« អែលឌើរ ស៊ើរជីអូ អ័រ វ៉ាហ្គាស » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ស៊ើរជីអូ អ័រ វ៉ាហ្គាស
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
នៅពេល អែលឌើរ ស៊ើរជីអូ អ័រ វ៉ាហ្គាស បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹង អេនឌ្រៀ សេនចែហ្ស លោកគិតថា លោកមានដំណោះស្រាយតូចមួយចំពោះភាពខុសគ្នាខាងសាសនារបស់ពួកលោក ៖ ពួកលោកនឹងមានពិធីមង្គលការមួយនៅក្នុងព្រះវិហាររបស់លោកសម្រាប់គ្រួសាររបស់លោក និងពិធីមង្គលការមួយទៀតនៅក្នុងព្រះវិហាររបស់នាងសម្រាប់គ្រួសាររបស់នាង ។
ទោះជាយ៉ាងណា លោកបានដឹងយ៉ាងឆាប់ថា ការធ្វើដូច្នេះមិនមែនងាយស្រួលនោះទេ ។ អេនឌ្រៀ គឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយនាងចង់រៀបការនៅព្រះវិហារបរិសុទ្ធ ។ ដូច្នេះ នាងបានអញ្ជើញលោកឲ្យរៀនបន្ថែមទៀតអំពីសេចក្តីជំនឿរបស់នាងពីពួកអ្នកផ្សព្វផ្សាយសាសនា ។
អែលឌើរ វ៉ាហ្គាស បានទទួលយកការអញ្ជើញនេះ ដែលបានផ្លាស់ប្តូរជីវិតរបស់លោក ។
លោកបានរំឭកពីការធ្វើការនៅក្រុមហ៊ុនត្រីសាលម៉ុននៅពេលនោះ ដោយជួយដឹកត្រីរស់តាមសមុទ្រ ។ អំឡុងពេល ២៥ ម៉ោងធ្វើដំណើរតាមសមុទ្រ លោកបានរកឃើញកន្លែងឯកជនមួយដើម្បីអានព្រះគម្ពីរមរមន និងទូលសួរព្រះវរបិតាសួគ៌អំពីដំណឹងល្អ ។ វាគឺជាចំណុចផ្លាស់ប្តូរដ៏ធំខាងវិញ្ញាណ ។
អែលឌើរ វ៉ាហ្គាស បានកើតនៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ នៅទីក្រុង ព័រតូ វ៉ារ៉ាស ប្រទេសស៊ីលី ជាកន្លែងដែលលោក និងបងប្អូនរបស់លោកពីរនាក់ទៀតធំឡើង ។ ម្តាយរបស់លោក ហ្គ្រេឌីស៍ បារីយ៉ា មើលថែរក្សាផ្ទះ ខណៈដែលឪពុករបស់លោក រីណាតូ វ៉ាហ្គាស រក្សាសន្តិភាពក្នុងនាមជាមន្រ្តីបូលិស ។ ទោះជាបានជួបពួកអ្នកផ្សព្វផ្សាយសាសនាកាលពីក្មេងក្ដី លោកចាប់អារម្មណ៍នឹងការលេងបាល់បោះជាងការរៀនដំណឹងល្អទៅទៀត ។
លោកបានមានប្រសាសន៍ថា រហូតដល់អែលឌើរ វ៉ាហ្គាស បានជួបស៊ីស្ទើរ វ៉ាហ្គាស ទើបលោកត្រៀមខ្លួនទាំងចិត្ត និងគំនិតដើម្បីស្តាប់អ្នកផ្សព្វផ្សាយសាសនា ។ ពួកលោកបានរៀបការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០០៣ ហើយក្រោយមកបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធសាន់ទីអាហ្គោ ស៊ីលី ។ ស្វាមីភរិយាគូនេះមានកូនបីនាក់ ។
នៅពេលត្រូវបានហៅជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ អែលឌើរ វ៉ាហ្គាស កំពុងបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់ខាងត្បូងអាមេរិកខាងត្បូង ។ ការហៅបម្រើក្នុងសាសនាចក្រពីមុនរបស់លោករួមមាន ទីប្រឹក្សាជាន់ខ្ពស់ ប្រធានសាខា និង ប្រធានស្តេក ។
អែលឌើរ វ៉ាហ្គាស បានបញ្ចប់បរិញ្ញាបត្រផ្នែកធនធានសមុទ្រមកពីសាកលវិទ្យាល័យ ឡូស ឡាហ្គោស ក្នុងឆ្នាំ ១៩៩៩ ហើយបានទទួលសញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មមកពីសាកលវិទ្យាល័យ អូសទ្រលនៅក្នុង ឆ្នាំ ២០០២ ។ ថ្មីៗនេះ លោកបានធ្វើការជាអ្នកគ្រប់គ្រងផលិតកម្ម និងប្រតិបត្តិការឲ្យ វេនទីស្គែរ៉ូស ជាសមាជិកនៃក្រុមហ៊ុនសាជីវកម្ម ឆាហ្គូប៊ឺ របស់អាល្លឺម៉ង់ ។