លីអាហូណា
បាន​តែងតាំង​ពីមុន​កំណើត​លោកិយ​ដើម្បី​បម្រើ
ខែ ឧសភា ឆ្នាំ ២០២៤


11:30

បាន​តែងតាំង​ពីមុន​កំណើត​លោកិយ​ដើម្បី​បម្រើ

ព្រះវរបិតាសួគ៌​យើង​មាន​ព្រះទ័យ​ចង់​បើក​សម្តែង​ទៅកាន់​ក្មួយៗ​នូវ​ការតែងតាំង​ពីមុន​កំណើត​លោកិយ៍​របស់​ក្មួយៗ ហើយ​ទ្រង់​នឹង​ធ្វើ​ការណ៍​នេះ​នៅពេល​ក្មួយៗ​ស្វែងយល់ និង​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់ ។

ល្ងាចនេះ​ខ្ញុំ​និយាយ​ទៅកាន់​យុវវ័យ​នៃ​សាសនាចក្រ ដែលជា​យុវជន និង​យុវនារី​នៃ​ជំនាន់​កំពុង​ពេញវ័យ ជា​អ្នក​កាន់​បទដ្ឋាន​មនុស្ស​ជំនាន់​ក្រោយ ។

នៅ​ខែ តុលា ឆ្នាំ ២០២៣ ព្យាការី​ជា​ទីស្រឡាញ់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស ៖ « ព្រះវរបិតា​សួគ៌​របស់ក្មួយៗ ស្គាល់​ក្មួយៗ​ជាយូរ​មក​ហើយ ។ ក្មួយៗ​​ជា​បុត្រា ឬ​បុត្រី​ទ្រង់​ត្រូវ​បាន​រើស​តាំង​ដោយ​ទ្រង់​ឲ្យ​មក​ផែនដី នៅ​ក្នុង​ជំនាន់​ដ៏អស្ចារ្យ​នេះ ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្នុង​កិច្ចការ​ដ៏មហិមា​របស់​ទ្រង់​លើ​ផែនដី » ។

កាលពី​ពីរ​ឆ្នាំ​មុន ប្រធាន ណិលសុន បាន​បន្ត​ថ្លែង ៖

« ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សារជាថ្មី​ដោយ​មោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យុវជន គ្រប់រូប ដែលមានភាព​ស័ក្ដិសម និងមាន​សមត្ថភាព​ឲ្យ​រៀបចំខ្លួន​បម្រើ​បេសកកម្ម ។ សម្រាប់​យុវជន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា គឺជា​ការ​ទទួលខុសត្រូវ​មួយ​នៃ​បព្វជិតភាព ។ ក្មួយ​ៗ​ជាយុវជន​ត្រូវ​បានបម្រុង​ទុក​សម្រាប់​ជំនាន់នេះ ជាពេល​ដែល​ត្រូវ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​ដូច​ដែលបាន​សន្យា ។…

« សម្រាប់​ក្មួយៗយុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផងដែរ តែ​វាជា​ជម្រើស ទេ ។ … សូមអធិស្ឋាន​ដើម្បី​ដឹងថា តើ​ព្រះអម្ចាស់​នឹងឲ្យ​ក្មួយៗ​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ឆ្លើយតប​ក្នុង​ដួងចិត្ត និង​គំនិត​ក្មួយៗ » ។

សេចក្តីយោង​របស់​ព្យាការី​យើងថា ព្រះអម្ចាស់​បម្រុង​ទុក​យុវវ័យ​នៃ​ជំនាន់​យើងសម្រាប់​គ្រា​នេះ​ដើម្បីប្រមូល​ផ្ដុំ​អ៊ីស្រាអែល ហើយ​លោក​ក៏អញ្ជើញ​ឲ្យ​អធិស្ឋាន​ដើម្បី​ដឹង​ពីអ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ក្មួយៗ​ធ្វើ ដែល​សេចក្ដីយោង​នោះគឺ​សំដៅ​លើ​ជីវិត​ដែល​ក្មួយៗ​បាន​រស់​នៅ និង​ពរជ័យ ដែល​ក្មួយៗ​បាន​ទទួល​ពី​ព្រះ មុនពេល​ក្មួយៗ​កើត​មក​លើ​ផែនដី​នេះ ។  យើង​ទាំងអស់​គ្នា​បានរស់​នៅជា​មួយ​ព្រះវរបិតាសួគ៌​ក្នុង​នាមជា​កូន​វិញ្ញាណ​របស់​ទ្រង់ពីមុន​កើត​មកលើ​ផែនដី​នេះ ។ ព្រះអម្ចាស់ បានប្រកាស​ទៅកាន់​ម៉ូសេ​ថា « ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បង្កើត​គ្រប់​របស់​ទាំង​អស់​… ខាង​វិញ្ញាណ មុន​មាន​របស់​ទាំង​នោះ​នៅ​លើ​ផែនដី​តាម​ធម្មជាតិ » ។

