ស្មោះត្រង់ដរាបដល់ចុងបំផុត
តាមរយៈព្រះហស្ដទ្រង់ ក្មួយៗនឹងអាចឈ្នះរាល់កូលីយ៉ាត ដែលលេចឡើងមកក្នុងជីវិតរបស់ក្មួយៗ ។
មិត្តវ័យក្មេងជាទីស្រឡាញ់ ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់ក្មួយៗផ្ទាល់—ដែលជាយុវវ័យនៃសាសនាចក្រ ។
គណៈប្រធានយុវនារីទូទៅត្រូវបានហៅអស់រយៈពេលមួយឆ្នាំហើយ ។ មាននូវរឿងរ៉ាវជាច្រើនបានកើតឡើងនៅឆ្នាំកន្លងទៅនេះ !
យើងបានជួបក្មួយៗជាច្រើន ហើយបានសិក្សាការបង្រៀនរបស់ព្រះគ្រីស្ទជាមួយគ្នា ។ យើងបានច្រៀងចម្រៀង បង្កើតមិត្តថ្មីនិងបម្រើនៅក្នុងសហគមន៍របស់យើងជាមួយក្មួយៗ ។ យើងត្រូវបានពង្រឹងតាមរយៈការស្តាប់ទីបន្ទាល់របស់ក្មួយៗនៅក្នុងសន្និសីទយុវវ័យ និងព្រឹត្តិការណ៍ពិភពលោកនានា ។ ហើយយើងបានថ្វាយបង្គំជាមួយគ្នានៅក្នុងព្រះដំណាក់ព្រះអម្ចាស់ ។
រាល់លើក យើងបានចែកចាយសារលិខិតមួយមកពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើង ។ យប់នេះក៏មិនខុសគ្នាដែរ ខ្ញុំមានសារលិខិតមួយសម្រាប់ក្មួយៗដែលជាយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
សំណួរដ៏សំខាន់
តើក្មួយៗធ្លាប់ឆ្ងល់ទេថា តើក្មួយៗអាចនៅស្មោះត្រង់ចំពោះព្រះខណៈដែលរស់នៅក្នុងពិភពលោកនៃអំពើបាបនេះដោយរបៀបណា ? តើក្មួយៗទទួលបានកម្លាំងមកពីណា ដើម្បីឆ្ពោះទៅមុខ ហើយបន្តធ្វើអំពើល្អនោះ ? តើក្មួយៗដកពិសោធន៍អំណរដ៏ពិតដោយរបៀបណា ?
ខ្ញុំគិតថាបទពិសោធន៍របស់ដាវីឌ និងកូលីយ៉ាត អាចជួយស្រាយចម្ងល់នេះបាន ។
ដាវីឌ និង កូលីយ៉ាត
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ័ពរបស់ភីលីស្ទីន ច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយសាសន៍ភីលីស្ទីនដែលមានមាឌធំឈ្មោះ កូលីយ៉ាត បានបបួលសាសន៍អ៊ីស្រាអែលឲ្យប្រយុទ្ធនឹងគាត់ទាំងព្រឹកទាំងល្ងាច ។
ដាវីឌរស់ក្នុងចំណោមសាសន៍អ៊ីស្រាអែលជាអ្នកគង្វាលវ័យក្មេង មាឌតូចជាងកូលីយ៉ាត ប៉ុន្តែមានជំនឿខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ! ដាវីឌ បានស្ម័គ្រប្រយុទ្ធ ។ ទោះជាស្តេចព្យាយាមរារាំងគាត់ ក៏ដាវីឌបានជ្រើសរើសទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។
