« អែលឌើរ ខាល ឌី ហឹស្ស » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ខាល ឌី ហឹស្ស
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
អែលឌើរ ខាល ឌី ហឹស្ស ចាត់ទុកខ្លួនលោកជា « មនុស្សធម្មតានៅក្នុងការហៅដ៏អស្ចារ្យមួយ » ។
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅថ្មីរូបនេះ មើលឃើញទីបន្ទាល់របស់លោក និងការបញ្ជាក់របស់វាថាជារឿងមួយដ៏ធម្មតាផងដែរ ។ អែលឌើរ ហឹស្ស បានមានប្រសាសន៍ថា « គ្មានការយាងមកជួប គ្មានអ្វីអស្ចារ្យខាងវិញ្ញាណទេ—ហើយខ្ញុំបានឈប់បារម្ភអំពីរឿងនោះហើយ ព្រោះខ្ញុំបានបំពេញតាមរបៀបដែលព្រះបានជ្រើសរើសមានបន្ទូលមកកាន់ខ្ញុំ ទោះបីជាទ្រង់ជ្រើសរើសមានបន្ទូលទៅកាន់មនុស្សផ្សេងទៀតតាមវិធីផ្សេងក៏ដោយ » ។ « វាមិនអស្ចារ្យទេ ប៉ុន្តែវាបរិបូរណ៍ » ។
ឪពុករបស់អែលឌើរ ហឹស្ស លោក ចាក បានបើកហាងតូចមួយនៅកាច់ជ្រុង ។ គាត់បានរៀនអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈអតិថិជន ហើយបានចូលរួមក្នុងសាសនាចក្រជាច្រើនឆ្នាំបន្ទាប់ពីលោក ខាល បាន កើតនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៧២ នៅទីក្រុង ប៊ឺរី រដ្ឋលេនកាសែរ ប្រទេសអង់គ្លេស ។
ទីបន្ទាល់របស់អែលឌើរ ហឹស្ស អំពីព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមមានឡើង នៅពេលលោកបានរៀនដំណើររឿងរបស់ព្រះអង្គសង្គ្រោះ ហើយបានច្រៀងទំនុកតម្កើង ពេលចូលរៀននៅសាលាថ្ងៃអាទិត្យក្នុងព្រះវិហារផ្សេងកាលពីលោកនៅក្មេងជាមួយម្ដាយរបស់លោក ឈ្មោះ វីវៀន រស់ មៀខីន ហឺស និងជីដូនរបស់លោក ។
ក្រោយមក ខាល បានចូលរួមការប្រជុំរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានទទួលការអញ្ជើញពីគ្រូបឋមសិក្សាឲ្យធ្វើពិធីបុណ្យជ្រមុជទឹក ដែលលោកបានទទួលយកការអញ្ជើញនោះនៅអាយុ ១០ ឆ្នាំ ។ ឆ្លងកាត់ជីវិតអស់រយៈពេលប្រាំទសវត្សរ៍ អែលឌើរ ហឹស្ស បានរក្សាសេចក្ដីជំនឿ និងទីបន្ទាល់ដូចជាកូនក្មេងរបស់លោក ។
អែលឌើរ ហឹស្ស បានមានប្រសាសន៍ថា « ព្រះទ្រង់មានបន្ទូលមកកាន់ដួងចិត្តខ្ញុំតាមរបៀបដូចគ្នាដែលទ្រង់បានធ្វើ កាលខ្ញុំនៅថ្នាក់បឋមសិក្សា ហើយតាមរបៀបដូចគ្នាពេលខ្ញុំនៅសាលាថ្ងៃអាទិត្យ » ។
លោកបានរៀបការជាមួយនឹង ក្លែរ អេលីស្សាប៊ែត រ៉ាយ នៅថ្ងៃទី ២៩ ខែ ឧសភា នៅប៊ឺនលី រដ្ឋលេនកាសែ ។ ក្រោយមកនៅថ្ងៃដដែលនោះ ពួកលោកបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ឡុងដ៍ អង់គ្លេស ។
អែលឌើរ ហឹស្ស បានទទួលបរិញ្ញាបត្រផ្នែកច្បាប់នៅ ឆ្នាំ ១៩៩៦ មកពីសាកលវិទ្យាល័យ ឡានខាស្ទ័រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីសាលា អាឡាយអែនស៍ ពាណិជ្ជកម្មម៉ែនឆេស្ទើរ នៅក្នុង ឆ្នាំ ២០១៦ ។ ចាប់តាំងពី ឆ្នាំ ១៩៩៧ លោកបានធ្វើការជាអ្នកច្បាប់ ( មេធាវី ) ។
ដោយមានកូនប្រាំមួយនាក់ គ្រួសារ ហឹស្ស បានរស់នៅក្នុងទីក្រុង ប៊ុលសូវៀ រដ្ឋឆេស្ទើរហ្វៀល ប្រទេសអង់គ្លេស ហើយបានបម្រើការជាអ្នកដឹកនាំការប្រជុំដើម្បីកម្លាំងនៃយុវជន ពេលលោកត្រូវបានហៅ ។