ចូរមកតាមខ្ញុំ
ការបង្រៀន ការរៀនសូត្រ និងអនុវត្តន៍តាមសារលិខិតមកពីសន្និសីទទូទៅ
កូរ៉ុមអែលឌើរ និងសមាគមសង្រ្គោះដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ អំឡុងពេលប្រជុំថ្ងៃអាទិត្យរបស់ពួកគាត់ ពួកគាត់ពិភាក្សាគ្នាពីរបៀបដើម្បីអនុវត្តតាមការបង្រៀននៅក្នុងសារលិខិតសន្និសីទទូទៅចុងក្រោយបំផុត សម្រាប់កិច្ចខិតខំរបស់ពួកគាត់នៅក្នុងកិច្ចការនេះ ៗ ដោយផ្អែកលើតម្រូវការរបស់សមាជិក និងការដឹកនាំមកពីព្រះវិញ្ញាណ ។ យូរៗម្តង ប៊ីស្សព ឬប្រធានស្តេកក៏អាចផ្តល់យោបល់អំពីសារលិខិតមួយផងដែរ ។ ជាទូទៅថ្នាក់ដឹកនាំគួរតែជ្រើសរើសសារលិខិត មកពីសមាជិកក្នុងគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប៉ុន្តែសូមយកសារលិខិតមួយណាក៏បាន មកពីសន្និសីទទូទៅចុងក្រោយបំផុតលើកមកពិភាក្សា ។
គ្រូបង្រៀនផ្តោតលើរបៀបជួយសមាជិកឲ្យអនុវត្តតាមការបង្រៀននៅក្នុង សារលិខិតសន្និសីទទូទៅចុងក្រោយបំផុតនៅក្នុងជីវិតរបស់ពួកគេ ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនស្វែងរកវិធីលើកទឹកចិត្តសមាជិក ឲ្យសិក្សាសារលិខិតដែលបានជ្រើសរើសពីមុនការប្រជុំ ។
សម្រាប់ព័ត៌មានបន្ថែម អំពីការប្រជុំកូរ៉ុមអែលឌើរ និងសមាគមសង្រ្គោះ សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៨.២.១.២, ៩.២.១.២, គេហទំព័រ ChurchofJesusChrist.org ។
ការដាក់ផែនការបង្រៀន
សំណួរដូចតទៅនេះអាចជួយគ្រូបង្រៀនបាន នៅពេលពួកគេដាក់ផែនការដើម្បីប្រើសារលិខិតសន្និសីទទូទៅមួយដើម្បីបង្រៀន ។ បើចាំបាច់ គ្រូបង្រៀនប្រឹក្សាជាមួយគណៈប្រធានកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះ ពេលពួកគេពិចារណាអំពីសំណួរទាំងនេះ ។
-
ហេតុអ្វីគណៈប្រធានកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះជ្រើសរើសសារលិខិតនេះមកពិភាក្សា ? តើពួកគេរំពឹងថា សមាជិកនឹងដឹង ហើយធ្វើអ្វីខ្លះបន្ទាប់ពីពិភាក្សាសារលិខិតនេះរួច ?
-
តើអ្នកថ្លែងសុន្ទរកថាចង់ឲ្យសមាជិកយល់អ្វីខ្លះ ? តើគាត់កំពុងបង្រៀនអ្វីខ្លះអំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ? តើគោលការណ៍ទាំងនេះអនុវត្តចំពោះកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះរបស់ខ្ញុំតាមរបៀបណា ?
-
តើអ្នកថ្លែងសុន្ទរកថាបានប្រើបទគម្ពីរអ្វីខ្លះដើម្បីគាំទ្រដល់សារលិខិតរបស់គាត់ ? តើមានបទគម្ពីរណាផ្សេងទៀតដែលសមាជិកអាចអាន ដែលនឹងអាចពង្រីកការយល់ដឹងរបស់ពួកគេបាន ? ( អ្នកអាចស្វែងរកបទគម្ពីរមួយចំនួននៅក្នុងលេខយោងនៃសារលិខិតនោះ ឬនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ [scriptures.ChurchofJesusChrist.org] ) ។
-
តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ ដែលនឹងជួយសមាជិកឲ្យពិចារណា និងអនុវត្តតាមការបង្រៀននៅក្នុងសារលិខិតនេះ ? តើសំណួរអ្វីខ្លះដែលនឹងជួយពួកគេឲ្យមើលឃើញពីទំនាក់ទំនងនៃការបង្រៀនទាំងនេះ នៅក្នុងជីវិតរបស់ពួកគេ ក្នុងគ្រួសាររបស់ពួកគេ និងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ?
