ព្រះគម្ពីរ
នីហ្វៃ ទី ២ 9


ជំពូក​ទី ៩

ពួក​សាសន៍​យូដា​នឹង​ប្រមូល​គ្នា​នៅ​គ្រប់​ដែនដី​សន្យា​របស់​ពួក​គេ — ដង្វាយ​ធួន​លោះ​មនុស្ស​លោក​ពី​ការ​ធ្លាក់ — រូប​កាយ​ទាំង​ឡាយ​នៃ​មនុស្ស​ស្លាប់​នឹង​ក្រោក​ឡើង​ពី​ផ្នូរ ឯ​វិញ្ញាណ​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​ចេញ​មក​ពី​ស្ថាន​នរក និង​ពី​ស្ថាន​បរមសុខ​មក — ពួក​គេ​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ — ដង្វាយ​ធួន​ជួយសង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ស្ថាន​នរក អារក្ស និង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ — ពួក​សុចរិត​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ — ទោស​សម្រាប់​អំពើ​បាប​ត្រូវ​បាន​ចែង​ឡើង — ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺជា​អ្នក​ឆ្មាំទ្វារ។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​អាន​ការណ៍​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​អំពី​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អស់​ទាំង​វង្ស​អ៊ីស្រាអែល —

គឺ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដោយ​មាត់​របស់​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ចាប់​តាំង​ពី​ដើម​ចុះ​មក ពី​តំណ​មួយ​ទៅ​តំណ​មួយ រហូត​ដល់​ពេល​ដែល​ពួក​គេ​នឹង​បាន​សាង​ឡើងវិញ​នៅ​ក្នុង​សាសនាចក្រ​ដ៏​ពិត និង​ក្នុង​ក្រោល​នៃ​ព្រះ កាល​ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​ទៅ​ដែន​ដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ​ទាំង​ឡាយ ហើយ​នឹង​បាន​តាំង​ឲ្យ​មាន​ឡើង​នៅ​លើ​អស់​ទាំង​ដែនដី​សន្យា​របស់​ពួក​គេ។

មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ពោល​ការណ៍​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ត្រេកអរ ហើយ​ងើយ​ក្បាល​អ្នក​ឡើងជា​ដរាប ដោយ​សារ​ពរ​ទាំង​ឡាយ​ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​មក​លើ​កូន​ចៅ​អ្នក​រាល់​គ្នា។

ត្បិត​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ភាគច្រើន​បាន​ខំ​ពិចារណា​មើល​ណាស់ ដើម្បី​ឲ្យ​ដឹង​ការណ៍ ដែល​នឹង​កើត​មក ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​រាល់​គ្នា ត្រូវ​បាត់បង់​ស្លាប់​ទៅ ក៏​ប៉ុន្តែ​នៅ​ក្នុង​រូប​កាយ​របស់​យើង យើង​នឹង​បាន​ឃើញ​ព្រះ។

មែន​ហើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​នៅ​ក្នុង​រូប​កាយ ទ្រង់​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម គឺជា​កន្លែង​ដែល​យើង​បាន​ចេញ​មក ព្រោះ​ជា​ការ​ចាំបាច់ ដែល​ត្រូវ​តែ​នៅ​ក្នុង​ចំណោម​ពួក​គេ ត្បិត​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​បង្ក​បង្កើត​ដ៏​ធំ ដែល​ទ្រង់​ត្រូវ​បណ្ដោយ​ឲ្យ​ខ្លួន​នៅ​ក្រោម​អំណាច​មនុស្ស​ក្នុង​សាច់ឈាម ហើយ​សុគត​ជំនួស​មនុស្ស​លោក​ទាំង​អស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​អាច​បាន​នៅ​ក្រោម​អំណាច​របស់​ព្រះ​អង្គ។

ត្បិត​ដូច​ជា​សេចក្ដី​ស្លាប់​បាន​មក​ដល់​មនុស្ស​លោក​គ្រប់រូប ដើម្បី​បំពេញ​ផែនការ​នៃ​ការ​ប្រោសប្រណី​របស់​ព្រះ​បង្ក​បង្កើត​ដ៏​ធំ​យ៉ាង​ណា នោះ​ក៏​ជា​ការ​ចាំបាច់​ដែល​ត្រូវ​តែ​មាន​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​យ៉ាង​នោះ​ដែរ ហើយ​ដំណើរ​រស់​ឡើងវិញ ក៏​ត្រូវ​តែ​មាន​ដល់​មនុស្ស​លោក​ដោយ​ព្រោះ​ការ​ធ្លាក់ ហើយ​ការ​ធ្លាក់​កើតឡើង​ដោយ​ព្រោះ​សេចក្ដី​រំលង ហើយ​ដោយ​ព្រោះ​មនុស្ស​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ធ្លាក់ នោះ​ពួក​គេ​ត្រូវ​បាន​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

