ឆ្នាំ ២០១០-២០១៩
ភាព​សក្ដិសម​នឹង​ពរជ័យ​ដែល​បាន​សន្យា​របស់​យើង
តុលា 2015


11:22

ភាព​សក្ដិសម​នឹង​ពរជ័យ​ដែល​បាន​សន្យា​របស់​យើង

ទស្សនៈវិស័យ​​នៃ​ពរជ័យ​ដ៏អស្ចារ្យ​ដែលព្រះបិតា​របស់​យើង​​បាន​សន្យា ត្រូវ​តែ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​នៅ​ចំពោះ​មុខ​យើង​ជា​រៀង​រាល់ថ្ងៃ ។

តើ​អ្នក​មិន​ស្រឡាញ់​បងស្រី​ក្នុង​វីដេអូ​នេះ​​ទេ​ឬ​អី ? យើង​ដឹង​ថា បងប្អូន​រាល់គ្នា​ជាច្រើន​ដែល​គ្មាន​ឱកាស​មាន​កូន​ដោយ​ខ្លួន​ឯង បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​ស្រឡាញ់ បង្រៀន ហើយ​ឲ្យ​ពរ​ដល់​កុមារ​តូចៗ ។ ហើយ ព្រះវរបិតា​សួគ៌ និង​ពួក​យើង ដែល​ជា​បងប្អូន​ស្រី​របស់​អ្នក ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​ចំពោះ​ការណ៍​នេះ !

តើ​យើង​ទាំងអស់​គ្នា រួមទាំង​ក្មួយ​ស្រីៗ​ជាទី​ស្រឡាញ់​ក្នុង​ថ្នាក់​កុមារ និង​យុវនារី​ផងដែរ ធ្លាប់មានឱកាស​បី​ទារក​ទើប​នឹង​កើត​ក្នុង​ដៃ ហើយ​ដាក់​ឲ្យ​ទារក ឬ​ទារិកា​នោះ​មើល​ចំ​មុខ​យើង​ដែរ​ឬទេ ? តើ​យើង​ធ្លាប់​មាន​អារម្មណ៍​ពិសិដ្ឋ និង​បរិសុទ្ធ​ដែល​ហ៊ុមព័ទ្ធ​វិញ្ញាណ​សេលេស្ទាល​នេះ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​ទើប​បញ្ជូន​មក​ក្នុង​រូបកាយ​តូច​បរិសុទ្ធ​ដែល​បាន​បង្កើត​ថ្មី​នេះ​ដែរ​ឬទេ ? ខ្ញុំ​កម្រ​​មាន​បទពិសោធន៍​ពីអារម្មណ៍​ផ្អែមល្ហែម​ ទន់ភ្លន់​ ហើយ​ប្រកប​ដោយ​ព្រះវិញ្ញាណ​ដូច​នេះណាស់ ។

រូបកាយ​របស់​យើង គឺ​ជា​អំណោយ​ដ៏​ពិសិដ្ឋ​​មកពី​ព្រះវរបិតា​សួគ៌​របស់​យើង ។ វា​ជា​ព្រះវិហារបរិសុទ្ធ​ផ្ទាល់​ខ្លួន ។ នៅ​ពេល​យើង​រក្សា​វា​ឲ្យ​ស្អាតស្អំ ហើយ​បរិសុទ្ធ នោះ​យើង​អាច​សក្ដិសម​ដើម្បី​ជួយ​ព្រះវរបិតា​សួគ៌​របស់​យើង​បង្កើត​រូបកាយ​ឲ្យ​កូនចៅ​វិញ្ញាណ​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។

(ប្រធាន ផាកកឺ កំពុងមានប្រសាសន៍)

នៅ​ក្នុង​ប្រសាសន៍​ចុង​ក្រោយ​ក្នុង​សន្និសីទ​របស់​ប្រធាន​ប៊យដ៍  ឃេ ផាកកឺ អ្នក​អាច​នៅ​ចាំ « នំ​ឃុកឃី​មួយ និង​ការ​ថើប » ដែល​លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រះបញ្ញត្តិ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពេសពេញ​លើ​ផែនដី​… គឺ​សំខាន់… ​ហើយ​គឺ​ជា​ប្រភព​នៃ​សុភមង្គល​របស់​មនុស្ស​លោក ។ តាមរយៈ​ការ​អនុវត្ត​ដ៏​សុចរិត​នៃ​អំណាច​ [ បង្ក​បង្កើត ]​ នេះ នោះ​យើង​នឹង​អាច​ខិត​កាន់​តែ​ជិត​ព្រះវរបិតា​សួគ៌​យើង ហើយ​ដក​ពិសោធន៍​នូវ​អំណរ​ដ៏​ពេញលេញ​ គឺ​ភាព​ជា​ព្រះ ។ អំណាច​នៃ​ការ​បង្កើត​កូន​ពុំ​មែន​ជា​ផ្នែក​ចៃដន្យ​មួយ​នៃ​ផែនការ​ទេ តែ​វា​គឺ​ជា​​ផែនការ » ។

