ការអង្វរដល់បងប្អូនស្រីរបស់ខ្ញុំ
យើងត្រូវការកម្លាំង ជំនឿស៊ប់ ការផ្លាស់ប្រែចិត្តជឿ លទ្ធភាពដឹកនាំ ប្រាជ្ញា និងសំឡេងរបស់អ្នក ។
ជូនចំពោះអែលឌើរ រ៉ាសបាន, ស្ទីវ៉ែនសុន,និង រេនឡាន់ យើងជាបងប្អូនប្រុស សូមស្វាគមន៍អ្នកមកក្នុងកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ។ យើងថ្លែងអំណរគុណសម្រាប់វិរណៈដែលទ្រង់ប្រទានដល់ព្យាការីរបស់យើង គឺប្រធានថូម៉ាស់ អេស ម៉នសុន ។
បងប្អូនប្រុសស្រី នៅពេលយើងជួបគ្នាកាលពីសន្និសីទទូទៅប្រាំមួយខែមុន គ្មានគ្នាយើងណាម្នាក់រំពឹងថាមានការផ្លាស់ប្ដូរដែលនឹងប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងដល់សមាជិកទូទាំងសាសនាចក្រទេ ។ អែលឌើរ អិល ថម ភែរី បានផ្ដល់សារលិខិតប្រកបដោយអានុភាពអំពីតួនាទីដ៏ពិសេសថាអាពាហ៍ពិពាហ៍ និងគ្រួសារមាននៅក្នុងផែនការរបស់ព្រះ ។ យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃក្រោយមក ពេលយើងដឹងថាជំងឺមហារីកនឹងយកលោកចេញពីយើងក្នុងពេលឆាប់ៗ ។
ទោះបីសុខភាពរបស់ប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ ទ្រុតទ្រោមក្ដី ក៏លោកបន្ដ « ធ្វើកាតព្វកិច្ច » នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ដែរ ។ លោកបានទ្រុតទ្រោមខ្លាំងកាលពីខែមេសាមុន ប៉ុន្តែលោកតាំងចិត្តប្រកាសធ្វើជាសាក្សីដរាបណាលោកនៅមានដង្ហើម ។ បន្ទាប់មក គ្រាន់តែ ៣៤ ថ្ងៃបន្ទាប់ពីមរណភាពរបស់អែលឌើរ ភែរី នោះប្រធានផាកកឺក៏បានបោះជំហានទៅឯម្ខាងទៀតនៃវាំងននផងដែរ ។
យើងមិនបានឃើញអែលឌើរ រីឆាដ ជី ស្កត នៅសន្និសីទទូទៅលើកមុនរបស់យើង ប៉ុន្តែយើងបានចងចាំអំពីសាក្សីដ៏មានអានុភាពអំពីព្រះអង្គសង្គ្រោះ ដែលលោកបានថ្លែងនៅក្នុងសន្និសីទមុនៗជាច្រើន ។ ហើយកាលពី ១២ ថ្ងៃមុន អែលឌើរ ស្កត ត្រូវបានហៅឲ្យត្រឡប់ទៅផ្ទះ រួបរួមនឹងភរិយាជាទីស្រឡាញ់របស់លោក ជេននីន ។
ខ្ញុំមានឯកសិទ្ធិដើម្បីនៅជាមួយនឹងបងប្អូនប្រុសទាំងនេះ អំឡុងថ្ងៃចុងក្រោយរបស់ពួកលោក រួមទាំងមានសមាជិកគ្រួសារសាច់បង្កើតរបស់ប្រធានផាកកឺ និងអែលឌើរ ស្កត មុនពេលលោកលាចាកលោកនេះផងដែរ ។ វាពិបាកសម្រាប់ខ្ញុំដើម្បីជឿថា មិត្តដ៏មានតម្លៃទាំងបីរូបនេះ ដែលជាអ្នកបម្រើដ៏សំខាន់របស់ព្រះអម្ចាស់ ត្រូវលាចាកទៅដូច្នេះណាស់ ។ ខ្ញុំនឹកពួកលោករកពាក្យថ្លែងពុំបាន ។