ហេតុ​ដូច្នោះ​ហើយ ត្រូវ​តែ​មាន​ដង្វាយ​ធួន​ដ៏​និរន្តរ៍​មួយ — លើកលែង​តែ​មាន​ដង្វាយ​ធួន​ដ៏​និរន្តរ៍ នោះ​ការ​ពុករលួយ​នេះ ក៏​មិន​អាច​ក្លាយ​ទៅ​ជា​មិន​ពុករលួយ​វិញ​បាន​ឡើយ។ ហេតុ​ដូច្នោះ​ហើយ សេចក្ដី​ជំនុំ​ជំរះ​ទី​មួយ​ដែល​ធ្លាក់​មក​លើ​មនុស្ស ត្រូវ​ស្ថិត​នៅ​រហូត​ដោយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ហើយ​បើជា​យ៉ាង​នេះ​មែន សាច់ឈាម​នេះ​នឹង​ត្រូវ​បញ្ចុះ​ឲ្យ​រលួយ ហើយ​រលាយ​នៅ​ក្នុង​ព្រះ​ធរណី ដោយ​មិន​អាច​នឹង​ក្រោក​ឡើង​បាន​ទៀត​ឡើយ។

ឱ​ប្រាជ្ញា​នៃ​ព្រះ សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​ព្រះ​អើយ! ត្បិត​មើល​ចុះ បើ​សិន​ជា​សាច់ឈាម​មិន​អាច​ក្រោក​ឡើង​ទៀត​ទេ នោះ​វិញ្ញាណ​របស់​យើង​នឹង​នៅ​ក្នុង​អំណាច​នៃ​ទេវតា ដែល​ធ្លាក់​ចុះ​ពី​វត្ត​មាន​នៃ​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​បាន​ក្លាយ​ទៅ​ជា​អារក្ស ហើយ​មិន​អាច​ក្រោក​ឡើង​ទៀត​សោះ។

ហើយ​វិញ្ញាណ​ទាំង​ឡាយ​របស់​យើង​នឹង​ក្លាយ​ទៅ​ដូច​ជា​វា​ដែរ ហើយ​យើង​នឹង​ក្លាយ​ទៅ​ជា​ពួក​អារក្ស គឺជា​ពួក​ទេវតា​នៃ​អារក្ស ដែល​នឹង​ត្រូវ​បិទ​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​របស់​យើង ហើយ​ត្រូវ​នៅ​ជាមួយ​នឹង​បិតា​នៃ​សេចក្ដី​កុហក​ទាំង​ឡាយ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ដូច​វា​ដែរ មែន​ហើយ ទៅ​ឯ​អ្នក​ដែល​បញ្ឆោត​ឪពុក​ម្ដាយ​ដើម​យើង ជា​អ្នក​ដែល​បាន​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ ហើយ​ចាក់រុក​កូន​ចៅ​មនុស្ស​ឲ្យ​ធ្វើ​បក្សព័ន្ធ​សម្ងាត់​នៃ​អំពើ​ឃាតកម្ម និង​គ្រប់​ទាំង​កិច្ចការ​សម្ងាត់​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​ទៀត។

១០ឱ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ព្រះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​យើង​រំដោះ​ខ្លួន​ចេញ​ពី​ក្រញាំ​នៃ​វិរូប​ដ៏​គួរ​ស្ញែង​ខ្លា​ច​នេះ មែន​ហើយ វិរូប​នោះ គឺជា​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ដែល​ខ្ញុំ​ហៅ​ថា សេចក្ដី​ស្លាប់​នៃ​រូប​កាយ ហើយ​សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ផង។

១១ហើយ​ដោយ​សារ​ផ្លូវ​រំដោះ​នៃ​ព្រះ​របស់​យើង គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​សេចក្ដី​ស្លាប់​នេះ​ដែល​ខ្ញុំ​បាន​និយាយ​មក ដែល​ជា​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម នឹង​ត្រូវ​ប្រគល់​ពួក​អ្នក​ដែល​ស្លាប់ ឯ​សេចក្ដី​ស្លាប់​នេះ គឺជា​ផ្នូរ។

