សេចក្ដីសញ្ញា និងការទទួលខុសត្រូវ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្គាល់ជាព្រះវិហារមួយដែលសង្កត់ធ្ងន់ទៅលើការធ្វើសេចក្ដីសញ្ញាជាមួយព្រះ ។
« តើព្រះវិហាររបស់អ្នកខុសពីព្រះវិហារផ្សេងទៀតយ៉ាងដូចម្តេច ? » ចម្លើយរបស់ខ្ញុំចំពោះសំណួរដ៏សំខាន់នេះប្រែប្រួល ពេលខ្ញុំមានវ័យចាស់ទុំ និងពេលសាសនាចក្ររីកចម្រើនឡើង ។ នៅពេលខ្ញុំកើតក្នុងរដ្ឋយូថាហ៍នាឆ្នាំ ១៩៣២ សមាជិកភាពសាសនាចក្ររបស់យើងមានតែខ្ទង់ ៧០០,០០០ នាក់ប៉ុណ្ណោះ ដែលភាគច្រើនមាននៅរដ្ឋយូថាហ៍ និងរដ្ឋក្បែរៗ ។ នៅគ្រានោះ យើងមានព្រះវិហារបរិសុទ្ធតែ ៧ ប៉ុណ្ណោះ ។ សព្វថ្ងៃនេះ សមាជិកភាពនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានចំនួនជាង ១៧ លាននាក់ នៅក្នុងប្រជាជាតិ ប្រមាណជា ១៧០ ។ គិតត្រឹមថ្ងៃទី១ ខែ មេសា នេះ យើងមានព្រះវិហារបរិសុទ្ធដែលឧទ្ទិសឆ្លងរួចចំនួន ១៨៩ នៅក្នុងប្រជាជាតិជាច្រើន និង ១៤៦ ទៀតនៅក្នុងគម្រោង និងការសាងសង់ ។ ខ្ញុំទទួលអារម្មណ៍ឲ្យនិយាយអំពីគោលបំណងនៃព្រះវិហារបរិសុទ្ធទាំងនេះ និងប្រវត្តិ និងតួនាទីនៃសេចក្ដីសញ្ញានៅក្នុងការថ្វាយបង្គំរបស់យើង ។ នេះនឹងបន្ថែមទៅលើការបង្រៀនដ៏បំផុសគំនិតរបស់អ្នកថ្លែងសុន្ទរកថាមុនៗ ។
I.
សេចក្ដីសញ្ញាគឺជាការប្ដេជ្ញាចិត្តដើម្បីបំពេញទំនួលខុសត្រូវជាក់លាក់ ។ ការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនមានសារៈសំខាន់ចំពោះលំនឹងនៃជីវិតយើងរៀងៗខ្លួន និងដំណើរការក្នុងសង្គម ។ បច្ចុប្បន្ននេះ គោលគំនិតនេះកំពុងតែមានបញ្ហាប្រឈម ។ សំឡេងភាគតិចស្រែកប្រឆាំងនឹងសិទ្ធិអំណាចស្ថាប័ន ហើយទាមទារថា បុគ្គលម្នាក់ៗគួរតែមានសេរីភាពពីការដាក់កំហិតនានា ដែលរឹតត្បិតដល់សិទ្ធិសេរីភាពពួកគេ ។ ប៉ុន្តែយើងដឹងមកពីបទពិសោធន៍រាប់ពាន់ឆ្នាំថា មនុស្សលះបង់សេរីភាពបុគ្គលមួយចំនួនដើម្បីទទួលបានអត្ថប្រយោជន៍រស់នៅក្នុងសហគមន៍ដែលបានរៀបចំមួយ ។ ការលះបង់សិទ្ធិសេរីភាពជាបុគ្គលនេះគឺផ្អែកជាចម្បងទៅលើការប្ដេជ្ញាចិត្ត ឬសេចក្ដីសញ្ញា តាមន័យត្រង់ ឬន័យបង្កប់ ។
នេះគឺជាគំរូមួយចំនួននៃទំនួលខុសត្រូវក្នុងសេចក្ដីសញ្ញានៅក្នុងសង្គមរបស់យើង ៖ ( ១ ) ចៅក្រម ( ២ ) យោធា ( ៣ ) បុគ្គលិកផ្នែកវេជ្ជសាស្ដ្រ និង( ៤ ) អ្នកពន្លត់អគ្គិភ័យ ។ អស់អ្នកដែលមានអាជីពស្រដៀងគ្នានេះធ្វើការប្ដេជ្ញាចិត្ត—ជាញឹកញាប់ ដោយសម្បថ ឬសេចក្ដីសញ្ញា—ថានឹងបំពេញកាតព្វកិច្ចដែលបានចាត់តាំងរបស់ពួកគេ ។ ការណ៍ដដែលនេះគឺជាការពិតចំពោះពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់យើង ។ សម្លៀកបំពាក់ ឬស្លាកឈ្មោះពិសេសនោះ គឺចង់ផ្ដល់ជាទីសម្គាល់ថា អ្នកពាក់នោះស្ថិតក្រោមសេចក្ដីសញ្ញា ហេតុដូច្នេះហើយ ពួកគេមានកាតព្វកិច្ចដើម្បីបង្រៀន និងបម្រើ ហើយគួរតែត្រូវបានគាំទ្រនៅក្នុងការបម្រើនោះ ។ គោលបំណងពាក់ព័ន្ធមួយ គឺដើម្បីរំឭកដល់អ្នកពាក់វានោះអំពីទំនួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់ពួកគេ ។ វាគ្មានវេទមន្ដអ្វីនៅក្នុងសម្លៀកបំពាក់ ឬនិមិត្តសញ្ញារបស់ពួកគេទេ វាគ្រាន់តែជាការរំឭកដ៏ចាំបាច់ដល់អ្នកពាក់វានោះអំពីការទទួលខុសត្រូវពិសេសរបស់ពួកគេតែប៉ុណ្ណោះ ។ នេះក៏ជាការពិតនៃនិមិត្តសញ្ញានៃការភ្ជាប់ពាក្យ និងចិញ្ជៀនអាពាហ៍ពិពាហ៍ និងតួនាទីវាក្នុងការផ្ដល់កំណត់សម្គាល់ដល់អ្នកសង្កេតមើល ឬជាការរំឭកដល់អ្នកពាក់ អំពីទំនួលខុសត្រូវក្នុងសេចក្ដីសញ្ញាផងដែរ ។
II.
អ្វីដែលខ្ញុំបាននិយាយអំពីសេចក្ដីសញ្ញា ដែលជាគ្រឹះមួយសម្រាប់លំនឹងជីវិតរបស់បុគ្គលម្នាក់ៗ គឺអនុវត្តជាពិសេសចំពោះសេចក្ដីសញ្ញាខាងសាសនា ។ មូលដ្ឋានគ្រឹះ និងប្រវត្តិនៃទំនាក់ទំនង និងកិច្ចតម្រូវខាងសាសនាជាច្រើនគឺផ្អែកទៅលើសេចក្ដីសញ្ញា ។ ឧទាហរណ៍ សេចក្ដីសញ្ញាអ័ប្រាហាំគឺជាមូលដ្ឋានគ្រឹះនៃប្រពៃណីសាសនាធំៗជាច្រើន ។ វាណែនាំអំពីគំនិតបរិសុទ្ធនៃការសន្យាក្នុងសេចក្ដីសញ្ញារបស់ព្រះជាមួយនឹងបុត្រាបុត្រីទ្រង់ ។ ព្រះគម្ពីរសញ្ញាចាស់ យោងទៅលើសេចក្ដីសញ្ញារបស់ព្រះជាមួយនឹងអ័ប្រាហាំ និងពូជរបស់លោកជារឿយៗ ។
ផ្នែកដំបូងនៃព្រះគម្ពីរមរមន ដែលបានសរសេរនៅអំឡុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ គឺបង្ហាញយ៉ាងច្បាស់ពីតួនាទីនៃសេចក្ដីសញ្ញានៅក្នុងប្រវត្តិសាស្ដ្រ និងការថ្វាយបង្គំរបស់ពួកសាសន៍អ៊ីស្រាអែល ។ នីហ្វៃត្រូវបានប្រាប់ថា ការសរសេររបស់សាសន៍អ៊ីស្រាអែលនៅជំនាន់នោះគឺជា « បញ្ជីមួយរបស់ពួកសាសន៍យូដា ដែលមានសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើជាមួយនឹងវង្សអ៊ីស្រាអែល » ។ គម្ពីរនីហ្វៃធ្វើសេចក្ដីយោងជាញឹកញាប់ទៅកាន់សេចក្ដីសញ្ញាអ័ប្រាហាំ និងអ៊ីស្រាអែលថាជា « រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ » ។ ការអនុវត្តនៃការចុះសេចក្ដីសញ្ញាជាមួយព្រះ ឬអ្នកដឹកនាំខាងសាសនាក៏ត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ដែលសរសេរអំពីនីហ្វៃ យ៉ូសែបនៅស្រុកអេស៊ីព្ទ ស្ដេចបេនយ៉ាមីន អាលម៉ា និងមេទ័ពមរ៉ូណៃផងដែរ ។
III.