កាលពីមុន ដាវីឌបានប្រយុទ្ធនឹងសត្វតោ និងខ្លាឃ្មុំ ។ តាមបទពិសោធន៍គាត់ផ្ទាល់ គាត់ដឹងថា ព្រះបានការពារគាត់ ហើយធ្វើឲ្យគាត់ទទួលបានជ័យជំនះ ។ ចំពោះ ដាវីឌ បុព្វហេតុរបស់ព្រះគឺជាបុព្វហេតុដ៏សំខាន់បំផុត ។ ដូច្នេះ គាត់បានរើសក្រួសរលីងៗចំនួនប្រាំដុំ និងយកខ្សែដង្ហក់របស់គាត់ ឡើងទៅច្បាំងនឹងបុរសមាឌធំពេញដោយជំនឿលើព្រះមួយអង្គដែលពុំបោះបង់គាត់ចោលនោះ ។
បទគម្ពីរប្រាប់យើងថា គ្រាប់ក្រួសដំបូងដែលដាវីឌគប់ត្រូវថ្ងាសកូលីយ៉ាត បានបញ្ចប់ជីវិតកូលីយ៉ាត ។
ការស្រាវជ្រាវរកចម្លើយ
ដាវីឌបានត្រៀមខ្លួនដោយមានក្រួសចំនួនប្រាំដុំ ខណៈដែលគាត់បានប្រើថ្មតែមួយដុំគត់ដើម្បីសម្លាប់កូលីយ៉ាត ។ មានប្រាំដុំ ! រឿងនេះធ្វើឲ្យខ្ញុំគិតអំពីរបៀបដែលខ្ញុំអាចរៀបចំខ្លួនខ្ញុំដើម្បីប្រឈមនឹងពិភពលោកនេះ ។
ចុះបើក្រួសនីមួយៗរបស់ដាវីឌ តំណាងឲ្យកម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះក្នុងជីវិតវិញនោះ ? តើក្រួសទាំងប្រាំដុំនោះអាចជាអ្វីខ្លះ ? ខ្ញុំបានគិតពីលទ្ធភាពទាំងនេះ ៖
-
ក្រួសនៃ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះ ។
-
ក្រួសនៃ សេចក្តីជំនឿទៅលើព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។
-
ក្រួសនៃ ចំណេះដឹងអំំពីអត្តសញ្ញាណពិតរបស់ខ្ញុំ ។
-
ក្រួសនៃ ការប្រែចិត្តជារៀងរាល់ថ្ងៃរបស់ខ្ញុំ ។
-
ក្រួសនៃ ការទទួលបានព្រះចេស្តារបស់ព្រះ ។
តោះយើងនិយាយអំពីរបៀបដែលយើងត្រូវបានទទួលពរដោយកម្លាំងទាំងនេះ ។
ទីមួយ ក្រួសនៃ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះ ។ ការស្រឡាញ់ព្រះគឺជាបទបញ្ញត្តិដ៏សំខាន់ទីមួយ ។ សេចក្តីណែនាំអំពី ដើម្បីកម្លាំងនៃយុវជន បង្រៀនយើងថា ៖ « ព្រះស្រឡាញ់អ្នក ។ ទ្រង់គឺជាបិតារបស់អ្នក ។ សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់អាចបំផុសគំនិតអ្នកឲ្យស្រឡាញ់ទ្រង់ ។ នៅពេលសេចក្តីស្រឡាញ់អ្នកចំពោះព្រះវរបិតាសួគ៌គឺជាឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក នោះការសម្រេចចិត្តជាច្រើនប្រែជាកាន់តែងាយស្រួល » ។
សេចក្តីស្រឡាញ់របស់យើងចំពោះព្រះ និងទំនាក់ទំនងជិតស្និទ្ធរបស់យើងជាមួយទ្រង់ ផ្តល់នូវកម្លាំងដែលយើងត្រូវការដើម្បីផ្លាស់ប្តូរដួងចិត្តយើង ហើយងាយយកឈ្នះលើឧបសគ្គទាំងឡាយរបស់យើង ។
