លីអាហូណា
ពាក្យសម្តី​សំខាន់​ខ្លាំងណាស់
ខែ ឧសភា ឆ្នាំ ២០២៤


13:58

ពាក្យសម្តី​សំខាន់​ខ្លាំងណាស់

សម្តីសរជាតិ មារយាទសរពូជ ។ ពាក្យសម្តី​បង្ហាញពី​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​យើង​សម្រាប់​សេចក្ដី​ល្អ ឬ​អាក្រក់ ។

បងប្អូន​ប្រុសស្រី និង​មិត្តភ័ក្ដិ​ទូទាំង​ពិភពលោក ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បីនិយាយ​ទៅកាន់​បងប្អូន​ដ៏​ច្រើន​ដែល​ភាគ​ច្រើន​ជាសមាជិក​នៃ​សាសនាចក្រ​របស់​យើង ហើយ​មួយ​ភាគ​ធំ​ទៀត​ជា​មិត្តភ័ក្ដិ និង​អ្នក​ស្តាប់​ថ្មី​ក្នុង​ការចាក់ផ្សាយ​សន្និសីទ​នេះ ។ សូម​ស្វាគមន៍ !

សារលិខិត​ដែល​បាន​ចែកចាយ​ចេញពី​វេទិការ​នេះ​ត្រូវ​បាន​ទំនាក់ទំនង​ជាពាក្យ​សម្តី ។ សារលិខិត​ទាំងនេះ​ត្រូវ​បាន​និយាយ​ជា​ភាសា​អង់គ្លេស ហើយ​បាន​បកប្រែ​ជាជិត​១០០ ភាសា​ផ្សេងៗគ្នា ។ ប៉ុន្តែ​មូលដ្ឋាន​របស់​សារលិខិត​ទាំងឡាយ​នៃ​សន្និសីទ​ទូទៅ​គឺ​ដូច​គ្នា​ជានិច្ច ។ នោះ​គឺ​ពាក្យ​សម្តី ។ ហើយ​ពាក្យសម្តី​សំខាន់​ខ្លាំងណាស់ ។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត ។ ពាក្យសម្តី​សំខាន់​ខ្លាំងណាស់ !

ពាក្យសម្តី​គឺជា​គ្រឺះ​នៃ​របៀប​ដែល​យើង​ទំនាក់ទំនង ពាក្យសម្ដី​តំណាង​ឲ្យ​ជំនឿ សីលធម៌ និង​ទស្សនៈ​នានា​របស់​យើង ។ ពេល​ខ្លះ​យើង​និយាយ ពេលខ្លះ​ទៀត​យើង​ស្ដាប់ ។ សម្តីសរជាតិ មារយាទសរពូជ ។ ពាក្យសម្តី​បង្ហាញពី​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​យើង​សម្រាប់​សេចក្ដី​ល្អ ឬ​អាក្រក់ ។

ជាអកុសល ពាក្យសម្តី​អាចនិយាយ​ដោយ​មិនគិត ឆេវឆាវ និង​ឈឺចាប់ ។ ពេល​និយាយ​ដែល​ចេញ​ហើយ នោះ​មិន​អាច​លេប​វិញ​បាន​ទេ ។ ពាក្យសម្តី​អាច​បង្ក​របួស ដាក់​ទណ្ឌកម្ម កាត់ផ្តាច់ ទាំង​នាំ​ឲ្យ​មាន​សកម្មភាព​បំផ្លិច​បំផ្លាញ​ទៀត​ផង ។ ពាក្យសម្តី​ទាំងនោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាពតានតឹង ឬ​ទុក្ខព្រួយ ។

ម្យ៉ាង​ទៀត ពាក្យសម្តី​អាច​អបអរ​ជ័យ​ជំនះ ផ្ដល់ក្តី​សង្ឃឹម និង​ការលើក​ទឹក​ចិត្ត ។ ពាក្យសម្តី​អាច​ជំរុញ​ឲ្យ​យើង​គិត​ឡើងវិញ ចាប់ផ្តើម​ឡើងវិញ ហើយ​រៀបចំ​ទិសដៅ​របស់​យើង​ឡើងវិញ​បាន ។ ពាក្យសម្តី​អាច​បើក​គំនិត​​យើង​ទៅ​រក​សេចក្ដី​ពិត ។

