ឆ្នាំ ២០១០-២០១៩
ជើងឈ្នួល​ក្នុង​ចម្ការ​ទំពាំងបាយជូរ
មេសា 2012


ជើងឈ្នួល​ក្នុង​ចម្ការ​ទំពាំង​បាយជូរ

សូម​ស្ដាប់​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ប្រាប់​អ្នក​ពេល​នេះ នៅ​វេលា​នេះ​តែម្ដង ថា​អ្នក​គួរតែ​ទទួល​យក​អំណោយ​ដ៏ធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

និយាយ​ពី​ការហៅ​បម្រើ និង ការដោះលែង​ដែល​គណៈប្រធាន​ទី​មួយ​ទើប​តែ​បាន​ប្រកាស ខ្ញុំ​សូម​និយាយ​ចំពោះ​យើង​ទាំងអស់​គ្នា​ថា យើង​នឹង​តែងតែ​ចងចាំ និង ស្រឡាញ់​អ្នកទាំង​ឡាយ​ដែល​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​ជាមួយ​នឹង​យើង ដូចជា​យើង​នឹង​ស្រឡាញ់ និង សូម​ស្វាគមន៍​ភ្លាមៗ​ចំពោះ​អ្នកដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​បម្រើ​ថ្មីៗ​ នៅក្នុង​តួនាទី​ផ្សេងៗ ។ យើង​មាន​អំណគុណ​​ដ៏​ជ្រាលជ្រៅ ​ចំពោះ​អ្នក​ទាំងអស់​គ្នា ។

ខ្ញុំ​ចង់​និយាយ​ពី​ពាក្យប្រៀបធៀប​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​កាលដែល​ថៅកែ​ម្នាក់ « ដែល​ចេញ​ទៅ​ពី​ព្រលឹម​ដើម្បី​នឹង​ជួល​ជើងឈ្នួល ។ » បន្ទាប់​ពី​បាន​ជួល​ក្រុម​ទី​មួយ​នៅ​ម៉ោង 6:00 ព្រឹក​ហើយ គាត់​បាន​ត្រឡប់​ទៅ​វិញ​នៅ​ម៉ោង 9:00 ព្រឹក នៅ​ម៉ោង 12:00 ថ្ងៃត្រង់ និង នៅ 3:00 រសៀល ដើម្បី​ជួល​ជើងឈ្នួល​ជាច្រើន​ទៀត​ ដោយសារ​ការប្រញាប់​ក្នុង​ការប្រមូល​ផល​ ។ ព្រះគម្ពីរ​បាន​សរសេរ​ថា គាត់​បាន​ត្រឡប់​មក​វិញ​ជា​លើក​ចុងក្រោយ « ប្រហែល​ជា​លើក​ទី​ដប់​មួយ » ( នៅ​ម៉ោង​ប្រហែល 5:00 ល្ងាច ) ហើយ​ជួល​ក្រុម​ចុងក្រោយ ។ មួយ​ម៉ោង​ក្រោយ​មក ជើង​ឈ្នួល​ទាំងអស់​បាន​ជុំ​គ្នា​ទទួល​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​របស់​ពួកគេ ។ ដោយ​ភ្ញាក់ផ្អើល ជើងឈ្នួល​ទាំងអស់​បាន​ទទួល​ប្រាក់​ឈ្នួល​ស្មើៗ​គ្នា ​ទោះបី​ជា​ម៉ោង​ធ្វើការ​ខុស​គ្នា​ក៏​ដោយ ។ ភ្លាម​នោះ អ្នកដែល​ត្រូវ​បាន​ជួល​មុន​គេ​​បាន​ខឹង ហើយ​និយាយ​ថា « ពួក​អ្នកដែល​មក​ក្រោយ​នេះ គេ​ធ្វើការ​តែ​មួយ​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែល​ទ្រាំ​ធ្វើការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ » ។1 ពេល​អាន​ពាក្យប្រៀបធៀប​នេះ ប្រហែល​ជា​អ្នក ក៏​ដូចជា​ជើង​ឈ្នួល​ទាំងនេះ មាន​អារម្មណ៍​ថា ធ្វើ​បែប​នេះ​មិន​យុត្តិធម៌​នោះ​ទេ ។ ខ្ញុំ​សូម​និយាយដោយ​សង្ខេប​អំ​​ពី​កង្វល់​នោះ ។