នៅពេល​ទ្រង់​បង្កើត​វិញ្ញាណ​ក្មួយៗ នោះ​ទ្រង់​ស្រឡាញ់​ក្មួយៗ​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ហើយ​បាន​បង្កប់​នៅ​ក្នុងខ្លួន​ក្មួយៗ​នូវ​និស្ស័យ​ដ៏​ទេវភាព និង​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច​ ។

ក្នុង​អំឡុង​ជីវិត​មុន​ផែនដី​នេះ ក្មួយៗ​« បាន​អភិវឌ្ឍ​អត្តសញ្ញាណ​[របស់​ក្មួយៗ] និង​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​[របស់​ក្មួយៗ] » ។ ក្មួយៗ​ត្រូវ​បាន​ប្រទានពរនូវ​អំណោយ​នៃ​សិទ្ធិ​ជ្រើសរើស លទ្ធភាព​ជ្រើសរើស​សម្រាប់​ខ្លួនឯង ហើយ​ក្មួយៗ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ ដូចជា​ការ​សម្រេច​ចិត្ត​ធ្វើ​តាម​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​ដែល « ទទួល​បាន​រូបកាយ និង​បទ​ពិសោធន៍​លើ​ផែនដី​ដើម្បី​រីកចម្រើន … ហើយ​ទីបំផុត​សម្រេច​បាន​ជោគវាសនា​ដ៏ទេវភាព [ របស់​ក្មួយៗ ] ក្នុង​នាម​ជាអ្នក​ស្នង​មរតក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ។ ការ​សម្រេច​ចិត្ដ​នេះ​មាន​ឥទ្ធិពល​ដល់​ជីវិត​ក្មួយៗ​នាពេល​នោះ​នៅក្នុង​ជីវិត​មុន​ផែនដី ហើយ​វា​បន្ត​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​ក្មួយៗ​នាពេល​នេះ ។ ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ​ដែល​រស់​នៅ​ក្នុង​ជីវិត​មុន​ផែនដី​ក្មួយៗ « ចម្រើន​បញ្ញា ហើយ​រៀន​ស្រឡាញ់​សេចក្ដី​ពិត » ។

មុន​ពេល​ក្មួយៗ​កើត​មក ព្រះ​បាន​តែងតាំង​ក្មួយ​ម្នាក់ៗ​ឲ្យ​បំពេញ​បេសកកម្ម​ជាក់លាក់​ក្នុង​ជីវិត​រមែង​ស្លាប់​នៅ​លើ​ផែនដី ។ បើ​ក្មួយៗ​បន្ត​មានភាព​ស័ក្តិសម នោះ​ពរជ័យ​ក្នុង​ជីវិតមុន​ផែនដី​នោះអាច​ធ្វើ​ឲ្យ​ក្មួយ មាន​ឱកាស​គ្រប់​យ៉ាង​ក្នុង​ជីវិត​នេះ រួម​ទាំង​ឱកាស​ដើម្បី​បម្រើ​ក្នុង​សាសនាចក្រ និង​ចូល​រួម​ក្នុង​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​កើត​ឡើង​នៅលើ​ផែនដី​សព្វ​ថ្ងៃ​នេះគឺ ៖ ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល ។  ការសន្យា​ក្នុង​ជីវិត​មុន​ផែនដី​នេះ និង​ពរជ័យ​នានា​គឺត្រូវ​បាន​ហៅថា​ការតែងតាំង​ពី​មុន​កំំណើត​លោកិយ​ ។ « គោលលទ្ធិ​នៃ​ការតែងតាំង​ពី​មុន​កំណើត​លោកិយ អនុវត្ត​ចំពោះ​សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ » ។ ការតែងតាំង​ពី​មុន​កំណើត​លោកិយ​មិន​បាន​ធានា​ថា ក្មួយៗ​នឹង​ទទួល​បាន​នូវ​ការហៅ​បម្រើ​ឬ​ការ​ទទួល​ខុស​ត្រូវជាក់លាក់​ណាមួយ​ឡើយ ។ ពរជ័យ និង​ឱកាស​នានា​កើត​មាន​ក្នុង​ជីវិត​នេះ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ដ៏​សុចរិត​របស់​ក្មួយៗ ក៏ដូចជា​ការតែងតាំង​ពី​មុន​ជីវិត​មុន​ផែនដី​របស់​ក្មួយៗ ដែលជា​លទ្ធផល​នៃ​សេចក្តី​សុចរិត​ផង​ដែរ ។ នៅពេល​ក្មួយៗ​បង្ហាញ​ថា​មាន​ភាព​ស័ក្តិសម ហើយ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា នោះ​ក្មួយៗ​នឹង​ទទួល​បាន​ឱកាស​ដើម្បី​បម្រើ​នៅ​ក្នុង​ថ្នាក់​យុវនារី ឬ​កូរ៉ុម​បព្វជិតភាព។ ក្មួយៗ​នឹង​ទទួល​បាន​ពរជ័យ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ក្លាយ​ជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្តល់​ការ​ងារ​បម្រើ ហើយ​បម្រើ​បេសកកម្ម​ក្នុង​នាមជា​សិស្ស​របស់​ព្រះយេ​ស៊ូវគ្រីស្ទ ។