នោះ​ជា​មូល​ហេតុ​ដែល​ព្រះបន្ទូល​របស់​ព្រះ​មាន​សារៈសំខាន់​ចម្បង​បំផុត ។

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ព្យាការី​អាលម៉ា និង​ប្រជាជន​លោក​នៅទ្វីប​​អាមេរិកពី​បុរាណ​បាន​ជួប​ប្រទះ​សង្គ្រាម​មិន​ចេះឈប់ឈរ​ជាមួយ​នឹង​អ្នក​ដែល​មិន​អើពើ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ ធ្វើ​ចិត្ត​រឹងរូស ហើយ​បំផ្លាញ​វប្បធម៌​របស់ខ្លួន ។ អ្នកស្មោះត្រង់​អាច​នឹង​ច្បាំងតបត ប៉ុន្តែអាលម៉ា​បាន​ប្រឹក្សា​ថា ៖ « ហើយ​ឥឡូវ​នេះ​ដោយ​ការ​ផ្សាយ​ព្រះបន្ទូល មាន​បណ្តាការ​ដ៏​ធំ​ក្នុងការ​ដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹមត្រូវ —មែនហើយ វា​មាន​ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន ជាង​ផ្លែ​ដាវ ឬ អ្វី​ផ្សេង​ៗ​ទៀត ដែល​កើតឡើង​ដល់​គេ —ហេតុដូច្នេះហើយ អាលម៉ា​បាន​គិត​ថា ជា​ការ​ចាំបាច់​ដែល​គេ​ត្រូវ​ពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » ។

« ព្រះ​បន្ទូល​របស់​ព្រះ » គឺ​សំខាន់​ជាងការសម្ដែង​នូវ​មនោសញ្ចេតនា​ផ្សេងៗ​ទាំងអស់ ។ ព្រះ​បន្ទូល​របស់​ព្រះ​គឺបែប​ហ្នឹង ចាប់តាំងពី​ការបង្ក​បង្កើត​ផែនដី​មកម៉្លេះ នៅពេល​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង » ។

ព្រះអង្គ​សង្គ្រោះ​ផ្តល់នូវ​ការ​ធានា​ទាំង​នេះ ដូច​មាន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ថា ៖ « ឯ​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ » ។

« បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ នៅ​ជា​មួយ​ដែរ » ។

ហើយ​ម៉ារា ជាមាតា​របស់​ព្រះយេស៊ូវ​បាន​ថ្លែង​ទីបន្ទាល់​ដ៏​រាបសា​នេះ​ថា ៖ « មើល ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ » ។

ការ​ជឿ និង​ការ​ស្តាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​យើង​ខិត​ចូល​ទៅ​ជិត​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « ប្រសិន​បើ​បងប្អូន​នឹង​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ នោះ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ប្រែ​ក្លាយ​ដូច​ទ្រង់​នឹង​កើន​ឡើង » ។

តើ​យើង​គ្រប់គ្នា​មិន​ចង់​ប្រែក្លាយ​ដូច​ទ្រង់ ដូច​ទំនុកតម្កើង​ច្រៀងថា « កាន់តែ​មាន​ពរ​វិសុទ្ធ—កាន់តែ​ដូច​ព្រះអង្គ​ទេឬ » ?