ដំបូង​បំផុត វា​សំខាន់​ដើម្បី​សម្គាល់​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មិន​យុត្តិធម៌​នោះ​ទេ​នៅ​ទីនេះ ។ ជើងឈ្នួល​ទី​មួយ​ បាន​យល់ព្រម​នឹង​ការ​ជួល​​ពេញ​មួយ​ថ្ងៃ ហើយពួកគេ​​ទទួល​យក​វា ។ ជាងនេះ​ទៀត ខ្ញុំ​អាច​ស្រមៃ​បាន​ថា ពួកគេ​មាន​សេចក្ដីអំណរ​ណាស់​ដើម្បី​បាន​ធ្វើការ ។ នៅក្នុង​ជំនាន់​របស់​ព្រះអង្គ​សង្រ្គោះ បុរស​ម្នាក់ និង គ្រួសារ​របស់​គាត់​ជា​មធ្យម​មិន​អាច​ធ្វើបាន​​ច្រើន​ជាង​អ្វី​ដែល​គេ​បាន​រក​នៅ​ថ្ងៃ​នោះ​ទេ ។ ប្រសិនបើ​អ្នក​មិន​ធ្វើការ, ធ្វើ​ចម្ការ, នេសាទ​ត្រី ឬ លក់ដូរ​ទេ អ្នក​ប្រហែល​គ្មាន​អ្វី​បរិភោគ​នោះ​ទេ ។ ដោយ​មាន​ឈ្នួល​ទំនេរ​ច្រើន​ជាង​ការងារ ក្រុម​បុរស​ទី​មួយ​ដែល​បាន​ជ្រើសរើស​នេះ គឺជា​អ្នក​សំណាង​ក្នុង​ចំណោម​ក្រុម​មនុស្ស​ទំនេរ​ទាំងអស់​នៅ​ព្រឹក​នោះ ។

តាមពិត បើ​យើង​និយាយ​ពី​ការអាណិតអាសូរ វា​គួរ​តែ​មាន​យ៉ាង​ហោចណាស់​សម្រាប់​បុរស​ដែល​មិន​ត្រូវ​បាន​រើស​មក​ធ្វើការ​ ដែល​មាន​គ្រួសារ​ត្រូវ​ចិញ្ចឹម​ដែរនោះ​ ។ ដែល​ភ័ព្វសំណាង​មើល​ទៅដូចជា​ មិន​ដែល ​មាន​ក្នុង​ចំណោម​ពួកគេ​ខ្លះ​សោះនោះ​ទេ ។ ពេលមក​មើល​ម្ដងៗ​លើ​ពួកជើងឈ្នួល​ពេញ​មួយ​ថ្ងៃ ពួកគេ​តែងតែ​ឃើញមាន​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រើស​មក​ធ្វើការ ។

ប៉ុន្ដែ​ដល់​​ពេល​ល្ងាច ថៅកែ​ត្រឡប់​មក​វិញ​ដោយ​ភ្ញាក់ផ្អើល​ជា​លើក​ទី​ប្រាំ ​ដោយ​មានអ្នក​ចង់​ធ្វើ​ការដល់​ទៅ​​ 11 ម៉ោង! ដោយ​ឮ​ថា​ពួកគេ​នឹង​ត្រូវ​បានទទួល​​ប្រាក់​ឈ្នួល​ស្មើ​គ្នា ជើងឈ្នួល​ចុងក្រោយ​ដែល​បាក់​ទឹក​ចិត្ត​ជាង​គេ​បំផុត​ទាំងនេះ ទទួល​យក​ការងារ​ទាំង​មិន​ដឹង​ពី​ប្រាក់​ឈ្នួល​ពិត​ប្រាកដ ដែល​គេ​​គ្រាន់​តែ​ដឹង​ថា បាន​ទទួល​អ្វី​មួយ​គឺ​ប្រសើរ​ជាង​គ្មាន​អ្វី​សោះ​ ជា​អ្វី​ដែល​ពួកគេ​ធ្លាប់​មាន​ជា​យូរ​មក​ហើយ ។ បន្ទាប់​មក នៅពេល​ដែល​ពួកគេ​ជុំ​គ្នា​បើក​ប្រាក់​ឈ្នួល ពួកគេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​ទទួល​បាន​ដូចគ្នានឹង​ជើងឈ្នួល​ផ្សេង​ទៀត​ដែរ ។ ពួកគេ​ពិតជា​ភ្ញាក់ផ្អើល​ហើយ ពិត​ជាមាន​​អំណរ​ខ្លាំង​ណាស ! ពិតណាស់​ពួកគេ​មិន​ដែល​ជួប​នឹង​សេចក្ដី​មេត្តា​បែប​នេះ​នៅក្នុង​ជីវិត​ការងារ​របស់​ពួកគេ​សោះ​ឡើយ ។

ដោយ​យល់​ពី​រឿង​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា ​ការត្អូញត្អែរ​របស់​ជើងឈ្នួល​ដំបូង ត្រូវ​បាន​គេ​ដឹង ។ ដូចជា​ថៅកែ​នៅក្នុង​ពាក្យប្រៀបធៀប​នេះ​បានប្រាប់​ពួកគេ ( ហើយ​ខ្ញុំ​បកស្រាយ​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ ) ថា ៖ « សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ ។ អ្នក​បាន​សុខ​ចិត្ត​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​នោះ ជា​ប្រាក់​ឈ្នួល​សមរម្យ​ហើយ ។ អ្នក​សប្បាយ​ចិត្ត​ពេល​មាន​ការងារ​ធ្វើ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នឹង​របៀប​ដែល​អ្នក​បាន​បម្រើ​ដែរ ។ អ្នក​បាន​បើក​ប្រាក់​ឈ្នួល​ពេញ ។ សូម​យក​ប្រាក់​ឈ្នួល​នេះ​ទៅ ហើយ​រីករាយ​នឹង​ពរជ័យ ។ ដូច​ជា​សម្រាប់​អ្នកដទៃ​ដែរ ពិត​ណាស់ ខ្ញុំ​មាន​សេរីភាព​ក្នុង​ការធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ដោយ​ប្រាក់​ផ្ទាល់​របស់​ខ្ញុំ » ។ បន្ទាប់​មក សំណួរ​ដែល​មាន​ន័យ​ជ្រៅ​ចំពោះ​គ្រប់គ្នា​ពេល​នោះ ឬ ពេល​ឥឡូវ ​ដែល​ត្រូវស្ដាប់​ឮ​វា​គឺ ៖ «  ហេតុអ្វី​បាន​ជា ​អ្នក ​ច្រណែន​គ្នា​ដោយសារ ​ខ្ញុំ ​ជ្រើសរើស​ដើម្បី​មាន​ចិត្ត​ល្អ ?  »

បងប្អូន​ប្រុស​ស្រី នឹង​មាន​ពេល​ខ្លះ​នៅក្នុង​ជីវិត​របស់​យើង​ ពេល​ដែល​មាន​នរណា​ម្នាក់​ទៀត​ទទួល​បាន​ពរជ័យ​ដែល​មិន​បាន​ស្មាន​ទុក​មុន ឬ ទទួល​បាន​ការទទួល​ស្គាល់​ជា​ពិសេស​ខ្លះ ។ តើ​ខ្ញុំ​អាច​សុំ​អង្វរ​យើង​កុំ​ឲ្យ​ឈឺចាប់​ ហើយ​មាន​អារម្មណ៍​ថា ពុំ​មា​នចិត្ត​​ច្រណែនបាន​​ទេ នៅពេល​ដែល​ពរជ័យ​បាន​ឲ្យ​ទៅ​អ្នក​ផ្សេង​? យើង​មិន​អន់​នោះ​ទេ នៅពេល​ដែល​អ្នកផ្សេង​ត្រូវ​បាន​ផ្ដល់ពរ​បន្ថែម​នោះ ។ យើង​ពុំ​រស់នៅក្នុង​ការប្រកួត​គ្នា​ ដើម្បី​ឃើញ​ថា​តើ​នរណា​គឺ​ជា​អ្នកមាន​ជាង​គេ​បំផុត ឬ មាន​ទេពកោសល្យ​ជាងគេ​បំផុត ឬ ស្អាត​ជាង​គេ​បំផុត ឬក៏​​មាន​ពរជ័យ​ជាង​គេ​បំផុត​នោះ​ទេ ។ ការប្រកួត​ដែល​យើង​ពិត​កំពុង​ធ្វើ​នោះ គឺជា​ការប្រកួត​ទាស់​នឹង​អំពើបាប ពិត​ហើយ ការច្រណែន​គឺជា​អំពើ​បាប​មួយ​ធំ​ជាង​គេ​បំផុត​ក្នុង​ចំណោម​អំពើ​បាប​ទាំង​នោះ ។

ជាងនេះ​ទៅ​ទៀត ការច្រណែន​ គឺជា​កំហុស​មួយ​ដែល​នៅ​បន្ដ​រហូត ។ វា​ច្បាស់​ណាស់ យើង​កើតទុក្ខ​បន្ដិច ពេល​ដែល​ការណ៍​អភ័ព្វ​ខ្លះ​បាន​កើតឡើង​ចំពោះ​យើង ប៉ុន្ដែ​ការច្រណែន​តម្រូវ​ឲ្យ​យើង​រងទុក្ខ​ ដោយសារតែ​ភ័ព្វសំណាង​ទាំងអស់​កើតឡើង​ចំពោះ​គ្រប់គ្នា​ដែល​យើង​ស្គាល់ ! នេះ​មិន​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដីសង្ឃឹម​ល្អ​សម្រាប់​អនាគត​នោះ​ទេ ក្នុង​កាលដែល​មិន​សប្បាយចិត្ត​គ្រប់ពេល​ដែល​នរណាម្នាក់​ នៅ​​ជុំវិញ​អ្នក​សប្បាយ​ចិត្ត​នោះ! ចូរ​កុំ​និយាយ​អ្វី​ដែល​ជា​ការ ​បារម្ភ​ឡើយ ពេល​យើង​ដឹង​ថា ព្រះ​ពិត​ជា​យុត្តិធម៌ និង មេត្តា​ករុណា ដោយ​ផ្ដល់​ឲ្យ​អ្នក​ទាំងឡាយ​ណា​ដែល​ដើរ​តាម​ទ្រង់ « លើ​របស់​ទ្រព្យ​លោក​ទាំងអស់់ »2 ដូចដែល​ព្រះគម្ពីរ​បាន​សរសេរ ។ ដូច្នេះ​មេរៀន​ទី​មួយ​ពី​ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់​គឺ ៖ ការចង់​បាន​របស់​អ្នក​ដទៃ ការមិន​និយាយ​រក​គេ​ពេល​តូច​ចិត្ត ឬ ការធ្វើ​ឲ្យ​គេ​មិន​សូវ​សប្បាយ​ចិត្ត មិនបាន​ជួយ​អ្នក​ឲ្យ​ឈរ​ខ្ពស់​ជាង​មុន​ទេ ហើយ​ការធ្វើ​ឲ្យ​អ្នកដទៃ​ខ្មាស់គេ ​ក៏​មិន​បាន​ជួយ​អ្នក​បាន​ល្អ​ដែរ ។ ដូច្នេះ​សូម​មាន​ចិត្ត​ល្អ និង មាន​អំណរគុណ​ដែល​ព្រះ​មាន​ព្រះទ័យ​ល្អ ។ វា​ជា​របៀប​មួយ​សប្បាយ​ក្នុង​ការរស់នៅ ។

