លីអាហូណា
អែលឌើរ អារ៉ូលដូ ប៊ី. កាវ៉ាល់ខេនធេ
ខែ ឧសភា ឆ្នាំ ២០២៤


« អែលឌើរ អារ៉ូលដូ ប៊ី. កាវ៉ាល់ខេនធេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

អែលឌើរ អារ៉ូលដូ ប៊ី. កាវ៉ាល់ខេនធេ

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

តាម​ការអញ្ជើញ​របស់​បងប្អូន​ជីដូន​មួយ នៅអាយុ ១៨ ឆ្នាំ អារ៉ូលដូ ប៊ី. កាវ៉ាល់ខេនធេ បានចូលរួម​សន្និសីទ​ថ្នាក់​តំបន់​មួយ​ក្នុង​ឆ្នាំ ១៩៨៨ ដែល​មាន​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ដែល​នៅពេល​នោះ​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ ។

គាត់​បាន​រៀបរាប់​ថា « ខ្ញុំ​ទទួល​អារម្មណ៍​អ្វីមួយ​យ៉ាង​ខ្លាំង » ។ « ខ្ញុំ​អាច​មើលឃើញ​ពន្លឺ​នៅក្នុង​ប្រធាន ហ៊ិងគ្លី » ។

ទោះជា​លោក​បាន​ចូលរួម​នៅក្នុង​សាសនាចក្រ​អស់​បី​ឆ្នាំ​ក្រោយ​ក៏​ដោយ ក៏​លោក​ពុំ​បាន​ទទួល​បុណ្យជ្រមុជទឹក​ដែរ ។ ថ្ងៃ​មួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​គោះទ្វារ​ផ្ទះ​របស់​លោក ។ ដោយ​មាន​កាន់​សៀវភៅ​តំបន់​របស់​ពួកគេ ពួកគេ​អាន​នូវ​អ្វី​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពី​មុន​បាន​សរសេរ​ទុក​អំពី​លោក ។ អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​គឺ​ប្រយោគ​ចុងក្រោយ ៖ « គាត់​មិន​ចង់​លះបង់​គ្រប់​យ៉ាង​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ទេ » ។

អែលឌើរ កាវ៉ាល់ខេនធេ បាន​រៀបរាប់​ថា « ខ្ញុំ​គិតថា​ខ្ញុំ​បាន​លះបង់​គ្រប់​យ៉ាង​ចំពោះ​ព្រះ​គ្រីស្ទ​ហើយ ហើយ​ឃ្លា​នោះ​ពិត​ជា​ធ្ងន់ធ្ងរ​​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ » ។

ដោយ​ឆ្ងល់​ថា​តើ​នោះ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានគិត​អំពី​លោក​ដែរ​ទេ លោក​បាន​សួរ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ផ្លាស់ប្តូរ​ការណ៍​នេះ អែលឌើរ ? › »

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចាប់ផ្ដើម​បង្រៀន​លោក ហើយ​កំលោះ​អាយុ ២១ ឆ្នាំ បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ ១០ ថ្ងៃ​ក្រោយ​មក ។ អែលឌើរ កាវ៉ាល់ខេនធេ បាន​ចាប់ផ្ដើម​តាំងចិត្ត​ចំពោះ​ដំណឹង​របស់​ព្រះអង្គសង្រ្គោះ​ចាប់តាំង​ពី​ពេល​នោះ​មក ។

អែលឌើរ កាវ៉ាល់ខេនធេ បាន​មាន​ប្រសាសន៍​ថា « ការងារ​នេះ​មិន​មែន​អំពី​យើង​នោះ​ទេ ។ ការងារ​នេះ​គឺ​អំពី​ព្រះអង្គសង្រ្គោះ ។ ហើយ​ខ្ញុំ​ខិតខំ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​សម្រាប់​ទ្រង់ មិនមែន​សម្រាប់​ខ្ញុំ​ទេ » ។

អារ៉ូលដូ បារីតូ កាវ៉ាល់ខេនធេ ហ្វីហូ បានកើត​នៅថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៧០ នៅ​ទីក្រុង ហ្វ័រតាលីស្សា សេរ៉ា ប្រទេស​ប្រេស៊ីល ។ លោក​បាន​ផ្សារភ្ជាប់​នឹង គ្រីស្ទីណា រ៉ាម៉ាល់ហូ បេហ្សឺរ៉ា លីត នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រ៉េស៊ីហ្វេ ប្រេស៊ីល នៅ​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០៤ ។ ពួកលោក​មាន​កូន​បួន​នាក់ ។

អែលឌើរ កាវ៉ាល់ខេនធេ បានរៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​រដ្ឋបាល​ពី​សាកលវិទ្យាល័យ Federal University of Ceará នៅ ឆ្នាំ ១៩៩៧ ។ លោក​បានបម្រើការ​ជា​មេធាវី​ឲ្យ Procuradoria Geral do Município ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០៥ និង​ជា​ដៃគូ​គ្រប់គ្រង​របស់ Barreto Cavalcante Advogados ចាប់តាំងពីឆ្នាំ ១៩៩៩ ។

ពីមុន​ការហៅ​របស់​លោក​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ កាវ៉ាល់ខេនធេ បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស​ប្រេស៊ីល ។ លោក​ក៏​ធ្លាប់​បម្រើ​ជា​ពួកចិតសិបនាក់​ប្រចាំ​តំបន់ ប្រធាន​ស្តេក ប៊ីស្សព ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព​ផងដែរ ។