អស់អ្នកដែលមានចិត្តមេត្តាករុណានឹងបានសេចក្ដីមេត្តាករុណាវិញ
នៅពេលដួងចិត្តរបស់យើងបានពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ យើងនឹង « មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោស » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ថ្មីៗនេះ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីអ្នកម្ដាយដ៏ព្រួយបារម្ភម្នាក់ដែលបានសុំឲ្យនិយាយនៅក្នុងសន្និសីទទូទៅក្រោមប្រធានបទដែលនឹងមានប្រយោជន៍ជាពិសេសសម្រាប់កូនទាំងពីរនាក់របស់នាង ។ ពួកគេមានគន្លាតពីគ្នាខាងផ្លូវចិត្ត ហើយបានឈប់និយាយរកគ្នា ។ អ្នកម្ដាយនោះបានខូចចិត្ត ។ នៅក្នុងសំបុត្រ គាត់បានធានាខ្ញុំថា សារលិខិតសន្និសីទទូទៅក្រោមប្រធានបទនេះ នឹងជួយផ្សះផ្សាកូនរបស់នាង ហើយអ្វីទាំងអស់នឹងល្អជាមិនខាន ។
ការអង្វរដ៏ស្មោះត្រង់ និង អស់ពីដួងចិត្តរបស់បងស្រីដ៏ល្អនេះ គ្រាន់តែជាការបំផុសគំនិតមួយក្នុងចំណោមការបំផុសគំនិតបីបួនដែលខ្ញុំបានទទួលថ្មីៗនេះប៉ុណ្ណោះដែលខ្ញុំនិយាយតែពាក្យពីរបីម៉ាត់នៅថ្ងៃនេះលើប្រធានបទដែលជាការព្រួយបារម្ភដែលកើនឡើង មិនគ្រាន់តែចំពោះអ្នកម្ដាយដ៏ព្រួយបារម្ភនេះទេ ប៉ុន្ដែចំពោះគ្រប់គ្នានៅក្នុងសាសនាចក្រ ហើយប្រាកដណាស់ ក៏ចំពោះពិភពលោកដែរ ។
ខ្ញុំមានអារម្មណ៍រំភើបចំពោះសេចក្ដីជំនឿរបស់ម្ដាយដ៏គួរឲ្យស្រឡាញ់នេះដែលថា ការនិយាយក្នុងសន្និសីទទូទៅនេះអាចជួយផ្សះផ្សាទំនាក់ទំនងរវាងកូនៗរបស់នាងបាន ។ ខ្ញុំជឿជាក់ថា ជំនឿចិត្តរបស់នាងមិនមានច្រើនលើលទ្ធភាពរបស់អ្នកនិយាយនោះទេ ប៉ុន្ដែលើ « គុណធម៌នៃព្រះបន្ទូលនៃព្រះ » ដែលមាន « ប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាង ... អ្វីៗផ្សេងទៀត » ។1 បងស្រីជាទីស្រឡាញ់ ខ្ញុំអធិស្ឋានថា ព្រះវិញ្ញាណនឹងមានឥទ្ធិពលដល់អារម្មណ៍កូនៗរបស់អ្នក ។
នៅពេលដែលទំនាក់ទំនងមិនល្អ
ទំនាក់ទំនងដែលតឹងតែង និង មិនល្អ កើតមានជាយូរមកហើយដូចជាមនុស្សដែរ ។ កាអ៊ីនពីបុរាណ គឺជាអ្នកទីមួយដែលអនុញ្ញាតឲ្យជំងឺមហារីកនៃភាពជូរចត់ និង ការព្យាបាទចាំបំផ្លាញចិត្តរបស់គាត់ ។ គាត់បានធ្វើឲ្យអារម្មណ៍ច្រណែន និង ស្អប់បានដុះឡើងក្នុងដួងចិត្តរបស់គាត់ ហើយបានឲ្យអារម្មណ៍ទាំងនេះទុំជោរ រហូតដល់គាត់បានធ្វើអ្វីដោយមិនបានគិតជាមុន ដូចជាសម្លាប់ប្អូនប្រុសរបស់គាត់បង្កើត ហើយក្នុងដំណើរការក្លាយទៅជាបិតានៃសេចក្ដីកុហករបស់សាតាំង ។2
