លីអាហូណា
អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើង​ដោយ​សារតែ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២៤


16:33

អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើង​ដោយ​សារតែ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ

គ្មាន​អ្វី​សំខាន់​ជាង​ការ​គោរព​ដល់សេចក្ដីសញ្ញា ដែល​អ្នក​បាន​ធ្វើ ឬ​នឹង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធនោះ​ទេ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​ សម័យ​ប្រជុំ​នៃ​សន្និសីទ​ទូទៅ​នេះ​គឺជា​ពេលវេលា​ដ៏​ពិសិដ្ឋ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការចាត់តាំង​ឲ្យ​ថ្លែង​ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់លាន​នាក់ និង​មិត្តភក្តិ​របស់​យើង​នៅ​ទូទាំង​ពិភពលោក ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​ដឹងថា​ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។

ប្រហែលជាង ៥០ ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការបម្រើ​ជា​ប្រធាន​មហាវិទ្យាល័យ រីកស៍ ដែល​ឥឡូវ​នេះ​គឺជា ប៊ី.វ៉ាយ.យូ. អៃដាហូ នៅទីក្រុង រ៉េចប៊ើក រដ្ឋអៃដាហូ ។ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ មិថុនា ឆ្នាំ ១៩៧៦ ភរិយា​ខ្ញុំ ខាធី និង​ខ្ញុំ​បាន​បើក​ឡាន​ពី​ទីក្រុង រ៉េចប៊ើក ទៅ​ព្រះវិហារ​បរិសុទ្ធ អៃដាហូ ហ្វល ដើម្បី​ចូលរួម​ពិធី​ផ្សារភ្ជាប់​របស់​មិត្ត​ជិតស្និទ្ធ​ម្នាក់ ។ ប្រាកដណាស់ ពេល​នោះ​យើង​មានកូនប្រុស​តូចៗ​បួន​នាក់​ យើង​អាចធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ដោយ​ជោគជ័យ​បាន គឺដោយសារ​តែ​មាន​ជំនួយ​ពី​អ្នក​មើល​ក្មេង​ដ៏​ក្លាហាន​ប៉ុណ្ណោះ ! យើង​បាន​ទុក​កូនៗ​ជាទី​ស្រឡាញ់​របស់​យើង​ឲ្យ​គាត់​មើលថែ ហើយ​បើកឡាន​ធ្វើ​ដំណើរ ៣០ នាទី ។

បទពិសោធន៍​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅថ្ងៃ​នោះ គឺ​អស្ចារ្យ​ដូច​ជា​ពេល​មុនៗ​ដែរ ។ ប៉ុន្តែ​បន្ទាប់ពី​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួចរាល់—យើង​រៀប​ចេញ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ—យើង​បានសង្កេត​ឃើញ​អ្នក​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​អ្នកចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​កំពុង​ជជែកគ្នា​ដោយ​ភ័យខ្លាច​នៅ​កន្លែង​ទទួលភ្ញៀវ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មួយ​សន្ទុះ អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ម្នាក់​បាន​ប្រាប់​យើង​ថា​ទំនប់​ទឹក ទីតុន ដែល​ទើប​សាងសង់​ថ្មី​នៅ​ភាគ​ខាង​កើត​អៃដាហូ​បាន​​រលំ ! ទឹក​ជាង ៨០ ពាន់​លាន​ហ្គាឡុង ( ៣០០ លាន​ម៉ែត្រគីប ) បាន​ហូរ​កាត់​ទំនប់ទឹក ហើយ​ហូរ​ចូលទៅ​ជ្រលងភ្នំ​ជិតខាង​ដែល​មាន​ទំហំ ៣០០ ម៉ាយការ៉េំ ( ៧៧៥ គីឡូម៉ែត្រ​ការ៉េ ) ។ ទឹកជំនន់​បាន​គ្របដណ្ដប់​ទីក្រុង​រ៉េចប៊ើក ភាគច្រើន ដែល​ផ្ទះសម្បែង និង​រថយន្ត​ជាច្រើន​ត្រូវ​បាន​ទឹកជំនន់​ហូរនាំ​យក​ទៅ ។ ពីរ​ភាគ​បី​នៃ​អ្នកស្រុក​ចំនួន ៩,០០០ នាក់​បាន​ក្លាយជា​ជន​គ្មាន​ទីជម្រក ។

