៃ ធ្វើ​ឲ្យ​ភាពងងឹត និង​សត្រូវ​នៃ​ព្រលឹង​គាត់​រសាត់​បាត់​ទៅ ។

« បង្គោល​ពន្លឺ » មាន​ភ្លឺ​ចែងចាំង​លើស​ជាង​សុរិយា​បាន​ចុះ​សន្សឹមៗ​មកលើ​រូប​លោក ។ តួអង្គ​មួយ​បាន​លេចឡើង ហើយ​បន្ទាប់មក តួអង្គ​មួយ​អង្គ​ទៀត ។ « រស្មី និង​សិរី​រុងរឿងរបស់​ទ្រង់​ទាំងទ្វេ​ពុំ​អាច​ពណ៌នា​បាន​ឡើយ » ។ តួអង្គ​ដំបូង ជា​ព្រះ​វរបិតាសួគ៌ មាន​ព្រះ​បន្ទូល​ហៅ​ឈ្មោះគាត់ រួច « ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត —[ យ៉ូសែប ! ] នេះ​ជា​ព្រះ​រាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! »

ជាមួយ​នឹង​ការផុស​ពន្លឺ និង​សេចក្តីពិត​ដ៏​អស្ចារ្យ​នោះ​ការស្តារឡើងវិញក៏​បាន​ចាប់ផ្ដើម ។ វិវរណៈ និង​ពរជ័យ​ដ៏​ទេវភាពជាច្រើន​សន្ធឹក​នឹង​កើត​ឡើង​បន្ទាប់​ពី​នោះ ៖ ព្រះគម្ពីរ​ថ្មី ការស្ដារ​សិទ្ធិអំណាច​បព្វជិតភាព​ឡើងវិញ ពួក​សាវក និង​ពួក​ព្យាការី ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា និង​ការស្ថាបនា​សាសនាចក្រ​ពិត និង​សកម្មរបស់​ព្រះអម្ចាស់​ឡើងវិញ ដែល​នៅ​ថ្ងៃ​ណាមួយ​នឹង​បំពេញ​ផែនដី​ដោយ​ពន្លឺ និង​សាក្សី​អំពី​ព្រះយេស៊ូវ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ទ្រង់ ។

អ្វីៗ​ទាំងអស់​នោះ និង​ច្រើនទៀត បានចាប់ផ្តើមឡើង​ដោយសារ​តែ​ការអធិស្ឋាន​ដ៏ខ្លាំងក្លា​របស់​ក្មេងប្រុស​ម្នាក់ និង​បង្គោល​ពន្លឺ ។

យើងក៏​មាន​តម្រូវការ​ដ៏​ខ្លាំងក្លាផង​ដែរ ។ យើង​ក៏​ត្រូវការ​សេរីភាព​ពី​ភាពច្របូកច្របល់​ខាង​វិញ្ញាណ និង​ភាព​ងងឹត​នៃ​លោកិយផងដែរ ។ យើង​ក៏​ត្រូវ​ដឹង​ដោយ​ខ្លួនឯង​ផងដែរ ។ នោះ​គឺជា​ហេតុផល​មួយ​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « សូម​ជ្រមុជ​ខ្លួន [ របស់​យើង ] ទៅ​ក្នុង​ពន្លឺ​ដ៏​រុងរឿង​នៃ​ការ​ស្ដារឡើងវិញ » ។

សេចក្ដីពិត​ដ៏​អស្ចារ្យ​មួយ​នៃ​ការស្ដារ​ឡើងវិញ​គឺ​ថា​ស្ថានសួគ៌​បើក​ចំហ​ —ថា​យើង​ក៏​អាច​ទទួល​បាន​ពន្លឺ និង​ចំណេះ​ដឹង​ពី​ស្ថានលើ​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា នេះ​គឺជា​ការពិត ។

