ឆ្នាំ ២០១០-២០១៩
របៀប​ដើម្បី​ទទួល​វិវរណៈ និង​ការ​បំផុសគំនិត សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក
មេសា 2012


របៀប​ដើម្បី​ទទួល​វិវរណៈ និង​ការ​បំផុសគំនិត សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក

ហេតុអ្វី​ក៏​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​អធិស្ឋាន​ដល់​ទ្រង់ ហើយ​សុំ ? ដោយ​សារ​នោះ​ជា​របៀប​ដែល​វិវរណៈ​ត្រូវ​បាន​ទទួល ។

នរណា​ដែល​ឈរ​នៅ​វេទិកា​នេះ ដើម្បី​ផ្ដល់​សារលិខិត​ ទទួល​បាន​កម្លាំង និង​ការ​គាំទ្រ​មក​ពី​សមាជិក​ទាំងអស់​ទូទាំង​ពិភពលោក ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ការ​គាំទ្រ​ដូចគ្នា​នេះ មក​ពីភរិយា​របស់​ខ្ញុំ​នៅ​ឯ​ម្ខាង​ទៀត​នៃ​វាំង​នន ។ អរគុណ ចានីន ។

ព្រះវិញ្ញាណបរិសុទ្ធ ទំនាក់ទំនងព័ត៌មានសំខាន់​ដែល​យើង​ត្រូវ​ការ ដើម្បី​ដឹកនាំ​យើង​នៅក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់​​ ។ នៅ​ពេល​ព័ត៌មានច្បាស់ ហើយ​សំខាន់ វា​សម​នឹងដាក់​ចំណងជើង​​វិវរណៈ ។

ឧទាហរណ៍មួយ​​អំពីវិវរណៈ នឹង​ជា​ការដឹកនាំ ដែល​ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​ទទួល​បន្ទាប់​ពី​ការ​ទូលអង្វរ​ជា​យូរ និង​ជា​បន្តបន្ទាប់​ទៅកាន់​ព្រះអម្ចាស់របស់គាត់ ស្ដីអំពី​ការ​ផ្ដល់​បព្វជិតភាព​ទៅ​ដល់​បុរស​សក្ដិសម​ទាំងអស់​ក្នុង​សាសនាចក្រ ដែល​ពេលនោះ​វា​មាន​សម្រាប់​ ​តែ​​ពួកគេមួយ​ចំនួន​ប៉ុណ្ណោះ​នោះ ។

