« ចូរបង្អង់សិន ហើយឲ្យបានដឹងថាយើងជាព្រះ »
យើងអាចបង្អង់សិន ឲ្យបានដឹងថាព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងគឺជាកូនចៅរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
អំឡុងពិធីសម្ពោធព្រះដំណាក់នៃព្រះអម្ចាស់ថ្មីមួយ ហើយវាត្រូវជាថ្ងៃទទួលអ្នកសារព័ត៌មាន នោះខ្ញុំបានដឹកនាំក្រុមអ្នកកាសែតមួយក្រុមដើរទស្សនានៅក្នុងអគារដ៏ពិសិដ្ឋនេះ ។ ខ្ញុំបានពិពណ៌នាអំពីគោលបំណងនៃព្រះវិហារបរិសុទ្ធនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានឆ្លើយតបចំពោះសំណួរដ៏ល្អៗជាច្រើនរបស់ពួកគេ ។
ពីមុនដើរចូលក្នុងបន្ទប់សេឡេស្ទាល ខ្ញុំបានពន្យល់ថា បន្ទប់នៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ដ៏ពិសេសមួយនេះ គឺជាតំណាងឲ្យភាពសុខសាន្ដ និងភាពស្រស់ស្អាតនៃគេហដ្ឋានសួគ៌ា ដែលយើងអាចត្រឡប់ទៅវិញ បន្ទាប់ពីជីវិតនេះ ។ ខ្ញុំបានប្រាប់ដល់ភ្ញៀវយើងថា យើងពុំនិយាយអ្វីទាំងអស់ពេលនៅក្នុងបន្ទប់សេឡេស្ទាល ប៉ុន្តែខ្ញុំនឹងរីករាយឆ្លើយគ្រប់សំណួរ បន្ទាប់ពីយើងចេញទៅកាន់កន្លែងផ្សេងទៀតក្នុងការដើរទស្សនា ។
បន្ទាប់ពីចេញពីបន្ទប់សេឡេស្ទាល កាលយើងជួបជុំនៅទីតាំងបន្ទាប់ទៀតនោះ ខ្ញុំបានសួរទៅភ្ញៀវ បើពួកគាត់បានសង្កេតឃើញអ្វីខ្លះ ដែលពួកគាត់ចង់ចែកចាយ ។ អ្នកកាសែតមួយរូបបានថ្លែងដោយរំជួលចិត្តជាខ្លាំងថា « ខ្ញុំពុំធ្លាប់មានបទពិសោធន៍ដូចនេះសោះក្នុងមួយជីវិតនេះ ។ ខ្ញុំមិនដឹងថាមានភាពស្ងប់ស្ងាត់ដូចនេះនៅក្នុងពិភពលោកនេះទេ ខ្ញុំមិនជឿថាមានភាពស្ងប់ស្ងាត់ដូច្នេះទេ » ។
ខ្ញុំចាប់អារម្មណ៍ចំពោះការថ្លែងរបស់បុគ្គលនេះ ទាំងដោយស្មោះត្រង់ និងសាមញ្ញបំផុត ។ ហើយប្រតិកម្មរបស់អ្នកកាសែត បានបង្ហាញនូវចំនុចដ៏សំខាន់មួយនៃភាពស្ងប់ស្ងាត់— ជាការយកឈ្នះ និងការបិទសំឡេងចលាចលនៃមជ្ឈដ្ឋានខាងក្រៅរបស់យើង ។
ក្រោយមក ខ្ញុំបានគិតអំពីមតិរបស់អ្នកកាសែតនោះ ហើយនឹកគិតជារឿយៗអំពីដំណើរនៃជីវិតដ៏មមាញឹកនៅសម័យទំនើបយើង— ភាពរវល់ ភាពអ៊ូអរ ការផ្លាស់ប្ដូរ ការរំខាន និងការពង្វាង ដែលជាញឹកញាប់ហាក់ដូចជាទាក់ទាញ— ខគម្ពីរមួយបានផុសក្នុងគំនិតខ្ញុំ ៖ « ចូរបង្អង់សិន ហើយឲ្យបានដឹងថាយើងជាព្រះ » ។
ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺយើងម្នាក់ៗ កាលយើងពិចារណាអំពីទំហំនៃភាពស្ងប់ស្ងាត់ក្នុងជីវិតយើងតាមរបៀបកាន់តែខ្ពស់ និងបរិសុទ្ធ— ជាភាពស្ងប់ស្ងាត់ខាងវិញ្ញាណក្នុងព្រលឹង ដើម្បីជួយឲ្យយើងស្គាល់ និងចងចាំថា ព្រះគឺជាព្រះវរបិតាសួគ៌យើង យើងជាបុត្រទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះយើង ។ ពរជ័យដ៏អស្ចារ្យនេះ គឺមានចំពោះសមាជិកសាសនាចក្រ ដែលកំពុងព្យាយាមដោយស្មោះដើម្បីប្រែក្លាយជា « រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ » ។