នៅពេលខ្ញុំគិតអំពីព្រឹត្តការណ៍ដែលពុំរំពឹងទុកនេះ ចំណាប់អារម្មណ៍មួយ ដែលខ្ញុំកត់ចំណាំពុំបំភ្លេចបានគឺថា ខ្ញុំបានសង្កេតមើលទៅភរិយាដែលនៅរស់ទាំងនេះ ។ ខ្ញុំពុំអាចបំភ្លេចបានអំពីភាពស្ងប់របស់បងស្រី ដូណា ស្ម៊ីធ ផាកកឺ និងបងស្រី បាបារ៉ា ដេថុន ភែរី មាន ពេលពួកគាត់អង្គុយនៅជិតគ្រែស្វាមីរបស់ពួកគេ ដែលពួកគាត់ជាស្ត្រីដែលពេញដោយក្ដីស្រឡាញ់ សេចក្ដីពិត និងសេចក្ដីជំនឿដ៏បរិសុទ្ធ ។
នៅពេលបងស្រី ផាកកឺ អង្គុយនៅជិតស្វាមីរបស់គាត់ នៅដង្ហើមចុងក្រោយរបស់លោក គាត់គឺជាគំរូនៃភាពសុខសាន្ដ ដែលបានមកពីការយល់ដឹងគ្រប់យ៉ាង ។១ ទោះជាគាត់ដឹងថា ដៃគូជាទីស្រឡាញ់របស់គាត់អស់រយៈពេលជិត ៧០ ឆ្នាំនឹងលាចាកទៅក្នុងពេលឆាប់ៗក្ដី ក៏គាត់បានបង្ហាញនូវភាពស្ងប់នៃស្ត្រីដែលពេញទៅដោយសេចក្ដីជំនឿមួយរូបដែរ ។ គាត់ហាក់ដូចជាទេវតា ដូចជានៅក្នុងរូបថតរបស់ពួកគាត់នៅពេលឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធព្រិកហាំ ស៊ីធី រដ្ឋយូថាហ៍ ផងដែរ ។
ខ្ញុំបានឃើញនូវក្ដីស្រឡាញ់ និងសេចក្ដីជំនឿដូចគ្នាបង្ហាញមកពីបងស្រី ភែរី ។ ការលះបង់របស់គាត់ចំពោះស្វាមីរបស់ខ្លួន និងព្រះអម្ចាស់បង្ហាញឲ្យឃើញយ៉ាងច្បាស់ ហើយធ្វើឲ្យខ្ញុំស្រណោះយ៉ាងខ្លាំង ។
នៅក្នុងម៉ោងចុងក្រោយរបស់ស្វាមីពួកគាត់ និងបន្ដរហូតមកដល់បច្ចុប្បន្ននេះ ស្ត្រីដ៏រឹងមាំទាំងនេះ បានបង្ហាញនូវភាពរឹងមាំ និងភាពក្លាហាន ដែលស្ត្រីរក្សាសេចក្ដីសញ្ញាគ្រប់រូបតែងតែបង្ហាញ ។២ វាមិនអាចធ្វើបានទេ ដើម្បីវាស់វែងពីឥទ្ធិពលនៃស្ត្រីមានចរិយាបែបនេះ ដែលមិនគ្រាន់តែសម្រាប់ក្រុមគ្រួសារពួកគាត់ទេ ប៉ុន្តែនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ផងដែរ ក្នុងនាមជាភរិយា ជាម្ដាយ និងជាជីដូន ជាបងស្រី និងជាមីង ជាគ្រូបង្រៀន និងជាអ្នកដឹកនាំ ហើយជាពិសេសជាអ្នកការពារសេចក្ដីជំនឿដ៏ជាគំរូ និងការលះបង់ ។៣
ការណ៍នេះមានពិតនៅក្នុងគ្រប់ជំនាន់នៃដំណឹងល្អ ចាប់តាំងពីជំនាន់អ័ដាម និងអេវ៉ាមកម្ល៉េះ ។ ប៉ុន្តែស្ត្រីនៃគ្រាកាន់កាប់ត្រួតត្រានេះ គឺខុសប្លែកពីស្ត្រីផ្សេងៗ ដោយសារគ្រាកាន់កាប់ត្រួតត្រានេះ គឺពិសេសពីគ្រាណាៗទាំងអស់ ។៤ ភាពខុសប្លែកនេះ នាំមកនូវឯកសិទ្ធិ និងការទទួលខុសត្រូវ ។
សាមសិបប្រាំមួយឆ្នាំកន្លងទៅ ក្នុងឆ្នាំ ១៩៧៩ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានធ្វើការព្យាករណ៍ដ៏អស្ចារ្យមួយអំពីឥទ្ធិពលដែលស្ត្រីរក្សាសេចក្ដីសញ្ញានឹងមាននៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់នាពេលអនាគត។ លោកបានព្យាករណ៍ថា ៖ « ការរីកចម្រើនចម្បងបំផុត ដែលកំពុងតែកើតមានក្នុងសាសនាចក្រនៅថ្ងៃចុងក្រោយ នឹងកើតមានឡើងដោយសារតែស្ត្រីល្អៗជាច្រើនក្នុងពិភពលោក… នឹងនាំមកក្នុងសាសនាចក្រក្នុងចំនួនដ៏ច្រើនសន្ធឹក ។ ការណ៍នេះ នឹងកើតមានឡើងក្នុងកម្រិតមួយ ដែលស្ត្រីនៃសាសនាចក្រឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និងបញ្ញានៅក្នុងជីវិតរបស់ពួកគេ និងក្នុងកម្រិតមួយដែលស្ត្រីនៃសាសនាចក្រ ត្រូវបានគេមើលឃើញថា ខុសប្លែក និងផ្សេងពីគេ-- ក្នុងរបៀបដ៏រីករាយ--ខុសពីស្ត្រីខាងលោកិយ » ។៥
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ អ្នកគឺជាសហការីដ៏សំខាន់របស់យើង ក្នុងយុគសម័យចុងក្រោយនេះ ជាជំនាន់ដែលប្រធានឃឹមបឹលបានទាយទុកជាមុននោះ គឺសព្វថ្ងៃនេះ ។ អ្នកជាស្ត្រីដែលលោកបានមើលឃើញជាមុននោះ ! ជីវិតរបស់អ្នកក្នុងគុណធម៌ ពន្លឺ ក្ដីស្រឡាញ់ ចំណេះដឹង ភាពក្លាហាន អត្តចរិក សេចក្ដីជំនឿ និងសេចក្ដីសុចរិត នឹងនាំស្ត្រីល្អៗនៃពិភពលោកមកកាន់សាសនាចក្រក្នុងចំនួនដ៏នឹកស្មានមិនដល់មួយ ដើរជាមួយនឹងក្រុមគ្រួសារអ្នក !៦
យើងជាបងប្អូនប្រុស ត្រូវការកម្លាំង ជំនឿស៊ប់ ការផ្លាស់ប្រែចិត្តជឿ លទ្ធភាពដឹកនាំ ប្រាជ្ញា និងសំឡេងរបស់អ្នក ។ នគរនៃព្រះគឺពុំមាន និងពុំអាចមានពេញលេញដោយគ្មានស្ត្រី ដែលធ្វើសេចក្ដីសញ្ញាពិសិដ្ឋ រួចហើយរក្សាសេចក្ដីសញ្ញា ជាស្ត្រីដែលអាចនិយាយដោយអានុភាព និងសិទ្ធិអំណាចនៃព្រះបានទេ !៧
ប្រធាន ផាកកឺ បានប្រកាសថា ៖
« យើងត្រូវការស្ត្រីដែលចេះរៀបចំ ស្ត្រីដែលអាចរៀបចំ ។ យើងត្រូវការស្ត្រីដែលមានលទ្ធភាពគ្រប់គ្រង ដែលអាចដាក់ផែនការ និងដឹកនាំ ហើយចាត់ចែង ជាស្ត្រីដែលអាចបង្រៀន ជាស្ត្រីដែលអាចនិយាយដោយមុតមាំ ។. …
« យើងត្រូវការស្ត្រីដែលមានអំណោយទានចេះញែកដឹង ដែលអាចមើលឃើញពីទំនោរនៅក្នុងពិភពលោក ហើយដឹងហេតុការណ៍នៃអ្នកទាំងឡាយដែលពុំពឹងផ្អែកលើសេចក្ដីពិត ឬ មានគ្រោះថ្នាក់ ទោះជាមានប្រជាប្រិយភាពក្ដី » ។៨