ឧទារហណ៍​មួយទៀត​អំពី​វិវរណៈ គឺ​ជា​ការ​ណែនាំ​នេះ ដែល​ផ្ដល់​ទៅ​ដល់​ប្រធានយ៉ូសែប  អេហ្វ ស៊្មីធ ថា៖ « ខ្ញុំ​ជឿ​ថា យើង​បាន​ដើរ​ទៅ​មុខ ហើយ​យើង​នៅក្នុង​វត្តមាន​របស់​សារទូតសួគ៌ា និង​តួអង្គ​ពីសួគ៌ា ។ យើង​ពុំ​បំបែក​ចេញ​ពី​ពួកទ្រង់ឡើយ ។ … យើង​មាន​ទំនាក់ទំនងជិតស្និត​នឹង​សាច់ញាតិ, ជីដូនជីតា​របស់​យើង…ដែល​បានលាចាក​ទៅ​មុនយើង​ក្នុង​ពិភពវិញ្ញាណ ។ យើង​ពុំ​អាច​បំភ្លេច​ពួកគាត់​បានឡើយ យើង​ពុំ​ឈប់​ស្រឡាញ់​គាត់​ឡើយ យើង​តែងតែ​នឹក​ចាំពួកគេ​ក្នុង​ដួង​ចិត្ត​យើង ហេតុដូច្នេះ យើង​ជាប់ទាក់ទង និងរួបរួម​ជាមួយ​ពួកគាត់ដោយ​ចំណង​ដែល​យើង​ពុំ​អាច​ផ្ដាច់​បាន… ។ បើ​នេះ​ជា​ករណី​ជាមួយ​យើង នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​ហ៊ុំព័ទ្ធ​ទៅ​ដោយ​ភាព​ទន់​ខ្សោយ​ក្នុង​ជីវិត​របស់​យើង… តើ​វា​កាន់​តែ​ប្រាប់​ច្បាស់​យ៉ាង​ណាទៅទៀត… ដើម្បី​ជឿថា ​អ្នក​ទាំងឡាយ​ដែល​ស្មោះត្រង់, ដែល​បាន​ស្លាប់​ទៅ … អាច​មើល​ឃើញ​យើង​កាន់​តែច្បាស់ ជាង​យើងអាច​មើល​ឃើញ​ពួកគាត់, ថា​ពួកគាត់​បាន​ដឹង​ច្បាស់​ជាង​ពួកយើង ។… យើង​រស់នៅ​ក្នុង​វត្តមាន​របស់​ពួកគាត់ ពួកគាត់​មើល​ឃើញ​យើង ពួកគាត់​បារម្ភ​អំពី​សុខុមាលភាព​របស់​យើង ពួកគាត់​ស្រឡាញ់​យើង​ក្នុង​ពេលនេះ ជាង​ពេលណាៗ ។ ត្បិត​ឥឡូវ​នេះ ពួកគាត់​មើល​ឃើញ​គ្រោះ​ថ្នាក់​ដែល​ល្បួង​យើង… ក្ដីស្រឡាញ់​របស់គាត់​ចំពោះយើង និងបំណងប្រាថ្នា​​របស់​គាត់​ចំពោះ​សុខុមាលភាព​យើង គឺច្បាស់ជា​ខ្លាំង​ជាង​ដែល​យើង​ដឹងដោយ​​ខ្លួនយើង​ទៅ​ទៀត» ។ 1

ទំនាក់ទំនង​អាច​ត្រូវ​បាន​ពង្រឹង តាមរយៈមនុស្ស​ដែល​យើង​ស្គាល់ និង​ស្រឡាញ់​នៅ ឯម្ខាង​ទៀត​នៃ​វាំងនន ។ នោះ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការ​ខិតខំ​តាំងចិត្ត​របស់​យើង ដើម្បី​បន្ដ​ធ្វើ​អ្វី​ដែល​ត្រូវ ។ យើង​អាច​ត្រូវបាន​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​ដែល​បាន​លាចាក​លោក ដោយ​ការ​ទទួល​ស្គាល់​នូវ​ការ​បែកគ្នានេះ ជាការ​បណ្ដោះ​អាសន្ន ហើយ​​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ គឺ​អស់កល្បជានិច្ច ។ នៅពេល​គោរព​ដោយ​ខ្ជាប់​ខ្ជួន នោះ​ពួកគាត់អះអាង​នូវ​ការសម្រេច​នៃ​ការសន្យាដ៏អស់កល្បជានិច្ច ដែល​មាន​នៅ​ក្នុង​សេចក្ដី​សញ្ញា ។

ករណី​ដ៏​ច្បាស់​លាស់​បំផុត​អំពីវិវរណៈ​ នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ បាន​កើត​​មាន នៅ​ពេល​ខ្ញុំ​បានបំផុសគំនិត​យ៉ាងខ្លាំង ពី​ព្រះវិញ្ញាណ​ដើម្បី​សុំ​ ចេនីន វ៉តឃិន ​ផ្សាភ្ជាប់​នឹង​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

មេរៀន​ដ៏​អស្ចារ្យ​មួយដែល​យើង​ម្នាក់​ៗ​ត្រូវ​រៀន​ គឺ​ត្រូវ​សុំ ។ ហេតុអ្វី​ក៏​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​អធិស្ឋាន​ដល់​ទ្រង់ ហើយ​សុំ ? ដោយ​សារ​នោះ​ជា​របៀប​ដែល​វិវរណៈ​ត្រូវ​បាន​ទទួល ។