លោក​បាន​បន្ត ៖

« ក្តី​ស្រឡាញ់​ពិត​តម្រូវ​ឲ្យ​រក្សា​ទុក​ក្តី​ស្រឡាញ់​នោះ រហូត​ក្រោយ​ពី​រៀបការ​សិន ដើម្បី​បើក​អំណាច​ពិសិដ្ឋ​ដល់​ការ​បង្កើត​កូន … [ ដោយ ] ចៀសវាង​ពី​ស្ថានភាព​ដែល​បំណង​ប្រាថ្នា​ខាង​រូបកាយ​អាច​នឹង​មក​គ្រប់គ្រង​ ។ …

« … សុភមង្គល​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ​អំណរ និង ភាពតម្កើង​ឡើង​របស់យើង​គឺ​ផ្អែក​លើ​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​អារម្មណ៍​ដែល​ទាក់​ទាញ​នៃ​ចំណង់ខាង​រូបកាយ​ដែល​មាន​នេះ ។

បងប្អូន​ស្រី​ជាទីស្រឡាញ់ ទាំងក្មេង និង​ទាំងចាស់ ខ្ញុំ​មាន​ចិត្ត​រំភើប​ជាពិសេស​ពេល​រៀបចំ​ការ​និយាយ​នេះ ។ ដូច​ដែល​​អាលម៉ា​ជា​កូន បាន​បង្ហាញ « ខ្ញុំ​មាន​បំណង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ… សូម​ឲ្យ​អ្នករាល់គ្នា … អំពាវនាវ​ដល់​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចាំយាម និង អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នកត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល​អ្នករាល់គ្នា​អាច​អត់ទ្រាំ​បាន​ឡើយ … ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​លើកឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។

ក្រោយមក មរមន​ក៏​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា នៅក្នុង​ជំនាន់​របស់​អាលម៉ា កូរីហូ ជា​អ្នកប្រឆាំង​ព្រះគ្រីស្ទ « បាន​ផ្សាយ …  ​បង្វែរ​ចិត្ត … ​ស្ត្រី​ចេញ​ជាច្រើន » ។

បងប្អូនស្រី​អើយ សាតាំង​បាន​មាន​ឥទ្ធិពល​ជោគជ័យ ដូច​កូរីហូ នៅ​ក្នុង​ជំនាន់​របស់​យើង​ ។ តើ​ឧបករណ៍​មួយ​ចំនួន​របស់​វា​មាន​អ្វីខ្លះ ? ប្រលោម​លោក​មនោសញ្ចេតនា​ដែល​ទាក់ទាញ រឿង​ល្ខោន​ភាគ​តាម​ទូរទស្សន៍ ស្ត្រី​ដែល​រៀបការ និង​​​មិត្ត​ប្រុស​ចាស់​មាន​ទំនាក់ទំនង​​តាម​ប្រព័ន្ធ​សង្គម និង​រឿង​អាសគ្រាម ។ យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយ៉ែង​បំផុត បងប្អូន​ស្រី​ទាំងឡាយ ! យើង​មិន​អាច​លលេង​នឹង​ព្រួញ​ភ្លើង​របស់​សាតាំង ហើយ​ឥត​រលាក​នោះទេ ។ ខ្ញុំដឹង​ថា គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ប្រចាំ​ជាង​គុណធម៌​ឡើយ ។

មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ កំពុង​ស្វែងរក​ការ​បំពេញ​ចិត្ត​ភ្លាមៗ និង​ចំណេះដឹង​ភ្លាម​ៗ​តាម​អ៊ិនធើរណិត ។ ផ្ទុយទៅវិញ យើង​មាន​ពរ​​ខ្លាំងណាស់ បើ​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​អត់ធ្មត់ រួច​ទៅរក​ព្រះវរបិតា​សួគ៌​របស់​យើង ជាប្រភព​នៃ​សេចក្ដីពិត​គ្រប់យ៉ាង​ចំពោះ​កង្វល់​របស់​យើង ។ ដូច្នេះ​មានចម្លើយ និង​ការ​អះអាង​ជាច្រើន​ដែល​អាចកើតមាន តាមរយៈ​ការ​ស្រាវជ្រាវ និងការ​សិក្សា​ព្រះគម្ពីរ​ជាប្រចាំ និង​ដោយ​ស្មោះ ព្រមទាំង​ដោយ​ការអធិស្ឋានទូលអង្វរ ប៉ុន្តែ​វា​គ្មាន​ការ​សន្យា​ដូច្នេះ​នៅលើ​អ៊ិនធើរណិត​ឡើយ ។ ព្យាការី យ៉ាកុប បានថ្លែង​ទីបន្ទាល់​ថា ៖ « ព្រោះ​ព្រះវិញ្ញាណ​ទ្រង់​មាន​ព្រះបន្ទូល​តែ​ការ​ពិត ហើយ​មិន​កុហក​ឡើយ ។ ហេតុ​ដូច្នោះ​ហើយ ព្រះវិញ្ញាណ​ទ្រង់មាន​ព្រះបន្ទូល​អំពី​រឿង​ទាំងឡាយ តាមដែល​មាន​នៅពេលនេះ ហើយ​អំពី​រឿង​ទាំងឡាយ​តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ។

​នៅពេល​យើង​​មើល ​អាន ឬ​​ដក​ពិសោធន៍​អ្វី​ៗ​ដែល​នៅ​ក្រោម​បទដ្ឋាន​របស់​ព្រះវរបិតាសួគ៌​របស់​យើង នោះ​វា​ធ្វើ​ឲ្យ​យើង​ទន់ខ្សោយ ។ មិនថា​យើងមាន​វ័យណាទេ ប្រសិន​បើ​យើង​​មើល អាន ស្ដាប់ ឬ​ជ្រើសរើស​ធ្វើ​អ្វី​ដែល​មិន​ត្រូវ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ នៅ​ក្នុង​កូន​សៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ចូរបិទវា​ ហែកវា​ចោល ​ហើយកុំ​ទៅ​រក​វា​ទៀត ។

ព្រះអង្គសង្គ្រោះ​​នៅ​សួន​ច្បារ​គែតសេម៉ានី

​គ្មាន​យើង​ណា​ម្នាក់​ល្អ​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​នៅពេល​យើង​មាន​អំពើបាប ប្រធាន​ផាកកឺ បាន​រំឭក​ថា ៖

« ការសន្យា​នោះ​គឺ ៖ ‹ មើលចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន ​អ្នក​នោះឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ › (គ និង ស ៥៨:៤២) ។ …

« … ដង្វាយធួន​អាច​កែ​យើង​ម្នាក់ៗ​ជាថ្មី ដោយ​គ្មាន​នៅ​ដាន​ស្នាម​ឡើយ ។ នោះ​មានន័យ​ថា មិនថា​យើង​បាន​ធ្វើ​អ្វី ឬ​យើង​បាន​ទៅ​កន្លែង​ណា ឬ​មាន​អ្វី​មួយ​កើត​ឡើង​ដោយ​របៀប​ណា​ទេ បើ​យើង​បាន​ប្រែចិត្ត​ពិត ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន ។ ហើយនៅ​ពេល​ទ្រង់​ធ្វើ​ឲ្យ​ធួន នោះ​ទ្រង់​ដោះ​ស្រាយ​រឿង​នោះ​ហើយ ។ មានគ្នា​​យើង​ជា​ច្រើន​នាក់​ បាន​វិលវល់…ជាមួយ​នឹង​អារម្មណ៍​ខុសឆ្គង ដោយ​ពុំ​ដឹង​ថា​ត្រូវ​គេច​ចេញ​ដោយ​របៀប​ណា ។ បងប្អូន​អាច​គេច​ចេញ​បាន​ តាមរយៈ​ការ​ទទួល​យក​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ហើយ​អ្វីៗ​ដែល​ឈឺចាប់​អាច​ត្រឡប់​ទៅ​ជា​ស្រស់​ស្អាត ហើយ​គួរ​ស្រឡាញ់ និង​អស់កល្បជានិច្ច » ។