ចូរបង្អង់សិន
នៅក្នុងឆ្នាំ ១៨៣៣ ពួកបរិសុទ្ធនៅរដ្ឋមីសសួរី ត្រូវគេបៀតបៀនយ៉ាងខ្លាំង ។ ពួកមនុស្សកំណាចបានបណ្ដេញពួកគេចេញពីផ្ទះនៅឃុំចាកសុន ហើយសមាជិកសាសនាចក្រមួយចំនួនបានព្យាយាមស្ថាបនាក្រុមខ្លួនឡើងវិញនៅឃុំជិតខាងនោះ ។ ប៉ុន្តែការបៀតបៀននៅតែបន្ដ ហើយមានការគំរាមគំហែងដល់អាយុជីវិតមនុស្សជាច្រើននាក់ ។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ព្រះអម្ចាស់បានបើកសម្ដែងនូវការណែនាំដូចតទៅនេះដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ៖
« ហេតុដូច្នោះហើយ ចូរឲ្យចិត្តអ្នកបានក្សាន្តអំពីស៊ីយ៉ូនចុះ ដ្បិតសាច់ឈាមទាំងអស់នៅក្នុងព្រះហស្តរបស់យើងហើយ សូមបង្អង់សិន ឲ្យបានដឹងថាយើងជាព្រះ » ។
ខ្ញុំជឿលើការដាស់តឿនរបស់ព្រះអម្ចាស់ឲ្យ « បង្អង់សិន » គឺមានន័យច្រើនជាងការមិននិយាយ ឬមិនកម្រើក ។ ប្រហែលជាព្រះរាជបំណងទ្រង់ គឺឲ្យយើងចងចាំ និងពឹងទៅលើទ្រង់ និងព្រះចេស្ដាទ្រង់ « នៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង ដែល [ យើង ] បាននៅ » ។ ដូច្នេះ « ចូរបង្អង់សិន » អាចជាវិធីមួយរំឭកដល់យើងឲ្យផ្ដោតទៅលើព្រះអង្គសង្គ្រោះឲ្យខ្ជាប់ខ្ជួន ជាប្រភពដ៏សំខាន់នៃភាពស្ងប់ស្ងាត់ខាងវិញ្ញាណក្នុងព្រលឹង ដើម្បីពង្រឹងយើងឲ្យធ្វើ និងយកឈ្នះរឿងលំបាកៗ ។
សង់នៅលើសិលា
សេចក្តីជំនឿពិតតែងតែផ្ដោតទៅលើ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ—ដោយជឿថា ទ្រង់គឺជាព្រះអាទិទេព និងជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតាដ៏នៅអស់កល្ប ហើយជឿទៅលើទ្រង់ និងបេសកកម្មដ៏ប្រោសលោះទ្រង់ដែលទ្រង់បានបំពេញ ។
« ដ្បិតទ្រង់បានឆ្លើយតបចុងបំផុតនៃក្រឹត្យវិន័យ ហើយទ្រង់បានទទួលយកអស់អ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ ហើយពួកអ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ នោះតោងទៅនឹងអ្វីដែលល្អគ្រប់យ៉ាង ហេតុដូច្នោះហើយ ទ្រង់ជួយតវ៉ា ដើម្បីឧត្ដមគតិរបស់កូនចៅមនុស្ស » ។
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះប្រោសលោះ ព្រះសង្រួបសង្រួម ហើយជាអង្គគាំទ្ររបស់យើងជាមួយព្រះវរបិតាសួគ៌ និងជាសិលាដែលយើងគួរតែសង់គ្រឹះខាងវិញ្ញាណនៅក្នុងជីវិតរស់នៅរបស់យើង ។
ហេលេមិន បានពន្យល់ថា « ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។
យើងត្រូវបានបង្រៀនយ៉ាងច្បាស់ថា យើងគួរតែសង់គ្រឹះនៃការរស់នៅរបស់យើងនៅលើ « សិលា » ដែលជានិមិត្តរូបនៃព្រះគ្រីស្ទ ។ សូមកត់ចំណាំនៅក្នុងខគម្ពីរនេះថា ព្រះអង្គសង្គ្រោះពុំមែនជាគ្រឹះទេ ។ ប៉ុន្តែយើងត្រូវបានដាស់តឿនឲ្យសង់គ្រឹះខាងវិញ្ញាណរបស់យើងផ្ទាល់នៅលើទ្រង់ ។
