លីអាហូណា
បងប្រុស ឆាដ អេច វិប
ខែ ឧសភា ឆ្នាំ ២០២៤


« បងប្រុស ឆាដ អេច វិប » លីអាហូណា ខែ ឧសភា​ឆ្នាំ ២០២៤ ។

បងប្រុស ឆាដ អេច វិប

ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ

កាល​ពី​ក្មេង ឆាដ វិប បាន​ចូលរៀន​នៅ​មហា​វិទ្យាល័យ​យូថាហ៍​ភាគ​ខាងកើត ( ឥឡូវនេះ​ហៅថា សាកលវិទ្យាល័យ​រដ្ឋ​យូថាហ៍​ភាគ​ខាងកើត ) ជាពេល​ដែល​លោក​ទទួល​បាន​បទពិសោធន៍​គ្រឹះ​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​លោក​អំពី​ដំណឹងល្អ​កាន់​តែ​រឹងមាំ ។ បទពិសោធន៍​នោះ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​បំណង​ប្រាថ្នា​មួយ​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​លោក ។

នៅ​ពេល​ធ្វើ​កិច្ចការ​សាលា និង​លេង​បាល់បោះ​នៅ​ក្នុង​ក្រុម​មហាវិទ្យាល័យ​របស់​លោក បងប្រុស វិប បាន​ដាក់​ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន និង​ការជញ្ជឹងគិត ជា​អាទិភាព​កាល​រៀបចំ​ខ្លួន​ចេញ​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅ​ទីក្រុង វ៉េរ៉ាក្រូហ្ស ប្រទេស​ម៉ិកស៊ិក ។

នា​យប់​ដ៏​ត្រជាក់​មួយ លោក​បាន​ចេញ​ទៅដើរ​លេង​យ៉ាងយូរ​នៅ​ជុំវិញ​ទីក្រុង ផ្រាយ រដ្ឋ​យូថាហ៍ ហើយ​គិត​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​លោក​កំពុងរៀន ។ ពេល​លោក​ចូល​ទៅ​ក្នុង​ចំណត​រថយន្ត​ដ៏​ទទេ​ស្អាត​មួយ លោក​ក៏​បាន​ទទួល​ការណែនាំ​ពី​ស្ថានសួគ៌ ។

លោក​បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ចម្លើយ​ទាំងអស់​ចំពោះ​ការអធិស្ឋាន និង​សំណួរ​របស់​ខ្ញុំ​បាន​មក ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ថា​ដំណឹងល្អ និង​សាសនាចក្រ​ពិត​ប៉ុនណា » ។ « សេចក្តីពិត​ទាំងនោះ​បាន​មក​ជាមួយ​នឹង​ភាពច្បាស់លាស់​ដ៏​អស្ចារ្យ​នៅក្នុង​ចិត្ត​របស់ខ្ញុំ រួម​ជាមួយនឹង​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​បាន​ដឹង​អំពី​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ការដឹកនាំ​របស់​ទ្រង់ ។ នោះ​ជា​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​ដំបូង​មួយ​ដែល​ខ្ញុំ​បាន​មាន​ដើម្បី​ទៅ​ពង្រឹងទីបន្ទាល់​របស់​ខ្ញុំ » ។

ឆាដ អេច វិប កើតនៅ ទីក្រុង​រិចប៊ើក រដ្ឋ​អៃដាហូ ស.រ.អា នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៦៤ ដែល​ជា​កូន​របស់​លោក ឡារី ចច វិប និង លោក​ស្រី ផេច វិប ។ លោក​បាន​ធំ​ដឹង​ក្ដី​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ​អៃដាហូ ហើយ​បាន​រៀបការ​ជាមួយនឹង គ្រីស្ទី អាន ប្រ៊ុនសុន ក្នុង​ព្រះវិហារ​បរិសុទ្ធ ឡូហ្គេន យូថាហ៍ នៅ​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៩៩០ ។ ពួកលោក​រស់នៅ​ទីក្រុង ឡេតុន រដ្ឋ​យូថាហ៍ ស.រ.អា និង​មាន​កូន​ប្រាំមួយ​នាក់ ។

បងប្រុស វិប បាន​បញ្ចប់​ការសិក្សា​មក​ពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដោយ​មាន​បរិញ្ញាបត្រ​ផ្នែក​ភាសា​អេស្ប៉ាញ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​មូលដ្ឋានគ្រឹះ​ខាង​ការអប់រំ និង​ភាព​ជា​អ្នកដឹកនាំ ។ លោក​បាន​បង្រៀន​ថ្នាក់​សិក្ខាសាលា​នៅទីក្រុង សលត៍​លេក និង​ថ្នាក់វិទ្យាស្ថាន​នៅរដ្ឋ​វើជីញ៉ា និង​រដ្ឋយូថាហ៍ ​បានសម្រប​សម្រួល​កម្មវិធី​វិទ្យាស្ថាន​នៅ វ៉ាស៊ីនតោន​ឌីស៊ី និង​បាន​ត្រួតពិនិត្យ​ការបណ្តុះ​បណ្តាល និង​ការជ្រើស​រើស​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។ ចាប់តាំង​ពី ឆ្នាំ ២០០៨ លោក​បាន​បម្រើការ​ជាអ្នក​គ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ។

បងប្រុស វិប ត្រូវបាន​ដោះលែង​ពីប្រធាន​ស្ដេក ឡេតុន យូថាហ៍ វ៉ាលី​វ្យូ ភ្លាមៗ​មុន​ពេល​ការហៅ​របស់​លោក​នេះ ។ ការហៅ​របស់​លោក​កាលពីមុន រួមមាន​ជា​ប៊ីស្សព ជា​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ។