« អែលឌើរ ផាទ្រីក ខៀរ៉ុន ៖ បានរៀបចំខ្លួន និងបានហៅដោយព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
ការហៅថ្មីៗ
អែលឌើរ ផាទ្រីក ខៀរ៉ុន ៖ បានរៀបចំខ្លួន និងបានហៅដោយព្រះអម្ចាស់
ព្រះអម្ចាស់បានរៀបចំអែលឌើរ ខៀរ៉ុន តាមរបៀបដ៏ពិសេស និងបានប្រទានដល់លោកនូវអំណោយទានខាងវិញ្ញាណជាច្រើន ដែលនឹងអនុញ្ញាតឲ្យលោកផ្ដល់ពរជ័យដល់អ្នកដទៃនៅក្នុងការហៅដ៏ពិសិដ្ឋរបស់លោកក្នុងនាមជាសាក្សីពិសេសម្នាក់ « អំពីព្រះនាមនៃព្រះគ្រីស្ទនៅសព្វទិសទីក្នុងពិភពលោក » ។
នៅថ្ងៃសៅរ៍មួយកាលពីបីបួនឆ្នាំបន្ទាប់ពីត្រូវបានហៅជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅម្នាក់ អែលឌើរ ផាទ្រីក ខៀរ៉ុន និងភរិយារបស់លោក ជេននីហ្វឺ បានចូលទៅផ្សារទំនើបមួយ ខណៈដែលអែលឌើរ ដបុលយូ រ៉ូលហ្វ ឃើរ និងភរិយារបស់លោក ជេនែល បានចេញពីផ្សារ ។ ពួកលោកបាននិយាយគ្នាមួយភ្លែត រួចហើយគ្រួសារ ឃើរ បានដើរសំដៅទៅឡានរបស់ពួកគាត់ ។
សឹងតែភ្លាមៗនោះ មានបុរសម្នាក់មកជួបអែលឌើរ ខៀរ៉ុន ហើយបានសួរលោកដោយរំភើបចិត្តថា « តើបុរសដែលលោកបាននិយាយជាមួយនោះ ជាអ្នកមានសិទ្ធិអំណាចទូទៅមែនទេ ? » អែលឌើរ ខៀរ៉ុន បានឆ្លើយតបថា « បាទ ! គាត់គឺអែលឌើរ ដបុលយូ រ៉ូលហ្វ ឃើរ នៃពួកចិតសិបនាក់ » ។ បុរសនោះបានងក់ក្បាល មើលចំមុខអែលឌើរ ខៀនរ៉ុន ដោយមិនស្គាល់លោក ហើយពោលថា « យើង តែងតែ អាចមើលដឹងជានិច្ចថាគាត់ជាអ្នកមានសិទ្ធិអំណាចទូទៅឬអត់ មែនទេលោក ? » រួចហើយបុរសនោះក៏បានដើរចេញទៅ ។
អែលឌើរ ខៀនរ៉ុន ថ្លែងដោយស្នាមញញឹមថា « ខ្ញុំចូលចិត្តដំណើររឿងនោះ ព្រោះវាតំណាងឲ្យអារម្មណ៍របស់ខ្ញុំផ្ទាល់តែម្ដង ។ ខ្ញុំអាចមានបទពិសោធន៍ដូចគ្នានោះនៅថ្ងៃនេះ ហើយបុរសនោះអាចនៅតែមិនស្គាល់ខ្ញុំថាជាអ្នកមានសិទ្ធិអំណាចទូទៅដដែល » ។
ភាពកំប្លែងដែលចំអន់ឲ្យខ្លួនឯង និងការបន្ទាបខ្លួនរបស់អែលឌើរ ខៀនរ៉ុន ធ្វើឲ្យមនុស្សដែលស្គាល់លោក ឬមានអភ័យឯកសិទ្ធិបម្រើជាមួយលោក ស្រឡាញ់ចូលចិត្តលោក ។ ដោយបានហៅ និងបានតែងតាំងជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ អែលឌើរ ខៀនរ៉ុន ដឹងថា ការហៅថ្មីរបស់លោកគឺមិនមែនអំពីរូបលោកទេ គឺវាអំពីកិច្ចការដែលកំពុងបន្ដរបស់ព្រះអម្ចាស់ ។
លោកបានថ្លែងថា « យើងទាំងអស់គ្នាត្រូវធ្វើជាផ្នែកមួយនៃកិច្ចការរបស់ទ្រង់ ដោយព្យាយាមជួយមនុស្សឲ្យទទួលបានពន្លឺ និងក្ដីស្រឡាញ់របស់ទ្រង់ និងការយកចិត្តទុកដាក់របស់ទ្រង់ ។ អ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងធ្វើក្នុងនាមជាសមាជិកសាសនាចក្ររបស់ទ្រង់គឺ ត្រូវផ្ដល់ពរជ័យដល់ជីវិតរបស់មនុស្សដទៃ » ។
ព្រះអម្ចាស់បានរៀបចំអែលឌើរ ខៀរ៉ុន តាមរបៀបដ៏ពិសេស និងបានប្រទានដល់លោកនូវអំណោយទានខាងវិញ្ញាណជាច្រើន ដែលនឹងអនុញ្ញាតឲ្យលោកផ្ដល់ពរជ័យដល់អ្នកដទៃនៅក្នុងការហៅដ៏ពិសិដ្ឋរបស់លោកក្នុងនាមជាសាក្សីពិសេសម្នាក់ « អំពីព្រះនាមនៃព្រះគ្រីស្ទនៅសព្វទិសទីក្នុងពិភពលោក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣ ) ។ ជាអ្នកប្រែចិត្តជឿលើសាសនាចក្រនៅអាយុ ២៦ ឆ្នាំ និងជាសមាជិកសាសនាចក្រតែម្នាក់ឯងគត់ក្នុងចំណោមបងប្អូនបង្កើតរបស់លោក អែលឌើរ ខៀនរ៉ុន គឺជាបុរសម្នាក់ដែលមានចិត្តអាណិតអាសូរយ៉ាងខ្លាំង ដែលដឹងពីរបៀបស្ដាប់ ភ្ជាប់ទំនាក់ទំនង និងលួងលោមដល់បុត្រាបុត្រីរបស់ព្រះ ។ លោកមានចិត្តសប្បុរសពីធម្មជាតិ ហើយមានអំណរនៅក្នុងការបម្រើ ។ ដោយធ្លាប់ជួបនឹងបទពិសោធន៍ដ៏ទន់ភ្លន់ និងការបាត់បង់មនុស្សជាទីស្រឡាញ់ លោកថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទប្រទានថ្នាំលាបព្យាបាល ហើយនឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងត្រឹមត្រូវនៅថ្ងៃណាមួយ តាមរយៈដង្វាយធួនរបស់ទ្រង់ ។
អែលឌើរ ខៀនរ៉ុន គឺជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទុកចិត្តលើព្រះអម្ចាស់ ។ លោកគឺជាអ្នកដឹកនាំដែលងាយស្រួលនឹងធ្វើតាម ដោយសារលោកមានភក្ដីភាពក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ និងក្នុងការដឹកនាំមនុស្សឲ្យមករកទ្រង់ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងថា « ព្រះអម្ចាស់បានដឹកនាំ ផាទ្រីក ឲ្យមកកាន់តំណែងដែលលោកកាន់នាពេលឥឡូវនេះ » ។
ឪពុកម្ដាយដែលពេញដោយក្ដីស្រឡាញ់ និងការលះបង់
អែលឌើរ ខៀនរ៉ុន បានកើតនៅទីក្រុងខាឡែល ខេត្តខាំព្រា នៅភាគខាងជើងប្រទេសអង់គ្លេស នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ១៩៦១ ពីឪពុកម្ដាយឈ្មោះ ផាឌី និង ផាទ្រីសៀ ខៀរ៉ុន ។ នៅពេលឪពុកម្ដាយរបស់លោកបានជួបគ្នា ពួកគាត់បានបម្រើនៅក្នុងជួរកងទ័ពចក្រភពអង់គ្លេសអំឡុងសង្រ្គាមលោកលើកទី II—ម្ដាយរបស់លោកបម្រើជាគិលានុបដ្ឋាយិកាកងទ័ពនៅប្រទេសឥណ្ឌា និងភូមា ហើយឪពុករបស់លោកបម្រើនៅក្នុងកងទ័ពអាកាសរាជវាំង ( អរ.អេ.អេហ្វ. ) ដែលបានពង្រាយទ័ពនៅប្រទេសបារាំង អាហ្វ្រិកខាងជើង ស៊ីស៊ីលី និងប្រទេសអ៊ីតាលី ។
អែលឌើរ ខៀរ៉ុន ចងចាំដល់ឪពុកម្ដាយរបស់លោក ផាឌី និង ផាទ្រីសៀ ដោយសារជីវិតជាគំរូរបស់ពួកគាត់ស្ដីពីភក្ដីភាព ការបម្រើ និងការលះបង់ ។
ទោះមិនមែនជាមនុស្សដែលទៅព្រះវិហារក្ដី ក៏ពួកគាត់បានចិញ្ចឹមគ្រួសារមួយឲ្យមានភក្ដីភាព ការបម្រើ និងការលះបង់ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏យូរអង្វែងដល់ ផាទ្រីក ដែលជាកូនពៅគេក្នុងចំណោមកូនប្រាំនាក់របស់គូស្វាមីភរិយានេះ ។ លោកចាំពី ផាត ថាជា « ម្ដាយដ៏ពិសេស » ពេញដោយក្ដីស្រឡាញ់ម្នាក់ ដែលណែនាំយ៉ាងទន់ភ្លន់ ភាគច្រើនតាមរយៈគំរូ និងមិនដែលរិះគន់នរណាម្នាក់ឡើយ ។ គាត់មានចិត្តសប្បុរស ខ្ជាប់ខ្ជួន និងមានតុល្យភាពយ៉ាងខ្លាំង ។ ហើយលោកចាំពី ផាឌី ដោយសារ « ថាមពល សណ្ដានចិត្ត និងភាពកក់ក្ដៅដែលមិនអាចបដិសេធបានរបស់គាត់ ចិត្តស្រឡាញ់ … វាលខ្សាច់អារ៉ាប់ដ៏សោះកក្រោះរបស់គាត់ [ និង ] កូនភ្នំដែលមានជម្រាលខៀវស្រងាត់នៅប្រទេសអង់គ្លេស និងអៀរឡង់ ហើយនិងចំណង់ចំណូលចិត្តរបស់គាត់មើលមេឃ រស្មីព្រះអាទិត្យ និងសមុទ្រ ។ ខ្ញុំអាចឃើញឥទ្ធិពលរបស់គាត់យ៉ាងច្បាស់ ពេលខ្ញុំខ្លួនឯងចូលចិត្តចេញទៅក្រៅយ៉ាងខ្លាំង នៅក្នុងទីវាលលំហ មានខ្យល់អាកាស និងពន្លឺព្រះអាទិត្យ » ។
បន្ទាប់ពីការបម្រើរបស់គាត់នៅ អរ.អេ.អេហ្វ. ឪពុករបស់អែលឌើរ ខៀរ៉ុន បានទៅធ្វើការជាបុគ្គលិកជាប់កិច្ចសន្យាផ្នែកការពារនៅប្រទេសអារ៉ាប៊ី សាអូឌីត ។ ផាទ្រីក កាលនៅជាក្មេងប្រុសអាយុប្រាំពីរឆ្នាំ បានរៀនមេរៀនដ៏សំខាន់មួយនៅទីនោះអំពីការគោរពប្រតិបត្តិ លោកបានតំណាលអំពីអនុស្សាវរីយ៍នេះនៅក្នុងសុន្ទរកថាសន្និសីទទូទៅលើកទីមួយរបស់លោកក្នុងនាមជាអ្នកមានសិទ្ធិអំណាចទូទៅ ។ ដោយមិនខ្វល់ពីការណែនាំរបស់ឪពុកម្ដាយលោកឲ្យពាក់ស្បែកជើងឃ្លប់អំឡុងដំណើរកម្សាន្ដបោះជំរំនៅវាលខ្សាច់ លោកបានចេញទៅដើរលេងដោយពាក់តែ « ស្បែកជើងផ្ទាត់ » ហើយត្រូវខ្យាដំរីទិចចំបាតជើងរបស់លោក ។
ផាទ្រីក ខៀរ៉ុន កាលនៅក្មេង នៅប្រទេសអារ៉ាប៊ី សាអូឌីត ។
បីឆ្នាំក្រោយមក ផាទ្រីក វ័យក្មេងបានចូលរៀននៅសាលាដែលតម្រូវសិស្សឲ្យស្នាក់នៅឯសាលានៅប្រទេសអង់គ្លេស ហើយមានអារម្មណ៍ឯកោយ៉ាងខ្លាំងនឹកដល់ឪពុកម្ដាយរបស់លោក ជាភាពឯកាដែលបាត់នឹកដោយសារតែសំបុត្រលើកទឹកចិត្តរបស់ពួកគាត់តែប៉ុណ្ណោះ ។
លោកនិយាយអំពីសាលានោះថា « បើប្រៀបធៀបទៅ ហារី ផតធឺ ប្រាកដជាមានជីវិតងាយស្រួលទេនៅសាលា ហកវើត នោះ ។ សាលាខ្ញុំពិបាកណាស់ ។ ខ្ញុំទៅផ្ទះតែពេលបុណ្យគ្រីស្ទម៉ាស បុណ្យអ៊ីស្ទើរ និងរដូវក្ដៅប៉ុណ្ណោះ ។ ខ្ញុំធ្វើប្រតិទិនតូចៗនៅលើសន្លឹកក្រដាស ហើយគូសជួរមួយចោលរាល់ថ្ងៃ ដើម្បីរាប់ថ្ងៃរហូតដល់ខ្ញុំអាចត្រឡប់ទៅរកគ្រួសាររបស់ខ្ញុំវិញបាន » ។
ពីរបីឆ្នាំក្រោយមក ខណៈ ផាទ្រីក នៅសាលាដែលតម្រូវសិស្សឲ្យស្នាក់នៅឯសាលាទីពីររបស់លោកនៅប្រទេសអង់គ្លេសនៅឡើយ ព្យុះដ៏ធំសម្បើមមួយបានបក់បោកមកពីសមុទ្រអៀរឡង់ ។ លទ្ធផលនៃរលកធំៗនៃព្យុះនេះបានជន់លិចផ្ទះចំនួន ៥០០០ ខ្នងនៅតំបន់ជុំវិញនោះ ។ ផាទ្រីក និងមិត្តរួមថ្នាក់របស់លោកត្រូវបានហៅឲ្យមកជួយសម្អាតទ្រង់ទ្រាយធំនេះ ។
លោកពោលថា « ខ្ញុំនៅតែចាំពីទម្ងន់កម្រាលព្រំដែលទទឹកជោគ និងក្លិនស្អុយរបស់វា ។ ប៉ុន្ដែខ្ញុំចាំថាបានផ្ដោតលើកិច្ចការដែលត្រូវធ្វើ ហើយបានធ្វើវាចប់ជាមួយនឹងមិត្តភក្ដិនៅសាលារបស់ខ្ញុំ ។ ហើយខ្ញុំនឹកចាំដល់មនុស្សទាំងនោះ និងការដឹងគុណរបស់ពួកគេ » ។
បទពិសោធន៍នោះអាចជាការឃើញមួយភ្លែតលើកដំបូងរបស់ ផាទ្រីក អំពីពរជ័យទាំងសងខាងមកពីការផ្ដល់ និងការទទួលបានការបម្រើ ។ ក្រោយមក លោកបានដឹងថា អារម្មណ៍វ័យជំទង់របស់លោកដែលមិនសូវមានសុវត្ថិភាព បានរសាយបាត់ពីលោកទៅ « ខណៈខ្ញុំចូលរួមក្នុងកិច្ចខិតខំដ៏អស្ចារ្យនេះដើម្បីជួយដល់អ្នកជិតខាងយើង » ។
បន្ទាប់ពីរៀនចប់វិទ្យាល័យហើយ ផាទ្រីក បានត្រឡប់ទៅប្រទេសអារ៉ាប៊ី សាអូឌីតវិញ ជាកន្លែងដែលលោកបានចាប់ផ្ដើមការហ្វឹកហ្វឺនផ្នែកគ្រប់គ្រងជាមួយនឹងក្រុមហ៊ុនអាហារ និងភេសជ្ជៈចម្រុះជាតិសាសន៍ ។ បទពិសោធន៍នោះបានផ្ដួចផ្ដើមកិច្ចការរបស់លោកក្នុងវិស័យជាច្រើន នៅទីបំផុត ដោយបញ្ចប់លើវិស័យការប្រឹក្សាផ្នែកទំនាក់ទំនងជាមួយស៊ីស្ទើរ ខៀរ៉ុន នៅប្រទេសអង់គ្លេស ។
« ពិភពរបស់ខ្ញុំបានក្រឡាប់ចាក់ »
នៅពេល ផាទ្រីក មានអាយុ ១៩ ឆ្នាំ លោកបានបាត់បង់ឪពុក និងបងថ្លៃប្រុសរបស់លោកនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ខ្លោចផ្សាមួយនៅប្រទេសអារ៉ាប៊ី សាអូឌីត ។ លោកថ្លែងថា « ពិភពរបស់ខ្ញុំបានក្រឡាប់ចាក់ដោយសារបាត់បង់ពួកគាត់ » ។ ដៃណែនាំ ការលើកទឹកចិត្តពេញដោយក្ដីស្រឡាញ់ និងទស្សនៈដ៏ពេញដោយអំណរអំពីពិភពលោករបស់ឪពុកគាត់លែងមានទៀតហើយ ។ ដោយសន្ធប់ក្នុងការកាន់ទុក្ខ និងអារម្មណ៍ហេលហាលមួយរយៈ នោះ ផាទ្រីក បានទៅផ្ទះនៅប្រទេសអង់គ្លេសជាមួយម្ដាយរបស់លោក ប៉ុន្ដែចុងក្រោយបានត្រឡប់ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត វិញ ។
លោកនិយាយថា « ខ្ញុំបានមានឱកាសដ៏មានតម្លៃគ្រប់យ៉ាងដើម្បីរៀន និងរីកចម្រើន និងឃើញពីរបៀបដែលអាជីវកម្មដំណើរការ » ។ លោកមានអំណរគុណជាពិសេសសម្រាប់ « ចៅហ្វាយដ៏អស្ចារ្យ ដែលបានបង្វឹក និងណែនាំខ្ញុំ ហើយក្លាយជាមិត្តដ៏ល្អ ។ ក្នុងចំណោមមនុស្សបួនប្រាំនាក់ គាត់គឺដូចជាឪពុករបស់ខ្ញុំអ៊ីចឹង ដែលជាពរជ័យមួយសម្រាប់ខ្ញុំ តាំងពីឪពុកខ្ញុំបានស្លាប់ទៅ » ។
ក្រោយមក ខណៈត្រឡប់មកធ្វើការនៅទីក្រុងឡុងដ៍វិញ ផាទ្រីក បានជួបនឹងសមាជិកមួយចំនួនក្នុងសាសនាចក្រ ។
លោកនៅចាំថា « ពួកគេគឺជាគំរូដ៏អស្ចារ្យនៃសេចក្ដីជំនឿរបស់យើង ។ ម្នាក់ក្នុងចំណោមនោះមកពីរដ្ឋកាលីហ្វ័រញ៉ា ហើយខ្ញុំបានទៅនៅជាមួយគ្រួសារនោះ ខណៈខ្ញុំធ្វើការនៅទីនោះ » ។
បទពិសោធន៍នោះបានផ្ដល់ជាគ្រឹះដ៏អស្ចារ្យឲ្យ ផាទ្រីក យល់ពីសាសនាចក្រ ។ លោកបានរំជួលចិត្តដោយអំណរដែលគ្រួសារនេះមានក្នុងការបម្រើ ប៉ុន្ដែលោកមានសំណួរជាច្រើនអំពីគោលលទ្ធិ និងជំនឿសាសនាចក្រ ។ ប៉ុន្ដែពេលត្រឡប់មកប្រទេសអង់គ្លេសពីរឆ្នាំក្រោយមក លោកបានជួបនឹង « ពួកអ្នកផ្សព្វផ្សាយសាសនាដ៏គួរឲ្យចាប់អារម្មណ៍ » មួយចំនួននៅតាមផ្លូវក្នុងទីក្រុងឡុងដ៍ ។ បន្ទាប់ពីពិភាក្សាអំពីដំណឹងល្អជាមួយពួកគេអស់រយៈពេលបីបួនខែក្រោយមក ហើយត្រូវបានប្រាប់ថា លោកមិនបានរីកចម្រើនទៅកាន់ការទទួលបុណ្យជ្រមុជទឹកទេ នោះពួកគេបានសួរលោកថា តើលោកចង់បានការប្រសិទ្ធពរដែរឬទេ ។
លោករំឭកថា « ខ្ញុំបានយល់ព្រមទទួលការប្រសិទ្ធពរពីអ្នកផ្សព្វផ្សាយសាសនារៀមច្បងម្នាក់ ដែលខ្ញុំស្គាល់ ។ អារម្មណ៍ដែលខ្ញុំមាននៅអំឡុងការប្រសិទ្ធពរនោះ គឺជាគ្រាគន្លឹះមួយនៅក្នុងការប្រែចិត្តជឿរបស់ខ្ញុំ ។ វាគឺជាអារម្មណ៍ដែលមិនអាចប្រកែកបានយ៉ាងប្រាកដអំពីពន្លឺ និងអំណរ និងសេចក្ដីសុខសាន្ដ ដែលគ្មានពាក្យណាអាចពិពណ៌នាបានឡើយ ។ ពាក្យពេចន៍នៃការប្រសិទ្ធពរនោះបង្ហាញថាជាពាក្យដ៏បំផុសគំនិត និងពិតជាត្រឹមត្រូវមែន » ។
បទពិសោធន៍នោះ បូកផ្សំជាមួយនឹង « រឿងមួយចំនួនផ្សេងទៀតនៅក្នុងការរីកចម្រើនរបស់ខ្ញុំទៅរកពិធីបុណ្យជ្រមុជទឹក » បានដឹកនាំ ផាទ្រីក ឲ្យមានទីបន្ទាល់មួយអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ពីរបីខែក្រោយមក នៅល្ងាចមុនថ្ងៃបុណ្យគ្រីស្ទម៉ាសឆ្នាំ ១៩៨៧ លោកបានជ្រមុជទឹកក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សម្រាប់អស់អ្នកដែលខំស្វែងរកទីបន្ទាល់ អែលឌើរ ខៀរ៉ុន បានថ្លែងថា « សូមជ្រើសរើសយកសេចក្ដីជំនឿ ហើយឆ្លើយតបនឹងការអញ្ជើញនៅក្នុង អាលម៉ា ៣២ ។ សូមធ្វើតាមអារម្មណ៍ខាងវិញ្ញាណរបស់បងប្អូន ។ អារម្មណ៍នោះនឹងដឹកនាំបងប្អូន ហើយបងប្អូននឹងដឹង » ។
« ប្រភពមួយនៃកម្លាំង »
ពីរឆ្នាំបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់លោក ផាទ្រីក បានចូលរួមវួដសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅទីក្រុងឡុងដ៍ កាលលោកបានជួបនឹង ជេននីហ្វឺ ហាល់មឺ ជាសិស្សសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ មកពីទីក្រុង សារ៉ាថូហ្គា រដ្ឋកាលីហ្វ័រញ៉ា ។ ជេននីហ្វឺ បានមកទីក្រុងឡុងដ៍រយៈពេលប្រាំមួយខែដើម្បីសិក្សាប្រវត្តិសិល្បៈ និងអក្សរសាស្ដ្រអង់គ្លេស ។ ជាកូនពៅគេក្នុងចំណោមកូនប្រាំបីនាក់ គាត់បានធំឡើងនៅក្នុងសាសនាចក្រ ។
សឹងតែភ្លាមៗនោះ គាត់ចាប់អារម្មណ៍លើ ផាទ្រីក ។
ជេននីហ្វឺ តំណាលអំពី ផាទ្រីក ថា « កាលខ្ញុំមើលគាត់ប្រាស្រ័យទាក់ទងជាមួយសមាជិកក្នុងវួដ ខ្ញុំឃើញរបៀបដែលគាត់ប្រព្រឹត្តចំពោះពួកគេ ។ មិនថាគេជាសមាជិកថ្មី សមាជិកត្រឡប់មកសកម្មវិញ នរណាម្នាក់ដែលមានការលំបាក ឬមនុស្សដែលជាមិត្តជិតដិតនោះទេ គាត់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយសេចក្ដីស្រឡាញ់ និងចំណាប់អារម្មណ៍ដ៏ពិតដូចគ្នានោះដដែល ។ គុណតម្លៃនោះបានទាក់ទាញខ្ញុំឲ្យចាប់ចិត្តលើគាត់មុនគេបង្អស់ ។ វាគឺជាគុណតម្លៃដែលខ្ញុំបានឃើញគាត់អភិវឌ្ឍ ហើយថាព្រះបានដាក់គុណតម្លៃនេះឲ្យប្រើប្រាស់បានល្អជាង ៣៣ ឆ្នាំហើយដែលយើងបានរៀបការជាមួយគ្នា » ។
សេចក្ដីស្រឡាញ់ និងការគោរពរបស់អែលឌើរ និងស៊ីស្ទើរ ខៀរ៉ុន ចំពោះគ្នាទៅវិញទៅមក អនុញ្ញាតឲ្យពួកគាត់ធ្វើការរួមរួបគ្នាក្នុងសេចក្ដីជំនឿ ។
បន្ទាប់ពីការដើរលេងជាគូរបស់ពួកគាត់ នោះពួកគាត់បានរៀបការនៅឯព្រះវិហារបរិសុទ្ធ អូកលែន រដ្ឋកាលីហ្វ័រញ៉ា នៅខែ មករា ឆ្នាំ ១៩៩១ ។ បន្ទាប់មក ពួកលោកបានចិញ្ចឹមគ្រួសាររបស់ខ្លួននៅប្រទេសអង់គ្លេសអស់រយៈពេល ១៩ ឆ្នាំ រហូតដល់អែលឌើរ ខៀរ៉ុន ត្រូវបានហៅនៅក្នុងឆ្នាំ ២០១០ ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ក្រោយពីបានបម្រើក្នុងការហៅជាច្រើនជាថ្នាក់ដឹកនាំ រួមមានជាប្រធានស្ដេក និងពួកចិតសិបនាក់ប្រចាំតំបន់ជាដើម ។ លោកបានកំពុងបម្រើជាប្រធានរៀមច្បងក្នុងពួកចិតសិបនាក់ ពេលលោកត្រូវបានហៅទៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
អែលឌើរ ខៀរ៉ុន មានប្រសាសន៍ថា ភរិយារបស់លោកគឺជាសិស្សដ៏ស្មោះត្រង់ ដែលស្គាល់អត្តសញ្ញាណពិតរបស់ខ្លួន ។ « គាត់រស់នៅក្នុងជីវិតមួយដ៏រីករាយ វិជ្ជមាន ស្ថាបនា ចេះយកអសារគ្នា និងពេញដោយអំណរ ដោយមានព្រះអង្គសង្គ្រោះជាចំណុចសំខាន់ក្នុងចំណោមអ្វីទាំងអស់ ។ គាត់គឺជាប្រភពមួយនៃកម្លាំង និងជាពរជ័យដ៏មហិមាចំពោះខ្ញុំ តាំងពីពេលដែលយើងបានជួបគ្នាមក » ។
ស៊ូសាណា ជាកូនស្រីទីពីរក្នុងចំណោមកូនស្រីបីនាក់របស់គូស្វាមីភរិយានេះ បាននិយាយថា ម្ដាយរបស់នាងចូលចិត្តលះបង់ខ្លួនឯង ៖ « គាត់គឺពោរពេញដោយជីវិតដ៏រស់រវើក និងពន្លឺ ហើយមានចំណង់ចំណូលចិត្តក្នុងដំណឹងល្អ » ។ ហើយដូចជាឪពុករបស់នាងដែរ ម្ដាយនាងគឺជា « អ្នកស្ដាប់ដ៏ប្រសើរបំផុត » ។
ស៊ូសាណា និងបងប្អូនស្រីរបស់នាងថ្លែងថា សេចក្ដីស្រឡាញ់ និងការគោរពរបស់ឪពុកម្ដាយពួកគេចំពោះគ្នាទៅវិញទៅមក អនុញ្ញាតឲ្យពួកគាត់ធ្វើការរួមរួបគ្នាក្នុងសេចក្ដីជំនឿ ទៅកាន់គោលដៅរួមជាច្រើន ។ ពួកគាត់ស្ដាប់គ្នាទៅវិញទៅមក ហើយគោរព និងកោតសរសើរដល់គំនិត និងទស្សនៈរបស់គ្នាទៅវិញទៅមក ។
អិមម៉ា ដែលជាកូនស្រីពៅរបស់គូស្វាមីភរិយានេះ ពោលថា ទំនាក់ទំនងដ៏សុខដុមរបស់ឪពុកម្ដាយនាង និងសេចក្ដីស្រឡាញ់ដែលបញ្ចេញឲ្យឃើញសម្រាប់កូនៗរបស់ពួកគាត់ « បានធ្វើឲ្យមានបរិយាកាសដ៏រីករាយ និងសុវត្ថិភាពខ្លាំងនៅក្នុងផ្ទះ » ។
លីហ្ស៊ី ខៀរ៉ុន ស្ដាហ៊ីលី កូនស្រីច្បងគេ បានថ្លែងអំពីឪពុករបស់គាត់ថា « ប៉ាមើលទៅមនុស្សទាំងអស់ដោយភ្នែកដូចជាព្រះគ្រីស្ទ ។ គាត់តែងអន្ទះសាចង់លើកទឹកចិត្ត និងពង្រឹងមនុស្សជានិច្ច ។ គាត់មើលឃើញសក្ដានុពលនៅក្នុងមនុស្សគ្រប់គ្នា មិនថាពួកគេមានកាលៈទេសៈយ៉ាងណាឡើយ » ។
អិមម៉ា បានបន្ថែមថា « គាត់គឺពោរពេញទៅដោយសេចក្ដីជំនឿ ហើយស្រឡាញ់សេចក្ដីអំណរដែលដំណឹងល្អបានផ្ដល់ដល់គាត់ ។ ដោយបានរកឃើញដំណឹងល្អដែលបានស្ដារឡើងវិញក្នុងវ័យមជ្ឈិមវ័យ លោកមានអំណរគុណចំពោះភាពខុសគ្នាវាមាននៅក្នុងជីវិតរបស់មនុស្សម្នាក់ ដែលជាប្រភពនៃពន្លឺ និងអំណរ » ។
អែលឌើរ ខៀរ៉ុន ហៅកូនស្រីរបស់លោក—លីហ្ស៊ី ( រូបថតជាមួយស្វាមី ចូណាថាន់ ) ស៊ូសាណា និង អិមម៉ា—ថាជា « ពន្លឺដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់យើង ជារតនសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើង » ។
ជីន ប៊ី ប៊ីងហាំ អតីតប្រធានសមាគមសង្គ្រោះទូទៅ ពិពណ៌នាអំពីអែលឌើរ ខៀរ៉ុន ថាជាមនុស្សស្ងប់ស្ងាត់ក្នុងគ្រាមានសម្ពាធ ។ គាត់រំឭកពីគ្រាមួយ នៅពេលដែលគាត់ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អែលឌើរ ខៀរ៉ុន និងអ្នកផ្សេងទៀតបានជាប់គាំងនៅប្រទេសក្រៅអំឡុងការបះបោរនយោបាយមួយ ។ នៅក្រោមការដឹកនាំរបស់អែលឌើរ បែដណា នោះអែលឌើរ ខៀរ៉ុន បានចំណាយពេលរាប់ម៉ោងទូរសព្ទតាមផ្កាយរណប ធ្វើការជាមួយមន្ដ្រីក្នុងមូលដ្ឋាន និងអ្នកតំណាងសាសនាចក្រដើម្បីស្វែងរកផ្លូវដើម្បីឲ្យពួកគាត់ចាកចេញបាន ។
ស៊ីស្ទើរ ប៊ីងហាំ ថ្លែងថា « ធម្មជាតិដ៏ស្ងប់ស្ងាត់របស់លោក ការផ្ដោតលើកិច្ចខិតខំ និងការយល់ដឹងដ៏បំផុសគំនិត បានផ្ដល់ជាដំណោះស្រាយមួយ ដែលអនុញ្ញាតឲ្យយើងចាកចេញដោយមានសុវត្ថិភាព » ។
នៅខែ ធ្នូ ឆ្នាំ ២០២១ គ្រួសារនេះបានស្លុតចិត្តពេលដឹងថា ស៊ីស្ទើរ ខៀរ៉ុន ទទួលបានរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ ។
ស៊ីស្ទើរ ខៀរ៉ុន ថ្លែងថា « ខ្ញុំមិនដែលគិតថា ជំងឺមហារីកនឹងកើតប៉ះចំខ្ញុំ ឬពួកយើងនោះទេ » ។ គាត់បានហៅការព្យាបាលជាបន្ដបន្ទាប់នេះថាជាគ្រាដ៏សែនពិបាកក្រៃលែង ប៉ុន្ដែព្រះអង្គសង្គ្រោះគឺជាប្រភពនៃកម្លាំងរបស់គាត់ឲ្យឆ្លងកាត់អ្វីគ្រប់យ៉ាង ។ « ខ្ញុំនៅតែផឹកថ្នាំព្យាបាលគីមីអ៊ីចឹង ប៉ុន្ដែខ្ញុំមានអំណរគុណដើម្បីនិយាយបានថា ខ្ញុំលែងមានជំងឺមហារីកទៀតហើយ តាមដែលវេជ្ជបណ្ឌិតអាចប្រាប់បាន » ។
អែលឌើរ ខៀរ៉ុន ពោលថា « ជេន ខ្ជាប់ខ្ជួន និងស្មោះត្រង់យ៉ាងឥតខ្ចោះពេលឆ្លងកាត់អ្វីទាំងអស់នេះ ។ យើងថ្លែងអំណរគុណជារៀងរាល់ថ្ងៃសម្រាប់សុខភាពរបស់គាត់ ហើយយើងថ្លែងអំណរគុណសម្រាប់ការថែទាំដ៏វិសេសខ្លាំងដែលគាត់ទទួលបាន » ។
ដូចគ្នានឹងការសាកល្បងផ្សេងទៀតដែលគាត់ និងស្វាមីគាត់បានដកពិសោធន៍ដែរ ស៊ីស្ទើរ ខៀរ៉ុន និយាយថា « ជីវិតផ្ដល់ឲ្យយើងនូវរឿងដែលយើងពិតជាមិនចង់បានទាល់តែសោះ ។ យើងមិនចូលចិត្តវាសោះឡើយ ។ យើងមិនបានសូមវាទេ ។ ប៉ុន្តែទោះយ៉ាងម៉េចក៏ដោយ យើងត្រូវប្រឈមមុខនឹងរឿងទាំងនោះ ។ របៀបដ៏ល្អបំផុតដើម្បីប្រឈមមុខនឹងរឿងទាំងនោះ ដែលពិតជាពិបាកយ៉ាងខ្លាំង គឺត្រូវងាកទៅរកព្រះអម្ចាស់ ហើយទូលសូមកម្លាំងពីទ្រង់ ដោយដាក់សេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងទៅលើព្រះគុណ និងព្រះចេស្ដារបស់ទ្រង់ ។ ជាយូរមកហើយ ខ្ញុំបានរៀនច្រើនអំពីរបៀបដែលព្រះអង្គសង្គ្រោះព្យាបាលយើងនៅគ្រាដ៏លិចលង់ និងដ៏ពិបាកខ្លាំងបំផុតរបស់យើង » ។
អែលឌើរ និងស៊ីស្ទើរ ខៀរ៉ុន បានទទួលចំណេះដឹងដ៏ពិសិដ្ឋនោះ បន្ទាប់ពីកំណើតកូនទីមួយរបស់ពួកគាត់ឈ្មោះ សៀន ។
« សិលានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ »
អំឡុងពេលពពោះកូនដំបូងរបស់ស៊ីស្ទើរ ខៀរ៉ុន គូស្វាមីភរិយានេះបានដឹងពីដំបូងដោយសារការស្កេនអ៊ុលត្រាសោនថា កូនប្រុសរបស់ពួកគាត់មាន « បេះដូងមិនប្រក្រតីដ៏ពិបាកមួយ ក្នុងស្ថានភាពដែលគម្រាមកំហែងដល់ជីវិត » តាមដែលអែលឌើរ ខៀរ៉ុន បានថ្លែង ។ « យើងបានចំណាយពេលពពោះទាំងប៉ុន្មានទៀត ដើម្បីស្វែងរកវេជ្ជបណ្ឌិតទូទៅ វេជ្ជបណ្ឌិតព្យាបាលជំងឺបេះដូង និងគ្រូពេទ្យវះកាត់បេះដូងដ៏ល្អបំផុត ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជាក់លាក់របស់កូនយើង ។ យើងបានរកឃើញក្រុមលំដាប់ពិភពលោកមួយនៅទីក្រុងឡុងដ៏ ហើយពួកគេមានទំនុកចិត្តថា ពួកគេអាចដោះស្រាយបញ្ហានេះបាន » ។
គ្រូពេទ្យវះកាត់បានវះកាត់ សៀន នៅពេលគាត់មានអាយុ ១៩ ថ្ងៃ ។ ការវះកាត់នោះយូរ និងផ្ចិតផ្ចង់មែនទែន ។ ក្រោយមកអែលឌើរ ខៀរ៉ុន ថ្លែងថា « បេះដូងដ៏តូចរបស់ សៀន មិនអាចដំណើរការឡើងវិញបានទេ ។ ដូច្នេះ យើងបាត់បង់គាត់ ។ ការស្លាប់របស់គាត់គឺឈឺចាប់ខ្លាំងណាស់ ។ នេះមិនមែនជាលទ្ធផលដែលយើងបានតមអាហារ អធិស្ឋាន និងអង្វរករសូមនោះទេ ប៉ុន្ដែយើងបានដឹងថា ព្រះហស្ដពីស្ថានសួគ៌ស្ថិតក្នុងបទពិសោធន៍នោះ » ។
ស៊ីស្ទើរ ខៀរ៉ុន ពោលថា « ព្រះបានដឹកនាំយើងឲ្យឆ្លងកាត់ប៉ុន្មានខែនៃការពពោះនោះ និងជីវិតដ៏ខ្លី តែស្រស់ល្អរបស់កូនប្រុសយើង តាមរបៀបមួយដែលនៅចុងបញ្ចប់នៃការណ៍នេះ យើងបានដឹងថា យើងបានធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានសម្រាប់គាត់ហើយ ។ ការណ៍នោះគឺជាការលួងលោមដ៏អស្ចារ្យ » ។
ការព្យាបាលកើតឡើងពីការយល់ដឹងកាន់តែច្រើនអំពីដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដែលស៊ីស្ទើរ ខៀរ៉ុន ទទួលបានពីការសិក្សាដ៏ស៊ីជម្រៅនៅក្នុង នីហ្វៃទី១ និង នីហ្វៃទី២ ។ គាត់ថ្លែងថា « នៅពេលកាន់ទុក្ខបាត់បង់កូនរបស់យើង ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានលង់ក្នុងទុក្ខសោកដ៏ខ្មៅងងឹតមួយ ។ ប៉ុន្ដែ ពីមួយគ្រាទៅមួយគ្រា សិលានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានចាប់ជាប់ការធ្លាក់ដោយសេរីនោះជានិច្ច—ដោយសារវាគឺជាការពិត ។ ព្រះគុណរបស់ទ្រង់ ភាពពិតនៃការមានព្រះជន្មរបស់ទ្រង់ ថែមទាំងធ្វើឲ្យការបាត់បង់ដ៏ឈឺចាប់ខ្លាំងបំផុតនេះអាចទប់ទល់បាន និងមានក្ដីសង្ឃឹមទៀតផង » ។
ការព្យាបាលកើតមាន ដោយសារកំណើតរបស់កូនស្រីបីនាក់នៃគូស្វាមីភរិយានេះ ។ អែលឌើរ ខៀរ៉ុន បានថ្លែងថា « ពួកគេបាននាំការព្យាបាលមកជាមួយពួកគេ ។ ពួកគេគឺជាពន្លឺដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់យើង ជារតនសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើង » ។
ការព្យាបាលកើតមកពីពាក្យពេចន៍របស់ថ្នាក់ដឹកនាំសាសនាចក្រដ៏បំផុសគំនិត រួមមានសុន្ទរកថាសន្និសីទទូទៅដោយអែលឌើរ លែនស៍ ប៊ី វិកមែន ដែលក្នុងនោះ អែលឌើរ វិកមែន បានចែកចាយពីការឈឺចាប់ កាលដើរកាត់សាលមន្ទីរពេទ្យដ៏ស្ងាត់ជ្រងំ នៅពេលកូនប្រុសតូចរបស់គាត់ដេកស្លាប់ដោយសារជំងឺកុមារ ។ អែលឌើរ ខៀរ៉ុន បាននិយាយថា « អែលឌើរ វិកមែន បង្រៀនថា ‹ ការជឿគឺជាការមើលឃើញ › ហើយថា សេចក្ដីជំនឿគឺជាការទុកចិត្តលើព្រះអម្ចាស់ ។ សុន្ទរកថារបស់លោកមានតម្លៃយ៉ាងធំធេងចំពោះខ្ញុំ ដោយសារតែការយល់ដ៏ច្បាស់របស់លោកអំពីបទពិសោធន៍បែបនោះ ។ រឿងនេះបានកើនឡើងដោយសារខ្ញុំបានអានវា និងបានស្ដាប់ជាច្រើនដង » ។
ហើយការព្យាបាលកើតពីការផ្ដល់ការងារបម្រើដល់មនុស្សដទៃ នៅពេលយើងបាត់បង់—មិនថាពួកគេជាជនភៀសខ្លួននៅអឺរ៉ុប ជនរងគ្រោះដោយការបំពាន ឬការគៀបសង្កត់នោះទេ ឬថ្នាក់ដឹកនាំសាសនាចក្រដូចគ្នានោះទេ ដូចជាអែលឌើរ ផល វី ចនសុន ក្នុងគណៈប្រធាននៃពួកចិតសិបនាក់ជាដើម ដែលបានបាត់បង់កូនស្រីដោយសារជំងឺមហារីក ពីរខែមុនពេលចូលរួមជាមួយអែលឌើរ ខៀរ៉ុន នៅក្នុងគណៈប្រធានតំបន់អឺរ៉ុបនៅឆ្នាំ ២០១៥ ។
អែលឌើរ ចនសុន ថ្លែងថា « លោក និងស៊ីស្ទើរ ខៀរ៉ុន បានជួយយើងយ៉ាងអស្ចារ្យនៅក្នុងគ្រាកាន់ទុក្ខ និងព្យាបាលនោះ ។ ពួកគាត់ឆាប់ដឹងពីស្ថានភាពរបស់យើងណាស់ ។ ខ្ញុំតែងតែស្រឡាញ់ពួកគាត់ត្រង់ហ្នឹង » ។
នេះគឺជារបៀបនៃភាពជាសិស្ស ។ យើងរែកបន្ទុកគ្នាទៅវិញទៅមក ។ យើងទួញយំជាមួយអស់អ្នកណាដែលទួញយំ ។ យើងលួងលោមដល់អស់អ្នកណាដែលត្រូវការការលួងលោម ។ ហើយយើងឈរជាសាក្សីដល់ព្រះ—និងការសន្យាដ៏អស់កល្បជានិច្ចអំពីការរួបរួមដ៏ពេញដោយអំណរនោះ ដែលអាចកើតឡើងបានតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។
អែលឌើរ ខៀរ៉ុន ស្វាគមន៍សមាជិកនៅតំបន់អឺរ៉ុបខាងកើត ។
បន្ទាប់មក នៅពេលគ្រាសាកល្បងកើតមានចំពោះយើង នោះសេចក្ដីស្រឡាញ់ដែលព្យាបាល និងថ្នាំលាបពីការងារបម្រើនោះ ឆ្លើយតបមកវិញ ។ ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អែលឌើរ ខៀរ៉ុន បានរៀបចំខ្លួនចែកចាយជាមួយមនុស្សទាំងអស់ក្នុងពិភពលោកនេះអំពីសារលិខិតដំណឹងល្អអំពីសេចក្ដីសង្ឃឹម ការព្យាបាល និងសេចក្ដីសុខសាន្ដនោះ ។
« ហេតុអ្វីការសាកល្បងដ៏លំបាកកើតឡើងចំពោះយើង ? » អែលឌើរ ខៀរ៉ុន សួរ ។ « ព្រោះយើងមកកាន់ផែនដីនេះដើម្បីរៀន រីកចម្រើន បានបន្សុទ្ធ ហើយដើម្បីស្រឡាញ់ និងទុកចិត្តលើព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ។ ដោយសារឥឡូវនេះ យើងមិនអាចមើលឃើញទ្រង់បានទេ ហើយទ្រង់មិនអាចឱបយើងបានឡើយ ។ ប៉ុន្ដែពរជ័យទាំងឡាយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺនិរន្ដរ—និរន្ដរ ! »