ប៉ុន្តែ​យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​អន្ទាក់​ខាង​វិញ្ញាណ ។ ពេល​ខ្លះ​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​បានបាក់​ទឹកចិត្ត ហើយ​ថែម​ទាំង​រសាត់​បាត់ទៅ ព្រោះ​ពួកគេ​មិន​ទាន់​មាន​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​នោះ​—ព្រោះ​ពួកគេ​មិន​ទាន់​បាន​ដកពិសោធន៍​បង្គោល​ពន្លឺ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ព្រមាន​ថា « មនុស្ស​តែងតែ​រំពឹង​ថា​នឹង​មាន​ភាពអស្ចារ្យ ហេតុ​នោះ​ទើប​មើល​រំលង​ទាំងស្រុង​នូវ​ទំនាក់ទំនង​ដែល​បាន​បង្ហាញ​ជា​ហូរហែរ​ឥតឈប់ឈរ​នោះ » ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ក៏បាន​រំឭក​ថា « ព្រះអម្ចាស់​បានដកយក​នូវ​ភាព​អស្ចារ្យ​ពី​ខ្ញុំ [ កាល​ខ្ញុំ​នៅ​ក្មេង ] ហើយ​បាន​បង្ហាញ​សេចក្តីពិត​ដល់​ខ្ញុំ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ។

បងប្អូន​ប្រុសស្រី នោះ​គឺជា​លំនាំ​តាមធម្មតា​របស់​ព្រះ​អម្ចាស់ ។ ព្រះអម្ចាស់​បញ្ជូន​ពន្លឺ​មួយ​ដល់​យើង ម្ដងបន្ដិចៗ ជំនួស​ឲ្យ​ការបញ្ជូន​បង្គោល​ពន្លឺ​មួយ​ដល់​យើង ។

រស្មី​ពន្លឺ​ទាំងនោះ​ត្រូវ​បាន​ចាក់ស្រោច​មកលើ​យើង​ជា​បន្តបន្ទាប់ ។ ព្រះ​គម្ពីរ​បង្រៀន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា « ពន្លឺ ហើយ … ជីវិត​នៃ​ពិភពលោក »ដែល​ថា « ព្រះ​វិញ្ញាណ​ប្រទាន​ពន្លឺ​ដល់​មនុស្ស​គ្រប់​រូប [ បុរសនិង​ស្រ្តី ] ណា​ដែល​មក​ក្នុង​លោកិយ »​ ហើយ​ថា​ពន្លឺ​របស់​ទ្រង់ « [បំពេញ​]ភាពល្ហល្ហេវ​ » ផ្ដល់ « ជីវិត​ដល់​គ្រប់​ទាំង​អស់ »​ ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​នៅ​ជុំវិញ​យើង​យ៉ាង​ពិតប្រាកដ ។

ប្រសិន​បើ​យើង​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កំពុង​ខិតខំ​អនុវត្ត​សេចក្ដីជំនឿ ប្រែចិត្ត និង​គោរព​សេចក្ដីសញ្ញា​របស់យើង នោះ​យើង​មាន​ភាពស័ក្ដិសម​នឹង​ទទួល​បានរស្មី​ដ៏​ទេវភាព​ទាំងនេះ​ជានិច្ច ។ នៅក្នុង​ឃ្លាដ៏​គួរ​ឲ្យ​ចងចាំ​របស់​អែលឌើរ ដេវីឌ អេ បែដណា ថា « យើង ‹ រស់នៅ​ក្នុង​វិវរណៈ › » ។

ប៉ុន្តែ​យើង​ម្នាក់ៗ​គឺ​ខុសគ្នា ។ មនុស្ស​ពីរ​នាក់ពុំ​មាន​បទពិសោធន៍​ពន្លឺ និង​សេចក្ដីពិត​របស់​ព្រះ​ដូចគ្នា​នោះ​ទេ ។ សូម​ចំណាយ​ពេលខ្លះ​ដើម្បី​គិត​អំពី​របៀប​ដែល​បងប្អូន​មាន​បទពិសោធន៍​ជាមួយ​នឹង​ពន្លឺ និង​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ ។

បងប្អូន​ប្រហែលជា​ធ្លាប់​ជួប​ការផុស​ចេញ​នៃ​ពន្លឺ និង​ទីបន្ទាល់​ទាំង​នេះ​ដែល​ជា « ភាពសុខសាន្ត [ និយាយ ] ដល់​គំនិត​របស់​អ្នក អំពី​ការណ៍ [ មួយ ] នោះ » ដែល​ធ្វើ​ឲ្យ​បងប្អូន​ព្រួយបារម្ភ​

