« អែលឌើរ ស្ទីវីន ឌី ស៊ាំវ៉េ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ស្ទីវីន ឌី ស៊ាំវ៉េ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ពីរឆ្នាំនៅក្នុងការងាររបស់លោកនៅក្រុមហ៊ុន Exxon Chemical Co. ក្នុងទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក អែលឌើរ ស្ទីវីន ឌី ស៊ាំវ៉េ បានដឹងថាឪពុកម្តាយរបស់លោកត្រូវបានហៅឲ្យធ្វើជាអធិបតីលើបេសកកម្មនៅប្រទេសបូលីវី ហើយត្រូវការជំនួយមើលខុសត្រូវលើអាជីវកម្មគ្រួសារនៅរដ្ឋអារីហ្សូណា ។
ឪពុករបស់លោកបានមានប្រសាសន៍មកកាន់លោកថា « ប៉ាមិនចង់ដាក់សម្ពាធលើកូនឲ្យត្រឡប់មកវិញទេ ។ ប៉ុន្តែ បើកូនមិនត្រឡប់មកវិញទេ ប៉ាបារម្ភពីអ្វីដែលនឹងកើតឡើងចំពោះអាជីវកម្មនេះ » ។
អែលឌើរ ស៊ាំវ៉េ បានមានប្រសាសន៍ថា វាគឺជាការធ្វើការសម្រេចចិត្តដ៏ពិបាកមួយ ។
លោក និងភរិយារបស់លោកបានធ្វើដំណើរប្រាំម៉ោងទៅកាន់ព្រះវិហារបរិសុទ្ធ ដាឡាសតិចសាស ហើយចំណាយពេលមួយថ្ងៃនៅទីនោះដោយពុំទទួលបានចម្លើយសោះឡើយ ។ បន្ទាប់មក ពួកលោកបានទៅមើលបណ្ណាគារ ហើយបានប្រទះឃើញជីវប្រវត្តិរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ដែលមានចំណងជើងថា Go Forward with Faith ។
អែលឌើរ ស៊ាំវ៉េ បានមានប្រសាសន៍ថា « យើងទាំងពីរនាក់បានទទួលអារម្មណ៍ថា ព្រះអម្ចាស់បានមានព្រះបន្ទូលថា ‹ អ្នកត្រូវតែទៅមុខដោយសេចក្តីជំនឿតាមរបៀបរបស់យើង មិនមែនតាមរបៀបរបស់ឯងទេ » ។ « ដូច្នេះហើយ យើងបានផ្លាស់ទៅរដ្ឋ អារីហ្សូណា ដែលវាបានក្លាយជាការផ្លាស់ប្តូរដ៏សំខាន់ និងស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់យើង » ។
អែលឌើរ ស៊ាំវ៉េ បានមានប្រសាសន៍ថា អ្វីដែលល្អបំផុតមួយដែលពួកលោកបានរៀនក្នុងអាពាហ៍ពិពាហ៍របស់ពួកលោកគឺ « ពេលអ្នកទទួលយកការអញ្ជើញរបស់ [ ព្រះអម្ចាស់ ] នោះអ្នកនឹងរីកចម្រើន ។ អ្នករីកចម្រើន ។ អ្វីៗគឺល្អប្រសើរជាងពេលដែលអ្នកព្យាយាមធ្វើតាមមាគ៌ារបស់ខ្លួនឯងទៅទៀត » ។
អែលឌើរ ស្ទីវីន ឌី ស៊ាំវ៉េ កើតនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៧០ នៅទីក្រុង ស្ព្រីងវៀល រដ្ឋអារីហ្សូណា ស.រ.អា.ជាកូនរបស់លោក វីលហ្វដ ដូហ្គាស និងលោកស្រី ឌីហ្សី អាន ស៊ាំវ៉េ ហើយបានធំធាត់នៅទីក្រុង អេកហ្គឺ រដ្ឋអារីហ្សូណា ។ លោកបានរៀបការនឹង ហេឌី អូប្រៀន នៅព្រះវិហារបរិសុទ្ធសលត៍ លេក នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៤ ។ ពួកលោកជាឪពុកម្តាយដែលមានកូនបួននាក់ ហើយរស់នៅទីក្រុង ផិនថប រដ្ឋអារីហ្សូណា ។
អែលឌើរ ស៊ាំវ៉េ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគីមី មកពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ ឆ្នាំ ១៩៩៦ បានបម្រើការឲ្យក្រុមហ៊ុន Exxon Chemical Co. ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ហើយបានធ្វើជាប្រធាន និង នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Whiting Brothers Investment Co. ចាប់តាំងពីឆ្នាំ ១៩៩៨ ។
នៅពេលដែលលោកត្រូវបានហៅនោះ លោកកំពុងតែបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ។ លោកបានបម្រើជាប្រធានបេសកកម្ម ឈីកាហ្គោ អិលលីណោយ ជាប្រធានស្តេក ជាប៊ីស្សព ជាប្រធានកូរ៉ុមអែលឌើរ ជាគ្រូបង្រៀនរៀបចំបេសកកម្មស្តេក និងជាគ្រូបង្រៀនថ្នាក់រៀបចំខ្លួនទៅបម្រើបេសកកម្មពេញម៉ោងនៅក្នុងបេសកកម្ម ហ្វីឡាដែលហ្វ្យ៉ា ផេនសលវេញ៉ា ។