កាលគ្រានៃការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានមកដល់ នោះព្រះបានហៅព្យាការីម្នាក់ឈ្មោះ យ៉ូសែប ស៊្មីធ ។ យើងមិនដឹងពីខ្លឹមសារពេញលេញនៃការណែនាំដំបូងរបស់ទេវតាមរ៉ូណៃ ទៅកាន់ព្យាការីវ័យក្មេងដែលមានភាពចាស់ទុំនេះទេ ។ តែយើងដឹងថា ទ្រង់មានបន្ទូលប្រាប់យ៉ូសែបថា « ព្រះទ្រង់មានកិច្ចការឲ្យ [ លោក ] ធ្វើ » ហើយថា « ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ត្រូវតែនាំចេញមក រួមទាំង « សេចក្ដីសន្យា ដែលបានធ្វើដល់ពួកឪពុក » ផងដែរ ។ យើងក៏ដឹងផងដែរថា ព្រះគម្ពីរដែលយុវជនយ៉ូសែបបានអានយ៉ាងច្រើនបំផុត—គឺតាំងពីមុនលោកត្រូវបានដឹកនាំឲ្យរៀបចំសាសនាចក្រទៅទៀត—គឺបានបង្រៀនជាច្រើនអំពីសេចក្ដីសញ្ញា ដែលលោកកំពុងបកប្រែនៅក្នុងព្រះគម្ពីរមរមន ។ គម្ពីរនោះគឺជាប្រភពដ៏សំខាន់នៃការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អ រួមទាំងផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ហើយវាត្រូវបានបំពេញយោងតាមសេចក្ដីសញ្ញានានា ។
ដោយបានអានយ៉ាងច្រើនក្នុងព្រះគម្ពីរប៊ីប នោះយ៉ូសែបប្រាកដជាបានដឹងអំពីសេចក្ដីយោងនៃគម្ពីរហេព្រើរអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះដើម្បី « តាំងសញ្ញាថ្មីដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល និងពួកយូដា » ។ គម្ពីរហេព្រើរក៏យោងទៅព្រះយេស៊ូវថាជា « អ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី » ផងដែរ ។ ជាពិសេស ដំណើររឿងព្រះគម្ពីរប៊ីបអំពីការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះមានចំណងជើងថា « ព្រះគម្ពីរសញ្ញាថ្មី » ជាពាក្យមានន័យស្ទើរតែដូចគ្នានឹងពាក្យ « សេចក្ដីសញ្ញាថ្មី » ដែរ ។
សេចក្ដីសញ្ញាគឺជាមូលដ្ឋានគ្រឹះនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ ។ ការណ៍នេះគឺស្ដែងយ៉ាងច្បាស់នៅដំណាក់កាលដំបូង ដែលព្រះអម្ចាស់បានដឹកនាំព្យាការីឲ្យរៀបចំសាសនាចក្ររបស់ទ្រង់ ។ ពេលព្រះគម្ពីរមរមនបានបោះពុម្ពហើយភ្លាម ព្រះអម្ចាស់បានដឹកនាំការរៀបចំសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ភ្លាមៗ រួចដាក់ឈ្មោះថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ វិវរណៈដែលបានកត់ត្រានៅខែ មេសា ឆ្នាំ ១៨៣០ ណែនាំថា បុគ្គល « នឹងបានទទួលឲ្យទទួលបុណ្យជ្រមុជទឹកចូលសាសនាចក្ររបស់ទ្រង់ » បន្ទាប់ពីពួកគេ « ធ្វើបន្ទាល់ » ( មានន័យថាថ្លែងទីបន្ទាល់យ៉ាងមុតមាំ ) « ថា ពួកគេប្រាកដជាបានប្រែចិត្តចំពោះអំពើបាបរបស់ពួកគេទាំងអស់ ហើយយល់ព្រមលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត » » ។