ខ្ញុំ​ស្រមៃ​​កាល​ យុវជន​យ៉ូសែប ស្ម៊ីធ​លុត​ជង្គង់​ ​ស្តាប់​ឮ​ពាក្យ​របស់​ព្រះវរបិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​មាន​បន្ទូល​ថា ៖ « [ យ៉ូសែប ] នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! »

យើង « ស្ដាប់តាម​ទ្រង់ » តាមរយៈ​ព្រះបន្ទូល​ក្នុង​ព្រះគម្ពីរ ប៉ុន្តែ​តើ​យើង​ទុក​ឲ្យ​ព្រះបន្ទូល​ទាំងនោះ​គ្រាន់តែ​មាន​នៅលើ​សន្លឹក​ព្រះគម្ពីរ​នោះ ឬ​ក៏​យើង​ដឹង​ថា ទ្រង់​កំពុងមាន​បន្ទូល​មក​កាន់​យើង ? តើ​យើង​ផ្លាស់ប្ដូរ​ឬ​ទេ ?

យើង « ស្ដាប់​តាម​ទ្រង់ » ក្នុងគ្រាទាំងនោះ តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន និង​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ការឆ្លើយតប​ក្នុង​ការអធិស្ឋាន ហើយ​ក្នុងគ្រា​ទាំងនោះ ជា​ពេល​តែមួយ​គត់ ដែល​ព្រះយេស៊ូវគ្រិស្ទ​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់ទ្រង់ អាច​ជួយ​សម្រាល​បន្ទុក​យើង ប្រទាន​ការអភ័យទោស និង​ភាពសុខសាន្ត ហើយ​ឱប​ក្រសោប​យើង​នៅក្នុង « ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ » ។

ទីពីរ ពាក្យ​សម្តី​របស់​ពួក​ព្យាការី​មាន​សារៈសំខាន់ណាស់ ។

ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកលោក​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទៅដល់​មនុស្ស​ទាំង​អស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ព្យាការី​ដែល​នៅរស់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ស្តាប់​ឮ ហើយ​ថ្លែងនូវ​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ ។

ប្រធាន ណិលសុន មាន​ទេពកោសល្យ​ក្នុង​ការ​ប្រើ​ពាក្យ​សម្តី​ទាំងនោះ ។ លោក​បាន​ថ្លែង​ថា ៖ « ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » « ប្រមូល​អ៊ីស្រាអែល » « ទុក​ឲ្យ​ព្រះ​ឈ្នះ » « កសាង​ស្ពាន​នៃ​ការ​យល់​ដឹង » « ថ្លែង​អំណរ​គុណ » « បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » « ទទួល​ខុសត្រូវ​នៅលើ​ទីបន្ទាល់​របស់​បងប្អូន » និង​« ក្លាយ​ជាអ្នក​ផ្សះផ្សា​គេ » ។

ថ្មីៗ​នេះ​លោក​បាន​សុំ​ឲ្យ​យើង « គិត​ដល់​សេឡេស្ទាល » ។ លោកបាន​ថ្លែង​ថា « នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​បញ្ហា សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជួប​នឹង​ការល្បួង សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជីវិត ឬ​មនុស្ស​ជា​ទីស្រឡាញ់​បំបាក់​ទឹកចិត្ត​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​នរណា​ម្នាក់​ស្លាប់ មុន​កាលកំណត់ សូម​គិត​ដល់​សេឡេស្ទាល …នៅពេល​សម្ពាធ​ជីវិត​គ្របដណ្ដប់​លើ​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! … នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​ដួងចិត្ត​បងប្អូន​នឹង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ … បងប្អូន​នឹង​មើល​ទៅ​ការសាកល្បង និង​ការផ្ទុយ​តាម​ពន្លឺ​ថ្មី​មួយ … [ ហើយ ] សេចក្តី​ជំនឿ​បងប្អូន​នឹង​កើនឡើង » ។

នៅ​ពេល​យើង​គិត​ដល់​សេឡេស្ទាល នោះ​យើង​មើល​ឃើញ « ​រឿង​ទាំង​នោះ​ជាអ្វីពិត ហើយ …​​វានឹងក្លាយជា​អ្វី​ពិត » ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ទស្សនៈ​បែប​នោះ នៅក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់ និង​ចម្រូង​ចម្រាស​នេះ ។