-
តើខ្ញុំអាចធ្វើអ្វីដើម្បីយាងព្រះវិញ្ញាណឲ្យចូលមកក្នុងការប្រជុំរបស់យើងបាន ? តើខ្ញុំអាចប្រើអ្វីខ្លះដើម្បីបង្កើនការពិភាក្សា រួមមាន ដំណើររឿង ការប្រៀបធៀប តន្ត្រី ឬរូបភាព ? តើអ្នកថ្លែងសុន្ទរកថាបានធ្វើអ្វីខ្លះ ដើម្បីជួយសមាជិកឲ្យយល់ពីសារលិខិតរបស់គាត់ ?
-
តើអ្នកថ្លែងសុន្ទរកថាបានធ្វើការអញ្ជើញណាមួយដែរឬទេ ? តើខ្ញុំអាចជួយសមាជិកឲ្យមានបំណងប្រាថ្នាដើម្បីធ្វើតាមការអញ្ជើញទាំងនោះតាមរបៀបណា ?
គំនិតសម្រាប់សកម្មភាព
មានរបៀបជាច្រើនដែលគ្រូបង្រៀនអាចជួយសមាជិកឲ្យរៀន និងអនុវត្តតាមសារលិខិតសន្និសីទទូទៅ ។ នេះគឺជាឧទាហរណ៍មួយចំនួនដែលគ្រូបង្រៀនអាចមានគំនិតផ្សេងទៀតដែលល្អប្រសើរជាងនេះសម្រាប់កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះរបស់ពួកគេ ។
-
អនុវត្តសេចក្ដីពិតទៅនឹងជីវិតរបស់យើង ។ សូមអញ្ជើញសមាជិកឲ្យរំឭកសារលិខិតសន្និសីទទូទៅ ដោយរកមើលសេចក្តីពិតដែលអាចជួយពួកគេឲ្យសម្រេចបាននូវកិច្ចការ ដែលព្រះបានប្រទានឲ្យពួកគេជាបុគ្គលម្នាក់ៗ ឬជាកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះ ។ ឧទាហរណ៍ តើយើងរៀនបានអ្វីខ្លះ ដែលអាចជួយយើងក្នុងនាមជាអ្នកផ្តល់ការងារបម្រើ ? ជាឪពុកម្តាយ ? ជាអ្នកផ្សព្វផ្សាយសាសនាដែលជាសមាជិក ? តើសារលិខិតនេះជះឥទ្ធិពលទៅលើគំនិត អារម្មណ៍ និងសកម្មភាពរបស់យើងដោយរបៀបណា ?
-
ពិភាក្សាជាក្រុម ។ សូមបំបែកសមាជិកជាក្រុមតូចៗ ហើយចាត់តាំងវគ្គផ្សេងៗគ្នាដល់ក្រុមនីមួយៗនៃសារលិខិតសន្និសីទដើម្បីអាន ហើយពិភាក្សា ។ បន្ទាប់មកសូមឲ្យក្រុមនីមួយៗចែកចាយសេចក្ដីពិតមួយ ដែលពួកគេបានរកឃើញ និងរបៀបដែលវាអនុវត្តចំពោះពួកគេ ឲ្យពួកគេចែកចាយជាមួយគ្នានូវអ្វីដែលពួកគេបានរកឃើញ ។
-
រកមើលចម្លើយចំពោះសំណួរ ។ សូមអញ្ជើញសមាជិកឲ្យឆ្លើយសំណួរដូចតទៅនេះអំពីសារលិខិតសន្និសីទ ៖ តើយើងរកឃើញសេចក្ដីពិតនៃដំណឹងល្អអ្វីខ្លះនៅក្នុងសារលិខិតនេះ ? តើយើងអាចអនុវត្តសេចក្ដីពិតទាំងនេះតាមរបៀបណា ? តើមានការអញ្ជើញ និងពរជ័យដែលបានសន្យាអ្វីខ្លះដែលបានផ្ដល់ឲ្យ ? តើសារលិខិតនេះបង្រៀនយើងអ្វីខ្លះអំពីកិច្ចការដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ ? ឬបង្កើតសំណួរពីរបីដោយខ្លួនឯងផ្ទាល់ ដែលលើកទឹកចិត្តសមាជិកឲ្យគិតកាន់តែស៊ីជម្រៅ អំពីសារលិខិតនោះ ឬអនុវត្តសេចក្តីពិតដែលសារលិខិតនោះបង្រៀន ។ សូមអនុញ្ញាតឲ្យសមាជិករើសយកសំណួរមួយ ហើយស្វែងរកចម្លើយនៅក្នុងសារលិខិតនោះ ។
