លីអាហូណា
ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៤


14:29

ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​យើង​នៅលើ​ផ្លូវ​ដ៏​ពិសិដ្ឋ​នៃ​ការរៀនសូត្រ ដើម្បី​ក្លាយជា​សិស្ស​កាន់តែល្អ និង​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​អាច​នឹង​ត្រូវ​បាន​រំឭក​ខាង​វិញ្ញាណ តាមរយៈ​សារលិខិត​ដ៏​បំផុស​គំនិត​ពី​ថ្នាក់​ដឹកនាំ​យើង​នៅ​ចុង​សប្តាហ៍​នេះ ហើយ​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ហៅ​ថា « ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ទំនុកចិត្ត​នេះ​គឺជា​ការធានា​ដ៏​ស្ងប់ស្ងាត់ ប៉ុន្តែ​ជាក់លាក់​អំពី​ការទទួល​បាន​ពរជ័យ​ដែល​ព្រះ​សន្យា​សម្រាប់​អស់​អ្នក​ដែល​គោរពតាម​សេចក្ដីសញ្ញា​ពួកគេ ហើយ​វាត្រូវការ​ជា​ចាំបាច់​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​សម័យយើង ។

ការសាងសង់​ដំណាក់​ព្រះអម្ចាស់​ថ្មីៗ​នៅ​លើ​ពិភពលោក ក្រោម​ការដឹកនាំ​ដ៏បំផុសគំនិត​របស់​ប្រធាន រ័សុល អឹម ណិលសុន បាន​បណ្ដាល​ឲ្យ​មាន​អំណរ​ដ៏​មហិមា​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ និងជា​និមិត្តរូប​ដ៏សំខាន់​មួយ​នៃ​ការ​ពង្រីក​នគរ​របស់​ព្រះអម្ចាស់ ។

ពេល​នឹក​គិតពី​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់ខ្ញុំ​នៅ​ឯការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ហ្វែធើ រីវើរ កាលីហ្វ័រញ៉ា កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ខ្ញុំ​ឆ្ងល់​ថា តើ​យើង​ភ្លេច​ខ្លួន​ព្រោះ​តែរំភើប​ចិត្ត​ដែលមាន​ព្រះវិហារបរិសុទ្ធ​ថ្មី​នៅក្នុង​ទីក្រុង និង​សហគមន៍​របស់​យើង រួចភ្លេច​ផ្ដោត​ទៅលើ​គោលបំណង​កាន់តែ​ពិសិដ្ឋ​នៃ​សេចក្ដីសញ្ញា​ពិសិដ្ឋ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឬទេ ។

ស្លាកចារឹក​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺជា​សេចក្តីថ្លែង​ការណ៍​ដ៏​ឧឡារិក​ថា ៖ « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ។ ពាក្យ​ដ៏បំផុសគំនិត​ទាំងនេះ​គឺជា​ការអញ្ជើញ​យ៉ាងច្បាស់ថា នៅពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​យើង​នៅលើ​ផ្លូវ​ដ៏​ពិសិដ្ឋ​នៃ​ការរៀនសូត្រ ដើម្បី​ក្លាយជា​សិស្ស​កាន់តែល្អ និង​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ ។ នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដោយបរិសុទ្ធ​នៅ​ចំពោះ​ព្រះ ហើយ​តាំងចិត្ត​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ទទួល​បាន​អំណាច​ដើម្បីផ្លាស់ប្តូរ​ដួងចិត្ត​រំឭកខាង​វិញ្ញាណ​យើងញ ហើយ​ធ្វើ​ឲ្យ​យើង​ជិតស្និទិ្ធ​នឹង​ទ្រង់​កាន់តែ​ខ្លាំង ។ នៅពេល​ធ្វើ​ការខិតខំ​ដូច្នេះ នាំ​ឲ្យ​ព្រលឹង​យើង​ញែកជា​បរិសុទ្ធ ហើយ​បង្កើត​ជា​ចំណង​ដ៏​ពិសិដ្ឋ​មួយ​ជាមួយ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​សន្យា​ថា យើង​អាច​ទទួល​គ្រង​មរតក​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ជា​លទ្ធផល​នៃ​ដំណើរ​ការរៀនសូត្រ​ដ៏​ពិសិដ្ឋ​នេះ​យើង​ទទួល​បាន​ទំនុកចិត្ត​កាន់តែល្អ និង​កាន់តែ​បរិសុទ្ធ​ជាង​មុនក្នុង​ជីវិត​ប្រចាំថ្ងៃ​ក្នុងរង្វង់​សេចក្ដីសញ្ញា​របស់​យើង​ដែល​បានធ្វើ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ទំនុកចិត្ត​បែប​នេះ​គឺជា​ចំណុចកំពូល​នៃ​ទំនាក់ទំនង​ដ៏​ទេវភាព​របស់យើង​ជាមួយ​ព្រះ និង​អាច​ជួយ​យើង​បង្កើន​ការថ្វាយ និង​អំណរគុណ​របស់យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ។ វា​ពង្រឹង​សមត្ថភាព​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ ហើយ​វា​ពង្រឹង​ដល់ព្រលឹង​យើង​ឲ្យនៅ​រស់រានក្នុង​ពិភព​អួរអាប់ ដែល​កាន់តែ​ងងឹត​ងងុល និង​បាក់​ទឹកចិត្ត​ ។ វា​ផ្ដល់​អំណាច​ឲ្យ​យើង​យក​ឈ្នះលើ​គ្រាប់​ពូជ​នៃ​ការសង្ស័យ និង​អស់​សង្ឃឹម ភាពភ័យខ្លាច និងខកចិត្ត ការឈឺចិត្ត និង​ក្ដីអស់សង្ឃឹម ដែល​មារសត្រូវ​​ព្យាយាម​ដាក់​ទៅ​ក្នុង​ចិត្ត​យើង ជាពិសេស នៅពេល​ជីវិត​ជួប​ការលំបាក ការសាកល្បង​រយៈពេល​យូរ​ឬ​ស្ថានភាព​លំបាកៗ ។ ខគម្ពីរ​ប៊ីប​មួយ​ផ្ដល់​ដំបូន្មាន​ល្អ​សម្រាប់​យើង​ម្នាក់ៗ នៅពេល​យើង​តទល់​ទៅនឹង​បញ្ហា​ខាងលោកិយ​ថ្ងៃនេះ ៖ « កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា » ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ អស់​អ្នក​ដែល​ទុកចិត្ត​ពិត​ចំពោះ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​នឹង​ទទួលបាន​អំណាច​ដ៏​មាន​អានុភាព​បំផុត​មួយ​នៅក្នុង​ជីវិត​នេះ ។

ពេល​យើង​បាន​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ នាឆ្នាំ​នេះ យើង​បាន​ធ្វើ​ជា​សាក្សី​ថា នីហ្វៃ​ជា​គំរូ​ដ៏​មាន​អានុភាព​អំពី​ទំនុកចិត្ត​លើ​សេចក្ដីសញ្ញា​នេះ តាមរយៈ​ភាពស្មោះត្រង់ នៅពេល​លោក​ប្រឈមមុខ​នឹង​ការលំបាក និង​បញ្ហា​នានា​ដូចជា​ការ​យក​ផ្ទាំង​តាម​បញ្ជា​របស់​ព្រះអម្ចាស់ជាដើម ។ នីហ្វៃ ទោះ​ជា​សោកសៅ​ខ្លាំង​ចំពោះ​ភាពភ័យខ្លាច និង​ការខ្វះ​សេចក្ដីជំនឿ​របស់​លេមិន និង​លេមយួលក្ដី ក៏​លោក​បន្ដ​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់​ថា នឹង​ប្រគល់​ផ្ទះ​ចំណារ​ដល់​ពួកគេ​ផងដែរ ។ លោក​បាន​និយាយ​ទៅ​បងប្រុស​លោក​ថា « ប្រាកដ​ដូចជា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ប្រាកដ​ដូចជា​យើង​មាន​ជីវិត នោះ​យើង​នឹង​មិន​ចុះ​ទៅរក​ឪពុក​យើង​នៅក្នុង​ទីរហោស្ថាន​ឡើយ ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​សិន » ។ ដោយសារតែ​នីហ្វៃ​មាន​ទំនុក​ចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់ លោក​អាច​សម្រេច​នូវ​អ្វី​ដែល​លោក​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ ។ ​នៅក្នុង​ការនិមិត្ត​របស់​លោក​ក្រោយមក នីហ្វៃ បានឃើញ​ឥទ្ធិពល​នៃ​ទំនុកចិត្ត​នេះ ដោយ​សរសេរ​ថា « ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា​ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ … ហើយ​ពួក​គេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។

ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការសន្យា និង​ព្រះចេស្តា​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ហូរ​ចូល​ក្នុង​ជីវិត​បុត្រាបុត្រី​របស់​ព្រះ ដោយ​ពង្រឹង​ពួកគេ​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានភាព​ជីវិត ។ ថ្ងៃ​មួយ​បន្ទាប់ពី​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ភរិយា​ខ្ញុំ​មក​ផ្ទះ​វិញ​ប្រាប់​ខ្ញុំ​ថា គាត់​រំជួលចិត្ត​ណាស់​ចំពោះ​អ្វី​ដែល​គាត់​បានជួប​នៅ​ទីនោះ ។ ពេល​គាត់​ចូល​ទៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ គាត់​បាន​ឃើញ​បុរស​ម្នាក់​អង្គុយ​លើ​រទេះ​រុញ​រំកិល​ទៅមុខ​យឺតៗ ហើយ​មាន​ស្ត្រី​ម្នាក់​កាន់ឈឺ​ច្រត់​ដើរ​លំបាក​យ៉ាង​ខ្លាំង ពួកគាត់​ទាំង​ពីរមក​ថ្វាយបង្គំ ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់​យ៉ាង​ក្លៀវក្លា ។ ពេល​ភរិយា​ខ្ញុំ​ដើរ​ចូល​ទៅ​កន្លែង​ធ្វើ​ពិធី​ការលាងជម្រះ គាត់​បានឃើញ​ស្រ្តីពិការ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ដៃ​ម្ខាងដាច់—ហើយដៃម្ខាង​ទៀត​កំបុត—កំពុង​បំពេញ​កិច្ចការ​គាត់យ៉ាងល្អ និង​បរិសុទ្ធ ។

នៅពេល​យើងនិយាយ​ដល់​បទពិសោធន៍​នោះ យើង​សន្និដ្ឋាន​ថា មាន​តែ​ទំនុកចិត្ត​ដ៏​បរិសុទ្ធ និង​ស្មោះសរទៅ​លើ​ការសន្យា​ដ៏អស់កល្ប​ជានិច្ច ដែល​ព្រះ​ប្រទាន​ឲ្យ​តាមរយៈ​ការចុះ​សេចក្ដីសញ្ញា​បរិសុទ្ធ​នៅក្នុង​ដំណាក់​ទ្រង់​ប៉ុណ្ណោះ ដែល​បណ្តាល​ឲ្យ​សិស្ស​ដ៏​អស្ចារ្យ​របស់​ព្រះគ្រីស្ទ ហ៊ាន​ចេញ​ពី​ផ្ទះ​នៅ​ថ្ងៃ​ដ៏​ត្រជាក់​នោះ ទោះជា​ស្ថានភាព​ជីវិត​របស់​ពួកគាត់​យ៉ាង​ណាក្ដី ។

មិត្ត​សម្លាញ់​ខ្ញុំ​អើយ បើ​មាន​អ្វី​មួយ​ដែល​យើង​អាច​ទទួលបាន—ជា​វត្ថុ​មួយ​ដែល​យើង​អាច​ចែក​ដល់​កូនៗ និង​ចៅៗ​យើង ដើម្បី​ជួយពួក​គេម្នាក់ៗនៅ​ក្នុង​ការសាកល្បង និង​ការលំបាក​នា​ពេល​ខាងមុខ—វា​នឹង​ជា​ទំនុកចិត្ត​លើ​សេចក្ដីសញ្ញា​ដែល​បានធ្វើ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ។ ការទទួល​បាន​សម្បត្តិ​ដ៏​ទេវភាព​បែប​នេះ នឹង​ជួយ​ពួកគេ​ឲ្យ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បានសន្យា​នឹង​អ្នក​ដើរ​តាម​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ៖ « ពួក​សិស្ស​របស់​យើង​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » ។

តើ​យើង​ទទួល​បាន​ទំនុកចិត្ត​បែប​នេះ​តាម​យៈ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? វា​កើត​ឡើង​តាមរយៈ​ការបន្ទាបខ្លួន ដោយ​ផ្តោត​ជីវិត​យើងទៅ​លើ​ព្រះអង្គ​សង្គ្រោះ ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ការទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង និង​ការគោរព​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

នៅក្នុង​សុន្ទរកថា​បញ្ចប់​ក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១៩ ព្យាការី​ជា​ទីស្រឡាញ់​បានរំឭក​យើង​អំពី​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការសម្រេច​បាន​នូវ​ទំនុកចិត្ត​លើ​សេចក្ដីសញ្ញា ដោយ​មាន​ប្រសាសន៍​ថា ៖ « ភាពស័ក្ដិសម​ផ្ទាល់ខ្លួន​ដើម្បី​ចូល​ក្នុង​ដំណាក់របស់​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ច្រើន​ខាងវិញ្ញាណ​ផ្ទាល់ខ្លួនម្នាក់ៗ ។… ភាពស័ក្ដិសម​ផ្ទាល់ខ្លួន​ម្នាក់ៗ​តម្រូវ​ឲ្យ​មាន​ការប្រែ​ចិត្តជឿ​ទាំង​ស្រុង​ទាំង​ក្នុង​គំនិត និង​ដួងចិត្ត​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអម្ចាស់ ជា​ពលរដ្ឋ​ស្មោះត្រង់ ជាគំរូ​ល្អប្រសើរ និង​ជា​មនុស្ស​កាន់តែ​បរិសុទ្ធ » ។ ដូច្នេះ បើ​យើង​ផ្លាស់ប្តូរ​ការរៀបចំ​ខ្លួន​របស់​យើង​ដើម្បី​ចូលក្នុង​ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​យើង​នៅ​ខាងក្រៅ​ព្រះវិហារ បរិសុទ្ធ​ផងដែរ ។ « ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក​ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ » ។

ប៊ីស្សព​ដែល​ខ្ញុំ​ស្គាល់​ម្នាក់​បាន​និយាយ​ថា ថ្នាក់​អង្គការ​បឋមសិក្សា​សម្រាប់​ក្មេង​ធំៗ​ពុំហៅ​ថា​ថ្នាក់ « អង្គការបឋមសិក្សា » ទេ ប៉ុន្តែ​ហៅ​ថា​ថ្នាក់ « រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ » វិញ ។ នៅ​ខែ​មករា ប៊ីស្សព​អញ្ជើញ​សមាជិក និង​គ្រូបង្រៀន​ក្នុង​ថ្នាក់​របស់​ពួកគេ​មកកាន់​ការិយាល័យ​គាត់ និយាយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប៊ីស្សព​ត្រូវ​ចំណាយ​ពេល​មើល​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​ត្រូវ​នឹង​កុមារ បន្ទាប់មក ដាក់បញ្ចូល​ក្នុង​មេរៀន​អង្គការ​បឋមសិក្សា​របស់​ពួកគេ ។ គាត់​អញ្ជើញ​ក្មេងៗ​ឲ្យ​ត្រៀម​ខ្លួន នៅពេល​ពួកគេ​មកកាន់​ការិយាល័យ​ប៊ីស្សព​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត ពួកគេ​នឹង​មាន​ទំនុកចិត្ត ជា​ទំនុកចិត្ត​លើ​សេចក្តីសញ្ញា ត្រៀមខ្លួន​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូល​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ នៅ​ឆ្នាំ​នេះ ប៊ីស្សព​មាន​ក្មេងស្រី​តូចៗ​បួន​នាក់ ដែល​រំភើប​ចិត្តខ្លាំង បានរៀបចំ​ខ្លួន និង​មាន​ទំនុកចិត្ត​ក្នុងការ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដែល​ពួកគេ​ចង់​ឲ្យ​ប៊ីស្សព​បោះពុម្ព​ប័ណ្ណ​របស់​ពួកគេ​នៅ​ថ្ងៃ​ចូល​ឆ្នាំថ្មី​នៅ​ម៉ោង ១២:០១ នាទីព្រឹក ។

ការរៀបចំ​ខ្លួនពុំ​មែន​សម្រាប់តែ​អ្នក​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​គួរតែ​រៀបចំខ្លួន​ជានិច្ច ដើម្បី​ទៅ​កាន់​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ ស្តេក​មួយ​ដែល​ខ្ញុំ​ស្គាល់​បាន​ប្រកាន់​យក​បាវចនា​ថា « សាសនាចក្រ​គាំទ្រ​ដល់​ការផ្ដោតលើ​គេហដ្ឋាន ហើយ​ចង​ភ្ជាប់​ដោយ​ព្រះវិហារ​បរិសុទ្ធ » ។ ចងភ្ជាប់គឺជា​ពាក្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​វា​មាន​ន័យ​ថា ផ្ដោត​ទៅ​លើ​ទិសដៅ​មួយ ប៉ុន្តែ​វា​ក៏​មាន​ន័យ​ថា ធ្វើ​ឲ្យ​ជាប់​នឹង ឬ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព បាន​ដោះស្រាយ និង​បានប្តេជ្ញាចិត្តពិតប្រាកដ​ផងដែរ ។​ ដូច្នេះ ការចង​ទៅនឹង​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព​នឹង​ព្រះអង្គ​សង្គ្រោះ ផ្ដល់​ការដឹកនាំ​ត្រឹមត្រូវ និង​ស្ថេរភាព​ដល់​យើង ទាំង​ធានា​ថា យើង​មាន​ទំនុកចិត្ត​លើ​សេចក្ដីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូច្នេះហើយ យើង​ទាំងអស់​គ្នា​គួរតែ​មាន​ចេតនា​ពង្រីកការចងភ្ជាប់​នេះ ដោយ​មាន​ការណាត់​ជួប​ជាមួយ​ព្រះអម្ចាស់​នាពេល​ខាងមុខ នៅក្នុង​ព្រះ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ មិន​ថា​ព្រះវិហារបរិសុទ្ធ​នៅ​ជិត ឬ​ឆ្ងាយ​នោះ​ទេ ។

ព្យាការី​ជាទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​អំពី​គោលការណ៍​សំខាន់​ទាំងនេះ​ដោយ​ថ្លែង​ថា ៖ « ព្រះវិហារបរិសុទ្ធ​ស្ថិត​នៅ​ចំណុច​កណ្ដាល​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ និងកម្លាំង​ខាងវិញ្ញាណ​របស់​យើង ដោយសារ​ព្រះអង្គសង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់ គឺ​ស្ថិត​នៅ​ចំបេះដូង​នៃ​ព្រះវិហារបរិសុទ្ធ ។ អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់​មក នៅ​ពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់​តែ​ខ្លាំង » ។​

ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ត្រៀម​ខ្លួន​ដើម្បី​យល់​ច្បាស់​អំពី​របៀប​ប្រព្រឹត្ត​ដូច​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះនាម​ទ្រង់ ។ ទ្រង់​ចង់​ឲ្យ​យើង​ត្រៀម​ខ្លួន​ទទួល​បទពិសោធន៍​អភ័យ​ឯកសិទ្ធិ ការសន្យា និង​ការទទួល​ខុសត្រូវ​របស់​យើង ដើម្បី​ត្រៀមខ្លួន​ទទួល​បាន​ការយល់ដឹង​ខាងវិញ្ញាណ និង​ការយល់ដឹង​ដែល​យើង​ត្រូវការ​នៅក្នុង​ជីវិត​នេះ ។ ខ្ញុំ​ដឹង​ថា នៅពេល​ព្រះអម្ចាស់​ទតឃើញ​សូម្បីតែ​បំណង ឬ​ពន្លឺ​នៃ​ការខិតខំ​ដ៏​សុចរិត​តែ​បន្តិចនៅក្នុង​ឆន្ទៈ​យើង ដើម្បី​ផ្តោត​ជីវិត​យើង​ទៅលើ​ទ្រង់ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​នៅក្នុង​ព្រះដំណាក់​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​តាម​វិធី​ទ្រង់​ដ៏​ល្អ​ឥតខ្ចោះ​ជាមួយនឹង​អព្ភូតហេតុ និង​ក្ដីមេត្តា​ដ៏​ទន់ភ្លន់​ដែល​យើង​ត្រូវការ ។