វិវរណៈដដែលនេះណែនាំថា សាសនាចក្រត្រូវ « ជួបជុំគ្នាជាញឹកញាប់ ដើម្បីទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ [ ទឹក ] ដោយនូវការចងចាំពីព្រះអម្ចាស់យេស៊ូវ » ។ សារៈសំខាន់នៃពិធីបរិសុទ្ធនេះ គឺស្ដែងឲ្យឃើញនៅក្នុងពាក្យពេចន៍នៃសេចក្ដីសញ្ញានានា ដែលបានបញ្ជាក់ជាពិសេសសម្រាប់ពួកអែលឌើរ ឬសង្ឃដែលធ្វើពិធី ។ ទ្រង់ប្រទានពរដល់នំប៉័ងសម្រាប់ « ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទាននំប៉័ងនេះ … ប្រយោជន៍ឲ្យពួកគេ … ធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ ថាពួកគេនឹងព្រមលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ ហើយចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានប្រទានដល់ពួកគេ » ។
តួនាទីដ៏សំខាន់នៃសេចក្ដីសញ្ញានៅក្នុងសាសនាចក្រដែលទើបតែស្ដារឡើងវិញថ្មីៗត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងបុព្វកថា ដែលព្រះអម្ចាស់ប្រទានសម្រាប់ការបោះពុម្ពវិវរណៈរបស់ទ្រង់ជាលើកដំបូង ។ នៅទីនោះ ព្រះអម្ចាស់ប្រកាសថា ទ្រង់បានហៅ យ៉ូសែប ស៊្មីធ ដោយសារប្រជាជននៅលើផែនដីនេះ « បានវង្វេងចេញពីក្រឹត្យក្រមរបស់យើង ហើយបានបំបាក់សេចក្ដីសញ្ញារបស់យើងដែលនៅអស់កល្បជានិច្ច » ។ វិវរណៈនេះពន្យល់បន្ថែមថា ព្រះបញ្ញត្តិរបស់ទ្រង់ត្រូវបានប្រទានមក « ដើម្បីឲ្យសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចរបស់យើងអាចបានតាំងឡើង » ។
ថ្ងៃនេះ យើងយល់អំពីតួនាទីនៃសេចក្ដីសញ្ញានៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ និងការថ្វាយបង្គំរបស់សមាជិក ។ ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី បានសង្ខេបអំពីឥទ្ធិពលនៃពិធីបុណ្យជ្រមុជទឹក និងការទទួលទានសាក្រាម៉ង់ប្រចាំសប្ដាហ៍របស់យើងដូចនេះថា ៖ « សមាជិកគ្រប់រូបនៃសាសនាចក្រនេះ ដែលចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក បានក្លាយជាភាគីមួយចំពោះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ រាល់ពេលដែលយើងទទួលទានសាក្រាម៉ង់នៃអាហារចុងក្រោយរបស់ព្រះអម្ចាស់ យើងរំឭកសេចក្ដីសញ្ញានោះឡើងវិញ » ។
យើងត្រូវបានរំឭកដោយអ្នកថ្លែងសុន្ទរកថាជាច្រើននៅសន្និសីទនេះថា ប្រធាន រ័សុល អិម ណិលសុន តែងតែយោងទៅ « ផ្លូវនៃសេចក្ដីសញ្ញា »ដែល « នាំយើងទៅរក [ ព្រះ ] វិញ » និង « អំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ » ។ លោកបង្រៀនអំពីសារៈសំខាន់នៃពីធីការនៃសេចក្ដីសញ្ញានៅក្នងព្រះវិហារបរិសុទ្ធ ហើយជម្រុញយើងឲ្យមើលឃើញទីបញ្ចប់តាំងពីពេលចាប់ផ្ដើម និង « គិតដល់សេឡេស្ទាល » ។
IV.
