លីអាហូណា
ឥទ្ធិពល​របស់​ស្រ្តី
ខែ ឧសភា ឆ្នាំ ២០២៤


« ឥទ្ធិពល​របស់​ស្រ្តី » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

ចេញពី​ការប្រជុំ​ធម្មនិដ្ឋាន​របស់​សមាគម​សង្រ្គោះ​ទូទាំង​ពិភពលោក ឆ្នាំ ២០២៤

ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៤

ឥទ្ធិពល​របស់​ស្រ្តី

សូម​កុំ​មើល​ស្រាល​អំណាច​ដ៏​វិសេសវិសាល​នៅក្នុង​ខ្លួន​របស់​បងប្អូន​ក្នុង​ការ​មាន​ឥទ្ធិពលល្អ​ទៅ​ដល់​អ្នក​ដទៃឡើយ ។

បងប្អូនស្រី​ជា​ទីស្រឡាញ់​របស់​សមាគម​សង្គ្រោះ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​និយាយ​ជាមួយ​បងប្អូន​នា​ថ្ងៃ​នេះ ។ ខ្ញុំ​បានគិត​ដល់​បងប្អូន​ជាញឹកញាប់ ។ ខ្ញុំ មាន អំណរគុណយ៉ាង​ជ្រាលជ្រៅ និង​មាន​អារម្មណ៍​ថា​ជំពាក់​គុណ ចំពោះ បងប្អូន ។ អំពើល្អ​ជាច្រើន​ដែល​សាសនាចក្រ​នេះ​សម្រេច​បាន—ហើយ​អំពើល្អ​ជាច្រើន​ដែល​កើតឡើង​ក្នុង​ពិភពលោក​នេះ—គឺ​កើតឡើង​ដោយ​សារតែ បងប្អូន ! សូម​អរគុណ​ចំពោះ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ ក៏​ដូចជា​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ដើម្បី​លើក​ស្ទួយ​អ្នក​ដទៃ ។ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន​ប៉ុនណា ហើយ​ពឹងផ្អែក​ទៅលើ​បងប្អូន ។

ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​សេចក្តីជំនឿ និង​ការយកចិត្ត​ទុកដាក់​របស់​បងប្អូន​ចំពោះ​អ្វីៗ​នៃ​ព្រះវិញ្ញាណ ។ ខ្ញុំ​ត្រូវ​បាន​បំផុសគំនិត​ដោយ​ការឧស្សាហ៍​ព្យាយាម​របស់​បងប្អូន ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ថាមពល និង​សមត្ថភាព​របស់​បងប្អូន​ក្នុង​ការមើលឃើញ​តម្រូវការ និង​បំពេញ​តម្រូវការ​នោះ ។ មិន​ថា​វា​ជា​អក្ខរកម្ម កង្វះ​អាហារូបត្ថម្ភ កង្វល់​សុខភាព​ផ្លូវចិត្ត ឬ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់អ្នក​ដទៃ​ទេ បងប្អូន​ដោះស្រាយ​បញ្ហា​ជីវិត​ពិត​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នូវ​ជំនាញ​ដ៏​កម្រ ក្តីមេត្តា ការយល់ដឹង និង​សេចក្តី​ស្រឡាញ់ ។ បេសកកម្ម​ទាំងមូល​របស់​សាសនាចក្រ​នៃ​ព្រះអម្ចាស់​ត្រូវ​បានពង្រឹង​ដោយសារ​បងប្អូន ។

បងប្អូនស្រី បងប្អូន​មាន​អំណោយទាន​ដ៏​ទេវភាព ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ផ្លាស់ប្តូរ​ជីវិត​យ៉ាង​ពិតប្រាកដ ! នេះ​គឺជា​ការពិត​ជា​ពិសេស នៅពេល​ដែល​យើង​កំពុង​ចូលរួម​យ៉ាង​អន្ទះសា​នៅក្នុង​បញ្ញត្តិ​ដ៏​ទេវភាព​ក្នុង​ការប្រមូល​វង្ស​អ៊ីស្រាអែល ។ គ្រប់​ពេល ដែល​យើង​ជួយ អ្នក​ណា​ម្នាក់ ឲ្យ​ស្វែងរក​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នោះ​យើង​កំពុង​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល​ហើយ ។ គ្មាន​នរណា​ម្នាក់​ធ្វើការ​នេះ​បានល្អ​ជាង​បងប្អូន​នោះទេ—ក្នុង​នាម​ជា​ម្ដាយ ថ្នាក់ដឹកនាំ គ្រូបង្រៀន បងប្អូនស្រី និង​មិត្តភក្ដិ ។ បងប្អូន​កំពុង​រៀបចំ​កូនចៅ​ជំនាន់​ក្រោយ​របស់​សាសនាចក្រ​នៃ​ព្រះអម្ចាស់ និង​ពិភពលោក !