ឬ​ជា​ចំណាប់​អារម្មណ៍—សំឡេង​តូច​រហៀង—ដែល​ស្ថិត « នៅក្នុង​គំនិត និង​ចិត្ត​របស់​អ្នក »ហើយ​បានជំរុញ​បងប្អូន​ឲ្យ​ធ្វើ​អ្វីមួយ​ល្អ ដូចជា​ការជួយ​ដល់​នរណា​ម្នាក់ ។

ប្រហែល​ជា​បងប្អូន​បាន​រៀន​នៅ​ក្នុង​ថ្នាក់​មួយ​នៅ​ឯ​ព្រះវិហារ—ឬ​នៅ​ឯ​ជំរំ​យុវវ័យ—ហើយ​មាន​បំណង​ចង់​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បន្ត​ស្មោះត្រង់​ ។ ប្រហែលជា​បងប្អូន​បាន​ឈរ ហើយ​ចែកចាយ​ទីបន្ទាល់​មួយ​ដែល​បងប្អូន​សង្ឃឹម​ថា ជា​ការពិត ហើយ​ក៏​មាន​អារម្មណ៍​ថា​វា​ជា​ការពិត ។

ឬ​ប្រហែល​ជា​បងប្អូន​បាន​អធិស្ឋាន ហើយ​មាន​អារម្មណ៍​ថា មាន​អំណរ​ដែល​ព្រះ​ស្រឡាញ់​បងប្អូន ។

បងប្អូន​ប្រហែល​ជា​បាន​ឮ​នរណា​ម្នាក់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​វា​បានជ្រួតជ្រាប​ដល់​ដួងចិត្ត​​បងប្អូន ហើយ​បានបំពេញ​សេចក្ដីសង្ឃឹម​ដល់​បងប្អូន ។

ប្រហែលជា​បងប្អូន​កំពុង​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន ហើយ​ខគម្ពីរ​មួយ​បាននិយាយ​ទៅ​កាន់​ព្រលឹង​បងប្អូន ហាក់​ដូច​ជា​ព្រះ​បាន​ដាក់​វា​នៅ​ទីនោះ​សម្រាប់តែ​បងប្អូន—ហើយ ក្រោយមក អ្នក បានដឹង ថា ទ្រង់ បាន​ធ្វើ ។

បងប្អូន​ប្រហែល​ជា​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក​ដទៃ នៅ​ពេល​បងប្អូន​បម្រើ​ពួកគេ ។

ឬ​ប្រហែល​ជា​បងប្អូន​ពិបាក​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​នាពេលនេះ ដោយសារ​តែ​ការធ្លាក់​ទឹកចិត្ដ ឬ​ការថប់​បារម្ភ ប៉ុន្តែ​មាន​អំណោយទាន​ដ៏​មាន​តម្លៃ និង​សេចក្តី​ជំនឿ​ដើម្បី​ក្រឡេក​មើល​ក្រោយវិញ ហើយ​ទទួល​ស្គាល់ « សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ពី​អតីតកាល ។

គំនិត​របស់​ខ្ញុំ​គឺ​ថា មាន​វិធី​ជា​ច្រើន​ដើម្បី​ទទួល​បាន​រស្មី​នៃ​ទីបន្ទាល់​ដែល​មកពី​ស្ថានសួគ៌ ។ ទាំងនេះ​គ្រាន់តែ​លើកឡើង​មួយចំនួន​តែប៉ុណ្ណោះ ។ វា​អាច​នឹងមិន​គួរ​ឲ្យ​រំភើប​ទេ ប៉ុន្តែ​វា​បង្កើត​ជា​ផ្នែក​មួយ​នៃ​ទីបន្ទាល់​របស់​យើង ។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​មិន​ធ្លាប់ឃើញ​បង្គោល​ពន្លឺ​ទេ ប៉ុន្តែ​ខ្ញុំ​ដកពិសោធន៍​នូវរស្មី​ដ៏​ទេវភាព​ជា​ច្រើនដូចជា​បងប្អូន​ដែរ ។ ជាច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បានព្យាយាម​ឲ្យ​តម្លៃ​ចំពោះ​បទពិសោធន៍​បែប​នេះ ។ ខ្ញុំ​ក៏​បាន​រកឃើញ នៅពេល​ខ្ញុំ​ស្វែងរក ខ្ញុំ​ស្គាល់ ហើយ​ចងចាំ​វា​កាន់តែ​ច្រើន ។ នេះ​ជា​គំរូ​មួយ​ចំនួន​ពី​ជីវិត​ខ្ញុំ​ផ្ទាល់ ។ វា​អាច​នឹងមិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​មួយ​ចំនួន​ទេ ប៉ុន្តែ​វា​មាន​តម្លៃ​ចំពោះ​ខ្ញុំ ។