១២ហើយ​សេចក្ដី​ស្លាប់​នេះ ដែល​ខ្ញុំ​បាន​និយាយ​មក គឺជា​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ នោះ​នឹង​ប្រគល់​ពួក​អ្នក​ដែល​ស្លាប់ សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​នេះ គឺជា​ស្ថាន​នរក ហេតុ​ដូច្នោះ​ហើយ សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ត្រូវ​ប្រគល់​ពួក​អ្នក​ដែល​ស្លាប់ ហើយ​ស្ថាន​នរក​ត្រូវ​ប្រគល់​វិញ្ញាណ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង ហើយ​ផ្នូរ​ត្រូវ​ប្រគល់​រូប​កាយ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង ហើយ​រូប​កាយ​ទាំង​ឡាយ និង​វិញ្ញាណ​ទាំង​ឡាយ​នៃ​មនុស្ស​លោក​នឹង​បាន​ចូលរួម​គ្នា​វិញ ហើយ​នេះ​គឺ​ដោយ​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

១៣ឱ​ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎! ត្បិត​ម្យ៉ាង​ទៀត ស្ថាន​បរមសុខ​នៃ​ព្រះ ក៏​ត្រូវ​ប្រគល់​វិញ្ញាណ​ទាំង​ឡាយ​នៃ​ពួក​សុចរិត ឯ​ផ្នូរ​វិញ​ក៏​ត្រូវ​ប្រគល់​រូប​កាយ​ទាំង​ឡាយ​នៃ​ពួក​សុចរិត ហើយ​វិញ្ញាណ និង​រូប​កាយ ក៏​បាន​ចូលរួម​គ្នា​វិញ ហើយ​មនុស្ស​លោក​ទាំង​អស់​នឹង​ក្លាយ​ទៅ​ជា​មិន​ពុករលួយ ហើយ​ក្លាយ​ទៅ​ជា​អមត ហើយ​ពួក​គេ​ជា​ព្រលឹង​ដែល​មាន​ជីវិត ដោយ​មាន​តម្រិះដ៏​ឥត​ខ្ចោះ ដូច​កាល​យើង​នៅ​ក្នុង​សាច់ឈាម លើក​លែង​តែ​តម្រិះ​របស់​យើង​នឹង​បាន​ឥត​ខ្ចោះ។

១៤ហេតុ​ដូច្នោះ​ហើយ យើង​នឹង​មាន​តម្រិះ​ដ៏​ឥត​ខ្ចោះ​ពី​អស់​ទាំង​កំហុស​របស់​យើង និង​ភាព​ស្មោក​គ្រោក​របស់​យើង និង​ភាព​អាក្រាត​របស់​យើង ហើយ​ពួក​សុចរិត​នឹង​មាន​តម្រិះ​ដ៏​ឥត​ខ្ចោះ​ពី​ការ​សប្បាយ​របស់​គេ និង​ពី​សេចក្ដី​សុចរិត​របស់​គេ បំពាក់​ដោយ​សេចក្ដី​បរិសុទ្ធ មែន​ហើយ គឺ​ដោយ​អាវ​នៃ​សេចក្ដី​សុចរិត។

១៥ហើយ​ហេតុការណ៍​នឹង​កើត​ឡើ​ង​ថា កាល​មនុស្ស​លោក​ទាំង​អស់​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទី​មួយ​នេះ​ទៅ​រក​ជីវិត ដរាប​ដល់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អមត នោះ​ពួក​គេ​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ខណៈ​នោះ ទើប​មាន​ការ​ជំនុំ​ជំរះ​កើតឡើង ហើយ​ខណៈ​នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ ស្រប​តាម​សេចក្ដី​ជំនុំ​ជំរះ​ដ៏​បរិសុទ្ធ​នៃ​ព្រះ។

១៦ហើយ​ប្រាកដ​មែន ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ជា​ព្រះ​បន្ទូល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ដែល​មិន​សាបសូន្យ​ទៅ​ឡើយ ថា​ពួក​អ្នក​ដែល​សុចរិត ក៏​នឹង​នៅ​តែ​សុចរិត​ដដែល ហើយ​ពួក​អ្នក​ដែល​ស្មោក​គ្រោក ក៏​នឹង​នៅ​តែ​ស្មោក​គ្រោក​ដដែល​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​អ្នក​ដែល​ស្មោក​គ្រោក គឺជា​អារក្ស ហើយ​ជា​ពួក​ទេវតា​វា ហើយ​ពួក​គេ​នឹង​រសាត់​ទៅ​ឆ្ងាយ​ក្នុង​ភ្លើង​ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំឡើង​សម្រាប់​ពួក​គេ ឯ​ការ​រង​ទុក្ខវេទនា​របស់​ពួក​គេ គឺ​ដូច​ជា​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​មាន​អណ្ដាត​ភ្លើង​ឆេះ​ឡើង​ខ្ពស់​ជា​រៀង​ដរាប​ត​ទៅ ហើយ​គ្មាន​ទីបំផុត​សោះ។

១៧ឱ​ភាព​អស្ចារ្យ និង​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎! ត្បិត​ទ្រង់​បាន​អនុវត្ត​ព្រះ​បន្ទូល​របស់​ទ្រង់​ទាំង​អស់ ហើយ​ព្រះ​បន្ទូល​ទាំង​នោះ បាន​ចេញ​មក​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់ ហើយ​ក្រឹត្យវិន័យ​របស់​ទ្រង់​ត្រូវ​តែ​បាន​បំពេញ។

១៨ប៉ុន្តែ​មើល​ចុះ ពួក​សុចរិត​ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​ជឿ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​បាន​ស៊ូទ្រាំ​នូវ​ឈើឆ្កាង​ទាំង​ឡាយ​នៃ​ពិភពលោក ហើយ​ពុំ​ញញើត​ដល់​ការ​ខ្មាសអៀន ពួក​គេ​នឹង​គ្រងនគរ​ព្រះ​ទុកជា​មរតក ដែល​បាន​រៀបចំ​សម្រាប់​ពួក​គេ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​សេចក្ដី​អំណរ​របស់​គេ​នឹង​បាន​ពោរពេញ​រហូត​ត​ទៅ។

១៩ឱ​ភាព​អស្ចារ្យ​នៃ​សេចក្ដី​មេត្តាករុណា​នៃ​ព្រះ​របស់​យើង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ​ធំ​ណាស់​ហ្ន៎! ត្បិត​ទ្រង់​រំដោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​រួច​ផុត​ពី​វិរូប​ដ៏​ស្ញែង​ខ្លាច គឺ​អារក្ស និង​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ហើយ​នឹង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​ជា​ការ​រង​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

២០ឱ​សេចក្ដី​បរិសុទ្ធ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎! ត្បិត​ទ្រង់​ជ្រាប​គ្រប់​អស់​ទាំង​ការណ៍ ហើយ​គ្មាន​ការណ៍​អ្វី​ដែល​ទ្រង់​មិន​ជ្រាប​នោះ​ឡើយ។

២១ហើយ​ទ្រង់​យាង​មក​ឯ​លោកិយ ដើម្បី​ទ្រង់​អាច​សង្គ្រោះ​មនុស្ស​លោក​ទាំង​អស់ បើ​សិន​ជា​ពួក​គេ​ព្រម​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ត្បិត​មើល​ចុះ ទ្រង់​រង​ទុក្ខ​ការ​ឈឺ​ចាប់​នៃ​មនុស្ស​លោក​ទាំង​អស់ មែន​ហើយ គឺ​ការ​ឈឺ​ចាប់​របស់​សត្វ​លោក​សព្វ​សារពើ​ដែល​រស់នៅ ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​ជា​គ្រួសារ​នៃ​លោក​អ័ដាម

២២ហើយ​ទ្រង់​រង​ទុក្ខ​បែប​នេះ គឺ​ដើម្បី​ឲ្យ​មាន​ដំណើរ​រស់​ឡើងវិញ​ដល់​មនុស្ស​លោក​ទាំង​អស់ ហើយ​ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់ អាច​ឈរ​ចំពោះ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ​ដ៏​ធំ។

២៣ហើយ​ទ្រង់​បញ្ជា​មនុស្ស​លោក​ទាំង​អស់​ថា ពួក​គេ​ត្រូវ​តែ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​ឥត​ខ្ចោះ ជឿ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​មិន​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ។

២៤ហើយ​បើ​សិន​ជា​ពួក​គេ​មិន​ប្រែចិត្ត ហើយ​មិន​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​មិន​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​ជាប់​ទោស ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ គឺ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៥ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​ប្រទាន​ក្រឹត្យវិន័យ​មួយ ហើយ​ទីណា​ដែល​គ្មាន​ក្រឹត្យវិន័យ ទី​នោះ​ក៏​គ្មាន​ទោស​ដែរ ហើយ​ទីណា​ដែល​គ្មាន​ទោស ទី​នោះ​ក៏​គ្មាន​ការ​កាត់ទោស​ដែរ ហើយ​ទីណា​ដែល​គ្មាន​ការ​កាត់ទោស នោះ​សេចក្ដី​មេត្តាករុណា​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​មាន​សិទ្ធិ​ទៅ​លើ​ពួក​គេ​ដោយ​សារ​ដង្វាយ​ធួន ព្រោះ​ពួក​គេ​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់។