អែលឌើរ ចច អាល់ប៊ើត ស្ម៊ីធ ពី​មុន​លោក​ក្លាយជា​ប្រធាន​សាសនាចក្រ បាន​ថ្លែង​អំពី​ការ​គាំទ្រ​ព្យាការី និង​ស្ដាប់តាម​សម្ដីរបស់​លោក ។ គាត់​ថ្លែង​ថា ៖ « កាតព្វកិច្ច​ដែល​យើងធ្វើ នៅពេល​យើង​លើក​ដៃឡើង…គឺពិសិដ្ឋ​បំផុតមួយ … ។ វាមាន​ន័យថា … យើង​នឹង​គាំទ្រ​លោក យើង​នឹង​អធិស្ឋាន​សម្រាប់​លោក … ហើយ​យើង​នឹង​ធ្វើតាម​ការណែនាំ​របស់​លោក​ដូច​ជា​ព្រះអម្ចាស់​នឹង​ដឹកនាំ​ផងដែរ » ។ និយាយ​ម្យ៉ាង​ទៀត យើង​នឹង​ធ្វើ​តាម​ពាក្យ​សម្តី​របស់​ព្យាការី​ដោយ​ឧស្សាហ៍​ព្យាយាម ។

ក្នុង​នាម​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ម្នាក់​ក្នុង​ចំណោម អ្នកទាំង ​១៥ រូប ដែល​បាន​គាំទ្រ​កាល​ពី​ម្សិល​មិញ​ដោយ​សាសនាចក្រ​ទូទាំង​ពិភព​លោក ខ្ញុំ​ចង់​ចែកចាយនឹង​បងប្អូន​នូវ​បទពិសោធន៍​មួយ​របស់​ខ្ញុំ​ក្នុងការ​គាំទ្រ​ព្យាការី និង​ឱប​ក្រសោប​ពាក្យ​សម្តី​របស់​លោក ។ សម្រាប់​ខ្ញុំ​គឺ​ប្រៀប​ដូច​ជា​ព្យាការី យ៉ាកុប ដែល​បាន​រៀបរាប់​ឡើង​វិញ​ថា « ខ្ញុំ​ក៏​បាន​ឮ​សម្លេង​នៃ​ព្រះ​អម្ចាស់​បន្លឺ​មក​ខ្ញុំ​គ្រប់​ពាក្យ »

អែលឌើរ និង​ស៊ិស្ទើរ រ៉ាសបាន នៅ​ប្រទេស​ថៃ<nb/>។

កាល​ពី​ខែ​តុលា​កន្លងទៅ ភរិយា​ខ្ញុំ​ មេឡានី និង​ខ្ញុំ នៅក្នុងទីក្រុង​បាងកក​ប្រទេស​ថៃ ពេល​ខ្ញុំ​កំពុង​រៀបចំ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដែល​នឹង​ក្លាយ​ទៅជា​ព្រះវិហារ​បរិសុទ្ធ ទី ១៨៥ របស់​សាសនាចក្រ ។ សម្រាប់​ខ្ញុំ​ការ​ចាត់​តាំង​នេះ គឺ​ជារឿង​នឹក​ស្មាន​មិន​ដល់ និង​រាបសារ ។ នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​នៅ​ឧបទ្វីប​អាស៊ី​អាគ្នេយ៍។ វា​ត្រូវ​បាន​រចនា​ឡើងដ៏ស្ញប់ស្ញែង—មាន ៦ ជាន់ « រចនាសម្ព័ន្ធ​ដែល​មាន​កំពូល​ស្រួចចំនួន​ប្រាំបួន « បាន​ផ្គុំ​ភ្ជាប់​គ្នា » ដើម្បី​ក្លាយ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​គិត​ពី​ការ​ឧទ្ទិស​ឆ្លង​នោះអស់​ជា​ច្រើន​ខែ ។ អ្វី​ដែល​បាន​ដក់​ជាប់​ក្នុង​ព្រលឹង និង​គំនិត​​ខ្ញុំ​នោះគឺ​ប្រទេស និង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ត្រកងបី​នៅ​ក្នុង​ដៃ​របស់​ពួកព្យាការី និង​ពួក​សាវក ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រធាន ណិលសុន ឧទ្ទិស​ឆ្លង ។

ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេស​ថៃ<nb/>។

ខ្ញុំ​បាន​រៀបចំ​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ជាច្រើន​ខែ​ទុកមុន ។ ពាក្យ​ពិសិដ្ឋ​ទាំង​នោះ​ត្រូវ​បាន​បក​ប្រែ​ជា ១២ ភាសា ។ យើង​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច ។ ឬនោះជា​ការគិត​របស់​ខ្ញុំ ។

យប់​មុន​ពេល​ការ​ឧទ្ទិស​ឆ្លង ខ្ញុំ​បាន​ភ្ញាក់​ពី​ដំណេក​ដោយ​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត និង​រសាប់រសល់​អំពី​ការ​អធិស្ឋាន​ឧទ្ទិស​ឆ្លង​នោះ ។ ខ្ញុំ​បាន​ព្យាយាម​ទុក​ការ​បំផុស​គំនិត​នោះ​មួយឡែក ដោយ​គិត​ថា​មាន​ការ​អធិស្ឋាន​រួចហើយ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​មិនព្រម​ចាកចេញ​ពី​ខ្ញុំ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពាក្យ​ជាក់លាក់​ខ្លះ​បាន​បាត់ ហើយ​ដោយ​ការ​រៀបចំឡើង​ដ៏ទេវភាព ពាក្យ​ទាំងនោះ​បាន​មករក​ខ្ញុំ​ក្នុង​វិវរណៈ ហើយ​ខ្ញុំ​បាន​បញ្ចូល​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​ការ​អធិស្ឋាន​នៅ​ជិត​ចុង​បញ្ចប់​ថា « សូម​យើង​គិត​ដល់​សេឡេស្ទាល សូម​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឈ្នះ​ក្នុង​ជីវិត​របស់​យើង ហើយ​ខិតខំ​ព្យាយាម​ធ្វើ​ជា​អ្នក​ផ្សះផ្សាគេ​ជានិច្ច » ។ ព្រះអម្ចាស់​បាន​រំឭក​ខ្ញុំ​ឲ្យ​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្យាការី​ដែល​រស់​នៅ​របស់​យើង ៖ « គិត​ដល់​សេឡេស្ទាល » « សូមទុកឲ្យ​ព្រះវិញ្ញាណ​ឈ្នះ » « ខិតខំ​ព្យាយាម​ធ្វើ​ជា​អ្នក​ផ្សះផ្សាគេ » ។ ប្រសាសន៍​របស់​ព្យាការី​សំខាន់​ណាស់​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​យើង ។

ទី៣ ហើយ​ដែលសំខាន់​ខ្លាំង​​បំផុត​គឺ​ជាពាក្យ​សម្ដី​របស់​យើង​ផ្ទាល់ ។ ជឿ​ខ្ញុំចុះ នៅក្នុង​ពិភព​ដែល​មានពេញ​ដោយ emoji ( រូបភាព​បង្ហាញ​ពី​អារម្មណ៍ ) របស់​យើង ពាក្យសម្តី​យើង​មាន​សារៈសំខាន់​ណាស់ ។

ពាក្យសម្តី​យើង​អាចជា​ការគាំទ្រ ឬ​ការខឹង រីករាយ ឬ​កាច ចិត្ត​មេត្តា ឬសោះអង្គើយ ។ ពេលមានជម្លោះ ពាក្យសម្តី​អាច​ប៉ះពាល់​ដល់អារម្មណ៍យ៉ាង​ឈឺចាប់​ដក់ជាប់​នៅក្នុង​ព្រលឹង—ហើយមិនទៅ​ណាសោះ ។ ពាក្យសម្តី​យើង​នៅលើ​អ៊ីនធឺណិត ការផ្ញើសារ ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ឬ tweets មាន​អំណាច ហើយ​អាច​បកស្រាយ​​លើស​ពីអ្វី​ដែល​យើង​ចង់បង្ហាញទៅទៀត ។ ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​បងប្អូន​និយាយ និង​របៀប​ដែល​បងប្អូន​និយាយ ។ នៅ​ក្នុង​ក្រុម​គ្រួសារ​យើង ជា​ពិសេស​ជាមួយ​ស្វាមី ភរិយា និង​កូនៗ ពាក្យ​សម្តី​របស់​យើង​អាច​នាំ​យើង​ឲ្យ​រួបរួមគ្នា ឬ​បណ្តាល​ឲ្យ​យើង​បែកបាក់គ្នា ។