ព្រះដំណាក់​របស់​ព្រះអម្ចាស់​គឺ​ជា​កន្លែង​ដែល​យើង​អាច​បាន​ផ្លាស់ប្តូរ​កាន់តែ​ល្អ និង​បរិសុទ្ធ ។ ដូច្នេះ ពេល​យើង​ដើរ​ចេញពី​ព្រះវិហារ​បរិសុទ្ធ យើងត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​សង្ឃឹម ទៅលើ​ការសន្យា​នៃ​សេចក្តីសញ្ញា ប្រដាប់​ដោយ​អំណាច​ពី​ស្ថានលើ នោះ​យើង​នាំយក​ព្រះវិហារ​បរិសុទ្ធ​ទៅ​ជាមួយ​យើង ចូល​ទៅក្នុង​គេហដ្ឋាន និង​ជីវិត​យើង ។ ខ្ញុំ​សូម​ធានា​ដល់​បងប្អូន​ថា ការ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់​នៅ​ក្នុង​យើង នោះ​វាផ្លាស់ប្តូរ​យើង​ទាំង​ស្រុង ។

យើង​រៀន​ពី​ព្រះវិហារ​បរិសុទ្ធ​ផងដែរ​ថា ប្រសិនបើ​យើង​ចង់​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ខ្លាំងក្នុង​ជីវិត​យើង នោះ​យើង​មិន​អាច និង​មិន​ត្រូវ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​អ្នក​ណា​ម្នាក់​ឡើយ ។ ការ​ទុក​កន្លែង​ក្នុង​ចិត្ត ឬ​គំនិត​យើង​ឲ្យ​មាន​អារម្មណ៍ ឬ​គំនិត​មិន​ល្អ​នឹង​បង្កើត​ពាក្យ និង​សកម្មភាព​ដែល​មិន​សមរម្យ មិន​ថា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​នៅក្នុង​ផ្ទះ​យើង ដែល​បណ្តាល​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដក​ថយ​ចេញពី​ដួងចិត្ត​យើង ។ ដូច្នេះ​ហើយ សូម​កុំ​បោះចោល​ទំនុកចិត្ត​របស់​បងប្អូន​ឡើយ ប៉ុន្តែ​ត្រូវ​ឲ្យ​ទំនុកចិត្ត​របស់​បងប្អូន​រឹងមាំ​វិញ ។

ការបន្ត​និង​ពន្លឿនការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នឹង​បន្ត​នូវ​ក្តី​រំភើប បំផុសគំនិត និង​ផ្ដល់​ពរ​ដល់​យើង ។ ប៉ុន្តែ​ដែល​សំខាន់​ជាងនោះទៅទៀត នៅពេល​យើង​ផ្លាស់ប្តូរ​របៀបរៀបចំ​ខ្លួន​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​យើង​នៅ​ខាងក្រៅ​ព្រះវិហារបរិសុទ្ធ​ផងដែរ ។ សូម​ឲ្យ​ការផ្លាស់ប្តូរ​នេះ​បំពេញ​យើង​ដោយ​ទំនុកចិត្ត​ទៅលើ​សេចក្តីសញ្ញា​បរិសុទ្ធ​របស់​យើង ដែល​បាន​ធ្វើ​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះ​មាន​ព្រះជន្ម​រស់ ព្រះយេស៊ូវ​គឺជា​ព្រះអង្គ​សង្គ្រោះ​​យើង ហើយ​នេះ​គឺជា​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ទ្រង់​នៅលើ​ផែនដី ។ ខ្ញុំ​សូម​ប្រកាស​នូវ​សេចក្តីពិត​នេះ​ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