« អែលឌើរ អាយ រ៉េម៉ុន អេកបូ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ អាយ រ៉េម៉ុន អេកបូ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ខណៈលោកកំពុងចូលរៀននៅសាលាបណ្ដុះបណ្ដាលសាសនាក្នុងប្រទេសនីហ្សេរីយ៉ា បងស្រីរបស់អែលឌើរ អាយ រ៉េម៉ុន អេកបូ បានបន្តអញ្ជើញលោកឲ្យ « មកមើល » នូវអ្វីដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមាន ។ នៅអាយុ ១៤ ឆ្នាំ លោកបានចាប់ផ្តើមទៅថ្នាក់សិក្ខាសាលានៅពេលល្ងាច ។
ពេលកំពុងអានវគ្គសិក្សាថ្នាក់សិក្ខាសាលា អែលឌើរ អេកបូ បានបើក គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ និងការធ្វើទុក្ករកម្មរបស់ យ៉ូសែប ស្ម៊ីធ ។
អែលឌើរ អេកបូ បានមានប្រសាសន៍ថា « មានអ្វីមួយបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំបានដឹងថា ព្យាការី យ៉ូសែប ស្ម៊ីធ ជាព្យាការីរបស់ព្រះ ។ ខ្ញុំបានដឹងថាលោកត្រូវបានគេសម្លាប់ដោយសារសេចក្ដីពិត » មិនយូរប៉ុន្មាន លោកបានចូលរួមក្នុងសាសនាចក្រ ។ « ឥឡូវនេះ ខ្ញុំនៅតែមានអារម្មណ៍ដូចដែលខ្ញុំមាននៅ ថ្ងៃនោះ នៅពេលដែលខ្ញុំបានអានកណ្ឌនោះ » ។
ក្រោយមក ពេលលោកជានិស្សិតសាកលវិទ្យាល័យ បងស្រីរបស់លោកបានលើកទឹកចិត្តលោកឲ្យបម្រើបេសកកម្ម ។ ឪពុករបស់លោកខឹងនឹងលោកដែលបានបោះបង់ការសិក្សា ប៉ុន្តែអែលឌើរ អេកបូ តែងតែសរសេរសំបុត្រទៅលេងគាត់ ដោយពិពណ៌នាអំពីអ្វីៗទាំងអស់ដែលលោកកំពុងធ្វើ និងអ្វីដែលលោកកំពុងបង្រៀន ។
ជាការភ្ញាក់ផ្អើលរបស់អែលឌើរ អេកបូ នៅជិតចុងបញ្ចប់នៃបេសកកម្ម ប្រធានបេសកកម្មរបស់លោកបានអានសំបុត្រមួយច្បាប់មកពីឪពុករបស់លោកដែលនិយាយថាគាត់បានទទួលបុណ្យជ្រមុជទឹកហើយ ។ ឪពុករបស់លោកបានសរសេរថា « សូមប្រាប់គាត់ថា ខ្ញុំនឹងរង់ចាំគាត់ » ។
អែលឌើរ អាយឌីយ៉ូ រ៉េម៉ុន អេកបូ កើតនៅទីក្រុង ផត ហាឃោត រីវើរ ស្តេត ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៧៤ ដែលមានឪពុកឈ្មោះ អ៊ុដូ អាយឌីយ៉ូ អេកបូ និងម្ដាយឈ្មោះ វេរ៉ូនីកា អ៊ុកាម៉ាកា អេកបូ ។ លោកបានជួប ខំហ្វត អាយខីព អេសេ នៅពេលដែលគ្រួសាររបស់នាងបានផ្លាស់ទៅសាខារបស់លោកក្នុងឆ្នាំ ១៩៩៤ ។ ពួកលោកបានរៀបការនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០០៣ នៅទីក្រុង ខាឡាបា ប្រទេសនីហ្សេរីយ៉ា ។ ពួកលោកមានកូនបីនាក់ ។
អែលឌើរ អេកបូ មានសញ្ញាបត្រផ្នែកអប់រំ ការធ្វើផែនការតំបន់ និងការគ្រប់គ្រងអាជីវកម្មមកពីសាកលវិទ្យាល័យចំនួនបី ។ លោកបានធ្វើការនៅក្នុងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានសាសនាតាំងពីឆ្នាំ ២០០២ ក្នុងមុខតំណែងជាច្រើន រួមមាន ជានាយកប្រចាំប្រទេស និងជានាយកតំបន់ផងដែរ ។
នៅពេលទទួលការហៅរបស់លោក អែលឌើរ អេកបូ កំពុងបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់អាហ្វ្រិកខាងលិច ។ លោកបានបម្រើជាប្រធានបេសកកម្ម ខាឡាបានីហ្សេរីយ៉ា ហើយបានធ្វើជាទីប្រឹក្សាគណៈប្រធានស្តេក និងជាទីប្រឹក្សាជាន់ខ្ពស់ ។ លោកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅក្នុងបេសកកម្ម ឡាហ្គូស នីហ្សេរីយ៉ា ។