នៅ​ពេល​ខ្ញុំ​ជួបប្រទះ​នឹង​រឿង​ពិបាក​បំផុត នេះ​គឺ​ជា​របៀប​ដែល​ខ្ញុំ​ព្យាយាម​យល់​នូវ​អ្វី​ត្រូវ​ធ្វើ ។ ខ្ញុំ​តមអាហារ ។ ខ្ញុំអធិស្ឋាន​ដើម្បី​ស្វែងរក និង​យល់​បទគម្ពីរ ដែល​នឹង​ជា​ជំនួយ ។ ដំណើរ​ការ​នោះ គឺកើតឡើងដដែលៗ ។ ខ្ញុំ​ចាប់​ផ្ដើម​អាន​វគ្គ​គម្ពីរ ខ្ញុំ​ពិចារណា​អត្ថន័យខគម្ពីរ ហើយ​អធិស្ឋាន​សុំ​ការ​បំផុសគំនិត ។ បន្ទាប់មក​ខ្ញុំ​ពិចារណា ហើយអធិស្ឋាន​ឲ្យ​ដឹង​ បើ​សិនជា​ខ្ញុំ​បាន​យល់​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។ ជាញឹកញាប់ ចំណាប់អារម្មណ៍ជាច្រើន​បាន​ចូល​មកជាមួយ​​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​គោលលទ្ធិ ។​ ខ្ញុំ​បាន​ឃើញ​ថា គំរូ​ល្អ គឺ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។

មាន​ច្បាប់​មួយ​ចំនួន ដែល​បង្កើន​វិវរណៈ ។ ទីមួយ ការ​ងាត​មាន​អារម្មណ៍​ខឹង ឬ​ឈឺ​ចាប់ ឬ​រឹងរូស នឹង​បណ្ដេញ​ព្រះវិញ្ញាណបរិសុទ្ធ ។ អារម្មណ៍​ទាំង​នោះ ត្រូវ​តែ​លុបបំបាត់ ឬ​ឱកាស​របស់​យើង​ដើម្បី​ទទួល​វិវរណៈ​មានតិចតួច​ ។

គោលការណ៍​​មួយ​ទៀត គឺត្រូវ​ប្រយ័ត្ន​ចំពោះ​ការលេងសើច ។ ការសើចហោរកញ្ជ្រៀវ នឹង​ប្រមាថ​ដល់​ព្រះវិញ្ញាណ ។ ការ​និយាយ​សប្បាយ​ដែលល្អ ជួយ​ឲ្យ​មាន​វិវរណៈ ឯសើចហោរកញ្រ្ជៀវគ្មានព្រះវិញ្ញាណ​ទេ ។ ការ​លេង​សើច គឺ​ជា​ការ​បិទច្រក​សម្រាប់​សម្ពាធ​ជីវិត ។​

សត្រូវ​មួយ​ទៀត​ចំពោះ​វិវរណៈ កើត​មក​ពី​ការបំភ្លើស ឬ​ការ​ហ៊ោកញ្ជ្រៀវ​​ចំពោះអ្វី​ដែល​បាន​ថ្លែង ។ ការ​និយាយ​ស្ងាត់ស្ងៀម​ដោយ​ប្រុងប្រយ័ត្ន នឹង​បង្កើន​អំណាច​ដើម្បី​ទទួល​វិវរណៈ ។

ផ្ទុយ​ទៅ​វិញ ទំនាក់ទំនង​ខាងវិញ្ញាណ អាច​ត្រូវ​បាន​ពង្រីក តាមរយៈការ​​មានសុខភាពល្អ ។ ការហាត់ប្រាណ, ការ​គេងឲ្យ​បាន​គ្រប់គ្រាន់ និង​ទម្លាប់​បរិភោគ​ល្អ បង្កើន​សមត្ថភាព​របស់​យើង ដើម្បី​ទទួល និង​យល់​វិវរណៈ ។ យើង​នឹង​រស់នៅ​សម្រាប់​ជីវិតដែលបានប្រទានដល់យើង​បាន​យូរអង្វែង ។ ទោះ​ជា​យ៉ាងណា យើ​ងអាច​បង្កើត​ទាំង​គុណភាព​នៃ​ការបម្រើ និង​សុខុមាលភាព​ផ្ទាល់​ខ្លួន​យើង តាមរយៈ​ការ​ធ្វើ​ការជ្រើសរើសដោយ​ប្រុងប្រយ័ត្ន និង​ត្រឹមត្រូវ ។