បងប្អូន​អាច​ស្រមៃឃើញ​ថា​គំនិត និង​កង្វល់​របស់​យើងផ្ដោត​ភ្លាម​ទៅ​លើ​សុវត្ថិភាព របស់​កូនៗ​ជាទី​ស្រឡាញ់​យើង និស្សិត និង​បុគ្គលិក​នៃ​មហាវិទ្យាល័យ​រាប់រយ​នាក់ និង​សហគមន៍​ដែល​យើង​ស្រឡាញ់ ។ យើង​នៅ​ចម្ងាយ​ជិត ៣០ ម៉ាយល៍ ( ៥០ គីឡូម៉ែត្រ ) ពីផ្ទះ ហើយ​នៅ​សម័យ​នោះ​គ្មាន​ទូសព្ទ និង​ការផ្ញើសារ​ឡើយ យើង​គ្មាន​វិធី​ទំនាក់ទំនង​ជាមួយ​កូនៗ​យើងបាន​ភ្លាមៗ​ឡើយ ហើយ​យើង​ក៏​មិន​អាច​បើកឡាន​ចេញពី អៃដាហូ ហ្វល ត្រឡប់ទៅ រ៉េចប៊ើក វិញ​បានដែរ​ដោយសារ​ផ្លូវ​ទាំងអស់​បាន​បិទ​ ។

យើង​មានជម្រើស​តែមួយ​គត់​គឺ​ស្នាក់នៅ​សណ្ឋាគារ​នៅ​តំបន់ ទីក្រុង អៃដាហូ ហ្វល​នោះ​មួយ​យប់ ។ ខាធី និង ខ្ញុំ​បាន​លុត​ជង្គង់ចុះ​នៅក្នុង​បន្ទប់​ដ៏​តូច​ក្នុង​សណ្ឋាគារ​ទូលអង្វរ​ដោយ​រាបសារ​ទៅកាន់​ព្រះវរបិតាសួគ៌​សូម​ឲ្យ​កូនៗ​ជា​ទី​ស្រឡាញ់​និង​មនុស្ស​រាប់​ពាន់​នាក់​ផ្សេងទៀត​ដែល​បាន​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​នេះ​មាន​សុវត្ថិភាព ។ ខ្ញុំ​ចាំថា ខាធី ដើរ​ចុះ​ឡើង​រហូត​ទល់​ភ្លឺ ព្រួយបារម្ភអំពី​កូនៗ​របស់​យើង ។ ខ្ញុំ​អាច​បន្ធូរ​អារម្មណ៍ ហើយ​នៅទី​បំផុត​ក៏​បានសម្រាន្ត​លក់ ទោះ​ជា​ព្រួយ​បារម្ភ​ក្ដី ។

មិន​យូរ​ប៉ុន្មាន​ដៃគូ​ដ៏អស់កល្ប​ជាទីស្រឡាញ់​របស់​ខ្ញុំ​បាន​ដាស់ខ្ញុំ​ឡើង ហើយ​និយាយ​ថា « ហាល ! តើ​បង​អាច​សម្រាន្ត​លក់​យ៉ាង​ដូចម្តេច​ទៅ​នៅពេល​បែបនេះ​នោះ ? »

ពេល​នោះ ពាក្យ​ទាំង​នេះ​បាន​ចូល​មក​ក្នុង​ចិត្ត និង​គំនិត​របស់​ខ្ញុំ​យ៉ាង​ច្បាស់ ។ ខ្ញុំ​បាន​ចែកចាយ​ពាក្យ​ទាំងនោះ​ជាមួយ​ភរិយា​ខ្ញុំ​ថា ៖ « ខាធី មិន​ថា​មាន​លទ្ធផល​យ៉ាងណា​ទេ អ្វីៗ​នឹង​ល្អ​ប្រសើរឡើង ដោយ​សារ​តែព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយនឹង​ព្រះ ហើយ​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​រួចហើយ » ។

នៅ​ពេលនោះ វា​ហាក់​ដូចជា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​បញ្ជាក់​នៅក្នុង​ដួងចិត្ត និង​គំនិត​របស់​យើង​នូវអ្វី​ដែល​យើង​ទាំងពីរ​នាក់​បាន​ដឹង​រួចហើយ​ថា​ជា​ការពិតគឺ ៖ ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ដែល​មាន​តែ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​គ្រប់គ្រង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ​បាន​ចងយើង​រួមគ្នា​ជា​ស្វាមីភរិយា ហើយ​កូនៗ​របស់​យើង​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​យើង ។ ពិត​ជា​មិន​ចាំបាច់​ត្រូវ​ភ័យ​ខ្លាច​ឡើយ ហើយ​យើង​មាន​អំណរគុណ​ដែល​ក្រោយមក​ដឹង​ថា​កូន​ប្រុសៗ​របស់​យើង​មាន​សុវត្ថិភាព​ ។