ចំណុច​ទី​ពីរ​ដែល​ខ្ញុំ​ចង់​ដក​ពី​ពាក្យប្រៀបធៀប​នេះ​គឺ កំហុស​សោកសៅ​ដែល​មនុស្ស​មួយ​ចំនួន​អាច​ធ្វើ​ប្រសិនបើ​គេ​ខកខាន​មិន​ទទួល​យក​ប្រាក់​ឈ្នួល​របស់​គេ​ នៅ​ពេល​ធ្វើ​ការ​ចប់ ដោយសារ​ពួកគេ​ព្រួយបារម្ភ​ពី​អ្វីៗ​ដែល​ពួកគេ​គិតថា​ជា​បញ្ហា​តាំងពី​ព្រលឹម​នៅ​ថ្ងៃ​នោះ ។ នៅ​ទីនេះ វា​មិន​បាន​និយាយ​ថា គ្រប់គ្នា​គប់​កាក់​របស់​គាត់​ចំ​មុខ​របស់​ថៅកែ ហើយ​ដើរ​ចេញ​ទាំង​ខឹង​ដោយ​គ្មាន​ប្រាក់​មួយ​សេន​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​ម្នាក់​បាន​ធ្វើ​ដូច្នោះ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រឿង​នេះ​នៅ​ម៉ោង 9:00 ឬ ពេល​ថ្ងៃត្រង់ ឬ នៅ​ម៉ោង 3:00 គឺ​មិន​សំខាន់​ទេ វា​ត្រូវ​បាន​លុប​ដោយ​ប្រាក់​ឈ្នួល​ដ៏​អស្ចារ្យ និង សប្បុរស​ដែល​បាន​ផ្ដល់​ឲ្យ​ជើងឈ្នួល​ទាំងអស់​នៅ​ពេល​ល្ងាច ។ រូបមន្ត​នៃ​សេចក្ដីជំនឿ​គឺ ត្រូវ​តស៊ូ, ខំ​ធ្វើការ, ធ្វើ​ការ​ឲ្យ​ចប់ និង បណ្ដោយ​ឲ្យ​ការព្រួយបារម្ភ​ពី​ពេល​មុនៗ—មិន​ថា​ពិត ឬ ស្រមើស្រមៃ​នោះ​ទេ—រសាយ​បាត់​ទៅក្នុង​ភាពបរិបូរណ៍​នៃ​រង្វាន់​ចុងក្រោយ​ចុះ ។ សូម​កុំ​បន្ដ​គិត​ពី​បញ្ហា​ចាស់ ឬ ការរអ៊ូ​រទាំ—មិន​មែន​អំពី​ខ្លួន​អ្នក ឬ អ្នកជិតខាង​អ្នក​នោះ​ទេ ហើយ​ក៏​មិនមែន ខ្ញុំ​អាច​បន្ថែម​បាន​ថា អំពី​សាសនាចក្រ​ដ៏​ពិត​​សកម្ម​នេះ​ដែរ ។ អានុភាព​ដ៏​អស្ចារ្យ​នៃ​ជីវិត​របស់​អ្នក ជីវិត​របស់​អ្នកជិត​ខាង​អ្នក និង របស់​ដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​បើក​បង្ហាញ​នៅ​ថ្ងៃ​ចុងក្រោយ ទោះបីជា​វា​មិន​ត្រូវ​បាន​ស្គាល់​ពី​គ្រប់​គ្នា​ដែល​រស់​នៅ​ពេល​មុន​មក​ក៏​ដោយ ។ ដូច្នេះ​សូម​កុំ​អន្ទះសារ​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ម៉ោង 9:00 ព្រឹក ពេល​ព្រះគុណ​នៃ​ព្រះ​ព្យាយាម​ផ្ដល់​រង្វាន់​ដល់​អ្នក​នៅ​ម៉ោង 6:00 ល្ងាច—ដោយ​មិន​គិត​ពី​ការងារ​អ្នកពេញ​មួយ​ថ្ងៃ​ដែល​បាន​ធ្វើ​នោះ​ទេ ។