ចាប់តាំងពីថ្ងៃដំបូងនោះមក អារម្មណ៍នៃការច្រណែន និង ការស្អប់បណ្ដាលឲ្យមានរឿងរ៉ាវដ៏សោកនាដកម្មបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ដ្រ ។ វាបានបំបែរសូលប្រឆាំងនឹងដាវីឌ, កូនៗរបស់យ៉ាកុបទាស់នឹងប្អូនប្រុសរបស់ពួកគេឈ្មោះយ៉ូសែប, លេមិន និង លេមយួលទាស់នឹងនីហ្វៃ ហើយអាម៉ាលិកាយប្រឆាំងនឹងមរ៉ូណៃ ។
ខ្ញុំស្រម៉ៃថាមនុស្សគ្រប់រូបលើផែនដីត្រូវបានរងឥទ្ធិពលតាមរបៀបខ្លះដោយវិញ្ញាណនៃការទាស់ទែងគ្នា ការអន់ចិត្ត និង ការសងសឹក ។ ប្រហែលជាមានពេលខ្លះដែលយើងដឹងថា យើងមានអារម្មណ៍ទាំងនេះនៅក្នុងខ្លួនយើងដោយខ្លួនឯង ។ នៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ ខឹង ឬក៏ច្រណែន វាពិតជាងាយស្រួលក្នុងការថ្កោលទោសមនុស្សដទៃ ជាញឹកញាប់គិតថាសកម្មភាពរបស់អ្នកផ្សេងធ្វើដោយការជម្រុញដ៏អាក្រក់ ដើម្បីសម្រួលអារម្មណ៍អន់ចិត្តរបស់ខ្លួនឯង ។
គោលលទ្ធិ
ពិតមែនហើយ យើងដឹងថាវាខុស ។ គោលលទ្ធិគឺច្បាស់ណាស់ ។ យើងទាំងអស់គ្នាពឹងផ្អែកលើព្រះអង្គសង្គ្រោះ គ្មាននរណាម្នាក់អាចបានសង្រ្គោះដោយគ្មានទ្រង់នោះទេ ។ ដង្វាយធួនរបស់ព្រះគ្រីស្ទ គឺនិរន្ដរ៍ និង អស់កល្បជានិច្ច ។ ការអភ័យទោសដល់អំពើបាបរបស់យើង មកដោយមានលក្ខខណ្ឌ ។ យើងត្រូវតែប្រែចិត្ត ហើយយើងត្រូវតែមានឆន្ទៈដើម្បីអភ័យទោសដល់អ្នកដទៃដែរ ។ ព្រះយេស៊ូវបានបង្រៀនថា « ត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ; ត្បិតអ្នកណាដែលមិនអត់ទោស ... នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះ គឺជាបាបដ៏ធំជាង »3 និង « មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ » ។4
មែនហើយ ពាក្យទាំងនេះមើលទៅមានហេតុផលឥតខ្ចោះ នៅពេលដែលបានអនុវត្តចំពោះអ្នកណាម្នាក់ផ្សេងទៀត ។ យើងអាចមើលឃើញយ៉ាងច្បាស់ និង ងាយស្រួលបំផុតនូវលទ្ធផលដែលនាំឲ្យខូចប្រយោជន៍ដែលបានមកនៅពេលដែលអ្នកដទៃថ្កោលទោស និង ចងគំនុំ ។ ហើយយើងពិតជាមិនចូលចិត្តទេនៅពេលដែលមនុស្សថ្កោលទោសយើងនោះ ។