ប្រហែលជា​សេចក្ដី​ថ្លែងការណ៍​មកពី​ប្រធាន ថូម៉ាស អេស ម៉នសុន បង្ហាញ​យ៉ាង​ល្អ​បំផុត​អំពី​អ្វី​ដែល ខាធី និង ខ្ញុំ​ទទួល​អារម្មណ៍​នៅ​យប់នោះ​ដោយ​មិន​អាច​បំភ្លេច​បាន ។ នៅពេល​យើង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ជីវភាពខាងវិញ្ញាណ និង​អារម្មណ៍ សុខសាន្ដ ដ៏​ធំ​នឹង​កើតឡើង​ចំពោះ​យើង ។… យើង​នឹង​ក្រសោប​យក​ន័យ​ពិត​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ទ្រង់​មាន​បន្ទូល​ថា ៖ ‹ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា ។… កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ › [យ៉ូហាន ១៤:២៧]

ខ្ញុំ​បាន​ទទួល​ពរ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​រាល់​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ ខ្ញុំ​ចាំ​អំពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បោះជំហាន​ចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ កាលខ្ញុំ​នៅ​ក្មេង ។

ខ្ញុំ​ងើយ​មើល​ពិដាន​ពណ៌-ស​ដ៏​ខ្ពស់​ដែល​ធ្វើ​ឲ្យ​បន្ទប់​មាន​ពន្លឺ​ភ្លឺ ហាក់​ដូច​ជា​បើក​ចំហ​ទៅ​លើ​មេឃ​ដូច្នោះ​ដែរ ។ នៅ​គ្រា​នោះ​ហើយ ដែល​គំនិត​មួយ​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​ជា​ពាក្យសម្តី​ច្បាស់ៗ​ថា « ខ្ញុំ​ធ្លាប់​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ភ្លឺ​ដូច​នេះ​ពី​មុន​មក » ។ ប៉ុន្តែ​រំពេច​នោះ​ក៏​មាន​ពាក្យ​ទាំង​នេះ​ផុស​ក្នុង​គំនិត​ខ្ញុំ ដែល​ពុំ​មែន​ជា​ពាក្យ​សម្តី​ខ្ញុំ​ទេ ថា « អត់​ទេ កូន​ពុំ​ធ្លាប់​មក​ទី​នេះ​ពី​មុន​មក​ទេ ។ កូន​នៅ​ចាំ​ដល់​គ្រា​មួយ​ពីមុន​កូន​កើត​មក ។ កូន​ធ្លាប់​នៅ​ទី​ដ៏​ពិសិដ្ឋ​មួយ​ដូច​នេះ​ដែរ ជា​កន្លែង​ដែល​ព្រះអម្ចាស់​អាច​យាង​មក »។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសា​ថា នៅពេល​យើង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​រំឭក​ពី​និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច​នៃ​វិញ្ញាណ​របស់​យើង ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ដ៏​ទេវភាព​របស់​ទ្រង់ និង​បំណង​ប្រាថ្នា​ចុងក្រោយ​របស់​យើង​ក្នុង​ការត្រឡប់​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​វិញ ។

នៅ​ក្នុង​សុន្ទរកថា​សន្និសីទ​ថ្មីៗ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

« កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​ដើម្បី​មាន ជីវិត​ខាង​វិញ្ញាណ គឺ​ការរស់នៅ តាមសេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន ! » ។

« អ្វីៗ ដែល​យើង​ជឿ និង រាល់ សេចក្តី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ កើតមាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

« បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្ដី​សញ្ញា … ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំងនោះ—កាន់តែ​អាចទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

លោក​ក៏​បាន​បង្រៀន​ថា « ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយនឹង​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ឈរ​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណង​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​ពិសេស​មួយ » ។

ក្រោម​ការដឹកនាំ​ដ៏​បំផុស​គំនិត​របស់​ប្រធាន ណិលសុន ព្រះអម្ចាស់​បាន​ពន្លឿន ហើយ​នឹង​បន្ត​ពន្លឿន​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់មាន​ឱកាស​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ហើយ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ ការ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ ពុំ​មែន​ជា​ការខិតខំ​តែ​ម្ដង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​លំនាំ​ពេញ​មួយ​ជីវិត ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា វា​តម្រូវ​ឲ្យ​ខំ​អស់ពី​ចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង ។