២៦ត្បិត​ដង្វាយ​ធួន នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​នៃ​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់​ទៅ​លើ​អស់​អ្នក​ណា ដែល​មិន​បាន​ទទួល​ក្រឹត្យវិន័យ ដើម្បី​ឲ្យ​ពួក​គេ​អាច​រួច​ផុត​ពី​វិរូប​ដ៏​ស្ញែង​ខ្លាច ពី​សេចក្ដី​ស្លាប់ និង​ពី​ស្ថាន​នរក និង​អារក្ស ហើយ​នឹង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​ជា​ការ​រង​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​ពួក​គេ​ត្រូវ​បាន​ជូន​ទៅ​ឯ​ព្រះ​អង្គ​នោះ ដែល​បាន​ប្រទាន​ដង្ហើម​ដល់​ពួក​គេ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

២៧ប៉ុន្តែ​វេទនា​ដល់​អ្នក​ណា ដែល​បាន​ទទួល​ក្រឹត្យវិន័យ មែន​ហើយ ដែល​មាន​គ្រប់​ទាំង​ព្រះ​បញ្ញត្តិ​នៃ​ព្រះ ដូច​ជា​យើង​រាល់​គ្នា ហើយ​បាន​រំលង​លើ​ព្រះ​បញ្ញត្តិ​ទាំង​នោះ ហើយ​បាន​ខាត​ពេល​វេលា​នៃ​ការ​សាកល្បង​របស់​ខ្លួន​បង់ ត្បិត​ស្ថានភាព​នៃ​អ្នក​នេះ គឺ​គួរ​ឲ្យ​ស្ញើប​ខ្លាច!

២៨ឱ​ផែន​ការ​ដែល​ប្រកប​ដោយ​ឧបាយកល​របស់​អ្នក​អាក្រក់​អើយ! ឱ​អំពើ​មោឃៈ និង​ភាព​ទន់ខ្សោយ និង​ការ​ឆ្កួត​លីលា​នៃ​មនុស្ស​លោក​អើយ! កាលណា​គេ​បាន​រៀន​សូត្រ គេ​ស្មាន​ថា​គេ​ឆ្លាត​វៃ ហើយ​គេ​មិន​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ​ឡើយ ព្រោះ​គេ​បាន​ទុក​មួយអន្លើ ដោយ​គិត​ស្មាន​ថា គេ​បាន​ដឹង​ដោយ​ខ្លួន​គេ​សព្វគ្រប់​ហើយ ហេតុ​ដូច្នោះ​ហើយ ប្រាជ្ញា​របស់​គេ​នោះ គឺជា​សេចក្ដី​ឆ្កួត​លីលា ហើយ​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ឡើយ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ។

២៩ប៉ុន្តែ​ដែល​បាន​រៀន​សូត្រ គឺជា​ការ​ល្អ​វិញ បើ​សិន​ជា​គេ​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ។

៣០ប៉ុន្តែ​វេទនា​ដល់​អ្នក​មាន ដែល​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​នៃ​លោកិយ។ ត្បិត​មក​ពី​គេ​មាន គេ​មើល​ងាយ​មនុស្ស​ក្រីក្រ ហើយ​បៀតបៀន​មនុស្ស​ស្លូតត្រង់ ឯ​ចិត្ត​របស់​គេ​ឆ្ពោះ​ទៅ​រក​តែ​ទ្រព្យសម្បត្តិ​របស់​គេ ហេតុ​ដូច្នោះ​ហើយ ទ្រព្យសម្បត្តិ​របស់​គេ គឺជា​ព្រះ​របស់​គេ។ ហើយ មើល​ចុះ ទ្រព្យសម្បត្តិ​របស់​គេ នឹង​វិនាស​ទៅ​ជា​មួយ​គេ​ដែរ។

៣១ហើយ​វេទនា​ដល់​ពួក​ថ្លង់ ដែល​មិន​ព្រម​ស្ដាប់ ត្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ។

៣២វេទនា​ដល់​ពួក​ខ្វាក់ ដែល​មិន​ព្រម​មើល ត្បិត​ពួក​គេ​ក៏​ត្រូវ​វិនាស​ផង​ដែរ។

៣៣វេទនា​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​មិន​កាត់​ស្បែក ត្បិត​ការ​ដឹង​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ នឹង​វាយ​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