ប៉ុន្ដែនៅពេលដែលវាក្លាយជាបុរេវិនិច្ឆ័យ និង ការឈឺចាប់របស់យើងផ្ទាល់វិញ យើងផងដែរ ជាញឹកញាប់កែតម្រូវថាកំហឹងរបស់យើងគឺត្រឹមត្រូវ ហើយការថ្កោលទោសរបស់យើងគឺអាចទុកចិត្តបាន និង សមរម្យហើយ ។ ទោះបីជាយើងមិនអាចមើលឃើញចិត្តរបស់អ្នកផ្សេង យើងអាចស្មានបានថាយើងដឹងពីចិត្តជម្រុញអាក្រក់ ឬក៏មនុស្សអាក្រក់នៅពេលដែលយើងបានឃើញទង្វើគេ ។ យើងធ្វើការលើកលែង នៅពេលដែលវាក្លាយជាភាពជូរចត់របស់យើងផ្ទាល់ ពីព្រោះយើងមានអារម្មណ៍ថា ក្នុងករណីរបស់យើង យើងមានព័ត៌មានទាំងអស់ដែលយើងត្រូវការដើម្បីធ្វើឲ្យនរណាម្នាក់អាប់កិត្តិយស ។
នៅក្នុងសំបុត្ររបស់គាត់ទៅពួករ៉ូម សាវក ប៉ុល បាននិយាយថា អស់អ្នកណាដែលថ្កោលទោសគេគឺ « គ្មានសេចក្ដីដោះសា » ឡើយ ។ គាត់បានពន្យល់ថា ខណៈដែលយើងថ្កោលទោសគេ នោះឈ្មោះថាបានកាត់ទោសខ្លួនឯងហើយ ពីព្រោះគ្មាននរណាម្នាក់ដែលគ្មានអំពើបាបនោះទេ ។5 ការបដិសេធមិនអភ័យទោស គឺជាអំពើបាបដ៏ធ្ងន់ គឺជាអំពើបាបមួយដែលព្រះអង្គសង្គ្រោះបានព្រមាន ។ ពួកសិស្សផ្ទាល់របស់ព្រះយេស៊ូវបាន « ស្វែងរកឱកាសទាស់នឹង[គ្នាទៅវិញទៅមក] ហើយមិនអត់ទោសឲ្យគ្នាទៅវិញទៅមកនៅក្នុងចិត្តរបស់ពួកគេទេ ហើយចំពោះការអាក្រក់នេះ ពួកគេត្រូវបានរងទុក្ខ និង បានវាយផ្ចាលជាខ្លាំង ។ »6
ព្រះអង្គសង្រ្គោះយើង មានព្រះបន្ទូលយ៉ាងច្បាស់លើប្រធានបទនេះថា វាមិនអាចទៅរួចទេក្នុងការយល់ច្រឡំលើអ្វីដែលទ្រង់មានព្រះបន្ទូលនោះ ។ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស» ប៉ុន្ដែក្រោយមកទ្រង់មានបន្ទូលថា «រីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។7
សូមឲ្យខ្ញុំអាចសុំបញ្ជាក់បន្ថែមត្រង់ចំណុចបានទេ ? នៅពេលដែលព្រះអម្ចាស់តម្រូវថា យើងត្រូវអភ័យទោសដល់មនុស្សទាំងអស់ នោះវារួមទាំងអភ័យទោសដល់ខ្លួនយើងដែរ ។ ពេលខ្លះ មនុស្សភាគច្រើនក្នុងពិភពលោកនេះ ជាអ្នកដែលពិបាកអភ័យទោសឲ្យជាងគេបំផុត ប្រហែលជាអ្នកដែលត្រូវការការអភ័យទោសពីយើងខ្លាំងជាងគេបំផុត នោះគឺជាខ្លួនយើង ។
គោលការណ៍គ្រឹះ
ប្រធានបទនៃការថ្កោលទោសអ្នកដទៃនេះ ពិតជាអាចបង្រៀននៅក្នុងការបង្រៀនពីរពាក្យ ។ នៅពេលដែលវាក្លាយជាការស្អប់ ការនិយាយដើមគេ ការព្រងើយកន្ដើយ ការសើចចំអក ការគុំគួន ឬ ការចង់បង្ករឿង សូមធ្វើតាមការណែនាំដូចខាងក្រោមនេះ ៖
បញ្ឈប់វា !