ខ្ញុំ​សូម​ណែនាំ​ឃ្លា​សាមញ្ញ​បី​យ៉ាង​ដែល​យើង​អាច​ប្រើ​ដើម្បី​យក​ឈ្នះ​លើ​ការ​លំបាក និង​ភាព​ខុស​គ្នា លើក​ស្ទួយ និង​ការពារ​គ្នា​ ។

« អរគុណ » ។

« ខ្ញុំ​សុំ​ទោស » ។

ហើយ « ខ្ញុំ​ស្រឡាញ់​អ្នក » ។

សូម​កុំ​រក្សាទុក​ឃ្លា​ដ៏រាបសា​ទាំងនេះ​សម្រាប់​តែ​ព្រឹត្តិការណ៍​ពិសេស ឬ​គ្រោះ​មហន្តរាយ​ឡើយ ។ ប្រើ​វា​ឲ្យ​ញឹកញាប់ និង​ដោយ​ស្មោះ ព្រោះ​ពាក្យសម្តី​ទាំងនេះ​បង្ហាញ​ពី​ការ​គោរព​ចំពោះ​អ្នក​ដទៃ ។ សូម​កុំ​ត្រាប់​តាម​ការនិយាយ​ស្តី​មិន​សូវល្អ​នោះ​ឡើយ ។

យើង​អាច​និយាយ​ថា « អរគុណ » នៅលើ​ជណ្តើរ​យន្ត ចំណត​រថយន្ត ​ផ្សារ ​ការិយាល័យ កន្លែង​ជួរ​ឈររងចាំ ឬ​ជាមួយ​អ្នក​ជិត​ខាង ឬ​មិត្តភ័ក្ដិ​យើង ។ យើង​អាច​និយាយ​ថា « ខ្ញុំ​សុំទោស » នៅពេល​យើង​ធ្វើ​កំហុស ខកខាន​ក្នុង​ការ​ប្រជុំ ភ្លេច​ថ្ងៃ​កំណើត ឬ​ឃើញ​នរណា​ម្នាក់​ឈឺ​ចាប់ ។ យើង​អាច​និយាយ​ថា « ខ្ញុំ​ស្រឡាញ់​អ្នក » ហើយ​ពាក្យ​ទាំង​នោះ​ពាំនាំ​នូវ​សារ​ថា « ខ្ញុំ​កំពុង​គិត​អំពី​អ្នក » « ខ្ញុំ​ខ្វល់ខ្វាយ​ពី​អ្នក » « ខ្ញុំ​នៅ​ទី​នេះ​ជាមួយ​អ្នក » ឬ « អ្នក​សំខាន់ណាស់​សម្រាប់​ខ្ញុំ » ។

ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​មួយ ។ ស្វាមី​ទាំងឡាយ ចាំ​ស្តាប់ ។ បង​ប្អូន​ស្រី រឿង​នេះ​នឹង​ជួយ​បងប្អូន​ផង​ដែរ ។ មុន​ពេល​ខ្ញុំ​បំពេញ​ភារកិច្ច​ពេញ​ម៉ោង​នៅ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​សម្រាប់​ក្រុម​ហ៊ុន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទៅ​ច្រើន​កន្លែង​ឆ្ងាយ​គួរសម​នៅក្នុង​ពិភព​លោក​នេះ ។ នៅ​ពេល​បញ្ចប់​ថ្ងៃនីមួយៗ មិនថា​ខ្ញុំ​នៅកន្លែងណា ខ្ញុំ​តែងតែ​ទូរសព្ទ​ទៅផ្ទះ ។ នៅពេល​ភរិយា​ខ្ញុំ មេឡានី លើក​ទូរស័ព្ទ ខ្ញុំ​បាន​រាយការណ៍ ហើយ​ការ​សន្ទនា​របស់​យើង​តែង​តែ​នាំ​ឲ្យ​យើង​និយាយថា « បង​ស្រឡាញ់​អូន » ។ ជា​រៀង​រាល់​ថ្ងៃ ពាក្យ​ទាំង​នោះ​បាន​ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ ពាក្យ​ទាំងនោះ​គឺជា​ការ​ការពារ​ដល់​ខ្ញុំ​ពី​គម្រោង​ការណ៍​អារក្ស ។ « មេឡានី បង​ស្រឡាញ់​អូន » បាន​និយាយ​ដោយ​ការជឿ​ទុកចិត្ត​ដ៏​មាន​តម្លៃ​រវាង​ពួកយើង ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ធ្លាប់​មាន​ប្រសាសន៍​ថា ៖ « មាន​ជើង​ដើម្បី​ជួយ​ទ្រ ដៃ​ដើម្បី​ឈោង​ជួយ ដួងចិត្ត​ដែល​ត្រូវ​លើក​ស្ទួយ គំនិត​ដែល​ត្រូវ​បំផុស និង​ព្រលឹង​ដែល​ត្រូវ​សង្គ្រោះ » ។ ការនិយាយ « អរគុណ » « ខ្ញុំសុំទោស » « ខ្ញុំ​ស្រឡាញ់​អ្នក » គឺ​នឹង​ធ្វើ​ដូច្នោះ ។

បង​ប្អូន​ប្រុស​ស្រី ពាក្យ​សម្ដីពិតជា​សំខាន់​ណាស់ ។

ខ្ញុំ​សន្យា​ថា បើ​យើង « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ នោះ​ពាក្យសម្តី​របស់​ព្យាការី​យើង​ដែល​ណែនាំ និង​លើក​ទឹក​ចិត្ត​យើង ហើយ​ពាក្យសម្តី​របស់​យើង​ផ្ទាល់​ដែល​និយាយ​អំពី​យើង​ជា​នរណា និង​អ្វី​ដែល​យើង​ស្រឡាញ់​ជាទី​បំផុត នោះអំណាច​នៃ​ស្ថាន​សួគ៌​នឹង​ចាក់ស្រោច​មក​លើ​យើង ។ « ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។ យើង​ជា​បុត្រាបុត្រី​នៃ​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ជាព្រះ​របស់​យើង ហើយ​ទ្រង់​រំពឹងថា​យើង​នឹង​និយាយ​ដោយ « ភាសា​នៃ​ពួក​ទេវតា » ដោយសារ​អនុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ក្នុង​ពាក្យសម្តី​របស់​ព្យាការី​អេសាយ ទ្រង់​គឺជា « ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ។ ហើយ​ដូច​សាវក​យ៉ូហាន​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់​ផ្ទាល់​គឺ​ជា​ព្រះ​បន្ទូល » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​រឿងនេះ​ក្នុង​នាម​ជា​សាវក​ដែល​បាន​ហៅ​ឲ្យធ្វើការបម្រើ​ដ៏ទេវភាព​របស់​ព្រះអម្ចាស់—ដើម្បី​ប្រកាស​ព្រះបន្ទូលទ្រង់— ហើយ​ត្រូវបាន​ហៅ​ឲ្យ​ឈរ​ជា​សាក្សី​ពិសេស​របស់​ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អាលម៉ា ៣១:៥ ។

  2. លោកុប្បត្តិ ១:៣ ។

  3. ម៉ាថាយ ២៤:៣៥ ។

  4. យ៉ូហាន ១៤:២៣ ។

  5. លូកា ១:៣៨ ។

  6. រ័សុល អិម ណិលសុន ​« I Studied More Than 2,200 Scriptures about the Savior in Six Weeks: Here Is a Little of What I Learned » ការបំផុស​គំនិត ( blog )​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  7. « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ទំនុក​តម្កើងល.រ. ៧១ ។​

