លីអាហូណា
អែលឌើរ សាន់ឌីណូ រ៉ូមេន
ខែ ឧសភា ឆ្នាំ ២០២៤


« អែលឌើរ សាន់ឌីណូ រ៉ូមេន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

អែលឌើរ សាន់ឌីណូ រ៉ូមេន

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ សាន់ឌីណូ រ៉ូមេន ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាល​ពី​ក្មេង ។ រៀងរាល់​ថ្ងៃ​អាទិត្យ មិត្តភក្តិ​របស់​ម្តាយ​លោក​បាន​នាំ​លោក និង​បងស្រី​លោក​ទៅជួប​ជាមួយ​សមាជិក ១៥ នាក់​ផ្សេង​ទៀត​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​សាលា​ប្រជុំ​តូច​មួយ​ក្នុង​ប្រទេស​ម៉ិកស៊ិក ។ 

កុមារ​អាយុ​ប្រាំ​ឆ្នាំ​នេះ​បាន​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​គ្រួសារ​របស់​លោក​ប្រែចិត្តជឿ​លើ​ដំណឹងល្អ ។ ពីរ​ឆ្នាំ​ក្រោយ​មក ម្ដាយ​ឪពុក​របស់​លោក​បាន​ទទួល​បុណ្យជ្រមុជទឹក ។ មួយ​ឆ្នាំ​បន្ទាប់ពី​នោះ ឪពុក​របស់​លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​លោក ។ អែលឌើរ រ៉ូមេន បាន​មាន​ប្រសាសន៍​ថា « សម្រាប់​ហេតុផល​នោះ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​ស្ដាប់ឮ​ការអធិស្ឋាន​របស់​កូន​ក្មេង » ។

ការឱបក្រសោប​យក​ដំណឹងល្អ និង​ការបម្រើ​ក្នុង​សាសនាចក្រ​បាន​ផ្លាស់ប្តូរ​គ្រួសារ​របស់​លោក ។ អែលឌើរ រ៉ូមេន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បានឃើញ​លទ្ធផល​ចុងក្រោយ ដែល​ដំណឹងល្អ​នាំមក​ក្នុង​ជីវិត​ជា​ច្រើន » ។ « ខ្ញុំ​ដឹង​ថា​ដំណឹងល្អ​នាំមក​នូវ​សុភមង្គល និង​ក្តី​សង្ឃឹម » ។

សាន់ឌីណូ រ៉ូមេន បាន​កើត​នៅ​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៩៧៣ ជា​កូន​របស់ លីឌា ខូរ៉ាល និង ប្រូមេតេអូ រ៉ូមេន នៅទីក្រុង អ៊ីហ្គូឡា ហ្គូរ៉ែរ៉ូ នៃ​ប្រទេស​ម៉ិចស៊ិក ។ ខណៈ​កំពុង​លេង​នៅ​ក្រុម​បាល់ទះ​នៃ​វិទ្យាល័យ បេនីមេរីតូ ដឺ ឡាស អាមេរិក ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ រ៉ូមេន បាន​ជួបនឹង ហ្គាដាលូប៉េ វៀនូអេវ៉ា រ៉ូហ្សាស ។ ពួក​លោក​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​ម៉ិកស៊ីកូ ស៊ីធី ម៉ិកស៊ិក នៅ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ។ ពួកលោក​មាន​កូន​បួន​នាក់ ។

អែលឌើរ រ៉ូមេន បាន​ទទួល​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​កុំព្យូទ័រ​ពី ITESM ( វិទ្យាស្ថាន​បច្ចេកវិទ្យា ម៉ុងតេរី និង​ឧត្តមសិក្សា ) ក្នុង​ឆ្នាំ ២០០០ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​មកពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុង​ឆ្នាំ ២០០៦ ។ លោក​បាន​ធ្វើការ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន ចនសុន & ចនសុន និង​ធ្វើការ​ឲ្យ​សាសនាចក្រ​ជា​អ្នកគ្រប់គ្រង​ការិយាល័យ​សេវាកម្ម​គាំទ្រ​តំបន់​ម៉ិកស៊ិក ។

នៅពេល​នៃ​ការហៅ​របស់​លោក លោក​និង​ភរិយា​របស់​លោក​កំពុង​បម្រើ​ជា​អ្នកដឹកនាំ​បេសកកម្ម អេក្វាឌ័រ គីតូ ខាង​ជើង ។ អែលឌើរ រ៉ូមេន ក៏​បានបម្រើ​ជា​ពួក​ចិតសិប​ប្រចាំ​តំបន់ ជា​ទីប្រឹក្សា​គណៈប្រធាន​ស្តេក ជា​ប៊ីស្សព ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ប្រធាន​កូរ៉ុម​អែលឌើរ ។

អែលឌើរ រ៉ូមេន បាន​មាន​ប្រសាសន៍​ថា គោលបំណង​ចម្បង​របស់​លោក​ក្នុង​ជីវិត មិន​ថា​នៅ​កន្លែង​ណា​ដែល​លោក​បម្រើ​នោះ​ទេ គឺ​ដើម្បីទទួល​បាន​ទំនុកចិត្ត​ពី​ព្រះអម្ចាស់ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ចង់​ឲ្យ​ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្តលើ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ » ។

បោះពុម្ព