ក្រៅពីការ​ប្រែចិត្ត តើ​ជំនួយ ឬ​ឧបករណ៍​អ្វី​ខ្លះ​ដែល​បាន​ផ្ដល់​ឲ្យ​យើង​បន្ដ​នៅ​ស្អាតស្អំ និង​ប្រកប​ដោយ​គុណធម៌​នោះ ? កុមារអង្គការ​​បឋមសិក្សា និង​យុវនារី​របស់​យើង​ទាំងអស់គ្នា​ចេះ​ច្រៀង​​បទ « អំណាច​ព្រះគម្ពីរ » តើ​យើង​អាច​ពង្រីក​វា​ឲ្យ​ទៅ​ជា​ « អំណាច​អធិស្ឋាន » « អំណាច​ព្រះវិហារបរិសុទ្ធ » « អំណាច​សេចក្ដីសញ្ញា » « អំណាចថ្ងៃ​ឈប់សម្រាក​ » « អំណាច​ព្យាការី » « អំណាច​គុណធម៌ » បាន​ទេ ?

ក៏​មាន​ពរជ័យ​ដ៏ច្រើន និង​ការ​សន្យា​ការពារ ដែល​មាន​មក​ជាមួយ​នឹង​ការ​ពាក់​សំលៀកបំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​របស់​យើង​ដោយ​ត្រឹមត្រូវ​ផងដែរ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ហាក់​ដូចជា ខ្ញុំ​​កំពុង​ពាក់​សំលៀកបំពាក់​ក្សត្រ ដែលព្រះវរបិតាសួគ៌​របស់យើង​បាន​ប្រទាន​មក​ខ្ញុំ ។​ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ​នៅពេល​យើង​ព្យាយាម​ពាក់​សំលៀកបំពាក់​បរិសុទ្ធ​ដោយ​ត្រឹមត្រូវ នោះ​ព្រះបិតា​យើង​ទទួល​ស្គាល់​ថា​វា​ជា​ទីសម្គាល់​ដ៏​អស្ចារ្យ​នៃ​ក្ដី​ស្រឡាញ់ និង​ការ​លះបង់​របស់​យើង​ចំពោះ​ទ្រង់ ។ វា​គឺជា​ទីសម្គាល់​មួយ​នៃ​សេចក្ដីសញ្ញា ដែល​យើងបាន​ធ្វើ​នឹង​ទ្រង់ ហើយ​ទ្រង់​បាន​សន្យា​ថា « យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្តិ​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល ប៉ុន្តែ​កាល​ណា​អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្តិ​តាម​អ្វី​ដែល​យើង​មាន​ព្រះ​បន្ទូល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​ សេចក្តី​សន្យា​ឡើយ » ។

ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​នឹង​មិត្ត​ចាស់​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ការ​លែង​លះ​គ្នា​ពីរ​ដង ដោយសារ​តែ​ការ​ញៀន និង​ភាព​មិន​ស្មោះត្រង់​របស់​ស្វាមី​គាត់ ។ គាត់ និង​កូន​បីនាក់ បាន​រងទុក្ខ​យ៉ាង​ដំណំ ។ គាត់​បាន​អង្វរ​ថា « ខ្ញុំ​បាន​ខំ​ព្យាយាម​​រស់​នៅ​ដោយ​សុចរិត ។ ហេតុអ្វី​ក៏​ខ្ញុំ​មាន​ការសាកល្បង​ច្រើន​ម្ល៉េះ ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ទៅ ? តើ​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ? ខ្ញុំ​បាន​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ ជួយកូនៗ ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាញឹកញាប់ » ។

នៅ​ពេល​ខ្ញុំ​ស្ដាប់​បងស្រី​រូបនេះ ខ្ញុំ​ចង់​ស្រែក​ប្រាប់​ថា « អ្នក​កំពុង​ធ្វើ​វា​ហើយ ! អ្នក​កំពុង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ ហើយ​សង្ឃឹម​ថា​អ្នក​នឹង​ធ្វើ​វា ! »