វា​សំខាន់​ណាស់ ដែល​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ពុំ​រំខាន​យើង​មិន​ឲ្យ​ស្ដាប់​ព្រះវិញ្ញាណ ។

​វិវរណៈត្រូវ​បាន​ផ្ដល់​ឲ្យ​នៅក្នុងសុបិនដែរ ពេល​មាន​​អន្តរភាព​ដែលស្ទើរ​តែពុំ​អាច​កត់​សម្គាល់​​ក្នុង​ចន្លោះ​ពេល​គេ​ង និង​ពេល​ដឹងខ្លួន ។ បើ​អ្នក​ព្យាយាម​កត់ត្រាភ្លាមៗ អ្នក​អាច​កត់​ត្រាយ៉ាង​លម្អិត​អស្ចារ្យ ប៉ុន្តែ​បើ​មិនដូច្នោះ​ទេ ​វា​នឹង​រលប់​បាត់​វិញ​ភ្លាម ។ ទំនាក់ទំនង​ដ៏​បំផុស គំនិតនៅ​ពេល​យប់ ជាទូទៅ​មាន​ជាមួយ​នឹង​អារម្មណ៍​ដ៏ពិសិដ្ឋ​មួយ សម្រាប់​បទពិសោធន៍​ទាំងមូល​ក្នុង​សុបិន ។ ព្រះអម្ចាស់​ប្រើ​បុគ្គលម្នាក់ៗ ដែល​យើង​បាន​គោរព​យ៉ាង​ខ្លាំង ដើម្បី​បង្រៀន​ការ​ពិត​ដល់​យើង​នៅក្នុងសុបិន ដោយ​សារ​យើង​ទុកចិត្ត​ពួកគាត់ ហើយ​នឹង​ស្ដាប់​តាម​ការទូន្មាន​របស់​ពួកគាត់ ។ គឺជា​ព្រះអម្ចាស់​ដែលបង្រៀន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ ទោះ​ជាយ៉ាងណា​ក៏​ដោយ ទ្រង់​អាច​នៅ​ក្នុង​សុបិន​ ដើម្បី​ធ្វើ​ឲ្យ​វា​ងាយស្រួល​យល់ និង​​ប៉ះ​នឹង​ដួងចិត្ត​យើង ដោយ ការបង្រៀនយើង​តាម​រយៈ​មនុស្ស​ម្នាក់​ដែល​យើង​ស្រឡាញ់ និង​គោរព ។

នៅពេល​វា​ជា​គោលបំណង​របស់​ព្រះអម្ចាស់ ទ្រង់​អាច​រំឭក​អ្វីៗ​មក​ក្នុង​ការចងចាំ​របស់​យើង ។ គំនិត​នេះ មិន​គួរ​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​យើង​ទន់​ខ្សោយ ក្នុងការ​កត់ត្រា​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ទេ ។ ការកត់ត្រា​អំពីការបំផុសគំនិតដោយ​យកចិត្តទុកដាក់នោះ បង្ហាញ​ដល់​ព្រះថា ទំនាក់ទំនង​របស់​ទ្រង់ គឺ​ពិសិដ្ឋ​ចំពោះ​យើង ។ ការ​កត់​ត្រា​នឹង​ពង្រីក​សមត្ថភាព​របស់​យើង ដើម្បីនឹក​ចាំ​វិវរណៈ​ផងដែរ ។ ការ​កត់ត្រា​អំពីការដឹកនាំ​មក​ពី​ព្រះវិញ្ញាណដូច្នេះ គួរតែ​ត្រូវ​បាន​ការពារ​កុំ​ឲ្យ​បាត់ ឬ​រំខាន​​មក​ពី​អ្នក​ដទៃ ។