វាសាមញ្ញបែបនោះ ។ យើងគ្រាន់តែបញ្ឈប់ការថ្កោលទោសគេ ហើយជំនួសគំនិត និង អារម្មណ៍ថ្កោលទោសទាំងនោះដោយសេចក្ដីស្រឡាញ់ពេញបេះដូងចំពោះព្រះ និង កូនចៅរបស់ទ្រង់ ។ ព្រះជាព្រះវរបិតារបស់យើង ។ យើងជាកូនៗរបស់ទ្រង់ ។ យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ។ ខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចឲ្យច្បាស់ទេលើគំនិតនៃពាក្យ កុំថ្កោលទោសគេ ដោយភាពច្បាស់ល្មម ដោយបំណង និង ការបញ្ចុះបញ្ចូលដើម្បីធ្វើឲ្យអ្នកចងចាំវាជារៀងរហូត ។ ខ្ញុំអាចដកស្រង់ពីព្រះគម្ពីរ ខ្ញុំអាចពន្យល់ពីគោលលទ្ធិបាន ហើយខ្ញុំក៏អាចដកស្រង់សារខ្លីដែលនៅលើស្លាកក្រោយឡានដែលខ្ញុំបានឃើញនាពេលថ្មីៗនេះបានដែរ ។ គេបានបិទវានៅខាងក្រោយឡានដែលអ្នកបើកបរហាក់ដូចជាគំរោះគំរើយបន្ដិច ប៉ុន្ដែពាក្យដែលនៅលើស្លាកនោះបានបង្រៀនមេរៀនដ៏ច្បាស់មួយ ។ វាអានថា « សូមកុំថ្កោលទោសខ្ញុំដោយសារខ្ញុំធ្វើបាបខុសពីអ្នក » ។
យើងត្រូវតែដឹងថា យើងទាំងអស់គ្នាមិនល្អឥតខ្ចោះនោះទេ — ថាយើងគឺជាអ្នកដែលត្រូវការទ្រង់បំផុត ។ តើយើងទាំងអស់គ្នាមិនមករកទ្រង់ដោយបន្ទាបខ្លួននៅមុខទីសន្ដោសប្រោស និង បានអង្វរសុំព្រះគុណ នៅពេលណាមួយ ឬ ពេលផ្សេងទៀតទេឬ ? តើយើងមិនបានប្រាថ្នាដោយអស់ពីកម្លាំងនៃព្រលឹងយើងសុំសេចក្ដីមេត្តាករុណា — ដើម្បីទទួលបានការអភ័យទោសចំពោះកំហុសដែលយើងបានប្រព្រឹត្ត និង ចំពោះអំពើបាបដែលយើងបានធ្វើទេឬ ?
ពីព្រោះយើងទាំងអស់គ្នាពឹងលើសេចក្ដីមេត្តាករុណានៃព្រះ តើយើងអាចបដិសេធចំពោះអ្នកដទៃនូវចំណែកនៃព្រះគុណដែលយើងចង់បានយ៉ាងខ្លាំងសម្រាប់ខ្លួនយើងឬ ? បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ តើយើងមិនគួរអភ័យទោសដូចដែលយើងចង់ទទួលបានការអភ័យទោសទេឬ ?
សេចក្ដីស្រឡាញ់របស់ព្រះ
តើវាពិបាកធ្វើឬ ?