៣៤វេទនា​ដល់​ពួក​ដែល​កុហក ត្បិត​អ្នក​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ស្ថាន​នរក។

៣៥វេទនា​ដល់​ឃាតករ ដែល​សម្លាប់​មនុស្ស​ដោយ​ចេតនា ត្បិត​គេ​នឹង​ត្រូវ​ស្លាប់

៣៦វេទនា​ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ទាំង​ឡាយ ត្បិត​គេ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ស្ថាន​នរក។

៣៧មែន​ហើយ វេទនា​ដល់​ពួក​អ្នក​ដែល​ថ្វាយបង្គំ​រូប​ព្រះ ត្បិត​អារក្ស​លើ​អស់​ទាំង​ពួក​អារក្ស​ត្រេកអរ​នឹង​ពួក​នេះ​ណាស់។

៣៨ហើយ​សរុប​សេចក្ដី​មក វេទនា​ដល់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ត្បិត​គេ​នឹង​ត្រឡប់​ទៅ​ជួប​ព្រះ​វិញ ហើយ​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់ ហើយ​ស្ថិតនៅ​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ដដែល។

៣៩ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​នឹក​ចាំ​ដល់​ភាព​ដ៏​ស្ញែង​ខ្លាច​នៃ​ការ​រំលង​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ និង​ភាព​ដ៏​ស្ញែង​ខ្លាច​នៃ​ការ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ល្បួង​ទាក់ទាញ​ទាំង​ឡាយ​របស់​មេ​ឧបាយកល​នោះ។ សូម​នឹក​ចាំ​ចុះ​ថា គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ គឺជា​សេចក្ដី​ស្លាប់ រីឯ​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។

៤០ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ​ចុះ។ សូម​នឹក​ចាំ​ដល់​ភាព​ធំ​អស្ចារ្យ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។ សូម​កុំ​និយាយ​ថា ខ្ញុំ​បាន​និយាយ​ពី​រឿង​ធ្ងន់ៗ​ទាស់​នឹង​អ្នក​ឡើយ ត្បិត​បើ​សិន​ជា​អ្នករាល់​គ្នា​និយាយ​ថា​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​ជេរប្រមាថ​ដល់​សេចក្ដី​ពិត ព្រោះ​ខ្ញុំ​បាន​ពោល​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​បង្ក​បង្កើត​បងប្អូន។ ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ឡាយ​នៃ​សេចក្ដី​ពិត គឺជា​ពាក្យ​ដ៏​ធ្ងន់​ទាស់​នឹង​ការ​ស្មោក​គ្រោក​ទាំង​អស់ ប៉ុន្តែ​ពួក​សុចរិត​មិន​ខ្លាច​ដល់​ពាក្យ​ទាំង​នោះ​ទេ ព្រោះ​គេ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​មិន​រន្ធត់​ឡើយ។

៤១ឱ​បើ​ដូច្នោះ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​មក​រក​ព្រះ​អម្ចាស់ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​ចុះ។ សូម​នឹក​ចាំ​ថា ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត។ មើល​ចុះ ផ្លូវ​សម្រាប់​មនុស្ស គឺ​ចង្អៀត ប៉ុន្តែ​សន្ធឹង​ត្រង់​នៅ​ចំពោះ​មុខ​គេ ហើយ​អ្នក​ឆ្មាំ​ទ្វារ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​មិន​ជួល​បាវ​បម្រើ​នៅ​ទី​នោះ​ឡើយ ហើយ​គ្មាន​ផ្លូវ​ឯណា​ផ្សេង​ទៀត​ទេ ក្រៅពី​តាម​ទ្វារ​នោះ ត្បិត​គ្មាន​នរណា​អាច​បន្លំ​បាន​ឡើយ ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ គឺជា​ព្រះ​នាម​ទ្រង់។