ខ្ញុំ​ចាំ​ថា ខ្ញុំ​ជា​ក្មេង​ជំទង់​រញ៉េរញ៉ៃ​ម្នាក់​នៅ​ឯ​ពិធី​បុណ្យជ្រមុជទឹក ។ នៅពេល​ការប្រជុំ​ហៀប​នឹង​ចាប់ផ្តើម ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​វិញ្ញាណ​ជំរុញ​ខ្ញុំ​ឲ្យ​អង្គុយ​ចុះ ហើយ​មាន​គាវរភាព ។ ខ្ញុំ​អង្គុយ​ចុះ ហើយ​នៅ​ស្ងៀម​នៅ​ក្នុង​ការប្រជុំ​រហូត​ដល់​ចប់ ។

មុន​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​ភ័យ​ខ្លាច​ថា ទីបន្ទាល់​របស់​ខ្ញុំ​មិន​រឹងមាំ​គ្រប់គ្រាន់ ។ គ្មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ធ្លាប់​បម្រើ​បេសកកម្ម​ទេ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​ឬ​អត់ ។ ខ្ញុំ​ចាំ​ពី​ការសិក្សា និង​ការអធិស្ឋាន​ដ៏​ខ្លាំងក្លា​ដើម្បី​ទទួល​បាន​សាក្សី​ជាក់លាក់​បន្ថែម​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក​នៅ​ថ្ងៃ​នោះ នៅពេល​ខ្ញុំ​បាន​ទូលអង្វរ​ព្រះវរបិតាសួគ៌ ខ្ញុំ​ទទួល​អារម្មណ៍​ថា​មាន​ពន្លឺ និង​ភាពកក់ក្ដៅ​ដ៏​ខ្លាំងក្លា ។ ហើយ​ខ្ញុំ​ដឹង ។ ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ ។

ខ្ញុំ​ចាំ​ថា ខ្ញុំ​ដេក​មិន​លក់​នៅ​មួយ​យប់ ទទួល​អារម្មណ៍​ពី « បញ្ញា​ដ៏​បរិសុទ្ធ​ » មួយ ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ទទួល​បាន​ការហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​អែលឌើរ ។ ពីរ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​ទទួល​បាន​ការហៅ​នោះ ។

ខ្ញុំ​ចាំ​ថានៅ​សន្និសីទ​ទូទៅ​មួយ មានសមាជិកជាទីស្រលាញ់​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​នូវ​ទីបន្ទាល់​ដូចគ្នា​នឹង​ពាក្យដែល​ខ្ញុំ​បាន​ប្រាប់​មិត្ត​ម្នាក់ ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ឮ ។

ខ្ញុំ​ចាំ​ថា​ខ្ញុំបាន​លុត​ជង្គង់ចុះ​ជាមួយ​បងប្អូន​ប្រុស​រាប់រយ​នាក់ ដើម្បី​អធិស្ឋាន​ទូលសុំ​ឲ្យ​មិត្ត​សម្លាញ់​ដែល​ដេក​សន្លប់​បញ្ចូល​ខ្យល់អុកស៊ីសែន​ក្នុង​មន្ទីរពេទ្យ​តូច​មួយ​ដែល​នៅ​ឆ្ងាយ បន្ទាប់ពី​បេះដូង​របស់​គាត់​បាន​ឈប់​ដើរ ។ ពេល​យើង​រួបរួម​ចិត្ត​ទូល​អង្វរ​សុំ​ជីវិត​របស់​គាត់ គាត់​ក៏​បាន​ភ្ញាក់ឡើង ហើយ​បំពង់​ខ្យល់​ក៏​បាន​ដក​ចេញពី​បំពង់ក​របស់គាត់ ។ សព្វថ្ងៃ​នេះ គាត់​បម្រើ​ជា​ប្រធាន​ស្តេក ។