គ្រឹះគឺជាចំណែកនៃអគារមួយ ដែលភ្ជាប់ទៅនឹងដី ។ គ្រឹះរឹងមាំមួយ ផ្ដល់នូវការការពារពីគ្រោះធម្មជាតិ និងកម្លាំងបំផ្លិចបំផ្លាញដទៃទៀតជាច្រើន ។ គ្រឹះត្រឹមត្រូវមួយ ក៏ទ្រទម្ងន់នៃសំណង់ដ៏ធំមួយដើម្បីកុំឲ្យស្រុត ហើយវាផ្ដល់ជាផ្ទៃមួយសម្រាប់ការសាងសង់ ។
ទំនាក់ទំនងដ៏រឹងមាំ និងគួរទុកចិត្តរវាងដី និងគ្រឹះ គឺសំខាន់ណាស់ ដើម្បីឲ្យសំណង់មួយនឹងបន្ដនៅឈររឹងមាំ និងមានស្ថេរភាពយូរអង្វែង ។ ហើយសម្រាប់សំណង់ជាក់លាក់ ដែក និងខ្ចៅប៊ូឡុងនៃយុថ្កា អាចត្រូវបានប្រើដើម្បីភ្ជាប់គ្រឹះនៃអគារទៅនឹង « សិលាគោល » ថ្មរឹង ថ្មតាន់នៅខាងក្រោមផ្ទៃដី និងថ្មគ្រួស ។
ស្រដៀងគ្នានេះដែរ គ្រឹះនៃជីវិតរស់នៅរបស់យើង ត្រូវតែភ្ជាប់ទៅនឹងសិលានៃព្រះគ្រីស្ទ បើសិនជាយើងបន្ដនៅរឹងមាំ និងខ្ជាប់ខ្ជួន ។ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ អាចប្រៀបប្រដូចទៅនឹងខ្ចៅប៊ូឡុងនៃយុថ្កា និងកំណាត់ដែកដែលប្រើសម្រាប់ភ្ជាប់អគារមួយទៅនឹងសិលាគោល ។ រាល់ពេលដែលយើងទទួល នឹកគិត ចងចាំ និងរំឭកសេចក្ដីសញ្ញាដ៏ពិសិដ្ឋ នោះយុថ្កាខាងវិញ្ញាណរបស់យើង គឺត្រូវបានទប់លំនឹងកាន់តែខ្លាំង និងខ្ជាប់ខ្ជួនទៅនឹង « សិលា » នៃព្រះយេស៊ូវគ្រីស្ទ ។
« ហេតុដូច្នោះហើយ អស់អ្នកណាជឿដល់ព្រះ អាចសង្ឃឹមជាប្រាកដថា នឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត មែនហើយ គឺកន្លែងមួយដែលនៅខាងស្ដាំព្រះហស្ដនៃព្រះ ឯសេចក្ដីសង្ឃឹមនោះ កើតមកពីសេចក្ដីជំនឿ ធ្វើជាយុថ្កាមួយដល់ព្រលឹងមនុស្ស ដែលនឹងធ្វើឲ្យពួកគេស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិបូរជាដរាប ដែលនាំឲ្យសរសើរតម្កើងដល់ព្រះ » ។
« ក្រោយមក » « គុណធម៌ [ បានតុបតែងគំនិត ] របស់យើងដោយឥតឈប់ឈរ » កាន់តែច្រើនឡើង ដើម្បីឲ្យ « យើងមានចិត្តក្លាហាន [ កាន់តែខ្លាំងឡើង ] នៅចំពោះវត្តមាននៃព្រះ » ហើយ « មានព្រះវិញ្ញាណបរិសុទ្ធ [ ជា ] គូកនជានិច្ចបស់យើង » ។ យើងកាន់តែមានភាពរឹងមាំ ចាក់ឬស ស្ថាបនា និងតាំងនៅឲ្យមាំ ។ នៅពេលគ្រឹះនៃជីវិតយើងត្រូវបានសង់នៅលើព្រះអង្គសង្គ្រោះ នោះយើងត្រូវបានប្រទានពរឲ្យ « បង្អង់សិន » — ដើម្បីមានការអះអាងខាងវិញ្ញាណមួយថា ព្រះគឺជាព្រះវរបិតាសួគ៌យើង ហើយយើងគឺជាបុត្រាបុត្រីទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
ពេលវេលាពិសិដ្ឋ កន្លែងបរិសុទ្ធ និងគេហដ្ឋាន
ព្រះអម្ចាស់ប្រទានឲ្យទាំងពេលវេលាពិសិដ្ឋ និងទីកន្លែងបរិសុទ្ធ ដើម្បីជួយយើងឲ្យមានបទពិសោធន៍ និងរៀនអំពីភាពស្ងប់ស្ងាត់នៅខាងក្នុងព្រលឹងរបស់យើង ។