យើង​ចំណាយ​កម្លាំង​ចិត្ត​ដ៏​មាន​តម្លៃ និង ការ​ប្រកាន់​ខ្ជាប់​​ខាង​វិញ្ញាណ​ទៅ​នឹង​ការចងចាំ​មួយ​ពី​ការលេង​ភ្លេង​ខុស​ចង្វាក់​ ពេល​សម្ដែង​ព្យាណូ​កាល​ពី​កុមារភាព ឬ អ្វី​ដែល​ដៃគូ​ជីវិត​យើង​បាន​និយាយ ឬ បាន​ធ្វើ​កាល​ពី 20 ឆ្នាំ​មុន​ដែល​យើង​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​គាត់​ចាំ ហើយ​មាន​អារម្មណ៍​សោកស្ដាយ​ពី​រឿង​នោះ​ក្នុង​ពេល 20 ឆ្នាំ​ទៀត ឬ ព្រឹត្តិការណ៍​មួយ​នៅក្នុង​ប្រវត្តិ​សាសនាចក្រ​ដែល​បង្ហាញ​យ៉ាង​សាមញ្ញ​ថា មនុស្ស​នឹង​តស៊ូ​ដើម្បី​កា្លយទៅជា​ល្អ​ដូច​ការសង្ឃឹម​ដែល​ព្រះ​មាន​ចំពោះ​ពួកគេ ។ ទោះបីជា​ការឈឺ​ចាប់​មួយ​ក្នុង​ចំណោម​ការឈឺ​ចាប់​ជា​ច្រើន​មិន​មែន​ចាប់ផ្ដើម​ពី​អ្នក​ក៏ដោយ វា​អាច​បញ្ចប់​ត្រឹម​អ្នក ។ ហើយ​តើ​ជា​រង្វាន់​ដ៏​អស្ចារ្យ​យ៉ាង​ណា​សម្រាប់​ការរួមចំណែក​នេះ ពេលដែល​ម្ចាស់​ចម្ការ​មើល​អ្នក​ចំ​ភ្នែក ហើយ​កំណត់​ទាំងអស់​នឹង​ត្រូវ​បាន​បញ្ចប់​នៅថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

វា​ជា​អ្វី​ដែល​នាំ​ទៅ​កាន់​ចំណុច​ទី​បី និង ជា​ចំណុច​ចុងក្រោយ​របស់​ខ្ញុំ ។ ពាក្យប្រៀបធៀប​នេះ ដូចជា​ពាក្យប្រៀបធៀប​ផ្សេង​ទៀត​ទាំងអស់ គឺ​មិនមែន​អំពី​ជើងឈ្នួល ឬ ប្រាក់ឈ្នួល​ទៀត​ទេ ពាក្យប្រៀបធៀប​ផ្សេង​ទៀត​គឺ​អំពី​ចៀម និង ពពែ ។ នេះ​គឺជា​រឿង​អំពី​ភាពល្អ​របស់​ព្រះ ការអត់ធ្មត់ និង ការអភ័យទោស​របស់​ទ្រង់ និង ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ វា​ជា​រឿង​អំពី​សប្បុរសធម៌ និង ចិត្ត​មេត្តាករុណា ។ វា​ជា​រឿង​អំពី​ព្រះគុណ ។ វា​សង្កត់​ធ្ងន់​លើ​គំនិត​ដែល​ខ្ញុំ​បាន​ឮ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដែល​ប្រាកដ​ជា​រឿង​ដែល​ព្រះ​រីករាយ​បំផុត​ក្នុង​ការជា​ព្រះ​គឺជា​ការរំភើប​ក្នុង​ការ​មាន​ចិត្ត​មេត្តា​ករុណា ជាពិសេស​ចំពោះ​អ្នកដែល​មិន​សង្ឃឹម​ដល់ ហើយ​ជាញឹកញាប់​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សាកសម​នឹង​ទទួល​វា ។