ហើយ​ខ្ញុំ​ចាំ​ថា​ខ្ញុំ​ភ្ញាក់ឡើង​ដោយ​មាន​នូវ​អារម្មណ៍​ខាងវិញ្ញាណ​ដ៏​ខ្លាំង​មួយ បន្ទាប់ពី​សុបិន​ឃើញស្ដែងៗ​អំពី​មិត្តសម្លាញ់ និង​អ្នកផ្ដល់ការណែនាំ បានទទួល​មរណភាព​លឿន​ពេក ​ធ្វើ​ឲ្យ​ជីវិតខ្ញុំបាត់បង់​អ្វី​ដ៏ធំ ។ គាត់​ញញឹម និង​រីករាយ ។ ខ្ញុំ​ដឹងថា គាត់​នឹង​មិន​អី​ទេ ។

ទាំងនេះ​ជា​រស្មី​មួយ​ចំនួន​របស់​ខ្ញុំ ។ បងប្អូន​ធ្លាប់​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួនអំពី—ទីបន្ទាល់​ដែល​ពោរពេញ​ដោយ​ពន្លឺ ។ នៅពេល​យើង​ស្គាល់ ចងចាំ និង​ប្រមូលផ្តុំ​រស្មី​ទាំងនេះ « បំព្រួម​គ្រប់​ទាំង​អស់ »​អ្វីមួយ​ដែល​អស្ចារ្យ​ចាប់ផ្ដើម​កើតឡើង ។ « ពន្លឺ​នៅ​ជាប់​នឹងពន្លឺ »—« សេចក្ដី​ពិត​ឱប​ក្រសោប​សេចក្ដី​ពិត »។ ភាពពិត និង​អំណាច​នៃ​​រស្មី​មួយ​នៃ​ទីបន្ទាល់​ ពង្រឹង និង​រួមបញ្ចូល​គ្នា​ពី​មួយ​ទៅ​មួយ ។ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ រស្មី​ឯណេះ​បន្តិច ឯ​ណោះ​បន្តិច—​គ្រា​ខាង​វិញ្ញាណដ៏​មាន​តម្លៃ​តូចៗ​ម្តង​មួយៗ—​រីក​ធំឡើង​នៅក្នុង​ខ្លួន​យើងនូវ​បទពិសោធន៍​ខាងវិញ្ញាណ ដែកពេញ​ដោយ​ពន្លឺ​ដ៏​សំខាន់ ។ ប្រហែល​ជា​គ្មាន​រស្មី​ណា​មួយ​ខ្លាំង​គ្រប់គ្រាន់ ឬ​ភ្លឺ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ទីបន្ទាល់​ពេញលេញ​នោះ​ទេ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ពន្លឺ​ដែល​កុំ​ឲ្យ​ភាពងងឹត​នៃ​ការសង្ស័យ​យក​ឈ្នះ​បាន ។

អាលម៉ា សួរ​ថា « ឱ​ ! បើ​ដូច្នោះ តើ​ការណ៍​នេះ ពុំ​មែនពិត​ទេ​ឬ​អី? » « ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ ពី​ព្រោះ​នេះ​ជា​ពន្លឺ » ។

« អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ » ព្រះអម្ចាស់​បង្រៀន​យើង​ថា « ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយនៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។

នេះ​មាន​ន័យថា បងប្អូន​ប្រុសស្រី នៅទីបំផុត និង​តាមរយៈ « សេចក្ដី​ព្យាយាម​ដ៏​ខ្លាំងក្លា »យើង​ក៏​អាច​មាន​បង្គោល​ពន្លឺ​ដោយ​ខ្លួន​ឯង​ដែរ—​គឺរស្មី​មួយ​ម្តងៗ ។ ហើយ​នៅក្នុង​បង្គោល​នោះ យើង​ក៏​នឹង​រកឃើញ​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​ហៅ​យើង​តាម​ឈ្មោះ ដោយ​ចង្អុលបង្ហាញ​យើង​ទៅ​កាន់​ព្រះ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ហើយ​អញ្ជើញ​យើង​ឲ្យ « ស្តាប់​តាម​ទ្រង់​ចុះ ! »

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា ទ្រង់​គឺជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភព​លោក​ទាំងមូល—ហើយ​ជា​ពិភពលោក​ផ្ទាល់​ខ្លួន​របស់​បងប្អូន និង​ខ្ញុំ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់គឺជា​សេចក្ដីពិត និង​ជា​ព្រះរាជបុត្រា​ដ៏​មាន​ព្រះជន្ម​រស់​នៃ​ព្រះ​ដ៏​ពិត និង​មាន​ព្រះជន្ម​រស់ ហើយ​ថា ទ្រង់​ជា​ព្រះ​សិរសានៃ​សាសនាចក្រ​ដ៏​ពិតនិង​សកម្ម​នេះ ដែលណែនាំ និង​ដឹកនាំ​ដោយ​សាវក និង​ព្យាការី​នៅរស់​ដ៏ពិត​របស់ទ្រង់ ។

សូម​យើង​ទទួល​ស្គាល់ និង​ទទួល​ពន្លឺ​ដ៏​រុងរឿង​របស់​ទ្រង់ រួច​ហើយ​ជ្រើសរើស​យកទ្រង់​ជំនួស​ឲ្យ​ភាពងងឹត​នៃ​ពិភព​លោក—ជានិច្ច និង​រៀងដរាបរហូតទៅ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល យ៉ូសែប​ស្ម៊ីធ—ប្រវត្តិ ១:១០–១៣ ។

  2. សូមមើល យ៉ូសែប​ស្ម៊ីធ—ប្រវត្តិ ១:១៤–១៦ ។

  3. សូមមើល យ៉ូសែប ស្ម៊ីធ Journal, Nov. 9–11, 1835ទំព័រ ២៤ នៅលើ​គេហទំព័រ josephsmithpapers.org ។

  4. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។

  5. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ។ នៅពេល យ៉ូសែប ស្ម៊ីធ ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់ពី​ការនិមិត្ត​ដំបូង ម្តាយ​របស់​លោក​បាន​សួរ​ថា តើ​គាត់​មិន​អី​ទេ​ឬ ។ លោក​បាន​ឆ្លើយ​ថា « កូន​ស្រួល​ខ្លួន​ទេ​តើ ។ … ខ្ញុំ​បាន​ចេះដឹង​ដោយ​ផ្ទាល់​ខ្លួន​ខ្ញុំ ថា ប្រែសប៊ីធារាន មិន​ពិត​ទេ » ( បាន​បន្ថែម​ការបញ្ជាក់ ) ។

  6. រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២២ ។

  7. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង​របាយការណ៍​សន្និសីទ នៃ​សន្និសីទ​ប្រចាំតំបន់​ម៉ូនីក ប្រទេស​អាល្លឺម៉ង់ ឆ្នាំ ១៩៧៣ ទំព័រ ៧៧ បាន​ដកស្រង់​នៅក្នុង ហ្រ្គាហាម ដបបិលយូ ដក់ស្សី « The Voice Is Still Small » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២៥ ។