ការចូលរួម​ជា​ញឹកញាប់​នៅក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​បង្កើត​លំនាំ​នៃ​លះបង់​ចំពោះ​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​គោរពតាម​សេចក្តី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ ហើយ​ចងចាំ​សេចក្តី​សញ្ញា​ទាំងនោះ បងប្អូន​អញ្ជើញយាង​នូវ​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ពង្រឹង និង​បន្សុទ្ធ​បងប្អូន ។

បន្ទាប់មក បងប្អូន​អាច​មាន​អារម្មណ៍​នៃ​ពន្លឺ និង​សេចក្តី​សង្ឃឹម ដែល​ថ្លែង​ទីបន្ទាល់​ថា ការ​សន្យា​ទាំងឡាយ​គឺ​ជា​ការពិត ។ បងប្អូន​នឹង​បាន​ដឹង​ថា​រាល់​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ គឺជា​ឱកាស​មួយ​ដើម្បី​ខិត​ទៅ​ជិត​ទ្រង់ ដែល​បន្ទាប់មក​នឹង​បង្កើត​នូវ​បំណង​ប្រាថ្នា​ក្នុង​ចិត្ត​ដើម្បី​គោរពតាម​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យើង​ត្រូវ​បាន​សន្យាថា « ដោយសារ​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​មិន​នឿយហត់​ក្នុង​ការខិតខំ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​ទ្រង់នឹង​មិន​អស់​ការអត់ធ្មត់​ប្រកប​ដោយ​ព្រះគុណ​ជាមួយនឹង​យើង​ឡើយ » ។

តាមរយៈ​សេចក្ដីសញ្ញា​នៃ​ការ​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បាន​ការធានាថាទំនាក់ទំនង​គ្រួសារ​ដោយ​ក្ដី​ស្រឡាញ់ នឹង​បន្ត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ និង​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ។ ការគោរព​ដល់​សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍ និង​គ្រួសារ ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​នឹង​ផ្តល់​នូវការការពារ​ពី​សេចក្ដីអាក្រក់​នៃ​ភាព​អាត្មានិយម និង​ភាព​ឆ្មើងឆ្មៃ ។

ការមើលថែ​បងប្អូន​ប្រុស​ស្រី​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នឹង​កើត​មាន​តែ​តាមរយៈ​ការខិតខំ​ព្យាយាម​ដើម្បី​ដឹកនាំ​គ្រួសារ​បងប្អូន​តាម​របៀប​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ សូម​ផ្តល់​ឱកាស​ឲ្យ​កូនៗ​អធិស្ឋាន​សម្រាប់​គ្នាទៅវិញ​ទៅមក ។ ត្រូវ​ដឹងឲ្យ​បាន​ឆាប់​នូវ​ការចាប់ផ្តើមនៃភាព​មិន​ចុះ​សម្រុងគ្នា ហើយ​ទទួលស្គាល់​ទង្វើ​វិជ្ជមានក្នុង​ការបម្រើ​ដែល​មិន​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ជាពិសេស​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ នៅពេល​បង ឬ​ប្អូន​អធិស្ឋាន​ឲ្យ​គ្នា​និង​បម្រើគ្នា​ទៅវិញ​ទៅមក នោះ​ដួងចិត្ត​នឹងបន្ទន់ ហើយ​ងាក​ទៅរកគ្នា​និង​ទៅរក​ឪពុកម្តាយ​របស់​ពួកគេ​ដែរ ។

នៅក្នុង​ផ្នែកមួយ​ដែល​បាន​រៀបរាប់​ដោយ ម៉ាឡាគី ពេល​លោក​បាន​ព្យាករ​អំពី​ព្យាការី អេលីយ៉ា​ថា ៖ « លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួកគេ​វិញ ។ បើ​មិន​ដូច្នោះ​ទេ នោះ​ផែនដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល​ទ្រង់​យាង​មក » ។

ការសាកល្បង បញ្ហានានា​និង​ការឈឺ​ចិត្ត​នឹង​កើត​មាន​ចំពោះ​យើង​ទាំងអស់គ្នា ។ គ្មានគ្នា​យើង​ណា​ម្នាក់​ស៊ាំ​នឹង « បន្លា នៃ សាច់ឈាម​ឡើយ » ។ ប៉ុន្តែ នៅពេល​យើង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចងចាំ​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ការណែនាំ​ផ្ទាល់​ខ្លួន​មកពី​ព្រះអម្ចាស់ ។

នៅពេល ខាធី និង​ខ្ញុំ​រៀបការ ហើយ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ លូហ្គែន យូថាហ៍ កាលនោះ​អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ធ្វើ​ពិធី​ផ្សារភ្ជាប់​ឲ្យ​ពួកយើង ។ លោក​បាន​ថ្លែង​ពាក្យ​ពីរបី​ម៉ាត់​ដែល​ជា​ដំបូន្មាន​ថា « ហល និង ខាធី សូម​រស់នៅ​ឲ្យ​ស័ក្ដិសម ដើម្បី​ឲ្យ​ពេល​ដែល​ការហៅ​បម្រើ​មកដល់ នោះ​ប្អូន​អាច​ដើរ​ទៅ​ទទួល​ដោយ​ងាយ » ។

ដំបូង យើង​មិន​បាន​យល់​អំពី​អត្ថន័យនៃ​ដំបូន្មាន​នោះ​ទេ ប៉ុន្តែ​យើង​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ដើម្បី​រស់នៅ​តាម​របៀប​ដែល​យើង​នឹង​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់ នៅពេល​ការហៅ​បម្រើ​មក​ដល់ ។ បន្ទាប់ពី​យើង​បាន​រៀបការ​ជិត ១០ ឆ្នាំ មានការហៅ​បម្រើ​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​បាន​ផ្ដល់​ឲ្យ​មកពី នែល អេ ម៉ាកស្វែល ដែល​ជា​អ្នកតំណាង​ប្រព័ន្ធ​អប់រំ​នៃ​សាសនាចក្រ ។

ដំបូន្មាន​ដោយ​ក្ដី​ស្រឡាញ់​ដែល​ប្រធាន ឃឹមបឹល បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​អាច « ដើរទៅ​ទទួល​ដោយ​ងាយ » បាន​ក្លាយ​ជា​ការពិត ។ ខាធី និង​ខ្ញុំ​បាន​ទទួល​ការហៅ​ឲ្យ​ចាក​ចេញ​ពី​ស្ថានភាព​គ្រួសារ​ដ៏​ពិសេស​មួយ​នៅ​កាលីហ្វ័រញ៉ា ដើម្បី​បម្រើ​នៅក្នុង​ការចាត់​តាំង​មួយ ហើយ​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់​សោះ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​នៃ​វិវរណៈ​ទោះយ៉ាងណា គ្រួសារ​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចេញ​ទៅ ពីព្រោះ​ព្យាការី បាន​មើល​ឃើញ​ព្រឹត្តិការណ៍​នាពេល​អនាគត ដែល​នៅពេល​នោះ​យើង​បាន​រៀបចំខ្លួន ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា គ្មាន​អ្វី​សំខាន់​ជាង​ការគោរព​ដល់​សេចក្តីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ឬអាច​នឹង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ មិន​ថា​បងប្អូន​ស្ថិត​នៅ​ត្រង់ណា​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ​ទេ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ហើយ​មាន​សិទ្ធិ​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ទៅ​ឲ្យ​បាន​ញឹកញាប់​តាម​ស្ថានភាព​ហុច​ឲ្យ ។ សូម​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​ជាមួយនឹង​ព្រះ ។ ខ្ញុំ​អាច​ធានា​ចំពោះ​បងប្អូន​អំពី​ការពិត​ដូចគ្នា​ដែល​ខ្ញុំ​បាន​ចែកចាយ​ជាមួយ ខាធី នៅ​កណ្តាល​យប់​កាល​ពីជិត​ប្រាំ​ទសវត្សរ៍​មុន នៅក្នុង​បន្ទប់​សណ្ឋាគារ​តូច​នៅ​អៃដាហូ ហ្វល ៖ « មិន​ថា​មាន​លទ្ធផល​យ៉ាងណា​ទេ អ្វីៗ​នឹង​ល្អ​ប្រសើរឡើង​ដោយ​សារ​តែ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ដ៏​ពិតប្រាកដ​ទៅកាន់​បងប្អូន​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់ និង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​គឺជាព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​ខ្ញុំ​ស្រឡាញ់​បងប្អូន​ម្នាក់ៗ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