គម្ពីរ​បាន​ផ្ដល់​នូវ​ការ​បញ្ជាក់​ដ៏​ក្បោះក្បាយ អំពី​របៀប​ដែល​សេចក្ដីពិត, បានរស់នៅ​ដោយ​ខ្ជាប់​ខ្ជួន, បើក​ទ្វារ​ទៅ​កាន់​ការ​បំផុសគំនិត ដើម្បី​ដឹង​នូវ​អ្វី​ត្រូវ​ធ្វើ និង​កន្លែង​ដែល​ត្រូវ​ការ ​ដើម្បី​ឲ្យសមត្ថភាពមួយបានពង្រីកឡើង​ដោយ​អំណាច​ដ៏ទេវភាព ។ បទគម្ពីរ​បានពិ​ពណ៌នា​អំពី​របៀប​ដែល​សមត្ថភាព​ដទៃទៀត ​យក​ឈ្នះ​ភាព​លំបាក, ការសង្ស័យ, និង​ឧបសគ្គដែល​មើល ទៅ​ពិបាក​យកឈ្នះ ត្រូវ​បាន​ពង្រឹង​ដោយ​ព្រះអម្ចាស់​នៅ​ក្នុង​គ្រា​ដែល​ត្រូវ​ការ ។ នៅពេល​អ្នក​ពិចារណា​ឧទាហរណ៍​ទាំង​នេះ នោះ​នឹង​មាន​ការ​បញ្ជាក់​ដ៏ស្ងប់ស្ងាត់មួយ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធថា បទពិសោធន៍​របស់​ពួកគេ​គឺ​ជាការពិត ។ អ្នក​នឹង​ដឹង​ថា​ជំនួយ​ស្រដៀងគ្នា​នោះ មាន​សម្រាប់​អ្នកដូចគ្នា ។

ខ្ញុំ​បាន​មើល​ឃើញបុគ្គល​ជាច្រើន ជួបប្រទះ​ឧបសគ្គ ហើយ​ដឹង​ថាត្រូវធ្វើ​អ្វី ពេល​វា​ហួស​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួនរបស់​ពួកគេ ដោយ​សារ​ពួកគេ​បានទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ដឹង​ថា ទ្រង់​នឹង​ដឹកនាំ​ពួកគាត់ ទៅ​រក​ដំណោះស្រាយ​ដែល​ត្រូវ​ការ​ជា​បន្ទាន់នោះ ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា ៖ « ហើយ​អ្នករាល់គ្នា​ត្រូវ​បាន​ទទួល​ការបង្រៀនមក​ពី​ស្ថានលើ ។ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​បាន​ទទួល​អំណោយទាន​ដោយ​ព្រះចេស្ដា​ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បង្រៀន ដូចជា​យើង​បាន​មាន​បន្ទូល​មក» ។ 2 ពាក្យ​ថា ញែកខ្លួន​ចេញ​ជា​បរិសុទ្ធ អាច​នឹង​ធ្វើ​មានចម្ងល់ ។ ប្រធាន​ ហារ៉ូល  ប៊ី លី បាន​ពន្យល់​ម្ដង​នោះ​ថា «អ្នក​អាច​ជំនួស​ពាក្យ​ទាំងនោះ ដោយ​ឃ្លា ‹រក្សា​បទបញ្ញត្តិ​របស់​យើង› » ។ សូម​អាន​តាម​របៀប​ដែល​បាន​ទូន្មាន​ មើលទៅ​ច្បាស់​ជាង ។ 3

មនុស្ស​ម្នាក់ ត្រូវ​តែ​ស្អាតស្អំ​ខាង​សតិអារម្មណ៍ និង​រូបកាយ ដើម្បី​ព្រះអម្ចាស់ អាច​បំផុសគំនិត ។ អ្នក​ដែល​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់ទ្រង់ គឺ​ព្រះអម្ចាស់​ទុកចិត្ត ហើ​យ​បុគ្គល​នោះ​អាច​ទទួល​ការ​បំផុសគំនិត​របស់ទ្រង់ ដើម្បីដឹង​នូវ​អ្វី​ត្រូវ​ធ្វើ និង​ព្រះចេស្ដា​ដ៏ទេវភាព​ដើម្បីធ្វើ​វា តាមត្រូវការ ។​

