គ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់យើង
នៅក្នុងពេលវេលា និងភាពអស់កល្បជានិច្ច គោលបំណងនៃការបង្កបង្កើត និងនិស្ស័យនៃព្រះផ្ទាល់ គឺដើម្បីនាំឲ្យគ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។
ថ្ងៃនេះគឺជាថ្ងៃទី ៦ ខែ មេសា ជាខួបដែលព្រះយេស៊ូវគ្រីស្ទស្ដារសាសនាចក្រថ្ងៃចុងក្រោយរបស់ទ្រង់ឡើងវិញ និងជាចំណែកនៃបុណ្យអ៊ីស្ទើរ ជាពេលដែលយើងថ្លែងទីបន្ទាល់ដោយអំណរអំពីព្រះជន្មដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ពលិកម្មដ៏ធួន និងការរស់ឡើងវិញដ៏រុងរឿង ។
រឿងព្រេងចិនមួយចែងថា កូនប្រុសរបស់បុរសម្នាក់រកឃើញសេះដ៏ស្រស់ស្អាតមួយក្បាល ។
អ្នកជិតខាងនិយាយថា « សំណាងណាស់ណ៎ » ។
បុរសនោះតបថា « ចាំមើលសិន » ។
បន្ទាប់មក កូនប្រុសនោះបានធ្លាក់ពីលើសេះ ហើយរងរបួសអស់មួយជីវិត ។
អ្នកជិតខាងនិយាយថា « អភ័ព្វណាស់ណ៎ » ។
បុរសនោះតបថា « ចាំមើលសិន » ។
កងទ័ពដើរកេណ្ឌទាហានបានមកដល់ ប៉ុន្តែពុំយកកូនប្រុសដែលរងរបួសនោះទៅទេ ។
អ្នកជិតខាងនិយាយថា « សំណាងណាស់ណ៎ » ។
បុរសនោះតបថា « ចាំមើលសិន » ។
ជារឿយៗ ពិភពលោកដែលក្រឡាប់ចាក់នេះ មានអារម្មណ៍ថា ព្យុះភ្លៀងបោកបក់ មិនប្រាកដប្រជា ពេលខ្លះមានសំណាង ហើយ—ជារឿយៗ—អភ័ព្វខ្លាំង ។ ប៉ុន្តែនៅលោកិយនៃក្ដីវេទនានេះ « យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ » ។ ពិតណាស់ ពេលយើងដើរដោយទៀងត្រង់ ហើយចងចាំសេចក្ដីសញ្ញាយើង នោះ « គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក » ។
គ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់យើង ។
ជាការសន្យាដ៏អស្ចារ្យ ! ជាការធានាដ៏លួងលោមមកពីព្រះផ្ទាល់ ! តាមរបៀបដ៏អព្ភូតហេតុ គោលបំណងនៃការបង្កបង្កើត និងនិស្ស័យនៃព្រះគឺដើម្បីដឹងពីដើមដល់ទីបញ្ចប់ ដើម្បីឲ្យអ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់យើង ហើយដើម្បីជួយយើងបានញែកចេញជាបរិសុទ្ធ តាមរយៈព្រះគុណ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចរំដោះ និងប្រោសលោះយើងពីអំពើបាប ។ ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទក៏យល់យ៉ាងច្បាស់រាល់ការឈឺចាប់ ទុក្ខវេទនា ជំងឺ ការសោកសៅ និងការបែកបាក់គ្នារបស់យើងផងដែរ ។ ជ័យជម្នះរបស់ទ្រង់លើសេចក្ដីស្លាប់ និងស្ថាននរកអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងមកត្រឹមត្រូវក្នុងវេលាកាល និងភាពអស់កល្បជានិច្ច ។ ទ្រង់ជួយព្យាបាលអ្នកខូចចិត្ត និងត្រូវគេបង្អាប់ ផ្សះផ្សាអ្នកខឹង និងបែកបាក់ លួងលោមអ្នកឯកា និងកណ្ដោចកណ្ដែង លើកទឹកចិត្តអ្នកស្រពិចស្រពិល និងមិនល្អឥតខ្ចោះ ហើយធ្វើអព្ភូតហេតុដែលមានតែព្រះប៉ុណ្ណោះទើបអាចធ្វើបាន ។
យើងច្រៀងហាលេលូយ៉ា ហើយស្រែកហូសាណា ! នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះ ដោយអំណាចដ៏អស់កល្ប និងសេចក្ដីល្អជានិរន្ដរ៍ នោះអ្វីៗទាំងអស់អាចធ្វើការរួមគ្នាសម្រាប់ជាការណ៍ល្អរបស់យើង ។ យើងអាចប្រឈមមុខនឹងជីវិតដោយទំនុកចិត្ត និងពុំភ័យខ្លាចឡើយ ។
បើទុកឲ្យយើងធ្វើខ្លួនឯង នោះយើងអាចនឹងមិនដឹងពីសេចក្ដីល្អរបស់ខ្លួនយើងទេ ។ នៅពេល« ខ្ញុំជ្រើសរើសខ្លួនឯង » នោះខ្ញុំក៏កំពុងជ្រើសរើសយកដែនកំណត់ ភាពទន់ខ្សោយ និងកង្វះខាតខ្លួនខ្ញុំដែរ ។ នៅទីបំផុតយើងត្រូវតែជាមនុស្សល្អ ដើម្បីធ្វើល្អ ។ ព្រោះគ្មាននរណាល្អក្រៅពីព្រះ នោះយើងស្វែងរកភាពល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ យើងក្លាយជាខ្លួនយើងដ៏ពិត និងល្អបំផុតនៅពេលយើងសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយជាកូនក្មេងនៅចំពោះព្រះភ័ក្ដ្រព្រះ ។
តាមការទុកចិត្ត និងក្ដីជំនឿរបស់យើងទៅលើព្រះ នោះការសាកល្បង និងទុក្ខវេទនាអាចត្រូវបានញែកចេញសម្រាប់សេចក្ដីល្អដល់យើង ។ យ៉ូសែបដែលលក់ជាទាសករនៅស្រុកអេស៊ីព្ទ ក្រោយមកបានសង្គ្រោះគ្រួសារ និងប្រជាជនលោក ។ ការជាប់គុករបស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងគុកលិបើធី បានបង្រៀនលោកថា រឿងទាំងនេះ « នឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ » ។ ពេលរស់នៅដោយសេចក្ដីជំនឿ នោះការសាកល្បង និងពលិកម្មដែលយើងមិនបានជ្រើសរើស អាចផ្ដល់ពរជ័យដល់យើង និងអ្នកដទៃតាមរបៀបនឹកស្មានមិនដល់ ។
យើងបង្កើនក្ដីជំនឿ និងការទុកចិត្តលើព្រះអម្ចាស់ថា គ្រប់ការណ៍ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង នៅពេលយើងទទួលបានទស្សនវិស័យដ៏អស់កល្បជានិច្ច ដោយយល់ដឹងថា ការសាកល្បងយើងអាច « គ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ហើយទទួលស្គាល់ថា ទុក្ខវេទនាអាចត្រូវបានញែកចេញជាប្រយោជន៍ដល់យើងវិញ ទាំងទទួលស្គាល់ថា គ្រោះថ្នាក់ ការស្លាប់មុនកំណត់ ជំងឺ និងជំងឺដែលធ្វើឲ្យទន់ខ្សោយ គឺជាជីវិតរមែងស្លាប់ ហើយទុកចិត្តថា ព្រះវរបិតាសួគ៌ជាទីស្រឡាញ់មិនសាកល្បងដើម្បីដាក់ទណ្ឌកម្ម ឬកាត់សេចក្ដីដល់យើងឡើយ ។ ទ្រង់នឹងមិនប្រទានថ្មទៅឲ្យនរណាម្នាក់ដែលសូមនំបុ័ង ឬប្រទានពស់ទៅឲ្យអ្នកដែលសូមត្រីនោះទេ ។
ពេលការសាកល្បងមកដល់ ជាញឹកញាប់យើងចង់បានបំផុត គឺអ្នកស្តាប់ ហើយនៅជាមួយយើង ។ គ្រាបែបនេះ ចម្លើយទូទៅអាចជាចម្លើយគ្មានប្រយោជន៍ ទោះជាវាមានចេតនាលួងលោមចិត្តក្ដី ។ ជួនកាល យើងចង់មានមនុស្សមកសោកសង្រេង ឈឺចាប់ និងយំជាមួយយើង ឲ្យយើងបង្ហាញពីការឈឺចាប់ ការមួរម៉ៅ ឬពេលខ្លះសូម្បីតែកំហឹងក្ដី ហើយទទួលស្គាល់ជាមួយយើងថាមានអ្វីជាច្រើនដែលយើងមិនដឹង ។
នៅពេលយើងទុកចិត្តលើព្រះ និងសេចក្ដីស្រឡាញ់ទ្រង់ទោះជាយើងឈឺចិត្តខ្លាំងបំផុតក្ដី ក៏វាអាចផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើងនៅទីបំផុតបានដែរ ។
ខ្ញុំនៅចាំថ្ងៃដែលខ្ញុំបានទទួលដំណឹងអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលមានមនុស្សដែលខ្ញុំស្រឡាញ់នៅក្នុងនោះ ។ គ្រានោះ មានទាំងការឈឺចាប់ និងសេចក្ដីជំនឿ យើងអាចត្រឹមតែនិយាយដូច យ៉ូប ថា « ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ » ។
សាសនាចក្រទូទាំងពិភពលោក មានស្តេក និងមណ្ឌលចំនួនប្រហែល ៣,៥០០ កន្លែង ព្រមទាំងវួដ និងសាខាចំនួនប្រហែល ៣០,០០០ ផ្តល់ជាជម្រក និងសុវត្ថិភាពពីព្យុះភ្លៀងទាំងឡាយ ។ ប៉ុន្តែនៅក្នុងស្តេក និងវួដរបស់យើង ក្រុមគ្រួសារ និងបុគ្គលស្មោះត្រង់ជាច្រើនប្រឈមមុខនឹងឧបសគ្គដ៏លំបាក ទោះបីជាបានដឹង ( មិនទាន់ដឹងច្បាស់ពីរបៀប ) ថា រឿងនានានឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើងយ៉ាងណាក្តី ។
នៅ ហាតឌឺហ្វៀល ប្រទេសអង់គ្លេស បងប្រុស សាំយូអែល ប្រ៊ីដស្តុក ទទួលបានការវិនិច្ឆ័យរោគថាមានជំងឺមហារីកដំណាក់កាលទីបួន មិនយូរប៉ុន្មានមុនពេលការហៅជាប្រធានស្ដេកថ្មី ។ ដោយបានដឹងវិនិច្ឆ័យរោគដ៏ធ្ងន់ធ្ងរគាត់បានសួរភរិយារបស់គាត់អានណា ថាហេតុអ្វីគាត់ត្រូវទៅសម្ភាសន៍ ។
បងស្រី ប្រ៊ីដស្តុក បានតបថា « ដោយសារបងនឹងត្រូវបានហៅជាប្រធានស្ដេក » ។
ជាដំបូង ពេទ្យប្រាប់ថា គាត់រស់តែមួយ ឬពីរឆ្នាំទេ តែប្រធាន ប្រ៊ីដស្តុក ( ដែលនៅទីនេះក្នុងថ្ងៃនេះ ) ស្ថិតក្នុងឆ្នាំទីបួននៃការបម្រើរបស់គាត់ហើយឥឡូវនេះ ។ គាត់មានថ្ងៃល្អ និងមិនល្អ ។ ស្តេករបស់គាត់កំពុងប្រមូលផ្តុំគ្នាដោយជំនឿ ការបម្រើ និងសេចក្ដីសប្បុរសកាន់តែខ្លាំង ។ វាមិនងាយស្រួលទេ ប៉ុន្តែភរិយា និងគ្រួសារគាត់រស់នៅដោយសេចក្ដីជំនឿ ការដឹងគុណ និងភាពសោកសៅដែលពួកគេជឿថានឹងក្លាយជាអំណរដ៏អស់កល្បជានិច្ច តាមរយៈដង្វាយធួនដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពេលយើងនៅឲ្យនឹងនរ បើកចិត្តឲ្យទូលាយ និងមានគារវភាព នោះយើងអាចទទួលអារម្មណ៍នៃភាពស្រស់ស្អាត គោលបំណង និងភាពស្ងប់សុខពេលមានចំណែកនៃសេចក្ដីសញ្ញាដែលព្រះអម្ចាស់ប្រទានឲ្យ ។ នៅគ្រាដ៏ពិសិដ្ឋ ទ្រង់អាចនឹងអនុញ្ញាតឲ្យយើងមើលឃើញនូវភាពពិតដ៏ធំជាងអស់កល្បជានិច្ច ក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែលរឿងតូចតាច និងសាមញ្ញនានានឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នកផ្តល់ និងអ្នកទទួល ។
រេបិកា ដែលជាកូនស្រីប្រធានបេសកកម្មដំបូងរបស់ខ្ញុំ បានចែកចាយពីរបៀបដែលព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់នាង ដែលសូមឲ្យមានការលួងលោម ក្នុងគ្រាដែលពុំបានរំពឹងទុក ដើម្បីឆ្លើយនឹងការអធិស្ឋានរបស់អ្នកផ្សេងទៀត ។
នាល្ងាចមួយ កាលកំពុងកាន់ទុក្ខមរណភាពរបស់ម្ដាយនាងដែលទើបលាចាកលោកថ្មីៗរេបិកា បានទទួលអារម្មណ៍យ៉ាងច្បាស់មួយថាឲ្យទៅចាក់សាំងឡានរបស់នាង ។ ពេលទៅដល់ស្ថានីយនោះ នាងបានជួបស្ត្រីចំណាស់ម្នាក់កំពុងដង្ហក់ពិបាកដកដង្ហើមនឹងធុងអុកស៊ីសែនដ៏ធំមួយ ។ ក្រោយមក រេបិកា បានឲ្យម៉ាស៊ីនអុកស៊ីសែនចល័តរបស់ម្តាយនាងទៅស្រី្ដរូបនេះ ។ បងស្រីរូបនេះបានថ្លែងដោយការដឹងគុណថា « ក្មួយបានឲ្យសេរីភាពមកខ្ញុំវិញ » ។ គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ នៅពេលយើងផ្ដល់ការងារបម្រើដូចដែលព្រះយេស៊ូវគ្រីស្ទនឹងធ្វើ ។
ឪពុកម្នាក់ដែលធ្វើជាដៃគូការងារបម្រើជាមួយកូនប្រុសគាត់ក្នុងកូរ៉ុមគ្រូ បានពន្យល់ថា « ការងារបម្រើគឺជាពេលយើងប្ដូរពីអ្នកជិតខាងដែលយកនំទៅផ្ញើ ក្លាយជាមិត្តដែលទុកចិត្តជាអ្នកឆ្លើយតបដំបូងខាងវិញ្ញាណ » ។ ការមានចំណែកក្នុងសេចក្ដីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ ជួយលួងលោម ភ្ជាប់ទំនាក់ទំនង និងញែកចេញ ។
ទោះជាមានសោកនាដកម្មក្ដី ក៏ការរៀបចំខ្លួនខាងវិញ្ញាណអាចរំឭកយើងថា ព្រះវរបិតាសួគ៌ទ្រង់ជ្រាបថានៅពេលយើងមានអារម្មណ៍ឈឺចាប់ និងឯកោខ្លាំងបំផុត ។ ឧទាហរណ៍ គ្រួសារមួយដែលមានកូនដឹកទៅកាន់មន្ទីរពេទ្យ ក្រោយមក រកបានការលួងលោមចិត្ត ពេលចងចាំថា ព្រះវិញ្ញាណបរិសុទ្ធបានខ្សឹបប្រាប់ជាមុនអំពីអ្វីដែលត្រូវរំពឹងទុក ។
ពេលខ្លះ ព្រះអម្ចាស់អនុញ្ញាតឲ្យយើងទទួលអារម្មណ៍ ពីគ្រួសារដែលនៅម្ខាងទៀតនៃវាំងនន តាមភាពពិតដ៏អស់កល្បកាន់តែខ្លាំង ។ បងស្រីម្នាក់បានរកឃើញអំណរក្នុងការប្រែចិត្តជឿលើដំណឹងល្អ ដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ ព្រឹត្តិការណ៍ពីរដែលបានធ្វើឲ្យជីវិតគាត់ស្លុតយ៉ាងខ្លាំងគឺ—ពេលមើលឃើញគ្រោះថ្នាក់ទូក និងការបាត់បង់ម្តាយយ៉ាងអណោចអធ័មដោយសារការធ្វើអត្តឃាត ។
ប៉ុន្តែបងស្រីម្នាក់នេះបានយកឈ្នះលើការខ្លាចទឹកដើម្បីទទួលបុណ្យជ្រមុជទឹកដោយការពន្លិចបាន ។ ហើយនៅថ្ងៃដែលរីករាយបំផុត គឺគាត់បានធ្វើជាសាក្សីឲ្យអ្នកដែលធ្វើពិធីជំនួសឲ្យម្ដាយគាត់ដែលបានស្លាប់ទៅនោះទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ។ បងស្រីនេះបានថ្លែងថា « ពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធបានព្យាបាលម្តាយខ្ញុំ ហើយវាបានរំដោះខ្ញុំឲ្យមានសេរីភាព ។ វាជាលើកដំបូង ដែលខ្ញុំមានអារម្មណ៍ថាមានភាពសុខសាន្ដ តាំងពីម្តាយខ្ញុំស្លាប់ទៅ » ។
តន្ត្រីដ៏ពិសិដ្ឋរបស់យើងបន្ទរនូវការអះអាងរបស់ទ្រង់ថា អ្វីៗគ្រប់យ៉ាងនឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។
ព្រះគម្ពីរមរមនគឺជាភស្តុតាង ដែលយើងអាចកាន់នៅក្នុងដៃយើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយព្រះបំពេញតាមការព្យាកររបស់ទ្រង់ ។ ដោយបានសរសេរដោយព្យាការីដ៏បំផុសគំនិត ដែលបានមើលឃើញជំនាន់យើង នោះព្រះគម្ពីរមរមនចាប់ផ្ដើមដោយរឿងរ៉ាវមួយ—គឺគ្រួសារមួយដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ។ ប៉ុន្ដែនៅពេលយើងសិក្សា និងជញ្ជឹងគិតអំពី នីហ្វៃទី១ ១ រហូតដល់ មរ៉ូណៃ ១០ យើងបានខិតជិតព្រះយេស៊ូវគ្រីស្ទ ដោយមានទីបន្ទាល់ដ៏រឹងមាំថា អ្វីដែលបានកើតឡើងនៅទីនោះ និងពេលនោះ អាចផ្ដល់ពរជ័យដល់យើងនៅទីនេះ និងពេលនេះបាន ។
កាលព្រះអម្ចាស់នាំព្រះដំណាក់របស់ទ្រង់មកកាន់តែជិតនៅកន្លែងជាច្រើនទៀត តាមរយៈព្យាការីដែលនៅរស់របស់ទ្រង់ នោះយើងឃើញថា ពរជ័យនៃព្រះវិហារបរិសុទ្ធនឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។ យើងបានមករកព្រះជាព្រះវរបិតានិងព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធ ហើយទទួលបានទស្សនវិស្ស័យដ៏អស់កល្បជានិច្ចអំពីជីវិតរមែងស្លាប់ ។ យើងផ្ដល់ដល់សមាជិកគ្រួសារជាទីស្រឡាញ់—គឺជីដូនជីតា—នូវពិធីបរិសុទ្ធពិសិដ្ឋម្ដងមួយៗ មួយឈ្មោះម្ដងៗ និងពរជ័យនៃសេចក្ដីសញ្ញានៅក្នុងលំនាំរបស់ព្រះអម្ចាស់នៃអ្នកសង្គ្រោះនៅលើភ្នំនៃស៊ីយ៉ូន ។
កាលដែលព្រះវិហារបរិសុទ្ធមកកាន់តែជិតយើងនៅកន្លែងជាច្រើន នោះការលះបង់របស់យើងនៅព្រះវិហារបរិសុទ្ធ គឺជាការស្វែងរកបរិសុទ្ធភាពនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានកាន់តែញឹកញាប់ ។ អស់រយៈពេលជាច្រើនឆ្នាំ យើងបានសន្សំប្រាក់ ដាក់ផែនការ និងលះបង់ដើម្បីមកកាន់ព្រះវិហារបរិសុទ្ធ ។ ឥឡូវនេះ កាលដែលស្ថានភាពអនុញ្ញាតឲ្យ សូមមករកព្រះអម្ចាស់នៅក្នុងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ឲ្យបានកាន់តែញឹកញាប់ ។ សូមឲ្យការថ្វាយបង្គំ និងការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ ផ្ដល់ពរជ័យ ការការពារ និងបំផុសគំនិតដល់បងប្អូន និងគ្រួសារបងប្អូន—ជាគ្រួសារផ្ទាល់ខ្លួន ឬគ្រួសារដែលបងប្អូននឹងមាននាពេលខាងមុខ ។
ពេលដែលស្ថានភាពរបស់បងប្អូនអនុញ្ញាត សូមពិចារណាអំពីពរជ័យនៃការមានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនផងដែរ ។ លោកយាយម្នាក់មកពីគ្រួសារដ៏រាបសាមួយបាននិយាយថា ក្នុងចំណោមអ្វីៗទាំងអស់ក្នុងពិភពលោកនេះ អ្វីដែលគាត់ចង់បានបំផុតនោះគឺ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធរបស់គាត់ផ្ទាល់ ។ ចៅប្រុសគាត់បាននិយាយថា « លោកយាយបានខ្សឹបថា ‹ យាយនឹងបម្រើក្នុងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធរបស់យាយផ្ទាល់ ហើយបន្ទាប់ពីយាយស្លាប់ទៅ យាយនឹងត្រូវបញ្ចុះនៅក្នុងសម្លៀកបំពាក់នេះ › » ។ លុះពេលវេលាមកដល់ គាត់បានធ្វើដូច្នោះមែន ។
ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អ្វីៗ ដែលយើងជឿ និង រាល់ សេចក្តីសន្យាដែលទ្រង់បានធ្វើចំពោះរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ កើតមាននៅក្នុងព្រះវិហារបរិសុទ្ធ » ។
នៅក្នុងពេលវេលា និងភាពអស់កល្បជានិច្ច គោលបំណងនៃការបង្កបង្កើត និងនិស្ស័យនៃព្រះផ្ទាល់ គឺដើម្បីនាំឲ្យគ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។
នេះគឺជាព្រះរាជបំណងដ៏អស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ។ វាគឺជាទស្សនវិស័យដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ វាគឺជាការសន្យាដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។
នៅពេលជីវិតជួបចលាចល ហើយគោលបំណងមិនច្បាស់ នៅពេលអ្នកចង់រស់នៅឲ្យបានល្អប្រសើរ តែមិនដឹងពីរបៀប សូមមករកព្រះជាព្រះវរបិតាយើង និងព្រះយេស៊ូវគ្រីស្ទ ។ សូមទុកចិត្តថា ទ្រង់ទាំងទ្វេមានព្រះជន្មរស់ ស្រឡាញ់បងប្អូន ហើយសព្វព្រះទ័យឲ្យគ្រប់អ្វីៗទាំងអស់ជាសេចក្ដីល្អដល់បងប្អូន ។ ខ្ញុំធ្វើជាសាក្សីថា វាជាការពិតដ៏និរន្ដរ និងអស់កល្បជានិច្ច នៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