៤២ហើយ​អ្នក​ណា​ដែល​គោះ ទ្រង់​នឹង​បើក​ឲ្យ ហើយ​អ្នក​ប្រាជ្ញ និង​អ្នក​រៀន​សូត្រ និង​ពួក​អ្នក​មាន ដែល​ជា​ពួក​អ្នក​មាន​ចិត្តធំ​ដោយ​មក​ពី​ការ​រៀន​សូត្រ​របស់​គេ និង​ប្រាជ្ញា​របស់​គេ ហើយ​នឹង​ទ្រព្យសម្បត្តិ​របស់​គេ — មែន​ហើយ គឺ​ពួក​គេ​នេះ​ហើយ​ដែល​ព្រះ​អង្គ​ទ្រង់​ស្អប់ ហើយ​លើកលែង​ពួក​គេ​លះបង់​ចរិត​ទាំង​នេះ​ចេញ ហើយ​ព្រម​ទទួល​ខ្លួន​ថា ល្ងង់​ល្ងើ​នៅ​ចំពោះ​ព្រះ ហើយ​បន្ទាប​ខ្លួន​ចុះ​ដល់​ជម្រៅ​នៃ​ភាព​ទន់​ទាប នោះ​ទ្រង់​នឹង​ពុំ​បើកទ្វារ​ឲ្យ​ពួក​គេ​ឡើយ។

៤៣ប៉ុន្តែ​ការណ៍​ទាំង​ឡាយ​ដែល​ជា​របស់​អ្នក​ប្រាជ្ញ និង​អ្នក​ឈ្លាសវៃ នឹង​ត្រូវ​លាក់​ពី​គេ​រហូត — មែន​ហើយ គឺ​សុភមង្គល ដែល​បាន​រៀបចំឡើង​សម្រាប់​ពួក​បរិសុទ្ធ។

៤៤ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ចងចាំ​នូវ​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ​ចុះ។ មើល​ចុះ ខ្ញុំ​ដោះ​សំលៀកបំពាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​រលាស់​នៅ​ពីមុខ​អ្នក​រាល់​គ្នា ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ សូម​ព្រះ​អង្គ​ទត​មើល​ខ្ញុំ ដោយ​ព្រះ​នេត្រ​ឈ្វេង​យល់​របស់​ទ្រង់ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ នៅ​ពេល​មនុស្ស​លោក​ទាំង​អស់​នឹង​ត្រូវ​ជំនុំ​ជំរះ​ចំពោះ​អំពើ​ទាំង​ឡាយ​របស់​ខ្លួន គឺ​សូម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ធ្វើជា​សាក្សី​ថា​ខ្ញុំ​បាន​រលាស់​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ព្រលឹង​ខ្ញុំ​ហើយ ហើយ​ថា​ខ្ញុំ​ឈរ​ភ្លឺ​ថ្លា​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ជ្រះស្រឡះ​ពី​លោហិត​នៃ​អ្នក​រាល់​គ្នា។

៤៥ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​បែរ​ចេញ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​ចុះ ចូរ​រលាស់​ច្រវាក់​នៃ​មេ​ដែល​ចង​ក្រៀក​បងប្អូន​ចោល​ទៅ ចូរ​មក​រក​ព្រះ​ដែល​ជា​ថ្ម​នៃ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​វិញ។

៤៦ចូរ​ប្រុងប្រៀប​ព្រលឹង​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​ចាំ​ថ្ងៃ​ដ៏​រុងរឿង​នោះ នៅ​ពេល​ដែល​សេចក្ដី​យុត្តិធម៌​នឹង​ត្រូវ​ប្រគល់​ដល់​ពួក​សុចរិត គឺ​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ ដើម្បី​កុំ​ឲ្យ​បងប្អូន​រាល់​គ្នា​រួញ​ដោយ​សេចក្ដី​ភិតភ័យ ដើម្បី​កុំ​ឲ្យ​បងប្អូន​រាល់​គ្នា​ចាំ​នូវ​កំហុស​ដ៏​អាស្រូវ​របស់​ខ្លួន​ដោយ​ឥត​ខ្ចោះ ហើយ​ត្រូវ​ឲ្យ​ស្រែក​ថា ៖ បរិសុទ្ធ! បរិសុទ្ធ! គឺជា​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់ ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​អើយ — ប៉ុន្តែ​ខ្ញុំ​ដឹង​កំហុស​របស់​ខ្ញុំ​ហើយ ខ្ញុំ​បាន​រំលង​ក្រឹត្យវិន័យ​របស់​ព្រះ​អង្គ ហើយ​ការ​រំលង​នេះ​ជា​របស់​ខ្ញុំ ហើយ​អារក្ស​បាន​យក​ខ្លួន​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ចំណី​នៃ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​អាស្រូវ​របស់​វា។

៤៧ប៉ុន្តែ​មើល​ចុះ បងប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ តើ​ជា​ការ​ចាំបាច់​ដែល​ខ្ញុំ​ត្រូវ​ដាស់​បងប្អូន ឲ្យ​ស្គាល់​សេចក្ដី​ពិត​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នៃ​រឿង​ទាំង​នេះ​ឬ​អី? តើ​គួរ​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​កើតទុក្ខ​ឬ បើ​សិន​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​បរិសុទ្ធ​នោះ? តើ​ខ្ញុំ​គួរ​និយាយ​ត្រង់ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា​តាម​ការ​ពិត បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​បាប​នោះ​ឬ?