ដើម្បី​ឲ្យ​ភាពខាង​វិញ្ញាណ​បាន​រីក​ចម្រើន​កាន់​តែ​រឹង​មាំ និង​កាន់​តែ​មាន​វត្តមាន វា​ត្រូវ​តែ​បណ្ដុះ​នៅក្នុង​បរិដ្ឋាន​សុចរិត ។ ការវាយឬក, ការ​ឆ្មើង​ឆ្មៃ, និង​អំនួត គឺ​ដូចជាថ្មរឹងដែល​នឹង​ពុំ​អាច​ផ្ដល់​ផល​ខាង​វិញ្ញាណ​បាន​ទេ ។​

ភាពរាបសារ គឺ​ជា​ដី​ដ៏​មានជីជាតិ ដែល​ជីវភាព​ខាងវិញ្ញាណ​ដុះលូតលាស់ និង​ផ្ដល់​ផល​នៃ​ការ​បំផុសគំនិត ដើម្បី​ដឹង​នូវអ្វី​ដែល​ត្រូវ​ធ្វើ ។ វា​បើក​ច្រក​ទៅ​កាន់​អំណាច​ដ៏ទេវភាព ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ បុគ្គល​ម្នាក់ដែល​បានជម្រុញ​ចិត្ត​ ដោយ​បំណង​ប្រាថ្នា​មួយ​ដើម្បី​មានការសរសើរ ឬ​ការទទួល​ស្គាល់ នឹង​ពុំ​សម​ទទួល​បាន​ការបង្រៀន​ពីព្រះវិញ្ញាណ​ទេ ។ បុគ្គល​ម្នាក់ដែលអួតអាង ឬ​ដែល​ទុក​ឲ្យ​អារម្មណ៍​គាត់​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់ នឹង​​ពុំត្រូវ​បាន​ដឹកនាំ​​ដោយ​ព្រះវិញ្ញាណ​ប្រកប​ដោយ​អានុភាព​ឡើយ​ ។

នៅពេល​យើង​កំពុង​ដើរ​តួ​ជា​ឧបករណ៍​ជំនួស​ឲ្យ​អ្នក​ដទៃ យើង​កាន់​តែ​ងាយ​បាន​បំផុសគំនិត ជាង​ពេល​យើង​គិត​តែពី​ខ្លួន​យើង ។ ក្នុង​ដំណើរ​ការ​នៃ​ការ​ជួយ​ដល់​អ្នកដ​ទៃ ព្រះអម្ចាស់អាច​បន្ថែម​ការ​ដឹកនាំ​សម្រាប់​ជា​ប្រយោជន៍​របស់​យើង​ផ្ទាល់ ។

ព្រះវរបិតាសួគ៌​យើង ពុំ​ទុក​យើង​នៅ​លើ​ផែនដី ដើម្បីឲ្យបរាជ័យទេ ប៉ុន្តែ​ដើម្បី​ទទួល​ជោគជ័យ​ដ៏​រុងរឿង ។ វា​ហាក់​ដូចជាផ្ទុយ ប៉ុន្តែ​នោះ​ជា​មូលហេតុ​ដែល​ការ​ស្គាល់​ចម្លើយ​ចំពោះ​ការអធិស្ឋាន ពេល​ខ្លះ​អាច​ជាការ​លំបាកមួយ​ ។ ពេល​ខ្លះ យើង​ពុំឈ្លាសវៃ បាន​ព្យាយាម​ដើម្បី​ប្រឈមមុខ​នឹង​ជីវិត ដោយ​ការ​ពឹងផ្អែក​លើ​បទពិសោធន៍​ និង​សមត្ថភាព​ផ្ទាល់​ខ្លួន ។ ​យើង​នឹងឈ្លាសវៃជាង បើ​យើង​​ស្វែងរក​តាមរយៈ​ការអធិស្ឋាន និង​ការ​បំផុសគំនិត​ពីព្រះ ដើម្បី​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ ការគោរពប្រតិបត្តិ​របស់​យើង ​ធានាថា នៅពេលណាត្រូវការ នោះ​យើង​អាច​សក្ដិសម​ចំពោះ​​អំណាច​ដ៏​ទេវភាព ដើម្បី​សម្រេច​នូវគោលបំណង​ដ៏​បំផុសគំនិតមួយ ។