ថ្ងៃនេះ ខ្ញុំសូមបន្ថែមថា យើងត្រូវការស្ត្រីដែលចេះធ្វើឲ្យរឿងសំខាន់កើតឡើងតាមរយៈសេចក្ដីជំនឿ និងអ្នកដែលជាអ្នកការពារសីលធម៌ និងក្រុមគ្រួសារនៅលើពិភពលោកដែលពេញដោយអំពើបាបនេះដោយភាពក្លាហាន ។ យើងត្រូវការស្ត្រីដែលលះបង់ក្នុងការការពារដល់កូនចៅរបស់ព្រះនៅតាមផ្លូវនៃសេចក្ដីសញ្ញាឆ្ពោះទៅការលើកតម្កើង ជាស្ត្រីដែលចេះទទួលវិវរណៈផ្ទាល់ខ្លួន ដែលយល់អំពីព្រះចេស្ដា និងភាពសុខសាន្ដនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ស្ត្រីដែលចេះអំពាវនាវរកព្រះចេស្ដាពីស្ថានសួគ៌ដើម្បីការពារ និងពង្រឹងដល់កូនចៅ និងក្រុមគ្រួសារ ជាស្រ្ដីដែលបង្រៀនដោយមិនចេះភ័យខ្លាច ។
ខ្ញុំមានពរដោយសារស្ត្រីមានចរិយាដូចនេះ នៅក្នុងជីវិតរបស់ខ្ញុំ ។ ភរិយាដែលចែកឋានទៅរបស់ខ្ញុំ ឈ្មោះ ដានស្សិល គឺជាស្ត្រីដូចនេះឯង ។ ខ្ញុំនឹងមានអំណរគុណជានិច្ចចំពោះឥទ្ធិពលផ្លាស់ប្ដូរជីវិត ដែលនាងមានមកលើខ្ញុំនៅ គ្រប់ ទម្រង់នៃជីវិតខ្ញុំ រួមទាំងកិច្ចខិតខំរកបច្ចេកទេសថ្មី ក្នុងការវះកាត់បេះដូងផងដែរ ។
ហាសិបប្រាំបីឆ្នាំមុន ខ្ញុំត្រូវបានសុំឲ្យធ្វើការវះកាត់ឲ្យក្មេងស្រីតូចម្នាក់ ដែលមានជំងឺជាទម្ងន់មកពីជំងឺបេះដូងពីកំណើត ។ បងប្រុសរបស់នាង បានស្លាប់ទៅហើយ ដោយសារស្ថានភាពស្រដៀងគ្នានេះ ។ ឪពុកម្ដាយរបស់នាងបានអង្វរសូមជំនួយ ។ ខ្ញុំពុំមានសុទិដ្ឋិនិយមអំពីលទ្ធផលទេ ប៉ុន្តែបានសន្យាថា នឹងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីសង្គ្រោះជីវិតនាង ។ ទោះជាខ្ញុំខំអស់ពីលទ្ធភាពក្ដី នាងនៅតែស្លាប់ ។ ក្រោយមក ឪពុកម្ដាយដដែលនោះ បាននាំកូនស្រីម្នាក់ទៀតមកខ្ញុំ ដែលទើបតែមានអាយុ ១៦ ខែ ដែលបានកើតមកមានបេះដូងមិនគ្រប់លក្ខណៈ ។ តាមសំណើរបស់ពួកគេ ខ្ញុំបានធ្វើការវះកាត់ម្ដងទៀត ។ កូនតូចនេះក៏ស្លាប់ផងដែរ ។ ការបាត់បង់ដ៏ឈឺចាប់លើកទីបីនៅក្នុងគ្រួសារមួយនេះ បានធ្វើឲ្យខ្ញុំឈឺចាប់ណាស់ ។
ខ្ញុំបានទៅផ្ទះវិញពេញដោយទុក្ខព្រួយ ។ ខ្ញុំបានទម្លាក់ខ្លួនដេកនៅលើឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវ ហើយបានយំពេញមួយយប់ ។ ដានស្សិល នៅជិតស្ដាប់ខ្ញុំ ពេលខ្ញុំនិយាយដដែលៗថា ខ្ញុំនឹងមិនធ្វើការវះកាត់បេះដូងណាទៀតនោះ ។ បន្ទាប់មក ប្រហែលជាម៉ោង ៥:០០ ព្រឹក ដានស្សិលបានមើលខ្ញុំ ហើយបានសួរដោយក្ដីស្រឡាញ់ថា « បងឈប់យំហើយឬនៅ ? សូមទៅស្លៀកពាក់ ។ ត្រឡប់ទៅមន្ទីរពេទ្យវិញ ។ សូមទៅធ្វើការចុះ ! បងត្រូវរៀនបន្ថែមទៀត ។ ប្រសិនបើបងឈប់នៅពេលនេះ អ្នកផ្សេងនឹងត្រូវរៀនដោយឈឺចាប់នូវអ្វីដែលបងបានដឹងរួចហើយនោះ » ។