ថ្មីៗនេះ យើង​បានដឹង​ពី​ក្មេង​ស្រី​អាយុ​បី​ឆ្នាំ​ម្នាក់​ដែល​ភ្ញាក់​ពី​ដំណេក​ពេល​ថ្ងៃ ។ ដើម្បី​លួង​នាង បងប្រុស​របស់​នាង​បាន​យក​តុកត្តា​មួយ​ឲ្យ​នាង មួយ​ហើយ​មួយ​ទៀត ។ ប៉ុន្តែ តើ​អ្វី​ដែល​នៅ​ទីបំផុត​នាំ​មក​នូវ​ការលួងលោម និង​អំណរ​ដល់​នាង ? ព្រះគម្ពីរ​មរមន​មួយ​ក្បាល​របស់​នាង ! ក្មេងស្រី​តូច​ម្នាក់​នេះ​មើល​ម្តាយ​របស់​នាង​អាន​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ ។ នាង​ចង់​ធ្វើ​ដូច​ជាម្តាយ​របស់​នាង !

វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​ការគណនា​ឥទ្ធិពល​នៃ​ជីវិត​របស់​ស្ត្រី​ដែល​មាន​សេចក្ដីសញ្ញា​របស់​ព្រះ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន​ប្រុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​នូវ​អភ័យឯកសិទ្ធិ​ក្នុង​ការធ្វើការ​ជាមួយ​ពួក​គាត់ ។ ទោះ​ជា​យ៉ាង​ណា មនុស្ស​ពីរ​នាក់​នៅលើ​ផែនដី​ដែល​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ជាង​គេ​គឺ ភរិយា​របស់​ខ្ញុំ ដេនហ្សែល ដែល​ជា​ម្តាយ​របស់​កូន​ទាំង ១០ នាក់ របស់​យើង ដែល​បាន​ទទួល​មរណភាព​ភ្លាមៗ​នៅ​អាយុ ៧៨ ឆ្នាំ ហើយ​អស់​រយៈពេល ១៨ ឆ្នាំ​មក​នេះ នោះ​គឺ​ភរិយា​ដ៏​ល្អ​របស់​ខ្ញុំ វិនឌី ។

អំឡុងពេល​នៃ​ការ​ជា​សះស្បើយ​ឡើងវិញ​ដ៏​លំបាក​របស់ខ្ញុំ​ពី​ការដួល​ថ្មីៗ​នេះ វិនឌី បានមើលថែ​ខ្ញុំ​ដោយ​មិន​ចេះ​នឿយហត់​ទាំង​ផ្លូវកាយ និង​ខាងវិញ្ញាណ ។ តាម​របៀប​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ឡើយ ។ ឥទ្ធិពល​ដ៏​ធំធេង​ដែល ដេនហ្សែល និង វិនឌី មាន​មក​លើ​ខ្ញុំ មិន​អាច​រៀបរាប់​អស់បាន​ទេ ។ ពួក​គាត់​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ! ពួកគាត់​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​កាន់តែ​ពេញលេញ ។

ស្ត្រី​គឺជា​ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​តាំង​ពី​ដើម​ដំបូង​មក ។ ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​គឺ​ពឹងផ្អែក​ទៅលើ​សកម្មភាព​វីរភាព​របស់​ស្ត្រី​ក្លាហាន​ពីរ​រូប—នាង​អេវ៉ា « ពី​ព្រោះ​នាង​ជា​ម្តាយ​នៃ​មនុស្ស​ទាំងអស់ » ហើយ មារ៉ា មាតា​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង ។

បងប្អូនស្រី​ទាំងឡាយ សូម​កុំ​មើល​ស្រាល​អំណាច​ដ៏​វិសេសវិសាល​នៅក្នុង​ខ្លួន​របស់​បងប្អូន​ក្នុង​ការមាន​ឥទ្ធិពល​ល្អ​ទៅ​ដល់​អ្នក​ដទៃ​ឡើយ ។ វា​គឺជា​អំណោយ​មួយ​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ដល់ ស្ត្រី​នៃ​សេចក្តី​សញ្ញា​គ្រប់​រូប ។ ក្នុង​នាម​ជា​បុត្រី​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ បងប្អូន​អាច​ទទួល​បាន​ព្រះវិញ្ញាណ និង​ត្រី​វិស័យ​ខាង​សីលធម៌​ដ៏​ប្រសើរ ដែល​ផ្តល់​ឲ្យ​បងប្អូន​នូវ​សមត្ថភាព​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ដើម្បី​យល់ដឹង​អំពី​សេចក្តីពិត​ចេញពី​កំហុស​ឆ្គង ។ ក្នុង​ការនិយាយ​នេះ ខ្ញុំ​មិន​រារាំង​បុរស​ចេញ​ពី​ការបែងចែក​ការដឹង​ខុស​ត្រូវ ឬ​ពី​ការធ្វើ​កិច្ចការ​ខាងវិញ្ញាណ​ដើម្បី​ទទួល​វិវរណៈ​នោះ​ទេ ។ ប៉ុន្តែ ប្រសិនបើ ពិភពលោក​នេះ​នឹង​បាត់បង់​សីលធម៌​របស់​ស្ត្រី នោះ​ពិភពលោក​នេះ​នឹង​មិន​ងើប​ឡើងវិញ​ឡើយ ។