មែនហើយ វាពិបាក ។
ការអភ័យទោសដល់ខ្លួនយើង និង អ្នកដទៃគឺមិនមែនជាការងាយស្រួលនោះទេ ។ ជាការពិត សម្រាប់មនុស្សយើងភាគច្រើន វាតម្រូវឲ្យមានការផ្លាស់ប្ដូរនូវអាកប្បកិរិយា និង របៀបនៃការគិតរបស់យើងយ៉ាងខ្លាំង — ថែមទាំងត្រូវផ្លាស់ប្ដូរនៅក្នុងដួងចិត្តអ្នកទៀតផង ។ ប៉ុន្ដែមានដំណឹងល្អមួយ ។ « ការផ្លាស់ប្ដូរដ៏ធំ »8 នៅក្នុងដួងចិត្តនេះ គឺពិតជាអ្វីដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានរៀបចំឡើងដើម្បីនាំមកក្នុងជីវិតរបស់យើង ។
តើវាធ្វើបានយ៉ាងដូចម្ដេច ? តាមរយៈសេចក្ដីស្រឡាញ់របស់ព្រះ ។
នៅពេលដួងចិត្តរបស់យើងបានពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ អ្វីដែលល្អ និង បរិសុទ្ធនឹងកើតឡើងចំពោះយើង ។ យើង « កាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់ ឯបញ្ញត្តិទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ។ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកិយហើយ » ។9
កាលណាយើងអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះមានឥទ្ធិពលមកលើគំនិត និង អារម្មណ៍របស់យើងកាន់តែច្រើន — យើងកាន់តែអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងដុះនៅក្នុងដួងចិត្តរបស់យើងកាន់តែខ្លាំង — វាកាន់តែងាយស្រួលឡើងក្នុងការស្រឡាញ់អ្នកដទៃដោយសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនៃព្រះគ្រីស្ទ ។ នៅពេលដែលយើងអនុញ្ញាតឲ្យព្រះបំពេញយើងដោយសេចក្ដីស្រឡាញ់ដែលដូចជាព្រឹកព្រលឹមដ៏ភ្លឺរបស់ទ្រង់ នៅទីបំផុត ការស្អប់ និង ការច្រណែនរបស់យើងនឹងត្រូវរសាយបាត់ជាមិនខាន ។
ដូចសព្វដង ព្រះគ្រីស្ទគឺគំរូដ៏ឥតខ្ចោះក្នុងការធ្វើតាម ។ នៅក្នុងការបង្រៀនរបស់ទ្រង់ពេលនៅក្នុងជីវិតរបស់ទ្រង់ ទ្រង់បានបង្ហាញផ្លូវឲ្យយើង ។ ទ្រង់អភ័យទោសដល់ជនទុច្ចរិត ពួកបាតផ្សា និង អ្នកដែលចង់ធ្វើឲ្យទ្រង់ឈឺចាប់ និង បានធ្វើទុក្ខដល់ទ្រង់ ។
ព្រះយេស៊ូវមានព្រះបន្ទូលថា វាងាយស្រួលដើម្បីស្រឡាញ់អ្នកដែលស្រឡាញ់យើង ទោះបីជាពួកទុច្ចរិតក៏អាចធ្វើដូច្នោះបានដែរ ។ ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទបានបង្រៀនច្បាប់ខ្ពស់ជាងមួយ ។ ទ្រង់បានមានព្រះបន្ទូលទាំងនេះជាច្រើនសតវត្សន៍កន្លងទៅហើយ ប៉ុន្ដែពាក្យទាំងនោះនៅអនុវត្តសម្រាប់យើងសព្វថ្ងៃនេះ ។ វាគឺសម្រាប់យើងទាំងអស់គ្នាដែលចង់ក្លាយជាសិស្សរបស់ទ្រង់ ។ វាគឺសម្រាប់អ្នក និង ខ្ញុំ ។ « ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេសផ្ដាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ។10