-
ចែកចាយសេចក្ដីថ្លែងការណ៍មកពីសារលិខិតនោះ ។ សូមអញ្ជើញសមាជិកឲ្យចែកចាយសេចក្តីថ្លែងការណ៍មកពីសារលិខិតសន្និសីទ ដែលបំផុសគំនិតពួកគេឲ្យបំពេញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាពីរបៀប ដែលពួកគេអាចចែកចាយសេចក្តីថ្លែការណ៍ទាំងនេះ ដើម្បីផ្ដល់ពរជ័យដល់មនុស្សណាម្នាក់ រួមទាំងមនុស្សជាទីស្រឡាញ់ និងមនុស្សដែលពួកគេធ្វើការងារបម្រើផងដែរ ។
-
ចែកចាយមេរៀនដែលមានវត្ថុបង្ហាញ ។ សូមអញ្ជើញសមាជិកពីរបីនាក់ទុកជាមុនឲ្យយកវត្ថុនានាមកពីគេហដ្ឋាន ដែលពួកគេអាចប្រើដើម្បីបង្រៀនអំពីសារលិខិតសន្និសីទនោះ ។ អំឡុងពេលប្រជុំ សូមឲ្យសមាជិកទាំងនោះពន្យល់ពីរបៀបដែលវត្ថុទាំងនោះទាក់ទងទៅនឹងសារលិខិត និងរបៀបដែលសារលិខិតនោះអនុវត្តចំពោះជីវិតរបស់ពួកគេ ។
-
រៀបចំមេរៀនមួយដើម្បីបង្រៀននៅឯគេហដ្ឋាន ។ សូមឲ្យសមាជិកធ្វើការជាដៃគូ ដើម្បីរៀបចំមេរៀនមួយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ដោយផ្អែកលើសារលិខិតសន្និសីទនោះ ។ ពួកគេអាចឆ្លើយសំណួរដូច្នេះ ៖ តើយើងអាចធ្វើឲ្យសារលិខិតនោះត្រូវនឹងក្រុមគ្រួសាររបស់យើងតាមរបៀបណា ? តើយើងអាចចែកចាយសារលិខិតនេះជាមួយនឹងមនុស្សដែលយើងធ្វើការងារបម្រើតាមរបៀបណា ?
-
ចែកចាយបទពិសោធន៍ ។ សូមអានរួមគ្នានូវសេចក្ដីថ្លែងការណ៍មួយចំនួនមកពីសារលិខិតសន្និសីទនោះ ។ សូមឲ្យសមាជិកចែកចាយនូវឧទាហរណ៍នៅក្នុងបទគម្ពីរ និងក្នុងជីវិតរបស់ពួកគេផ្ទាល់ដែលឆ្លុះបញ្ចាំង ឬពង្រឹងដល់គោលលទ្ធិដែលបានបង្រៀននៅក្នុងសេចក្ដីថ្លែងការណ៍ទាំងនេះ ។
-
ស្វែងរកឃ្លាមួយ ។ សូមអញ្ជើញសមាជិកឲ្យស្រាវជ្រាវសារលិខិតសន្និសីទ ដោយរកមើលឃ្លានានាដែលមានអត្ថន័យចំពោះពួកគេ ។ សូមឲ្យពួកគេចែកចាយនូវឃ្លា និងអ្វីដែលពួកគេរៀនមកពីឃ្លាទាំងនោះ ។ សូមឲ្យពួកគេចែកចាយរបៀបដែលការបង្រៀនទាំងនេះ ជួយពួកគេឲ្យសម្រេចបាននូវកិច្ចការរបស់ព្រះអម្ចាស់ ។
សម្រាប់យោបល់បន្ថែមទៀត អំពីរបៀបសិក្សា និងបង្រៀនសារលិខិតមកពីសន្និសីទទូទៅ សូមមើល «Ideas for Learning and Teaching from General Conference» ។ ( សូមចុចលើ « យោបល់សម្រាប់ការសិក្សា » ដែលនៅក្រោម « សន្និសីទទូទៅ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ) ។