  8. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។

  9. ព្យាការី​លីហៃ ពិពណ៌នា​អំពី « ព្រះ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » នៅក្នុង​សេចក្ដី​ប្រកាស​របស់​លោក​ទៅ​កាន់​កូន​ប្រុស​របស់​លោក​ថា ៖ « ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោសលោះ​ព្រលឹង​របស់​ឪពុក​ឲ្យ​រួច​ពី​ស្ថាន​នរក​ហើយ ឪពុក​បាន​ឃើញ​សិរីល្អ​របស់​ទ្រង់ ហើយ​ឪពុក​ត្រូវ​បាន​ឱប​ក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ( នីហ្វៃទី​២ ១:១៥ ) ។

  10. ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្យាការី​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ—អំពី​ទេវភាព និង​បេសកកម្ម និង​ការ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ » ( « Sustaining the Prophets » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤ ) ។

  11. រ័សុល អិម ណិលសុន « As We Go Forward Together » Liahonaខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  12. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  13. រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ» Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ ។

  14. រ័សុល អិម ណិលសុន នៅក្នុង « President Nelson Shares Social Post about Racism and Calls for Respect for Human Dignity » ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ នៅលើ​គេហទំំព័រ newsroom.ChurchofJesusChrist.org ។

  15. ប្រធាន ណិលសុន នៅក្នុង Sarah Jane Weaver « President Nelson Invites Us to Give Thanks » Church Newsថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលើ thechurchnews.com ។

  16. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៨ ។

  17. រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  18. រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ដែល​ផ្សះផ្សាគេ » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ សូម​មើល​ផងដែរ នៅលើ facebook.com/reel/277880588051925 ។

  19. រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៨–១១៩ ។

  20. យ៉ាកុប ៤:១៣ ។

  21. Teachings of Presidents of the Church: George Albert Smith ( ឆ្នាំ ២០១១ ) ទំព័រ ៦៤ ។

  22. យ៉ាកុប ៧:៥ ។

  23. ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេសថៃ ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ ។

  24. មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នេះ​លាត​សន្ធឹង​ហួសពី​ព្រំដែន​ប្រទេស​ថៃ លាត​សន្ធឹង​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់ ប្រទេស​ប៉ាគីស្ថាន និង​ពី​ប្រទេស​នេប៉ាល់ ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ។

  25. អេភេសូរ ២:២១ ។

  26. សូមមើល ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩១ ។

  27. សូម​មើល « News for Temples in Five Nations » ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  28. សូមមើល ការអធិស្ឋាន​ឧទ្ទិស​ឆ្លង ព្រះវិហារ​បរិសុទ្ធ​បាងកក ប្រទេស​ថៃ នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។

  29. រូប​អារម្មណ៍ ជារឿយៗ​ជា​រូបមុខ​ពណ៌លឿង​តូច​មួយ គឺជា​រូបភាព​ដែល​បង្កប់​ក្នុង​សារ​អេឡិចត្រូនិច ដើម្បី​បង្ហាញ​ពី​អារម្មណ៍ ការបញ្ចេញ​មតិ ឬ​គំនិត ។

  30. រ័សុល អិម ណិលសុន « To the Rescue » Liahona, ខែឧសភា ឆ្នាំ ២០០១ ទំព័រ ៥៧ ។

  31. នីហ្វៃទី២ ៣២:៣ ។

  32. នីហ្វៃទី២ ៣២:៣ ។

  33. នីហ្វៃទី​២ ៣២:២ ។

  34. នីហ្វៃ​បាន​សរសេរ​ថា « ត្បិត​កាលណា​មនុស្ស​មួយ​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស » ( នីហ្វៃទី២ ៣៣:១ ) ។

  35. អេសាយ ៩:៦ ។

  36. យ៉ូហាន ១:១ ។