លីអាហូណា
ការងារបម្រើ​របស់​គណៈប្រធានទីមួយ
ខែ ឧសភា ឆ្នាំ ២០២៤


« ការងារបម្រើ​របស់​គណៈប្រធានទីមួយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

ព័ត៌មាន​សាសនាចក្រ

ការងារបម្រើ​របស់​គណៈប្រធានទីមួយ

ក្នុង​សារលិខិត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ប្រើ​ទិវា​នៃ​ក្តី​ស្រឡាញ់ ជា​ការំឭក​ឲ្យ​តាំងចិត្ត​ឡើងវិញ​ដើម្បី​ស្រឡាញ់​អ្នក​ជិតខាង​របស់​ពួកគេ ។ ប្រធាន ណិលសុន មាន​ប្រសាសន៍​ថា ថ្ងៃ​នេះ​គឺជា​ថ្ងៃ​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​សាទរ​សេចក្ដី​ស្រឡាញ់ ។ ខណៈ​ដែល​ពេល​ខ្លះ​សេចក្ដី​ស្រឡាញ់​អាច​នឹង​អំពី​ផ្កា ស្ករ​សូកូឡា និង​អំណោយ « បទបញ្ញត្តិ​ដ៏​ធំ​ទី​ពីរ​បង្រៀន​អំពី​សេចក្ដី​ស្រឡាញ់​ផ្សេង​ទៀត—ថា​ការស្រឡាញ់​អ្នក​ជិតខាង​យ៉ាង​សកម្ម » ។

នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ប្រធាន ណិលសុន និង​ទីប្រឹក្សា​របស់​លោក​បាន​ស្វាគមន៍​ប្រធានាធិបតី​នៃ​សាសន៍ ណាវ៉ាហូ​ បណ្ឌិត ប៊ូ នីហ្គ្រេន និង​ភរិយា​របស់​លោក ជំទាវ​ទីមួយ ចេស្មីន ប្លេកវ៉តធឺ-នីហ្គ្រេន ទៅ​កាន់​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ បណ្ឌិត នីហ្គ្រេន ប្តេជ្ញា​នាំយក​នូវ​របស់​ចាំបាច់​​ជា​មូលដ្ឋាន​ដូចជា​ទឹក អគ្គីសនី និង​ផ្លូវ​ល្អ​ទៅកាន់​គ្រប់​គេហដ្ឋាន​របស់ សាសន៍ ណាវ៉ាហូ ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​នាំ​យក​វត្ថុ​ទាំងនោះ​មួយចំនួន​ទៅកាន់​សាសន៍ ណាវ៉ាហូ ។

នៅអំឡុង​ការចាក់​ផ្សាយ​មិត្ត​ទៅ​កាន់​មិត្ត​កាល​ពី​ថ្ងៃទី ៩ ខែ មីនា ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ និង​ភរិយា​របស់​លោក គ្រីស្ទីន បាន​មាន​ប្រសាសន៍​ជាមួយ​ចៅទួត​ប្រាំពីរ​នាក់​របស់​ពួកលោក ដែល​មាន​វ័យ​កុមារ​អំពី​របៀប​ដើម្បី​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ—ព្រមាន លួងលោម ថ្លែងទីបន្ទាល់ ដឹកនាំ បង្រៀន និង​ជា​ច្រើន​ទៀត ។

ប្រធាន អូក​បាន​មាន​ប្រសាសន៍ « ពួកសិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ ស្ដាប់​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ « ជួនកាល ទ្រង់​ប្រទាន​ដល់​យើង​នូវ​អារម្មណ៍ ពេល​ខ្លះ​ជា​គំនិត ។ ពេល​ខ្លះ​យើង​ឮ​សំឡេង​របស់​ទ្រង់ ។ ប្រធាន ណិលសុន ជា​ព្យាការី​របស់​យើង បាន​សូម​ឲ្យ​យើង​ស្ដាប់​ព្រះអង្គសង្រ្គោះ​របស់​យើង និង​ស្ដាប់​ទ្រង់ » ។

ក្រោយពី​រៀបការ​អស់ ៦១ ឆ្នាំ ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​លា​​ភរិយា​របស់​លោក ខាលលីន ដែល​បាន​ទទួល​មរណភាព​នៅថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ២០២៣ ជា​បណ្ដោះអាសន្ន ។ ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « ខាលលីន តែងតែ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ » ។

នៅ​ថ្ងៃទី ២៤ ខែ មីនា ប្រធាន អាវរិង បាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ រេដ ខ្លីហ្វ យូថាហ៍ នៅ​ទីក្រុង សេន ចច យូថាហ៍ ស.រ.អា ។ លោក​បាន​មាន​ប្រសាសន៍​នៅ​អំឡុង​កម្មវិធី​ឧទ្ទិសឆ្លង​នោះថា « អ្នក​នឹង​រកឃើញ​អំណរ​នៅក្នុង​ការបម្រើ​របស់​អ្នក​នៅ​ទីនេះ ដែល​អ្នក​មិន​អាច​រក​បាន​តាម​វិធី​ផ្សេង​ឡើយ » ។