ដូចជា​យើង​រាល់គ្នា​ជាច្រើនដែរ អូលីវើរ ពុំ​បាន​ស្គាល់​ភស្ដុតាង​នៃ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដែល​បាន​ផ្ដល់​ឲ្យ​ពី​ព្រះអម្ចាស់​ដល់​គាត់​រួច​ហើយ​នោះ​ទេ ។ ដើម្បី​បើក​ភ្នែក​របស់​គាត់ និង​យើង វិវរណៈ​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា៖

« អ្នក​មាន​ពរ​ហើយ ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ ព្រោះ​អ្នក​បាន​សូម​ពី​យើង ហើយ​មើលចុះ​ដរាបណា​អ្នក​សូម​ជា​ញឹកញាប់ នោះ​អ្នក​បាន​ទទួល​ការ​បង្គាប់​ពី​ព្រះវិញ្ញាណ​របស់​យើង បើសិនជា​ពុំ​នោះ​សោត​ទេ អ្នក​នឹង​ពុំ​បានមក​ដល់​ទី​ដែល​អ្នក​នៅ​ពេល​នេះ​ឡើយ ។

« មើល​ចុះ អ្នក​ដឹង​ហើយ​ថា អ្នក​បាន​សុំ​ពី​យើង ហើយ​យើង​បាន​បំភ្លឺ​គំនិត​របស់​អ្នក ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​ឡាយ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវ​បាន​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត» ។ 4

បើ​អ្នក​មានអារម្មណ៍​ថា​ព្រះអម្ចាស់​ពុំ​ឆ្លើយ​ការ​អធិស្ឋាន​របស់​អ្នក ចូរ​ពិចារណា​បទគម្ពីរ​ទាំង​នេះ -- រួច​រកមើល​ភស្ដុតាង​ដោយ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ជីវិត​អ្នក​ផ្ទាល់​ អំពី​ចម្លើយ ​ដែលទ្រង់​បាន​ឆ្លើយចំពោះ​អ្នក​រួច​ហើយ​នោះ ។

មាន​ការ​ចង្អុលបង្ហាញពីរដែល​ថា ​អារម្មណ៍ ឬ​ការ​បំផុសគំនិត​កើត​មក​ពី​ព្រះ គឺ​​វា​បង្កើត​ភាពសុខសាន្ដ​នៅ​ក្នុងដួងចិត្ត​អ្នក និង​អារម្មណ៍​កក់ក្ដៅ​ស្ងប់ស្ងាត់ ។ នៅ​ពេល​អ្នក​ធ្វើ​តាម​គោលការណ៍​ដែល​ខ្ញុំ​បាន​ពិភាក្សា នោះ​អ្នក​នឹង​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ស្គាល់​វិវរណៈ​នៅ​ពេល​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។

កាល​ណា​អ្នក​កាន់​តែ​ធ្វើ​តាម​ការ​ដឹកនាំ​ដ៏​ទេវភាព នោះ​អ្នក​នឹង​មាន​សុភមង្គល​កាន់​តែ​ខ្លាំង​នៅ​ទីនេះ និង​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច --ហើយ​ជាង​នេះ​ទៅ​ទៀត អ្នក​នឹង​កាន់​តែ​រីកចម្រើន ហើយ​កាន់​តែមាន​សមត្ថភាព​ដើម្បី​បម្រើ ។ ខ្ញុំ​ពុំ​យល់​ពេញ​លេញ​ថា វា​កើត​ឡើង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ការ​ដឹកនាំ​នៅ​ក្នុង​ជីវិត​អ្នក​ពុំ​ដក​ហូត​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ទេ ។ អ្នក​អាច​ធ្វើ​ការសម្រេចចិត្ត ដែលអ្នក​ជ្រើសរើស​ធ្វើ ។ ប៉ុន្តែ​ចាំ​ថា ឥរិយាបទ​ធ្វើ​រឿង​ត្រឹមត្រូវ នាំ​សេចក្ដី​សុខសាន្ដ​ និង​សុភមង្គលមក​ក្នុងចិត្ត ។