នៅពេលដួងចិត្តរបស់យើងបានពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ យើងនឹង « មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោស ﹝គ្នា﹞ ដូចជាព្រះទ្រង់ ﹝បានអត់ទោសឲ្យអ្នករាល់គ្នា﹞ ដោយព្រះគ្រីស្ទដែរ ។ »11
សេចក្ដីស្រឡាញ់ដ៏ពិតនៃព្រះគ្រីស្ទ អាចដកចេញនូវអារម្មណ៍នៃការអន់ចិត្ត និង កំហឹងដែលជះឥទ្ធិពលលើរបៀបដែលយើងសង្កេតនូវរឿងអ្វីៗ ហើយអនុញ្ញាតឲ្យយើងមើលអ្នកដទៃតាមរបៀបដែលព្រះវរបិតាសួគ៌មើលមកយើងដែរ ៖ ថាយើងទាំងអស់គ្នាមានកំហុស និង មានសាច់ឈាមមិនឥតខ្ចោះដែលមានសក្ដានុពល និង តម្លៃលើសពីសមត្ថភាពដែលយើងអាចស្រមៃបាន ។ ដោយសារព្រះទ្រង់ស្រឡាញ់យើងដល់ម្ល៉េះ យើងត្រូវតែស្រឡាញ់ និង អភ័យទោសឲ្យគ្នាទៅវិញទៅមកដែរ ។
របៀបរបស់សាវក
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមគិតពិចារណាអំពីសំណួរដូចខាងក្រោមថាជាការប្រឡងផ្ទាល់ខ្លួន ៖
តើអ្នកមានចងគំនុំនឹងនរណាម្នាក់ដែរឬទេ ?
តើអ្នកមាននិយាយដើមគេទេ ទោះបីជាអ្វីដែលអ្នកនិយាយនោះអាចត្រូវក៏ដោយ ?
តើអ្នកមានបដិសេធ មិនរាប់អានគេ ឬ ដាក់ទោសអ្នកដទៃដោយសារតែអ្វីដែលពួកគេបានធ្វើដែរឬទេ ?
តើអ្នកមានលួចច្រណែននឹងអ្នកដទៃដែរឬទេ ?
តើអ្នកមានចង់ធ្វើទុក្ខទោសដល់នរណាម្នាក់ទេ ?
ប្រសិនបើអ្នកបានឆ្លើយថា បាទ/ចាស៎ ចំពោះសំណួរទាំងនេះ អ្នកប្រហែលជាចង់អនុវត្តការបង្រៀនពីរពាក្យដែលបាននិយាយខាងលើមក ៖ បញ្ឈប់វា !
នៅក្នុងពិភពនៃការចោទប្រកាន់ និង ភាពមិនរាក់ទាក់ វាងាយស្រួលដើម្បីរកមូលហេតុក្នុងការស្អប់គ្នា និង មិនគោរពដល់គ្នាទៅវិញទៅមកណាស់ ។ ប៉ុន្ដែមុនពេលយើងធ្វើដូច្នោះ សូមឲ្យយើងចាំពាក្យរបស់ព្រះអង្គដែលជាចៅហ្វាយ និង ជាគំរូរបស់យើងថា ៖ « អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ » ។12
បងប្អូនប្រុសស្រី ចូរយើងដាក់ថ្មយើងចុះ ។
ចូរយើងមានចិត្តល្អ ។
ចូរយើងអភ័យទោស ។
ចូរយើងនិយាយដោយសន្ដិភាពជាមួយនឹងគ្នា ។
ចូរឲ្យសេចក្ដីស្រឡាញ់របស់ព្រះបានបំពេញដួងចិត្តរបស់យើង ។
« ចូរយើងធ្វើល្អដល់មនុស្សទាំងអស់ » ។13
ព្រះអង្គសង្គ្រោះបានសន្យាថា ៖ « ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ ។ … ដ្បិតគេនឹងវាល់ឲ្យ [អ្នក] តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ ។ »14
តើការសន្យានេះមិនល្មមគ្រប់គ្រាន់ឲ្យយើងតែងតែផ្ដោតការខិតខំរបស់យើងលើទង្វើមានសណ្ដានចិត្តល្អ អភ័យទោស និង សេចក្ដីសប្បុរស ជាជាងអាកប្បកិរិយាអវិជ្ជមានទេឬ ?
ចូរយើង ដែលជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើល្អជាមួយនឹងមនុស្សដទៃ ទោះបីជាយើងមិនបានត្រូវគេធ្វើល្អដាក់ក៏ដោយ ។15 ចូរយើងកុំចង់សងសឹក ឬ អនុញ្ញាតឲ្យកំហឹងរបស់យើងយកឈ្នះលើយើងបានឡើយ ។
« ត្បិតមានសេចក្ដីចែងទុកមកថា « ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ » ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ។
« ដូច្នេះ បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ …
« កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ » ។16
សូមចាំថា ៖ នៅទីបញ្ចប់ គឺជាអ្នកដែលមានចិត្តមេត្តាករុណាទេ ដែលបានសេចក្ដីមេត្តាករុណាវិញ ។17
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅកន្លែងណាក៏ដោយដែលយើងទៅ សូមឲ្យយើងត្រូវបានគេស្គាល់ថាជាមនុស្សដែល « មានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។18
ស្រឡាញ់គ្នាទៅវិញទៅមក
បងប្អូនប្រុសស្រី មានការឈឺចាប់ក្នុងចិត្ត និង ទុក្ខព្រួយគ្រប់គ្រាន់ហើយនៅក្នុងជីវិតនេះដោយគ្មានការបន្ថែមលើវាទៀតតាមរយៈការរឹងចចេស ភាពជូរចត់ និង ការអន់ចិត្តផ្ទាល់ខ្លួនរបស់យើង ។
យើងមិនឥតខ្ចោះនោះទេ ។
មនុស្សគ្រប់គ្នាជុំវិញយើង គឺមិនឥតខ្ចោះនោះទេ ។19 មនុស្សធ្វើរឿងដែលគួរឲ្យធុញទ្រាន់ អាក់អន់ចិត្ត និង ខឹង ។ នៅក្នុងជីវិតខាងសាច់ឈាមនេះ វាតែងតែអញ្ចឹងហើយ ។
ហេតុដូច្នេះហើយ យើងត្រូវតែបំភ្លេចការឈឺចាប់របស់យើងទៅ ។ ផ្នែកនៃគោលបំណងនៃជីវិត គឺត្រូវរៀនពីរបៀបដើម្បីបំភ្លេចរឿងអស់ទាំងនោះ ។ នោះគឺជាផ្លូវរបស់ព្រះអម្ចាស់ ។
សូមចាំថា ស្ថានសួគ៌គឺពោរពេញទៅដោយអ្នកដែលមានរឿងនេះដូចគ្នា ៖ ពួកគេត្រូវបានអភ័យទោសឲ្យ ។ ហើយពួកគេអភ័យទោសដល់គេដែរ ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះបាទរបស់ព្រះអង្គសង្គ្រោះចុះ ។ សូមបំភ្លេចការកាត់សេចក្ដីចោល ។ សូមអនុញ្ញាតឲ្យដង្វាយធួនរបស់ព្រះគ្រីស្ទផ្លាស់ប្ដូរ និង ព្យាបាលដួងចិត្តរបស់អ្នក ។ សូមស្រឡាញ់គ្នាទៅវិញទៅមក ។ សូមអភ័យទោសឲ្យគ្នាទៅវិញទៅមក ។
អស់អ្នកដែលមានចិត្តមេត្តាករុណា នឹងបានសេចក្ដីមេត្តាករុណាវិញ ។
ខ្ញុំសូមធ្វើទីបន្ទាល់ទាំងនេះនៅក្នុងព្រះនាមនៃព្រះអង្គដែលស្រឡាញ់យើងខ្លាំងបំផុត និង អស់ពីព្រះទ័យ រហូតដល់ទ្រង់លះបង់ព្រះជន្មទ្រង់សម្រាប់យើង ជាសំឡាញ់ទ្រង់ - នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។