ហេតុអ្វី​ក៏​ការ​ស្វែង​យល់ និង​ការស្គាល់​អំពី​ការ​តែងតាំង​ពីមុន​កំណើត​លោកិយ​របស់​ក្មួយៗ​ជា​រឿង​សំខាន់ ? នៅថ្ងៃ​ដែល​មាន​សំណួរ​ច្រើន ហើយនៅ​ពេល​ដែល​មនុស្ស​ជាច្រើន​ស្វែងស្គាល់​អត្តសញ្ញាណ​ពិត​របស់​ពួកគេ នោះ​វានាំមក​នូវ​ភាព​សុខសាន្ត និង​ការអះអាង​ក្នុង​ដួងចិត្ត និង​គំនិត​របស់​យើង ពេល​ដឹងថា​ថា​ព្រះ​ទ្រង់​ជ្រាប និង​ប្រទានពរ​ដល់​យើង​ម្នាក់ៗ​មុនពេល​យើង​ម្នាក់ៗ​បានកើត​មក​លើ​ផែនដី​នេះ​នូវ « លក្ខណៈ​ពិសេស [ នានា ] នៃ … អត្តសញ្ញាណ និង​គោលបំណង​នៃ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច » ។ ការដឹងថា​ក្មួយៗ​ជានរណា ចាប់ផ្តើម​ពី​ចំណេះដឹង​អំពី​ពរជ័យ​នៃ​ការ​តែងតាំង​ពីមុន​កំណើត​លោកិយ៍ ដែល​ព្រះ​បាន​ប្រគល់​ដល់​ក្មួយៗមុន​ពេល​ក្មួយៗ​កើត​នៅលើ​ផែនដី​នេះ ។ ព្រះវរបិតាសួគ៌​យើង​មាន​ព្រះទ័យ​ចង់​បើក​សម្តែង​ទៅកាន់​ក្មួយៗ​នូវ​ការតែងតាំង​ពីមុន​កំណើត​លោកិយ៍​របស់​ក្មួយៗ ហើយ​ទ្រង់​នឹង​ធ្វើ​ការណ៍​នេះ​នៅពេល​ក្មួយៗ​ស្វែងយល់ និង​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់ ។

ខ្ញុំ​ចូលចិត្ត​អាន​ការចុះផ្សាយ​នៅ​ក្នុង Instagram របស់​ប្រធាន ណិលសុន ។ ការចុះ​ផ្សាយ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្តជាងគេ គឺនៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ។ លោក​បាន​សរសេរ​ថា ៖

« ខ្ញុំ​ជឿថា បើ​ព្រះអម្ចាស់​មានបន្ទូល​ទៅកាន់​ក្មួយៗ​ដោយ​ផ្ទាល់​នៅ​រាត្រី​នេះ រឿង​ដំបូង​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ក្មួយៗ​យល់​នោះ​គឺ ​អត្តសញ្ញាណ​ពិត​របស់​ក្មួយៗ ។ ឱ ! ក្មួយៗ​ជា​ទីស្រឡាញ់ ក្មួយៗ​គឺជា​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​ដ៏ពិត ។…