បើ​ការជ្រើសរើសអ្នក​ខុស មាន​ផ្លូវ​មួយ​ត្រឡប់​មកវិញ តាមរយៈ​ការ​ប្រែចិត្ត ។ នៅពេល​បំពេញ​តាមលក្ខខណ្ឌ​របស់​វា នោះ​ដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ​របស់​យើង ផ្ដល់​នូវ​ការដោះលែង​ពី​តម្រូវ​ការ​នៃ​យុត្តិធម៌ ចំពោះកំហុស​ដែល​បាន​ធ្វើ ។ វា​​សាមញ្ញ ហើយ​ស្រស់ស្អាត​ ពុំអាចប្រៀបផ្ទឹមបាន ។ នៅ​ពេល​អ្នក​បន្ដ​រស់​នៅ​ដោយ​សុចរិត នោះ​អ្នក​នឹង​បាន​បំផុសគំនិត​ជានិច្ច ដើម្បីស្គាល់​នូវអ្វីដើម្បី​ធ្វើ​ ។ ពេល​ខ្លះ ដើម្បី​រក​ឃើញ​ថា​ត្រូវ​ធ្វើ​អ្វី​ អាច​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​យ៉ាង​ខ្លាំង ហើយ​អ្នក​ត្រូវ​ទុកចិត្ត ។ ប៉ុន្តែ​អ្នក​នឹង​ត្រូវ​បាន​បំផុសគំនិត ដើម្បី​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ នៅ​ពេល​អ្នក​ជួប​ប្រទះនឹង​ស្ថានភាព ដើម្បី​មាន​ការដឹកនាំ​ដ៏ទេវភាព​ដូច្នេះ​ក្នុង​ជីវិត​របស់​អ្នក ដូចជា ការគោរពប្រតិបត្តិ​ចំពោះបទបញ្ញត្តិ​របស់​ព្រះអម្ចាស់, ទុកចិត្ត​ទៅ​លើ​ផែនការ​នៃសុភមង្គល​ដ៏ទេវភាព​របស់ទ្រង់ និង​ការ​ចៀសវាង​ពី​អ្វី​ៗ​ដែល​ផ្ទុយ​នឹង​ផែនការ ។​

ការ​ទំនាក់ទំនងជាមួយ​ព្រះវរបិតាសួគ៌​យើង គឺ​ពុំមែនជារឿងឥតសំខាន់នោះទេ ។ វា​គឺជា ឯកសិទ្ធិ​ដ៏ពិសិដ្ឋ ។ វា​ផ្អែក​ទៅ​លើ​គោលការណ៍​ដែលពុំ​ផ្លាស់ប្ដូរ​ដ៏អស់កល្បជានិច្ច ។ យើង​ទទួល​ជំនួយ​ពីព្រះវរបិតាសួគ៌​របស់​យើង ឆ្លើយ​តប​នឹង​ជំនឿ​, ការប្រតិបត្តិ, និង​ការប្រើសិទ្ធិ ជ្រើសរើស​ត្រឹមត្រូវ​របស់​យើង ។

សូម​ឲ្យ​ព្រះអម្ចាស់​បំផុសគំនិត​អ្នក​ឲ្យ​យល់ និង​ប្រើ​គោលការណ៍​ដែល​ដឹកនាំទៅ​រក​​វិវរណៈ​ផ្ទាល់​ខ្លួន និង​ការបំផុសគំនិត នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។