អូ៎! ខ្ញុំពិតជាត្រូវការទស្សនៈ ភាពមុតមាំ និងក្ដីស្រឡាញ់របស់ភរិយារបស់ខ្ញុំ ។ ខ្ញុំបានត្រឡប់ទៅធ្វើការ ហើយរៀនបន្ថែមទៀត ។ ប្រសិនបើគ្មានការលើកទឹកចិត្តដ៏បំផុសគំនិតពី ដានស្សិល ទេ នោះខ្ញុំនឹងគ្មានជំនាញវះកាត់បេះដូង ហើយក៏នឹងមិនបានត្រៀមខ្លួនដើម្បីធ្វើការវះកាត់ក្នុងឆ្នាំ ១៩៧២ ដែលបានជួយសង្គ្រោះជីវិតរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែរ ។៩
បងប្អូនស្រីអើយ តើបងប្អូនដឹងពីទំហំនៃឥទ្ធិពលរបស់បងប្អូន នៅពេលបងប្អូននិយាយរឿងទាំងឡាយដែលចេញពីចិត្ត និងគំនិតរបស់បងប្អូន ពេលបានដឹកនាំដោយព្រះវិញ្ញាណឬទេ ? ប្រធានស្ដេកដ៏ល្អម្នាក់ បានប្រាប់ខ្ញុំអំពីការប្រជុំក្រុមប្រឹក្សាស្ដេក ដែលពួកគេពិភាក្សាអំពីបញ្ហាលំបាកមួយ ។ ក្នុងពេលមួយ គាត់បានដឹងថា ប្រធានអង្គការបឋមសិក្សាស្ដេក ពុំបាននិយាយអ្វីសោះ ដូច្នេះគាត់សួរ ថាតើប្រធានកុមារមានចំណាប់អារម្មណ៍អ្វី ។ គាត់បាននិយាយថា « មែនហើយ ខ្ញុំមាន » រួចហើយគាត់បានចែកចាយគំនិត ដែលបានផ្លាស់ប្ដូរទិសដៅនៃការប្រជុំទាំងមូល ។ ប្រធានស្ដេកបានបន្ដថា « ពេលប្រធានកុមារកំពុងនិយាយ ព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ដល់ខ្ញុំថា ប្រធានកុមារនោះបានផ្ដល់សំឡេងជាវិវរណៈដែលយើងកំពុងស្វែងរកនៅក្នុងក្រុមប្រឹក្សា » ។
បងប្អូនស្រីជាទីស្រឡាញ់ មិនថាការហៅបម្រើរបស់បងប្អូនជាអ្វី ស្ថានភាពបងប្អូនយ៉ាងណាទេ យើងត្រូវការចំណាប់អារម្មណ៍ គំនិត និងការបំផុសគំនិតពីបងប្អូន ។ យើងត្រូវការបងប្អូនឲ្យចែកចាយដោយម៉ឺងម៉ាត់នៅក្នុងក្រុមប្រឹក្សាស្ដេក និងវួដរបស់អ្នក ។ យើងត្រូវការបងស្រីដែលបានរៀបការរួចម្នាក់ៗ ឲ្យថ្លែងជា « ការរួមចំណែក និង ជា ដៃគូពេញលេញ »១០ នៅពេលអ្នករួបរួមគ្នានឹងស្វាមីអ្នកនៅក្នុងការគ្រប់គ្រងគ្រួសារអ្នក ។ ទាំងអ្នករៀបការ ឬនៅលីវ អ្នកមានសមត្ថភាពដាច់ដោយឡែក និងគំនិតពិសេសដែលអ្នកបានទទួល ជាអំណោយទានមកពីព្រះ ។ យើងជាបងប្អូនប្រុស ពុំអាចចម្លងឥទ្ធិពលពិសេសរបស់អ្នកបានទេ ។
យើងដឹងថា សកម្មភាពដ៏ខ្ពស់បំផុត នៃការបង្កបង្កើត គឺជាការបង្កបង្កើតនៃស្ត្រី !១១ យើងត្រូវការកម្លាំងរបស់អ្នក !