៤៨មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បរិសុទ្ធ ខ្ញុំ​នឹង​និយាយ​ទៅ​បងប្អូន​អំពី​បរិសុទ្ធ​ភាព ប៉ុន្តែ​មក​ពី​អ្នក​រាល់​គ្នា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ទុក​ខ្ញុំ​ជា​គ្រូបង្រៀន ហេតុ​ដូច្នោះ​ហើយ ជា​ការ​ចាំបាច់​ដែល​ខ្ញុំ​ត្រូវ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ផល​របស់​អំពើ​បាប។

៤៩មើល​ចុះ ព្រលឹង​ខ្ញុំ​ស្អប់ខ្ពើម​អំពើ​បាប ហើយ​ចិត្ត​ខ្ញុំ​ត្រេកអរ​នឹង​អំពើ​សុចរិត ហើយ​ខ្ញុំ​នឹង​សរសើរ​តម្កើង​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​នៃ​ព្រះ​របស់​ខ្ញុំ។

៥០ចូរ​មក បងប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ អស់​អ្នក​ណា​ដែល​ស្រេក ចូរ​មក​រក​ទឹក​ទាំង​ឡាយ​ចុះ ហើយ​អស់​អ្នក​ណា​ដែល​គ្មាន​ប្រាក់ ចូរ​មក​ទិញ ហើយ​បរិភោគ​ចុះ មែន​ហើយ មក​ទិញ​ស្រា​ទំពាំងបាយជូរ និង​ទឹកដោះ ដោយ​មិនបាច់​ប្រាក់ ហើយ​មិនបាច់​បង់ថ្លៃ​ផង។

៥១ហេតុ​ដូច្នោះ​ហើយ សូម​កុំ​ចំណាយ​ប្រាក់​លើ​អ្វី​ដែល​ឥតប្រយោជន៍ ឬ​ក៏​ធ្វើការ​សម្រាប់​អ្វី​ដែល​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ។ សូម​ព្យាយាម​ស្ដាប់​តាម​ខ្ញុំ ហើយ​ចងចាំ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​និយាយ​ចុះ ហើយ​ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួល​ទាន​នូវ​អ្វី​ដែល​មិន​វិនាស និង​អ្វី​ដែល​មិន​អាច​ពុករលួយ​ផង ហើយ​ចូរ​ឲ្យ​ព្រលឹង​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​នៅ​ក្នុង​ការ​ធាត់​ចុះ។

៥២មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ចងចាំ​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ សូម​អធិស្ឋាន​ដល់​ទ្រង់​ជានិច្ច​នៅ​ពេល​ថ្ងៃ ហើយ​ថ្លែង​អំណរគុណ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នៅ​ពេល​យប់។ សូម​ឲ្យ​ចិត្ត​របស់​អ្នក​បាន​សប្បាយ​រីករាយ។

៥៣ហើយ​មើល​ចុះ សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ធំ​ណាស់​ហ្ន៎ មែន​ហើយ ការ​យាង​ចុះ​របស់​ព្រះ​អង្គ​មក​កាន់​កូន​ចៅ​មនុស្ស​ធំ​ណាស់​ហ្ន៎ ហើយ​ដោយ​សារ​ភាព​អស្ចារ្យ​របស់​ទ្រង់ និង​ព្រះ​គុណ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ទើប​ទ្រង់​បាន​សន្យា​នឹង​យើង​ថា ពូជ​យើង​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​ចោល ស្រប​តាម​សាច់ឈាម​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​រក្សា​ពូជ​យើង​ទុក ហើយ​នៅ​តំណ​ខាង​មុខ នោះ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​មែក​ដ៏​សុចរិត​មួយ​ចំពោះ​វង្ស​អ៊ីស្រាអែល។

៥៤ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​អ្នក​ថែម​ទៀត ប៉ុន្តែ​ទុក​ដល់​ថ្ងៃ​ស្អែក​សិន ខ្ញុំ​នឹង​ប្រកាស​ប្រាប់​នូវ​ពាក្យ​ទាំង​ឡាយ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ដល់​អ្នក​រាល់​គ្នា​ទៀត។ អាម៉ែន ៕