  8. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨) ទំព័រ ២០១ ៖ « នៅ​ពេល​ដំបូង​ដែល​ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់ បាន​ចាប់​ផ្តើម​ក្នុងការងារ​បម្រើ នោះ​ខ្ញុំ​ឧស្សាហ៍​ចេញ​ទៅ​ក្រៅ ហើយ​ទូលសូម​ព្រះអម្ចាស់​ឱ្យ​បង្ហាញ​ការអស្ចារ្យ​មួយ​ចំនួន​ដល់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​ទីបន្ទាល់​មួយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ដកហូត​ការណ៍ដ៏​អស្ចារ្យ​ទាំងនោះ​ពី​ខ្ញុំ ហើយ​បាន​បង្ហាញ​ខ្ញុំ​នូវ​សេចក្ដី​ពិត មួយបន្ទាត់​ម្ដងៗ ពីសិក្ខាបទ​មួយម្ដងៗ នេះបន្តិច​ហើយ​នោះបន្តិច រហូត​ដល់​ទ្រង់​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ពីសេចក្ដី​ពិត ចាប់តាំង​ពី​ចុង​សក់​លើ​​ក្បាល​ខ្ញុំ រហូត​ដល់​បាត​ជើង​ខ្ញុំ ហើយ​រហូត​ដល់​សេចក្ដី​សង្ស័យ និង​ការភ័យខ្លាច​ត្រូវបាន​ជម្រះ​ចេញពី​ខ្ញុំ​ទាំងស្រុង ។ ទ្រង់​មិន​ចាំបាច់​បញ្ជូន​ទេវតា​ពី​ស្ថានសួគ៌​មក​ធ្វើ​ការនេះទេ ហើយ​ទ្រង់​ក៏​មិន​បាច់​ថ្លែង​ដោយ​ត្រែ​ទេវតានោះ​ដែរ ។ គឺ​តាមរយៈ​ការខ្សឹប​ជា​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ទីបន្ទាល់​ដែល​ខ្ញុំ​មាន​នេះ ។ ហើយ​តាមរយៈ​គោលការណ៍ និង​អំណាច​នេះ ទ្រង់​នឹង​ប្រទាន​ដល់​បុត្រា​បុត្រី​មនុស្ស​ទាំងអស់​នូវ​ចំណេះដឹង​នៃ​សេចក្ដីពិត ដែល​នឹង​នៅ​ជាមួយ​ពួកគេ ហើយ​វា​នឹង​ធ្វើឲ្យ​ពួកគេ​ដឹង​សេចក្ដីពិត​នោះ ដូច​ព្រះ​ញាណ​ដឹង​ពី​វា ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ដូចជា​ព្រះគ្រីស្ទ​ធ្វើ​វា » ។

  9. ម៉ូសាយ ១៦:៩

  10. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៦សូមមើល​ផងដែរ យ៉ូហាន ១:៩

  11. គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២–១៣

  12. ដេវីឌ អេ បែដណា The Spirit of Revelation( ឆ្នាំ ២០២១ ) ទំព័រ ៧ ។

  13. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២៣

  14. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២សូមមើល​ផងដែរ ហេលេមិន ៥:៣០

  15. សូមមើល ម៉ូសាយ ៥:២គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:១២

  16. សូមមើល នីហ្វៃទី២ ៤:២១ហេលេមិន ៥:៤៤

  17. ព្រះ​អម្ចាស់​បាន​កំណត់​អត្តសញ្ញាណ​សមត្ថភាព​ក្នុង​ការជឿ​លើ​ទីបន្ទាល់​របស់​អ្នក​ដទៃ​ថា ជា​អំណោយទាន​ខាង​វិញ្ញាណ​( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១៣–១៤) ។

  18. វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ពាក្យ​បទគម្ពីរ « ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​យើង … ហើយ​លើក​លែងតែ​ដោយសារ​អំណាច​របស់​យើង នោះ​អ្នក​ក៏​ពុំ​អាច​បាន​ព្រះ​បន្ទូល​ទាំង​នេះ​ដែរ ។ ហេតុដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ធ្វើ​ទីបន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:៣៥–៣៦ ) ។

