លីអាហូណា
អែលឌើរ គ្រីស្តូហ្វើរ អេច ឃីម
ខែ ឧសភា ឆ្នាំ ២០២៤


« អែលឌើរ គ្រីស្តូហ្វើរ អេច ឃីម » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

អែលឌើរ គ្រីស្តូហ្វើរ អេច ឃីម

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅពេល​អែលឌើរ គ្រីស្តូហ្វើរ អេច ឃីម អាយុ ១៤ ឆ្នាំ ហើយ​មាន​ឱកាស​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ​ជាច្រើន លោក​បាន​ដឹង​ថា លោក​ត្រូវ​ដឹង​សេចក្តីពិត​អំពី​ព្រះ​គម្ពីរ​មរមន ដើម្បី​លោក​អាច​និយាយ​ដោយ​ជឿជាក់ ។

លោក​បាន​រំឭក​ថា « នៅពេល​ខ្ញុំ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​មាន​អារម្មណ៍​នៃការ​លួងលោម​ដល់​ព្រលឹង » ។ « ហើយ​ភ្លាមៗ​នោះ មិន​មាន​សំណួរ ឬ​ការសង្ស័យ​ណាមួយ​អំពី​ព្រះគម្ពីរ​មរមន​ឡើយ » ។ ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​លោក លោក​បាន​បន្ថែម​ថា « ខ្ញុំ​ពិត​ជា​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ស្គាល់​សេចក្ដីពិត​អំពី​ព្រះគម្ពីរ​មរមន ហើយ​បានដឹង​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​របស់​ព្រះ » ។

គ្រីស្តូហ្វើរ ហ៊ីស៊ូ ឃីម បាន​កើត​នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៦៥ នៅ ដេហ្គូ កូរ៉េ​ខាង​ត្បូង ជា​កូន​ច្បង​នៃ​កូន​បួន​នាក់​របស់​លោក ឈិនហូ ឃីម និង​លោកស្រី គន្ធឆា ឃីម ។ ឪពុកម្តាយ​របស់​លោក​បាន​ចូលរួម​នៅក្នុង​សាសនាចក្រ​នៅពេល​លោក​នៅ​ជា​ទារក​នៅ​ឡើយ ។ អែលឌើរ ឃីម រស់នៅ​ទីក្រុង ដេហ្គូ រហូត​ដល់​លោក​បាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​គ្រួសារ​របស់​លោក​បានធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​រស់នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ។

ខណៈ​លោក​កំពុង​បម្រើ​នៅក្នុង​បេសកកម្ម ស៊ីអាថល វ៉ាស៊ីនតោន ស៊ីស្ទើរ សុងមី ( ស៊ូ ) ហុង បាន​បម្រើ​នៅក្នុង​បេសកកម្ម ឡូស អាន់ជើឡែស កាលីហ្វ័រញ៉ា ។ ខណៈ​នៅ​ទីនោះ គាត់​បាន​ស្គាល់​ម្តាយ​របស់​អែលឌើរ ឃីម ។ ក្រោយមក បន្ទាប់ពី​អែលឌើរ ឃីម និង ស៊ីស្ទើរ ហុង បាន​បញ្ចប់​បេសកកម្ម​របស់​ពួកលោក ពួកលោក​ក៏​ចាប់ផ្ដើម​ណាត់ជួបគ្នា ។ ពួកលោក​បាន​រៀបការ​នៅ​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៩១ នៅ​ព្រះវិហារ​បរិសុទ្ធ​ឡូស អាន់ជើឡែស កាលីហ្វ័រញ៉ា ។ ពួកលោក​មាន​កូនប្រុស​ម្នាក់ និង​កូនស្រី​បី​នាក់ ។

អែលឌើរ ឃីម បាន​បញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បរិញ្ញាបត្រ​ផ្នែក​សង្គមវិទ្យា នៅ​ឆ្នាំ ១៩៩៥ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​នៅ​ឆ្នាំ ១៩៩៧ ។ បន្ទាប់ពី​បាន​រៀនចប់ លោក​បាន​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​ថៃ និង​កូរ៉េ​ខាងត្បូង ។ ចាប់តាំង​ពី​ឆ្នាំ ២០០៥ លោក​បានធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន យ៉ូនីស៊ីធី អន្តរជាតិ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​អាហា​រូបត្ថម្ភ និង​គ្រឿង​សំអាង​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូថាហ៍ ហើយ​ថ្មីៗ​នេះ​លោក​ជា​ប្រធាន​ផ្នែក​ទីផ្សារ​សកល ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង ។

អែលឌើរ ឃីម បាន​បម្រើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ចាប់តាំង​ពី ឆ្នាំ ២០១៩ ។ លោក​ក៏​បាន​បម្រើ​ជា​ប្រធាន​ស្តេក ជា​ទីប្រឹក្សា​គណៈប្រធាន​ស្តេក ប្រធាន​បេសកកម្ម និង​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​ផងដែរ ។

បោះពុម្ព