ទីពីរ ក្រួសនៃ សេចក្តីជំនឿលើព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។ នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកផែនដី ទ្រង់បានរងការឈឺចាប់ជួសអំពើបាបយើងហើយទ្រង់បានលើកដាក់លើអង្គទ្រង់នូវទុក្ខសោក ការឈឺចាប់ ភាពទន់ខ្សោយ និងជំងឺខាងរូបកាយ និងខាងសតិអារម្មណ៍របស់យើង ។ ដោយហេតុនោះហើយ ទើបទ្រង់ជ្រាបដឹងពីរបៀបជួយយើង ។ ការមានជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យថា ត្រូវទុកចិត្តលើព្រះប្រាជ្ញាញាណ ពេលវេលា សេចក្តីស្រឡាញ់ និងព្រះចេស្ដារបស់ទ្រង់ទាំងស្រុងដើម្បីធួននឹងអំពើបាបយើង ។ ក្រួសនៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនឹងយកឈ្នះលើរាល់ « ការសាកល្បងធំៗ » នៅក្នុងជីវិតយើង ។ យើងអាចយកឈ្នះលើពិភពលោកដ៏ធ្លាក់នេះ ដោយសារទ្រង់បានយកឈ្នះលើវាជាមុនរួចហើយ ។
ទីបី ក្រួសនៃ ចំណេះដឹងអំពីអត្តសញ្ញាណពិតរបស់ខ្ញុំ ។ ព្យាការីជាទីស្រឡាញ់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងថា អត្តសញ្ញាណដ៏សំខាន់បំផុតរបស់យើងគឺជាបុត្រាបុត្រីរបស់ព្រះ បុត្រាបុត្រីនៃសេចក្តីសញ្ញា និងជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ នៅពេលខ្ញុំដឹងថា ខ្ញុំជានរណាពិត ។ នៅពេលខ្ញុំសង្ស័យលើសមត្ថភាពខ្លួនឯង ខ្ញុំតែងនិយាយក្នុងចិត្ត ឬនិយាយឮៗមកខ្លួនខ្ញុំថា « ខ្ញុំជាបុត្រីរបស់ព្រះ ខ្ញុំជាបុត្រីរបស់ព្រះ » ឲ្យច្រើនដងតាមដែលខ្ញុំត្រូវការ រហូតដល់ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទំនុកចិត្តបន្តទៅមុខឡើងវិញ ។
ទីបួន ក្រួសនៃ ការប្រែចិត្តជារៀងរាល់ថ្ងៃរបស់ខ្ញុំ ។ នៅក្នុងសេចក្តីណែនាំអំពី ដើម្បីកម្លាំងនៃយុវជន យើងអានថា ៖ « ការប្រែចិត្តពុំមែនជាការដាក់ទណ្ឌកម្មចំពោះអំពើបាបទេ វាគឺជារបៀបដែលព្រះអង្គសង្គ្រោះជួយរំដោះយើងពីអំពើបាប ។ ការប្រែចិត្តមានន័យថា ផ្លាស់ប្តូរ—ងាកចេញពីអំពើបាប ហើយបែរទៅរកព្រះ ។ វាមានន័យថាត្រូវកែលម្អ និងទទួលការភ័យទោស ។ ការផ្លាស់ប្តូរប្រភេទនេះពុំមែនជាព្រឹត្តិការណ៍តែម្តងទេ វាជាដំណើរការជាបន្តបន្ទាប់ » ។
គ្មានអ្វីដែលផ្ដល់សេរីភាពខ្លាំងជាងការទទួលបានការអភ័យទោសមកពីព្រះ ហើយដឹងថាយើងបានស្អាត និងបានផ្សះផ្សាជាមួយទ្រង់នោះទេ ។ ការអភ័យទោសគឺមានសម្រាប់មនុស្សគ្រប់គ្នា ។