  19. សូមមើល ម៉ូសាយ ២:១៧មរ៉ូណៃ ៧:៤៥–៤៨

  20. នីហ្វៃទី ១ ១:២០ អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង បានមាន​ប្រសាសន៍​ពី « [ ការ ] មើល​ឲ្យ​យល់ និង​[អរ]​រីករាយ​ក្នុង​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ជាច្រើន​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង » ( « ការងារបម្រើលីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១៨ ) និង​របៀប​ដែល « ព្រះហស្ត​របស់​ទ្រង់​នៅក្នុង​ជីវិត​យើង ជា​ញឹកញាប់​គឺ​ងាយ​ស្រួល​ដើម្បី​ស្គាល់ » ( « Always Remember HimLiahonaខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៨ ) ។ អំណោយទាន​នៃ​ការស្គាល់ និង​ការដឹង​ប្រកប​ដោយ​អំណរគុណ​ពី​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ទោះបី​ជា​យើង​មិន​ស្គាល់ ឬ​ទទួល​អារម្មណ៍​ពី​ព្រះហស្ដ​នោះ​នៅ​គ្រា​នោះ​ក្តី គឺ​មាន​អានុភាព​ខ្លាំង​ណាស់ ។ ព្រះគម្ពីរ​និយាយ​ជា​ញឹកញាប់​អំពី​អំណាច​ខាងវិញ្ញាណ​នៃ​ការចងចាំ ( សូមមើល ហេលេមិន ៥:៩–១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧, ៧៩ ) ដែល​អាច​ជា​បុព្វហេតុ​នៃ​វិវរណៈ ( សូមមើល មរ៉ូណៃ ១០:៣–៤ ) ។

  21. យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « មនុស្ស​ម្នាក់​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការកត់សម្គាល់​ពី​ការស្និទ្ធស្នាល​ដំបូង​នៃ​វិញ្ញាណ​នៃ​វិវរណៈ ឧទាហរណ៍ នៅពេល​អ្នក​មាន​អារម្មណ៍​ថា បញ្ញា​បរិសុទ្ធ​ហូរ​ចូល​មក​ក្នុង​ខ្លួន​អ្នក វា​ប្រហែល​ជា​អាច​ផ្តល់​គំនិត​ដល់​អ្នក​ភ្លាមៗ ដូច្នេះ​តាមរយៈ​ការកត់​សម្គាល់​បែប​នេះ អ្នក​ប្រហែល​ជា​អាច​ដឹង​ថា វា​នឹង​ត្រូវ​បាន​បំពេញ​នៅ​ថ្ងៃ​តែ​មួយ ឬ​ក្នុង​ពេល​ឆាប់ៗ​នេះ ( ពោលគឺ ) អ្វីៗ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ​បាន​បង្ហាញ​ក្នុង​គំនិត​របស់អ្នក​នឹង​កើតឡើង ។ ដូច្នេះហើយ​តាមរយៈ​ការរៀនពី​ព្រះវិញ្ញាណ​នៃ​ព្រះ និង​ការយល់​ដឹង​ពី​វា នោះ​អ្នក​អាច​រីកចម្រើន​យល់ពី​គោលការណ៍​នៃ​វិវរណៈ រហូត​ដល់​អ្នក​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ព្រះ​គ្រីស្ទ » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ [ ២០១១ ] ទំព័រ ១៣២ ) ។

  22. អេភេសូរ ១:១០

  23. គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៤០ដ្បិត​បញ្ញា​នៅ​ជាប់​នឹង​បញ្ញា ប្រាជ្ញា​ទទួល​ប្រាជ្ញា សេចក្ដី​ពិត​ឱប​ក្រសោប​សេចក្ដី​ពិត គុណធម៌​ស្រឡាញ់​គុណធម៌ ពន្លឺ​នៅ​ជាប់​នឹងពន្លឺ » ។

  24. អាលម៉ា ៣២:៣៥ ។ អាលម៉ា បាន​សង្កត់ធ្ងន់​ថា បទពិសោធន៍​ដែល​ពោរពេញ​ដោយ​ពន្លឺ​ទាំងនេះ ទោះបី​ជា​តូចតាច ក៏​ជា​ការពិត​ដែរ នៅ​គ្រប់​អត្ថន័យ​ទាំងអស់ ។ ការពិត​របស់​វា​កាន់តែ​មាន​អានុភាព​នៅពេល​វា​ត្រូវបាន​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​អានុភាព​ដ៏​គ្រប់​យ៉ាង​ដែរ ។

  25. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៤

  26. អាលម៉ា ៣២:៤១