ឧទាហរណ៍ ថ្ងៃឈប់សម្រាកគឺជាថ្ងៃរបស់ព្រះ ជា ពេលវេលាពិសិដ្ឋមួយ ដែលបានញែកចេញឲ្យចងចាំ និងថ្វាយបង្គំព្រះវរបិតានៅក្នុងព្រះនាមនៃព្រះរាជបុត្រាទ្រង់ ដើម្បីចូលរួមនៅក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព ហើយទទួល និងរំឭកអំពីសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ នៅរាល់សប្ដាហ៍ យើងថ្វាយបង្គំព្រះអម្ចាស់ អំឡុងការសិក្សានៅផ្ទះរបស់យើង និងជា « ពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ »អំឡុងពិធីសាក្រាម៉ង់ និងការប្រជុំដទៃទៀត ។ នៅថ្ងៃដ៏បរិសុទ្ធរបស់ទ្រង់ គំនិត ទង្វើ និងឥរិយាបថរបស់យើងគឺជាទីសម្គាល់ដែលយើងថ្វាយដល់ព្រះ និងជាសញ្ញានៃសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។ ជារៀងរាល់ថ្ងៃអាទិត្យ បើយើងនឹងធ្វើ យើងអាចបង្អង់សិន ឲ្យបានដឹងថាព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងគឺជាកូនចៅរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
លក្ខណៈពិសេសនៃការថ្វាយបង្គំនៅថ្ងៃឈប់សម្រាករបស់យើងគឺ « ត្រូវទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់ [ របស់យើង ] ឡើងនៅថ្ងៃបរិសុទ្ធ [ របស់ព្រះអម្ចាស់ ] ចុះ » ។ « ដំណាក់នៃការអធិស្ឋាន » ដែលយើងជួបជុំគ្នានៅថ្ងៃឈប់សម្រាក គឺជាសាលាប្រជុំ និងអគារដែលបានអនុម័តដទៃទៀត—ទីបរិសុទ្ធនានា នៃគារវភាព ការថ្វាយបង្គំ និងការរៀនសូត្រ ។ សាលាប្រជុំនិងអគារនីមួយ ត្រូវបានឧទ្ទិសឆ្លងដោយអ្នកមានសិទ្ធិអំណាចបព្វជិតភាព ទៅជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅ និងជាកន្លែងដែលបុត្រាបុត្រីរបស់ព្រះអាចមក « ស្គាល់ព្រះដ៏ប្រោសលោះរបស់ខ្លួន » ។ ប្រសិនបើយើងនឹងធ្វើ យើងអាច « បង្អង់សិន » នៅក្នុងទីបរិសុទ្ធនៃការថ្វាយបង្គំរបស់យើង ហើយដឹងកាន់តែច្បាស់ថា ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងជាបុត្រាបុត្រីរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
ព្រះវិហារបរិសុទ្ធ គឺជាទីបរិសុទ្ធមួយទៀត ដែលបានញែកចេញជាក់លាក់សម្រាប់ការថ្វាយបង្គំ និងការបម្រើព្រះ ហើយរៀនសូត្រនូវសេចក្ដីពិតដ៏អស់កល្បជានិច្ច ។ នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងគិត ធ្វើសកម្មភាព និងស្លៀកពាក់ខុសប្លែកពីនៅកន្លែងដទៃទៀត ដែលយើងទៅជាញឹកញាប់ ។ នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ បើយើងប្រាថ្នា យើងអាចបង្អង់សិន ឲ្យបានស្គាល់ថាព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
គោលបំណងចម្បងនៃពេលវេលាពិសិដ្ឋ និងទីកន្លែងដ៏បរិសុទ្ធ គឺដូចគ្នា ៖ ដើម្បីផ្តោតការយកចិត្តទុកដាក់របស់យើងម្ដងហើយម្ដងទៀតទៅលើព្រះវរបិតាសួគ៌ និងផែនការទ្រង់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ព្រះចេស្ដានៃការស្អាងរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការសន្យាដែលមានមកជាមួយនឹងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។