ក្រួសទីប្រាំ គឺជាក្រួសនៃ ការទទួលបានព្រះចេស្តារបស់ព្រះ ។ សេចក្តីសញ្ញាដែលយើងធ្វើជាមួយព្រះ មានដូចជា សេចក្តីសញ្ញាដែលយើងធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ដែលយើងអាចចូលទៅរកអំណាចនៃភាពជាព្រះ ។ ព្រះចេស្តារបស់ព្រះគឺជាអំណាចពិត ដែលជួយយើងប្រឈមមុខនឹងឧបសគ្គ ធ្វើការសម្រេចចិត្តល្អៗ និងបង្កើនសមត្ថភាពដើម្បីស៊ូទ្រាំនឹងស្ថានភាពលំបាកៗ ។ វាគឺជាអំណាចមួយដែលយើងអាចចម្រើនសមត្ថភាពជាក់លាក់ដែលយើងត្រូវការ ។
សេចក្តីណែនាំអំពី ដើម្បីកម្លាំងនៃយុវជន ពន្យល់ថា ៖ « សេចក្តីសញ្ញា ភ្ជាប់ អ្នកទៅកាន់ព្រះវរបតិាសួគ៌ និងព្រះអង្គសង្រ្គោះ ។ វា បង្កើនព្រះចេស្តារបស់ព្រះនៅក្នុងជីវិតអ្នក » ។
តោះយើងនិយាយអំពីការភ្ជាប់នោះ ។ តើក្មួយៗចាំពេលដែលព្រះគ្រីស្ទបានបង្រៀនពីភាពខុសគ្នារវាងផ្ទះដែលសង់លើថ្ម និងផ្ទះដែលសង់លើខ្សាច់ទេ ? អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បានពន្យល់ថា ៖ « ផ្ទះមួយមិនអាចឈររឹងមាំនៅកណ្ដាលខ្យល់ព្យុះដោយព្រោះតែផ្ទះនោះរឹងមាំនោះទេ ។ វាក៏មិនអាចឈររឹងមាំ ដោយសារតែថ្មរឹងមាំនោះដែរ ។ ផ្ទះមួយឈររឹងមាំនៅកណ្ដាលខ្យល់ព្យុះបាន គឺដោយសារវាចាក់គ្រឹះលើថ្មដ៏រឹងមាំ ។ អ្វីដែលសំខាន់នោះគឺជាកម្លាំងនៃ ការតភ្ជាប់ទៅនឹងថ្មទៅវិញទេតើ » ។
ការភ្ជាប់ខ្លួនយើងជាមួយព្រះយេស៊ូវគ្រីស្ទនឹងផ្តល់ឲ្យយើងនូវភាពក្លាហាន និងទំនុកចិត្តដើម្បីឆ្ពោះទៅមុខក្នុងចំណោមមនុស្សដែលមិនគោរពជំនឿ ឬដែលបៀតបៀនយើង ។ ព្រះគ្រីស្ទអញ្ជើញយើងឲ្យគិតដល់ទ្រង់ជានិច្ច ទ្រង់ប្រាប់យើងថា « មើលមកឯយើងដោយនូវ គ្រប់ទាំងគំនិត » ។ ការគិតអំពីព្រះអង្គសង្គ្រោះ ផ្ដល់ជាគំនិតច្បាស់លាស់ឲ្យយើងធ្វើការសម្រេចចិត្ត ធ្វើសកម្មភាពដោយពុំភ័យខ្លាច និងហ៊ាននិយាយថា ទេ ចំពោះអ្វីដែលផ្ទុយនឹងការបង្រៀនរបស់ព្រះ ។ នៅពេលខ្ញុំជួបរឿងលំបាក ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទទួលយកបានទៀតនោះការគិតអំពីព្រះគ្រីស្ទនាំឲ្យខ្ញុំមានភាពសុខសាន្ត និងក្តីសង្ឃឹម ។
តើយើងអាចទទួលបានព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទនេះដោយរបៀបណា ? ការគោរពតាមសេចក្តីសញ្ញា និងការបង្កើនជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ គឺជាគន្លឹះ ។