ឥឡូវនេះ ខ្ញុំសូមនិយាយបន្ថែមទៀតអំពីសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ ។ នៅក្នុងការបំពេញតាមការទទួលខុសត្រូវរបស់លោកដើម្បីស្ដារភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ នោះព្យាការី យ៉ូសែប ស៊្មីធ បានចំណាយពេលជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតលោក ដើម្បីដឹកនាំការសាងសង់ព្រះវិហារបរិសុទ្ធនៅណៅវូ រដ្ឋអិលលីណោយ ។ តាមរយៈលោក ព្រះអម្ចាស់បានបើកសម្ដែងការបង្រៀន គោលលទ្ធិ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋជាច្រើនសម្រាប់អ្នកស្នងពីលោក ដើម្បីបម្រើក្នុងព្រះវិហារបរិសុទ្ធ ។ នៅទីនោះ សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋត្រូវបានបង្រៀនអំពីផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ និងត្រូវបានអញ្ជើញឲ្យចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ អស់អ្នកដែលបានរស់នៅដោយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងនោះទទួលបានការសន្យាជីវិតដ៏នៅអស់កល្បជានិច្ច ដែល « គ្រប់ទាំងអស់ជារបស់ផងពួកគេ » ហើយពួកគេ « នឹងអាស្រ័យនៅក្នុងវត្តមាននៃព្រះ និងព្រះគ្រីស្ទរបស់ទ្រង់នៅអស់កល្បជានិច្ច និងរៀងដរាបតទៅ » ។
ពិធីការអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធណៅវូ ត្រូវបានធ្វើការបម្រើ ពីមុនអ្នកត្រួសត្រាយផ្លូវជំនាន់ដើមរបស់យើងត្រូវបានគេបង្ខំឲ្យចាប់ផ្ដើមដំណើរជាប្រវត្តិសាស្ដ្ររបស់ពួកគេទៅកាន់តំបន់ភ្នំនៅភាគខាងលិច ។ យើងមានទីបន្ទាល់របស់អ្នកត្រួសត្រាយផ្លូវទាំងនោះ ថាអំណាចដែលពួកគេបានទទួលមកពីការចងភ្ជាប់ទៅនឹងព្រះគ្រីស្ទនៅក្នុងអំណោយទានពិសិដ្ឋនៅព្រះវិហារបរិសុទ្ធណៅវូ បានផ្ដល់កម្លាំងដល់ពួកគេ ឲ្យធ្វើដំណើរដ៏ក្លាហាន ហើយតាំងទីលំនៅរបស់ពួកគេនៅភាគខាងលិច ។
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ទទួលខុសត្រូវលើការពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ជាសម្លៀកបំពាក់ដែលពុំបង្ហាញឲ្យឃើញ ដោយសារវាពាក់នៅខាងក្រោមសម្លៀកបំពាក់ខាងក្រៅ ។ វារំឭកសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋអំពីសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដែលពួកគេបានចុះ និងពរជ័យដែលពួកគេត្រូវបានសន្យានៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ។ ដើម្បីសម្រេចបានគោលបំណងដ៏បរិសុទ្ធទាំងនោះ យើងត្រូវបានណែនាំឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធយ៉ាងខ្ជាប់ខ្ជួន លើកលែងតែករណីដ៏ចាំបាច់មួយចំនួនប៉ុណ្ណោះ ។ ដោយសារសេចក្ដីសញ្ញាពុំមានថ្ងៃសម្រាក នោះអ្នកដែលដោះសម្លៀកបំពាក់ពិសិដ្ឋចេញ អាចយល់បានថាជាការបដិសេធចំពោះការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញា និងពរជ័យដែលភ្ជាប់មកជាមួយនោះ ។ ផ្ទុយទៅវិញ សមាជិកដែលពាក់សម្លៀកបំពាក់ពិសិដ្ឋរបស់ពួកគេដោយស្មោះត្រង់ និងរក្សាសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធយ៉ាងទៀតទាត់ បញ្ជាក់ពីតួនាទីនៃភាពជាសិស្សរបស់ពួកគេចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កំពុងសាងសង់ព្រះវិហារបរិសុទ្ធនៅទូទាំងពិភពលោក ។ គោលបំណងនៃព្រះវិហារបរិសុទ្ធគឺដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីនៃសេចក្ដីសញ្ញារបស់ព្រះ នូវការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ និងការទទួលខុសត្រូវដ៏ពិសិដ្ឋ និងអំណាច និងពរជ័យដ៏ពិសេសនៃការចងភ្ជាប់នឹងព្រះគ្រីស្ទដែលពួកគេទទួលបានតាមរយៈសេចក្ដីសញ្ញា ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្គាល់ជាព្រះវិហារមួយដែលសង្កត់ធ្ងន់ទៅលើការធ្វើសេចក្ដីសញ្ញាជាមួយព្រះ ។ សេចក្ដីសញ្ញាគឺមាននៅក្នុងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនីមួយៗដែលសាសនាចក្រដែលបានស្ដារឡើងវិញនេះផ្ដល់ការបម្រើ ។ ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាដែលទាក់ទងនឹងវា គឺជាកិច្ចតម្រូវដើម្បីចូលទៅក្នុងនគរសេឡេស្ទាល ។ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធដែលទាក់ទង គឺជាកិច្ចតម្រូវសម្រាប់ភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ដែលជាជីវិតដ៏នៅអស់កល្បជានិច្ច ជាអំណោយដ៏មហិមាបំផុតនៃអំណោយទាំងអស់របស់ព្រះ ។ នោះគឺជាការផ្ដោតរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គប្រមុខនៃសាសនាចក្រនេះ ហើយខ្ញុំសូមឲ្យពរជ័យមានដល់អ្នកទាំងអស់ណាដែលព្យាយាមរក្សាសេចក្ដីសន្យាដ៏ពិសិដ្ឋរបស់ពួកគេ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