ខ្ញុំ​មិន​ដឹង​ថា​នរណា​ខ្លះ​ក្នុង​ចំណោម​អ្នក​ដ៏​ច្រើន​នា​ថ្ងៃនេះ អាច​ត្រូវការ​ឮ​សារលិខិត​នៃ​ការអភ័យទោស​ដែល​ជា​ផ្នែក​ដ៏​ធម្មតា​មួយ​នៅក្នុង​ពាក្យប្រៀបធៀប​នេះ ប៉ុន្ដែ​មិន​ថា​អ្នក​គិត​ថា​អ្នក​យឺត​យ៉ាងណា​ទេ មិន​ថា​ឱកាស​ប៉ុន្មាន​ដែល​អ្នក​គិត​ថា​អ្នក​បាន​រំលង មិន​ថា​កំហុស​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ ឬ ទេពកោសល្យ​ដែល​អ្នក​គិត​ថា​អ្នក​មិន​មាន ឬ ការ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ និង គ្រួសារ និង ព្រះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ​ដំណើរ​មក​ឆ្ងាយ​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក​មិន​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ផុត​ពី​ទំហំ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​នោះ​ទេ ។ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ដើម្បី​លិច​ទៅ​ជ្រៅជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដ៏​និរន្ដន៍​ដែល​អាចចែងចាំង​ដល់​បាន​ទេ ។

មិន​ថា​អ្នក​មិនទាន់​មក​ក្នុង​សាសនា​របស់​យើង ឬ ក៏​មកជាមួយ​នឹង​យើង​ម្ដង​ហើយ តែ​មិន​បាន​នៅ​បន្ដ​ គ្មាន​ករណី​ណា​មួយ ​ដែល​អ្នក​បាន​ធ្វើ ​បែរ​ជា​មិន​អាច​ធ្វើ​ស្រេច​​​​នោះ​ទេ ។ គ្មាន​បញ្ហា​អ្វី​ដែល​អ្នក​មិន​អាច​យក​ឈ្នះ​បាន​ឡើយ ។ គ្មាន​ក្ដីស្រមៃ​ណា​មួយ​ដែល​នៅក្នុង​អតីតកាល និង ដ៏​នៅ​អស់កល្ប​ដែល​មិន​ទាន់​ អាច​ទទួល​បាន​នោះ​ទេ ។ ទោះបី​ជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​គឺជា​ឈ្នួល​នៅ​ម៉ោង​ទី​ដប់​មួយ​ដែល​វង្វេង និង ចុងក្រោយ​ក៏​ដោយ ក៏​ម្ចាស់​ចម្ការ​នៅតែ​ឈរ​ហៅ​អ្នក​ដដែល ។ « មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន »3 ហើយ​ក្រាប​នៅ​ព្រះបាទ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​តែមួយ​នៃ​អ៊ីស្រាអែល ។ ចូរ​មក និង បរិភោគ« ដោយ​គ្មាន​ប្រាក់ និង ឥត​បង់​ថ្លៃ »4 នៅ​លើ​តុ​របស់​ព្រះអម្ចាស់ ។