ខ្ញុំពិតជាចង់ឲ្យ ដាវីឌ មានក្រួសមួយដុំទៀត ដែលជាក្រួសនៃ ទីបន្ទាល់របស់ខ្ញុំ ។ ទីបន្ទាល់របស់យើងត្រូវបានស្ថាបនាឡើងតាមរយៈបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួន ដែលយើងស្គាល់អានុភាពដ៏ទេវភាពក្នុងជីវិតរបស់យើង ។ គ្មាននរណាម្នាក់អាចដកយកចំណេះដឹងនោះចេញពីយើងឡើយ ។ ការដឹងពីអ្វីដែលយើងដឹងតាមរយៈបទពិសោធន៍ខាងវិញ្ញាណគឺរកកាត់ថ្លៃពុំបានឡើយ ។ ការស្មោះត្រង់នឹងចំណេះដឹងនោះ ផ្តល់សេរីភាពឲ្យយើង ។ វាផ្ដល់អំណរដល់យើង ! បើយើងស្រឡាញ់សេចក្តីពិត យើងនឹងស្វែងរកវា ហើយពេលយើងរកវាឃើញ នោះយើងនឹងការពារវា ។
ការអញ្ជើញមួយ
ដូចគ្នានេះដែរ ខ្ញុំបានជ្រើសរើសក្រួសលេខប្រាំមួយ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យជួបជាមួយថ្នាក់ កូរ៉ុម ឬគ្រួសាររបស់ក្មួយៗ ហើយគិតអំពីភាពខ្លាំងផ្សេងៗទៀត ដែលក្មួយៗចាំបាច់ត្រូវមាន ដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះ ហើយយកឈ្នះលើពិភពលោកនេះ ។
ការសន្យា
ក្មួយៗជាទីស្រឡាញ់ ព្រះគ្រីស្ទមានព្រះទ័យចង់យាងអមដំណើរនឹងយើងនៅក្នុងជីវិតរបស់យើង ។ ខ្ញុំសូមសន្យានឹងក្មួយៗថា នៅពេលក្មួយៗកាន់ដំបងដែក នោះក្មួយៗនឹងដើរកៀកព្រះហស្ដនឹងព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងដឹកនាំក្មួយៗ ហើយ ទ្រង់នឹងបង្រៀនក្មួយៗ តាមរយៈ ព្រះហស្ដ ទ្រង់ ក្មួយៗនឹងអាចឈ្នះរាល់កូលីយ៉ាត ដែលលេចឡើងមកក្នុងជីវិតរបស់ក្មួយៗ ។
ទីបន្ទាល់
ខ្ញុំថ្លែងទីបន្ទាល់ថា មានអំណរក្នុងការអធិស្ឋានជារៀងរាល់ថ្ងៃ ក្នុងការអានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ក្នុងការទទួលទានសាក្រាម៉ង់រាល់ថ្ងៃអាទិត្យ និងក្នុងការចូលរៀនថ្នាក់សិក្ខាសាលា—ទោះព្រឹកព្រលឹមក៏ដោយ ! នេះជាអំណរក្នុងការធ្វើសេចក្ដីល្អ ។
មានអំណរនៅក្នុងភាពស្មោះត្រង់ចំពោះព្រះនៃសកលលោក ព្រះអង្គសង្គ្រោះនៃពិភពលោក ជាស្តេចលើអស់ទាំងស្តេច ។ មានអំណរក្នុងការធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
ព្រះជាព្រះវរបិតាយើង ។ ទ្រង់ជ្រាបដឹងពីបំណងប្រាថ្នានៃដួងចិត្ត និងលទ្ធភាពរបស់ក្មួយៗ ហើយទ្រង់ទុកចិត្តលើក្មួយៗ ។
យុវវ័យជាទីស្រឡាញ់ ព្រះយេស៊ូវគ្រីស្ទ នឹងជួយក្មួយៗឲ្យស្មោះត្រង់រហូតដល់ទីបញ្ចប់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់នូវសេចក្តីពិតទាំងនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។