« … ចូរ​កុំ​យល់ខុស​ពីវា​ឡើយ ៖ សក្ដានុពល​របស់​ក្មួយៗ​គឺ​ទេវភាពណាស់ ។ ព្រះ​នឹង​បំភ្លឺ​គំនិត​ក្មួយ​អំពី​បុគ្គល​ដែល​ក្មួយ​នឹង​ប្រែក្លាយ តាមការ​ខិតខំ​ដ៏ឧស្សាហ៍​របស់​ក្មួយ » ។

តើ​ខ្ញុំ​អាច​ចែកចាយ​នឹងក្មួយៗ​ពីរបៀប​ដែល​ឪពុក​លើ​ផែនដី​របស់​ខ្ញុំ​បានបង្រៀន​ខ្ញុំ​ឲ្យ​រក​ឃើញ​អត្តសញ្ញាណ​និង​ផែនការ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​បានទេ ?

ពេលខ្ញុំ​កំពុង​កាត់​ស្មៅ​តាម​ធម្មតា នៅព្រឹក​ថ្ងៃសៅរ៍​មួយ កាល​អាយុ ១៣ ឆ្នាំ ។ ពេល​ខ្ញុំ​កាត់​ស្មៅ​ ខ្ញុំ​ឮ​ទ្វារ​បិទ​នៅ​ខាង​ក្រោយ​ផ្ទះ ពេល​ក្រឡេក​មើល​ទៅ​ឃើញ​ឪពុក​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​ទៅ ។ ខ្ញុំ​បាន​ដើរ​ទៅ​រានហាល​ខាងក្រោយ ​គាត់​បាន​ហៅ​ខ្ញុំ​ឲ្យ​អង្គុយ​លើ​កាំជណ្ដើរជាមួយគាត់ ។ វាជា​ព្រឹកព្រលឹម​ដ៏​ស្រស់​ស្រាយ ។ ខ្ញុំ​នៅ​តែ​ចាំ​កាល​គាត់​អង្គុយ​កៀក​ខ្ញុំ​ស្មា​យើង​ប៉ះ​គ្នា ។ គាត់បាន​ចាប់ផ្តើម​ដោយ​ប្រាប់​ខ្ញុំ​ថា​គាត់​ស្រឡាញ់​ខ្ញុំ ។ គាត់​បាន​សួរ​ខ្ញុំ​ថា អ្វី​ជា​គោល​ដៅ​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា « វាជា​ការ​ងាយ​ស្រួល​ទេ » ។ ​ខ្ញុំ​ដឹង​ច្បាស់ថា​មាន​រឿង​ពីរយ៉ាងគឺ ៖ ខ្ញុំ​ចង់​មាន​កម្ពស់​ខ្ពស់ និង​ចង់​ទៅ​បោះ​ជំរំ​ឲ្យ​បាន​កាន់តែ​ញឹកញាប់​ ។ ខ្ញុំ​ជា​មនុស្ស​សាមញ្ញ ។ គាត់​ញញឹម រួចឈប់​មួយ​សន្ទុះ ហើយ​មាន​ប្រសាសន៍​ថា ៖ « ស្ទីវ ប៉ា​ចង់​ចែកចាយ​រឿងមួយ ដែល​មាន​សារៈសំខាន់​សម្រាប់​ប៉ា ។ ប៉ា​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតាសួគ៌​យើង​នឹង​បណ្ដាល​ឲ្យ​អ្វី​ដែល​ប៉ា​និយាយ​ថ្ងៃនេះ​បាន​ដក់ជាប់​ក្នុង​ចិត្ត និង​ព្រលឹង​របស់​កូន​ជានិច្ច​ភ្លេច​មិនបាន​ » ។

គ្រានោះ​ខ្ញុំបាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ឪពុក​ខ្ញុំ​ទាំងស្រុង ។ គាត់​ងាកមក​សម្លឹង​មើលកែវ​ភ្នែក​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា « កូន​ប្រុស​ចូរ​ការពារ​ពេល​វេលា​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​របស់​កូន » ។ គាត់​បាន​ឈប់​មួយ​សន្ទុះ ទុក​ពេល​ឲ្យ​អត្ថន័យ​នោះ​ជ្រួតជ្រាប​ទៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ ។

បន្ទាប់​មក គាត់​បាន​បន្ត​ទៀតថា « កូន​ដឹងទេ នៅ​គ្រា​ដែល​កូន​នៅ​ម្នាក់​ឯង គ្មាន​នរណា​ម្នាក់​ដឹងថា​កូន​កំពុង​ធ្វើ​អ្វី​ទេ ? គ្រា​នោះ ជាពេលដែល​កូន​គិត​ថា ‹ តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ឥឡូវ​នេះ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ទេ វា​ប៉ះពាល់​តែ​ខ្ញុំ​ប៉ុណ្ណោះ › ? »

រួច​គាត់​បាន​មាន​ប្រសាសន៍​ថា « ពេលវេលា​ភាគ​ច្រើន​នៅ​ក្នុង​ជីវិត​កូន អ្វី​ដែល​កូន​ធ្វើ​អំឡុង​ពេល​ឯកជន​របស់​កូន​នឹង​មាន​ឥទ្ធិពលខ្លាំង​បំផុត​ទៅ​លើ​របៀប​ដែល​កូន​ប្រឈម​មុខ​នឹង​បញ្ហា​នានា និង​ការឈឺចាប់​ដែល​កូន​នឹង​ជួប ហើយអ្វី​ដែល​កូន​ធ្វើ​អំឡុង​ពេល​ឯកជន​របស់​កូន ក៏​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​របៀប​ដែល​កូន​ប្រឈម​មុខ​នឹង​ជោគជ័យ និង​ភាព​រីករាយ​ដែល​កូន​នឹង​ជួប​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​កូន » ។

ឪពុក​ខ្ញុំ​បាន​ប្រាប់ពី​បំណង​ប្រាថ្នា​នៃដួងចិត្ត​គាត់ ។ សំឡេង និង​ចង្វាក់​នៃ​សម្តី​គាត់ និង​សេចក្តី​ស្រឡាញ់​ដែល​ខ្ញុំបានទទួល​អារម្មណ៍​តាមពាក្យសម្តី​គាត់ បាន​ដក់ជាប់​ក្នុង​ចិត្ត និង​ព្រលឹង​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។

ខ្ញុំ​បាន​រៀន​ជា​ច្រើន​ឆ្នាំ​មក​ថា អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ថ្ងៃ​អង្គុយ​នៅលើ​កាំជណ្តើរ​ក្នុង​គេហដ្ឋាន​កាលពី​កុមារភាព​នោះគឺ ជា​ពេល​វេលា​ផ្ទាល់ខ្លួន​ក្នុង​ជីវិតខ្ញុំ ដែល​ខ្ញុំ​អាច​ទៅ​រក​ព្រះ​ដោយ​អធិស្ឋាន​ដើម្បី​ទទួល​វិវរណៈ ។ ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំអំ​ពីរបៀប​ដែល​ខ្ញុំ​អាច​រៀន​អំពី​ពរជ័យ​ដែល​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ​របស់​ព្រះ ។ ពេលវេលា​ផ្ទាល់ខ្លួន​ទាំងនោះ ខ្ញុំ​បាន​រៀន​ព្រះគម្ពីរ​មរមន ដែលជា​ព្រះបន្ទូល​របស់​ព្រះ ។ ខ្ញុំ​បាន​រៀន​ថា ព្រះ​បាន​តែងតាំង​ខ្ញុំ​ពីមុន​កំំណើត​លោកិយ៍​ដើម្បី​បម្រើ​បេសកកម្ម ។ ខ្ញុំបាន​រៀន​ថា​ព្រះ​ស្គាល់​ខ្ញុំ ឮ ហើយឆ្លើយ​តប​ការ​អធិស្ឋាន​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​យើង ។

ទោះខ្ញុំ​បាន​ធ្វើខុស​ច្រើន​តាំង​ពីថ្ងៃ​ដ៏គួរ​ឲ្យ​ចងចាំ​ជាមួយ​ឪពុក​ខ្ញុំក្ដី ក៏ការ​ខិតខំ​ការពារ​ពេលវេលា​ផ្ទាល់ខ្លួន​នៃ​ជីវិត​ខ្ញុំ នៅតែ​បន្ត​ជាយុថ្កា​នៅកណ្តាល​ព្យុះ​ជីវិត ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រកបាន​ទីជម្រក​សុវត្ថិភាព និង​ការព្យាបាល ពរជ័យ​នៃ​សេចក្តី​ស្រឡាញ់​និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​កាន់តែ​រឹងមាំ ។