ជាពិសេស​ខ្ញុំ​សូម​ហៅ​ចំពោះ​ស្វាមី និង ឪពុក​ទាំងអស់ អ្នកកាន់​បព្វជិតភាព​ទាំងអស់ ឬ អ្នក​ត្រៀម​នឹង​កាន់​បព្វជិតភាព​តំណែង​អែលឌើរ​ទាំងអស់ ដូចជា​អ្វី​ដែល​លីហៃ​បាន​និយាយ « ចូរ​ភ្ញាក់​ឡើង ! ហើយ​ងើប​ពី​ធូលី​ដី ... ហើយ​ធ្វើ​ជា​មនុស្ស »5 ។ វា​មិន​ជានិច្ច​ជាកាល​នោះ​ទេ ប៉ុន្ដែ​ជាញឹកញាប់​គឺ​បុរស​ដែល​ជ្រើសរើស​មិន​ឆ្លើយតប​នឹង​ការហៅ​ឲ្យ « ចូល​មក​លំដាប់ »។6 ​ ស្ដ្រី និង កុមារ ជាញឹកញាប់​មើល​ទៅ​មាន​ឆន្ទៈ​ជាង ។ បងប្អូន​ប្រុស វា​ដល់​ពេល​ធ្វើ​សកម្មភាព​ហើយ ។ សូម​ធ្វើ​វា​សម្រាប់​ខ្លួន​អ្នក ។ សូម​ធ្វើ​វា​សម្រាប់​អ្នកដែល​ស្រឡាញ់​អ្នក និង កំពុងអធិស្ឋាន​ឲ្យ​អ្នក​ដើម្បី​ឲ្យ​អ្នក​ឆ្លើយតប ។ សូម​ធ្វើ​វា​សម្រាប់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​បាន​បង់​ថ្លៃ​ដែល​មិន​អាច​យល់​បាន​សម្រាប់​អនាគត​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​មាន ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់ចំពោះ​អ្នក ​ដែល​បាន​ប្រទានពរ​ដោយសារ​ដំណឹង​ល្អ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ពីព្រោះ​អ្នក​មាន​សំណាង​ដែល​បាន​រក​ឃើញ​វា​លឿន​ជាង ចំពោះ​អ្នកដែលទើប​បាន​មក​ឃើញ​​​ក្រោយ​មក និង​ចំពោះ​អ្នក​ដែល​ជា​សមាជិក និងមិនមែន​ជា​សមាជិក--ដែល​អាច​នៅ​តែ​​ការស្ទាក់ស្ទើរ ហើយ​នឹង​​ចំពោះ​អ្នក​ម្នាក់ៗ និង ទាំងអស់​គ្នា​ ​អំពី​ការរំឭក​ជាថ្មី​នៃ​អំណាច​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ និង អព្ភូតហេតុ​នៃ​ព្រះគុណ​របស់​ទ្រង់ ។ ទ្រង់​បារម្ភ​អំពី​សេចក្ដី​ជំនឿ​ដែល​អ្នក​ទទួល​បាន មិនមែន​អំពី​ចំនួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែល​អ្នក​ទទួល​សេចក្ដី​ជំនឿ​នោះ​ទេ ។

ដូច្នេះបើ​អ្នក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ហើយ សូម​រក្សា​វា​ទុក ។ បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ទេ សូម​ធ្វើ​វា ។ បើ​អ្នក​បាន​ធ្វើ​វា ហើយ​មិន​បាន​រក្សា​វា​នោះ​ទេ សូម​ប្រែចិត្ត និង ធ្វើ​ជា​ថ្មី ។ វា​មិនដែល​យឺត​ពេល​នោះ​ទេ ដរាបណា​ម្ចាស់​ចម្ការ​មិនទាន់​និយាយ​ថា​ដល់​ពេល​នោះ ។ សូម​ស្ដាប់​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ប្រាប់​អ្នក​ពេល​នេះ នៅ​វេលា​នេះ​តែម្ដង ថា​អ្នក​គួរតែ​ទទួល​យក​អំណោយ​ដ៏ធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​រីករាយ​នឹង​ភាតរភាព​នៃ​កិច្ចការ​របស់​ទ្រង់ ។ សូម​កុំ​ពន្យារពេល ។ វា​ជិត​យឺត​ពេល​ហើយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។