ការវាយប្រហារទាស់នឹងសាសនាចក្រ គោលលទ្ធិ និងមាគ៌ានៃជីវិតរបស់យើង នឹងបង្កើនឡើង ។ ដោយសាររឿងនេះ យើងត្រូវការស្ត្រីដែលមានការយល់ដឹងរឹងមាំអំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងអ្នកដែលនឹងប្រើការយល់ដឹងនោះដើម្បីបង្រៀន និងជួយបីបាច់ដល់ជំនាន់ដែលកំពុងទប់ទល់នឹងអំពើបាបនេះ ។១២ យើងត្រូវការស្ត្រីដែលអាចដឹងហេតុការណ៍ពីការបោកបញ្ឆោតនៅគ្រប់ទម្រង់ ។ យើងត្រូវការស្ត្រីដែលចេះទទួលព្រះចេស្ដាដែលព្រះធ្វើឲ្យមាន សម្រាប់អ្នករក្សាសេចក្ដីសញ្ញា និងអ្នកដែលបង្ហាញជំនឿរបស់ពួកគេដោយទំនុកចិត្ត និងសេចក្ដីសប្បុរស ។ យើងត្រូវការស្ត្រីដែលមានភាពក្លាហាន និងទស្សនវិស័យ របស់មាតាអេវ៉ារបស់យើង ។
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ គ្មានអ្វីសំខាន់ចំពោះជីវិតដ៏អស់កល្បជានិច្ចរបស់អ្នក ជាងការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនរបស់អ្នកឡើយ ។ គឺជាស្ត្រីដែលបានផ្លាស់ប្រែចិត្តជឿ ជាស្ត្រីរក្សាសេចក្ដីសញ្ញា-- ជាស្ត្រីដូចជាភរិយាជាទីស្រឡាញ់របស់ខ្ញុំ វិនឌី --ដែលរស់នៅសុចរិត នឹងមានភាពលេចធ្លោនៅក្នុងពិភពលោកអាប់អួរនេះ ហើយដែលនឹងត្រូវបានគេមើលឃើញខុសប្លែក និងមានលក្ខណៈផ្សេងនៅក្នុងរបៀប ដ៏រីករាយបំផុត នោះ ។
ដូច្នេះនៅថ្ងៃនេះ ខ្ញុំសូមអង្វរដល់បងប្អូនស្រីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់ខ្ញុំឲ្យបោះជំហានទៅមុខ ! សូមទទួលយកកន្លែងត្រឹមត្រូវ និងដែលតម្រូវនៅក្នុងគេហដ្ឋានរបស់អ្នក នៅក្នុងសហគមន៍ និងនគរនៃព្រះ--ច្រើនជាងអ្នកធ្លាប់ធ្វើពីមុន ។ ខ្ញុំសូមអង្វរដល់អ្នកឲ្យបំពេញតាមការព្យាករណ៍របស់ប្រធាន ឃឹមបឹល ។ ហើយខ្ញុំសន្យានឹងអ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទថា នៅពេលអ្នកធ្វើដូច្នោះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្កើនឥទ្ធិពលរបស់អ្នកក្នុងរបៀបដែលមិននឹកស្មានដល់ !
ខ្ញុំថ្លែងជាសាក្សីអំពីភាពពិតនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងអំពីព្រះចេស្ដានៃការប្រោសលោះ ព្រះចេស្ដានៃដង្វាយធួន និងព្រះចេស្ដាញែកឲ្យបរិសុទ្ធរបស់ទ្រង់ ។ ហើយ ក្នុងនាមជាសាក្សីម្នាក់របស់ទ្រង់ ខ្ញុំសូមអរគុណដល់បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ ហើយសូមប្រទានពរដល់អ្នកឲ្យសម្រេចសក្ដានុពលពេញលេញរបស់អ្នក ដើម្បីបំពេញនូវរង្វាស់នៃការបង្កបង្កើតរបស់អ្នក នៅពេលយើងដើរគៀកដៃគ្នានៅក្នុងកិច្ចការពិសិដ្ឋនេះ ។ យើងនឹងជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់រួមគ្នា ។ ខ្ញុំសូមថ្លែងទីបន្ទាល់ អំពីការណ៍នេះក្នុងនាមជាបងប្រុសរបស់អ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។