ថ្ងៃនេះ ខ្ញុំសូមរំឭកឡើងវិញនូវគោលការណ៍មួយដែលខ្ញុំបានគូសបញ្ជាក់ពីមុនហើយនោះ ។ នៅគេហដ្ឋានរបស់យើង គួរតែមានដាក់បញ្ចូលទាំង ពេលវេលាពិសិដ្ឋ និង ទីកន្លែងដ៏បរិសុទ្ធ ដែលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារអាច « បង្អង់សិន » ហើយដឹងថាព្រះគឺជាព្រះវរបិតាសួគ៌យើង យើងជាបុត្រាបុត្រីរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង ។ ការចាកចេញពីផ្ទះយើងទៅថ្វាយបង្គំនៅថ្ងៃឈប់សម្រាក និងនៅក្នុងដំណាក់នៃព្រះអម្ចាស់ គឺប្រាកដជាសំខាន់ណាស់ ។ ដរាបណាយើងត្រឡប់ទៅផ្ទះវិញដោយទស្សនវិស័យខាងវិញ្ញាណ និងកម្លាំងដែលបានទទួលនៅក្នុងទីកន្លែងដ៏បរិសុទ្ធ និងសកម្មភាពទាំងឡាយប៉ុណ្ណោះ ទើបយើងអាចបន្ដផ្ដោតទៅលើគោលបំណងចម្បងនៃជីវិតរមែងស្លាប់របស់យើង ហើយយកឈ្នះលើការល្បួងដែលកំពុងរីកសាយយ៉ាងខ្លាំងនៅក្នុងពិភពធ្លាក់ចុះរបស់យើងនេះបាន ។
បទពិសោធន៍នៅថ្ងៃឈប់សម្រាក ក្នុងព្រះវិហារបរិសុទ្ធ និងក្នុងគេហដ្ឋាន គួរតែការពារយើងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដោយមានទំនាក់ទំនងសេចក្ដីសញ្ញាបន្ដកាន់តែរឹងមាំជាមួយព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងមាន « ការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ » នៅក្នុងការសន្យាដ៏អស់កល្បជានិច្ចរបស់ព្រះ ។
នៅពេលគេហដ្ឋាន និងសាសនាចក្រ ត្រូវបានប្រមូលផ្ដុំតែមួយនៅក្នុងព្រះគ្រីស្ទ យើងអាចនឹងលំបាកគ្រប់យ៉ាង ប៉ុន្តែយើងនឹងគ្មានទុក្ខព្រួយនៅក្នុងគំនិត និងចិត្តយើងទេ ។ យើងអាចនឹងងឿងឆ្ងល់ព្រោះតែស្ថានភាព និងឧបសគ្គរបស់យើង ប៉ុន្តែយើងនឹងពុំស្ថិតនៅក្នុងក្ដីអស់សង្ឃឹមឡើយ ។ យើងអាចនឹងត្រូវគេបៀតបៀន ប៉ុន្តែយើងក៏នឹងទទួលស្គាល់ផងដែរថា យើងពុំនៅឯកាឡើយ ។ យើងអាចទទួលបានកម្លាំងខាងវិញ្ញាណដើម្បីប្រែក្លាយ និងបន្ដនៅរឹងមាំ ខ្ជាប់ខ្ជួន និងស្មោះត្រង់ ។
ការសន្យា និងទីបន្ទាល់
ខ្ញុំសន្យាថា នៅពេលយើងស្ថាបនាគ្រឹះនៃជីវិតរស់នៅរបស់យើងនៅលើ « សិលា » នៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានប្រទានពរដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានភាពនឹងនរក្នុងព្រលឹងម្នាក់ៗ ដើម្បីអាចឲ្យយើងដឹង និងចងចាំថា ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង ហើយយើងអាចទទួលបានពរក្នុងការធ្វើ និងយកឈ្នះនូវរឿងលំបាកៗ ។
ខ្ញុំរីករាយនឺងធ្វើជាសាក្សីថា ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយព្រះយេស៊ូវគ្រីស្ទ គឺជាព្រះប្រោសលោះ និងជា « សិលា » នៃសេចក្ដីសង្គ្រោះរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