ក្មួយ​ប្រុសស្រី​របស់​ខ្ញុំ​អើយ នៅពេល​ក្មួយៗ​ការពារ​ពេលវេលា​ផ្ទាល់ខ្លួនក្នុង​ជីវិតដោយ​ការ​កម្សាន្ដ​ដ៏​ត្រឹមត្រូវ ការស្តាប់​តន្ត្រី​លើក​តម្កើង អាន​ព្រះគម្ពីរ អធិស្ឋាន​ជា​ទៀងទាត់​ និងដ៏​មាន​អត្ថន័យ ហើយ​ខិតខំ​ទទួល​និង​ជញ្ជឹង​គិត​អំពី​ពរ​លោក​អយ្យកោ​នោះ​ក្មួយៗ​នឹង​ទទួល​បាន​វិវរណៈ ។ នៅក្នុង​ប្រសាសន៍​របស់​ប្រធាន ណិលសុន ក្មួយៗ​នឹង « យល់​ច្បាស់​អំពី​សេចក្ដីពិត​ដែល​ថាជីវិត​នេះ គឺ ពិត​ជា​ពេលវេលា​ដែល​ក្មួយៗ​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ជីវិត​បែបណា​ដែល ក្មួយៗ​ ចង់​រស់នៅ​ជា​រៀង​រហូត​នោះ » ។

ព្រះវរបិតា​យើង​ដែល​គង់​នៅ​ឋានសួគ៌ នឹង​ឆ្លើយតប​ការ​អធិស្ឋាន​របស់​ក្មួយៗ ជាពិសេស​ការអធិស្ឋាន​ដែល​បាន​ទូលសូម​ក្នុង​អំឡុង​ពេល​វេលាផ្ទាល់​ខ្លួនក្នុង​ជីវិត​របស់​ក្មួយៗ ។ ទ្រង់​នឹង​បើក​សម្តែង​អំណោយទាន​និង​ទេព​កោសល្យ​របស់​ក្មួយៗ​ដែល​បាន​តែងតាំង​ពីមុន​កំំណើត​លោកិយ​ហើយ​ក្មួយៗ​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បើក្មួយៗ​ទូលសូម​ដោយ​បំណង​ស្មោះ និង​ចង់ដឹង​ពិត​ប្រាកដ ។ ពេល​ក្មួយៗ​ការពារ​ពេលវេលា​ផ្ទាល់ខ្លួន​នោះ​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ក្មួយៗ នឹង​កាន់តែ​មាន​អត្ថន័យ ។ ក្មួយៗ​នឹង​ចងភ្ជាប់​ខ្លួន​កាន់តែខ្លាំង​ទៅ​នឹង​ព្រះ​នៅក្នុង​សេចក្ដីសញ្ញា​ដែល​ក្មួយៗ​ធ្វើ ហើយ​ក្មួយៗ​នឹង​ត្រូវបាន​លើក​ឡើង ឲ្យ​មាន​សេចក្ដី​សង្ឃឹម សេចក្ដី​ជំនឿ និង​ការធានា​អះអាង​កាន់តែ​ខ្លាំង​ទៅលើ​ការសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹងក្មួយៗ ។ តើ​ក្មួយៗ​ចង់​ដឹង​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​ក្មួយៗ​ដែរ​ឬទេ ? ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ទ្រង់​ចង់​ឲ្យ​ក្មួយៗ​ដឹងថា ទ្រង់​បាន​បំផុស​គំនិត​ព្យាការីឲ្យ​អញ្ជើញ​យើង​ម្នាក់ៗនៅ​ទូទាំង​ពិភពលោក ​ឲ្យ​អធិស្ឋាន ហើយ​ទទួល​បទពិសោធន៍​នៃ​ចំណេះ​ដឹង​ថ្មីៗ​សម្រាប់​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ភាពពិត និង​ព្រះចេស្តា​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង ដែល​ធ្វើ​ឲ្យ​យើង​អាច​រស់នៅ​តាម ហើយ​រីករាយ​នឹង​ពរជ័យ​ទាំងអស់​របស់​ព្រះ​ដែល​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។