ច្បាស់ណាស់ មនុស្ស​ជាច្រើន​បាន​សម្ដែង​ថា ពរជ័យ​ដែល​ព្រះបិតា​យើង​បាន​សន្យា គឺ « នៅ​យូរ​ណាស់» ជាពិសេស​នៅពេល​ជីវិត​របស់​យើង កំពុង​ពោរពេញដោយ​បញ្ហា​នោះ ។ ប៉ុន្តែ អាម៉ូលេក បាន​បង្រៀន​ថា « ជីវិត​នេះ​ជា​ពេល​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ជួប​ព្រះ … » វា​មិន​មែន​ជាពេល​ទទួល​គ្រប់​ពរជ័យ​របស់​យើង​ទេ ។ ប្រធាន ផាកកឺ បាន​ពន្យល់​ «‹ ហើយ​ពួកគេ​ទាំងអស់គ្នា​បាន​រស់នៅ​ដោយ​សប្បាយរីករាយ​ជា​ដរាបតទៅ › គឺ​ពុំ​ដែល​បាន​សរសេរ​ជា​ផ្នែក​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ទេ ។ ឃ្លា​នោះ​គឺ​នៅក្នុងជីវិត​បន្ទាប់ ពេល​ដែល​អាថ៌កំបាំង​ទាំងឡាយ​ត្រូវ​បាន​បើក ហើយ​អ្វីៗ​គ្រប់យ៉ាង​ដាក់ឲ្យ​ត្រឹមត្រូវ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនៈវិស័យ​​នៃ​ពរជ័យ​ដ៏អស្ចារ្យ​ដែលរបស់ព្រះបិតា​របស់​យើងបាន​សន្យា ត្រូវ​តែ​ជា​ការ​ផ្ដោត​ដ៏សំខាន់​នៅចំពោះ​មុខ​យើង​ជា​រៀង​រាល់ថ្ងៃ -- ក៏​ដូចជា​ការ​ដឹង​ជា​មុន « អំពី​ព្រះគុណ​ដ៏ទន់ភ្លន់​របស់​ទ្រង់ » ១០ដែល​យើង​ដក​ពិសោធន៍​ជា​ប្រចាំ​ផងដែរ ។

បងប្អូន​ស្រីអើយ​ ​ខ្ញុំ​មិនដឹង​ថា​ ហេតុអ្វី​យើង​មាន​ការ​សាកល្បងច្រើន​ដូច្នេះទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​ រង្វាន់​មាន​សន្ធឹក​ណាស់ វា​នៅ​អស់កល្ប និង​ជា​និរន្ដរ ពេញ​ដោយអំណរ ហើយ​ហួស​ពី​ការ​យល់ដឹង​របស់​យើង ហើយ​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ទទួល​រង្វាន់​នោះ យើង​អាច​មាន​អារម្មណ៍​ចង់​ទូល​ទៅ​ព្រះបិតា​ជាទី​ស្រឡាញ់ ប្រកប​ដោយ​ព្រះគុណ និង​ក្ដី​សប្បុរស​របស់​យើង​ថា « ត្រូវ​ធ្វើ​តែ​ប៉ុណ្ណឹង​​ឬ ! » ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​ចងចាំ ហើយ​ទទួលស្គាល់​ជម្រៅ​នៃ​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ​របស់​យើង​មាន​ចំពោះ​យើង​ជា​ប្រចាំ​ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បី​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​​ម្ដង​ទៀត ដែល​មានពេញ​ដោយ​ក្ដីស្រឡាញ់​ដ៏​អស់កល្បរបស់​ទ្រង់​ ។ បងប្អូន​ស្រី​ជាទី​ស្រឡាញ់ តើ​អ្វី​ដែល​យើង​បាន​រងទុក្ខ​នៅ​ទី​នេះ​នឹង​សំខាន់យ៉ាងណា​ បើ​នៅ​ទី​បំផុត ការសាកល្បង​ទាំងនោះ គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​សក្ដិសម​ចំពោះ​ជីវិត​អស់កល្បជានិច្ច និង​ភាព​​តម្កើង​ឡើង​នៅ​ក្នុង​នគរ​នៃ​ព្រះ​ជាមួយព្រះវរបិតា​យើង និង​ព្រះអង្គសង្គ្រោះ​​នោះ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា រូប​កាយ​របស់​យើង គឺ​ជា​អំណោយទាន​ដ៏​ពិសិដ្ឋ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ថា នៅពេល​យើង​រក្សា​ជីវិត​របស់​យើង​ឲ្យ​បរិសុទ្ធ និង​ស្អាតស្អំ ​តាមរយៈ​​ពលិកម្ម​ធួន​នៃ​ព្រះ​អង្គសង្គ្រោះ​របស់​យើង ហើយ​រក្សាទស្សនៈវិស័យ​​នៃ​រង្វាន់​ដែល​ព្រះបិតា​​យើង​បាន​សន្យា​ប្រចាំ​នៅពីខាងមុខ​យើង នោះ​ថ្ងៃ​ណា​មួយ​យើង​នឹង​ទទួលបាន ​« អ្វីៗគ្រប់យ៉ាងដែល​ព្រះបិតា [ របស់​យើង ] មាន » ។១១ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