បងប្អូន​ស្រី​ទាំងឡាយ យើង​ត្រូវការ​សំឡេង​របស់​បងប្អូន​ក្នុង​ការបង្រៀន​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ យើង​ត្រូវការ​សមត្ថភាព​របស់​បងប្អូន​ជា​ស្ត្រី ដើម្បី​រក​ឃើញ​ការបោក​បញ្ឆោត និង​ដើម្បី​បញ្ជាក់​ពី​សេចក្តីពិត​យ៉ាង​ច្បាស់ ។ យើង​ត្រូវ​ការប្រាជ្ញា​ដ៏​បំផុស​គំនិត​របស់​បងប្អូន​នៅក្នុង​គ្រួសារ វួដ​របស់​បងប្អូន និង​ក្រុម​ប្រឹក្សា​ស្តេក ព្រម​ទាំង​កន្លែង​ដែល​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ទូទាំង​ពិភពលោក ។ គ្រួសារ​របស់​បងប្អូន សាសនាចក្រ និង​ពិភពលោក​ត្រូវការ​បងប្អូន ! បងប្អូន​ស្រី គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​បាន​ទេ ហើយ​បងប្អូន​ក៏​មិន​គួរ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដែរ ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ផ្នែក​របស់​បងប្អូន​មាន​សារៈសំខាន់​យ៉ាង​ណា​នៅ​ក្នុង​ការស្ថាបនា​នគរ​នៃ​ព្រះ ។

ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ក្លាយ​ជា លីអាហូណា ផ្ទាល់ខ្លួន​របស់​បងប្អូន  ព្រះវិហារ​បរិសុទ្ធ​ដែល​ជា​កន្លែង​ជ្រកកោន និង​ជា​ការកែតម្រូវ​ឡើងវិញ​របស់​បងប្អូន និង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​បងប្អូន​ទៅ​តាម​វិធី​ដែល​បងប្អូន​រៀន​ពី​កន្លែង​ដែល​ព្រះអម្ចាស់​ត្រូវការ​បងប្អូន​នៅ​ថ្ងៃ នោះ ។ យូរៗទៅ បងប្អូន​នឹង​មាន​ការភ្ញាក់ផ្អើល​អំពី​របៀប​ដែល​ទ្រង់​ដឹកនាំ​បងប្អូន​ឲ្យ​ទៅ​កន្លែង​ដែល ជាក់លាក់ ដែល​បងប្អូន​អាច​ដឹកនាំ ណែនាំ និង​ដើរ​ក្បែរ​នរណា​ម្នាក់​ដែល​ត្រូវការ បងប្អូន ។

ដោយ​ហេតុផល​នោះ ខ្ញុំ​សូម​ផ្ដល់​ពរ​ដល់​បងប្អូន​ឲ្យ​មាន​ការបង្កើន​ការយល់ដឹង​ខាងវិញ្ញាណ និង​សមត្ថភាព​ក្នុង​ការស្វែងរក​អំណរ​ក្នុង​ការផ្តល់​សេចក្តីសង្គ្រោះ​ដល់​អ្នកដទៃ ។ ខ្ញុំ​សូម​ផ្ដល់​ពរ​ដល់​បងប្អូន​ឲ្យ​មាន​ប្រាជ្ញា​ដើម្បី​ដឹង​ពី​អ្វី​ដែល​ចាំបាច់ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​សមត្ថភាព​របស់​បងប្អូន​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរ​ឲ្យ​បងប្អូន​មាន​នូវ​សេចក្តីក្លាហាន ដើម្បី​រស់នៅ​តាម​អភ័យឯកសិទ្ធិ​ដ៏​ទេវភាព​របស់​បងប្អូន​ក្នុង​នាម​ជា​បុត្រី​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ។ ខ្ញុំ​សូម​ផ្ដល់​ពរ​ឲ្យ​បងប្អូន​ទទួល​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ថា ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​បងប្អូន ហើយ​ស្រឡាញ់​បងប្អូន ។ ទ្រង់​ទាំងទ្វេ​បានបញ្ជូន​បងប្អូន​មក​កាន់​ផែនដី​នា​ពេល ឥឡូវ​នេះ ដោយសារ​បងប្អូន​មាន​សារៈសំខាន់​ចំពោះ​នគរ​ព្រះ នៅពេល​នេះ ! ខ្ញុំ​សូម​ផ្ដល់​ពរ​ដល់​បងប្អូន​ឲ្យ​ដឹង​ថា អំណោយ​ដ៏​ទេវភាព​របស់​បងប្អូន​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ ផ្តល់​ឲ្យ​បងប្អូន​នូវ​អំណាច​មិន​ត្រឹម​តែ​ផ្លាស់ប្តូរ​ជីវិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លាស់ប្តូរ​ពិភពលោក​ផងដែរ !

ខ្ញុំ​ស្រឡាញ់​បងប្អូន ឱ បងប្អូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ។ អ្វីៗ​ទាំង​អស់​នេះ​ជា​ការពិត ។ យើង​ទាំងអស់​គ្នា​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​មាន​ព្រះជន្មរស់ ! ទ្រង់​ជា​អង្គ​ដឹកនាំ​សាសនាចក្រ​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព