« ការបកប្រែភាសាសម្រាប់សន្និសីទទូទៅ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
ទិដ្ឋភាពពីក្រោយឆាក
ការបកប្រែភាសាសម្រាប់សន្និសីទទូទៅ
នៅមួយម៉ោងមុនសម័យប្រជុំនីមួយៗនៃសន្និសីទទូទៅ អ្នកឯកទេសផ្នែកភាសារាប់រយនាក់ជួបជុំគ្នានៅក្នុងបន្ទប់ធំមួយ ដើម្បីត្រួតពិនិត្យមើលចុងក្រោយនូវសុន្ទរកថាក្នុងសន្និសីទទូទៅដែលបានបកប្រែហើយ ហើយនឹងត្រូវបញ្ចូលសំឡេងជាភាសាមួយក្នុងចំណោម ១០៣ ភាសា ។
នៅពេលដែលសន្និសីទចាប់ផ្តើម ពួកគេទទួលបានឱកាសមួយ ។ វាត្រូវតែល្អ ហើយវាត្រូវតែល្អនៅលើកដំបូង ។ ស្របគ្នានឹងការបង្ហាញពីអារម្មណ៍ និងចេតនារបស់អ្នកឡើងនិយាយនៅលើវេទិកា ការបកប្រែដែលមានប្រសិទ្ធភាព ទាមទារឲ្យមានការលើកដាក់សំឡេង ការបន្ទន់សំឡេង ការបញ្ចេញសំឡេងឲ្យបានច្បាស់ និងជំនាញភាសា ដើម្បីឲ្យនៅក្នុងស្មារតីដូចគ្នាតែមួយដែលសារលិខិតនេះត្រូវបានបង្កើតឡើង ។
អ្នកនិយាយភាសាដើមកំណើតជាង ៨០០ នាក់ និងពួកអ្នកដែលត្រឡប់មកពីបេសកកម្មវិញបានបកប្រែផ្នែកខ្លះៗនៃសន្និសីទទូទៅនេះ ។ សារលិខិតប្រហែលជាពាក់កណ្តាលបានបញ្ជូនមកពីទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ខណៈដែលពាក់កណ្តាលទៀតបញ្ជូនការបកប្រែរបស់ពួកគេមកពីប្រទេសកំណើតរបស់ពួកគេ ។ អ្នកខ្លះក៏ចូលរួមក្នុងការបកប្រែសុន្ទរកថាសម្រាប់សន្និសីទនៅប៉ុន្មានសប្តាហ៍មុនសន្និសីទទូទៅផងដែរ ។
នៅអំឡុងពេលចាក់ផ្សាយ ជាធម្មតា ពួកអ្នកបកប្រែធ្វើការជាក្រុមដែលមានគ្នាពី ៤ ទៅ ៦ នាក់ក្នុងមួយសម័យប្រជុំ អានសារលិខិតនីមួយៗនៅក្នុងបន្ទប់ការពាររលកសំឡេងនៅក្នុងអគារការិយាល័យសាសនាចក្រ ឬនៅក្នុងទីតាំងដែលបានកំណត់នៅជុំវិញពិភពលោក ។ ដោយមានពាក់កាសដើម្បីស្ដាប់ដំណើរការជាភាសាអង់គ្លេស នោះពួកអ្នកបកប្រែមើលអេក្រង់ដើម្បីឲ្យការបកប្រែរបស់ពួកគេតាមទាន់អ្នកឡើងនិយាយ ។ អ្នកបកប្រែត្រូវតែរក្សាការសន្ទនាពីរ—ជាភាសាផ្សេងគ្នា—ដំណើរការក្នុងពេលតែមួយនៅក្នុងខួរក្បាលរបស់ពួកគេ ។
អ្នកបកប្រែម្នាក់ដែលមានឈ្មោះថា យ៉ូណាស ប្រាសាដ និយាយថា សមាជិកសាសនាចក្រនិយាយភាសាហិណ្ឌូនៅប្រទេសហ្វីជី មានចិត្តចង់ស្តាប់ព្យាការីជាភាសារបស់ខ្លួន ។ ដោយរៀបរាប់មកពីបងស្រីម្នាក់ គាត់បាននិយាយថា « អស់ជាច្រើនឆ្នាំមកហើយ គាត់មានការប្រជុំសាសនាចក្រជាភាសាអង់គ្លេសតែប៉ុណ្ណោះ ។ ទោះជាគាត់មិនអាចនិយាយពាក្យមួយម៉ាត់ក៏ដោយ ក៏គាត់បានទៅ ហើយអង្គុយដោយស្ងៀមស្ងាត់ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ឥឡូវនេះ គាត់រំភើបពេលបានស្ដាប់ដំណឹងល្អជាភាសារបស់គាត់ » ។