សារលិខិតគណៈប្រធានទីមួយ
តម្រង់ ឲ្យចំទីដៅ
រូបថត © Serg Myshkovsky/Getty Images
ថ្មីៗនេះ ខ្ញុំបានមើលមនុស្សមួយក្រុមហាត់សមសិល្ប៍វិជ្ជានៃការបាញ់ព្រួញ ។ ដោយគ្រាន់តែមើល វាធ្វើឲ្យខ្ញុំដឹងយ៉ាងច្បាស់ថា ប្រសិនបើអ្នកពិតជាចង់ពូកែខាងការកាន់ធ្នូ និង បាញ់ព្រួញ វាត្រូវការពេលវេលា និង ការហាត់សម ។
ខ្ញុំគិតថា អ្នកពុំអាចបង្កើនកេរ្តិ៍ឈ្មោះដើម្បីក្លាយជាអ្នកបាញ់ព្រួញដ៏មានស្នាដៃ ដោយការបាញ់ព្រួញទៅលើជញ្ជាំងទទេស្អាត បន្ទាប់មកគូររង្វង់ជុំវិញព្រួញនោះថាវាជាទីដៅដែលយើងត្រូវបាញ់នោះឡើយ។ អ្នកត្រូវតែរៀនពីសិល្ប៍វិជ្ជានៃការស្វែងរកទីដៅ ហើយបាញ់ឲ្យចំចំណុចកណ្តាលនៃផ្ទាំងស៊ីបនោះ ។
ការលាបពណ៌ទីដៅនៃផ្ទាំងស៊ីប
ការបាញ់ព្រួញជាមុន ហើយគូរទីដៅជាក្រោយអាចទំនងជាចម្លែកបន្តិច ប៉ុន្តែជួនកាលខ្លួនយើងផ្ទាល់បង្ហាញពីឥរិយាបថនេះនៅក្នុងដំណើរជីវិតយើង ។
ក្នុងនាមជាសមាជិកសាសនាចក្រ ជួនកាលយើងមានទំនោរភ្ជាប់ខ្លួនយើងទៅនឹងកម្មវិធី ការចេញផ្សាយ និង គោលលទ្ធិនានានៃដំណឹងល្អ ដែលទំនងជាគួរឲ្យចាប់អារម្មណ៍ សំខាន់ ឬ គួរជាទីរីករាយដល់យើង ។ យើងត្រូវបានល្បួងឲ្យគូរទីដៅនៅជុំវិញសកម្មភាពទាំងនោះ ដោយធ្វើឲ្យយើងជឿថា យើងកំពុងតម្រង់ចំទីដៅនៃដំណឹងល្អ ។
រឿងនេះងាយស្រួលធ្វើ ។
ចាប់តាំងពីសម័យបុរាណមក យើងបានទទួលការទូន្មាន និង ការបំផុសគំនិតដ៏អស្ចារ្យពីព្យាការីរបស់ព្រះ ។ យើងក៏ទទួលការណែនាំ និង ការបញ្ជាក់ពីឯកសារបោះពុម្ព សៀវភៅក្បួនខ្នាត និង សៀវភៅសិក្សាជាច្រើនរបស់សាសនាចក្រផងដែរ ។ យើងអាចជ្រើសរើសបានយ៉ាងងាយនូវប្រធានបទដំណឹងល្អដែលយើងពេញចិត្ត គូររង្វង់ជុំវិញវា ហើយសន្មតថាយើងបានរកឃើញចំណុចសំខាន់បំផុតនៃដំណឹងល្អហើយ ។
ព្រះអង្គសង្គ្រោះគូសបញ្ជាក់យ៉ាងច្បាស់
នេះពុំគ្រាន់តែជាបញ្ហាកើតឡើងនៅជំនាន់របស់យើងនេះទេ ។ កាលពីបុរាណ មេដឹកនាំសាសនាបានចំណាយពេលយ៉ាងច្រើនរៀបចំបទបញ្ញត្តិរាប់រយជាក្រុម ជាឋានុក្រម ហើយជជែកវែកញែកគ្នាថាតើបទញ្ញត្តិណាមួយជាបទបញ្ញត្តិសំខាន់បំផុត ។
ថ្ងៃមួយអ្នកប្រាជ្ញខាងសាសនាមួយក្រុមមានបំណងជជែករកខុសត្រូវជាមួយព្រះអង្គសង្គ្រោះ ។ ពួកគេបានសូមឲ្យទ្រង់ផ្តល់យោបល់លើបញ្ហាដែលមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលយល់ស្រប ។
ពួកគេបានសួរទ្រង់ថា « លោកគ្រូក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត ?
យើងទាំងអស់គ្នាបានដឹងពីចម្លើយរបស់ព្រះយេស៊ូវ ៖ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ។
ហើយបញ្ញត្តិទីពីរក៏បែបដូចគ្នាគឺថា ត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។
« បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង » ។១
សូមកត់សម្គាល់ប្រយោគចុងក្រោយ ៖ « បណ្តាក្រឹត្យវិន័យ និង អស់ទាំង ទំនាយហោរាទាំងប៉ុន្មានក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង » ។
ព្រះអង្គសង្គ្រោះពុំគ្រាន់តែបានបង្ហាញផ្ទាំងស៊ីបដល់យើងឡើយ ប៉ុន្តែទ្រង់ក៏បានគូសបង្ហាញពីចំណុចកណ្តាលនៃផ្ទាំងស៊ីបផងដែរ ។
ការបាញ់ឲ្យចំផ្ទាំងស៊ីប
ក្នុងនាមជាសមាជិកសាសនាចក្រ យើងចុះសេចក្តីសញ្ញាថា លើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ការបានយល់ដឹងពីផ្នែកខ្លះនៃសេចក្តីសញ្ញានោះគឺជាការយល់ដឹងថា យើងនឹងព្យាយាមរៀនអំពីព្រះ ស្រឡាញ់ទ្រង់ បង្កើនសេចក្តីជំនឿរបស់យើងលើទ្រង់ គោរពទ្រង់ ដើរលើមាគ៌ាទ្រង់ ហើយឈរយ៉ាងខ្ជាប់ខ្ជួនធ្វើជាសាក្សីដល់ទ្រង់ ។
កាលណាយើងរៀនអំពីព្រះ ហើយទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់កាន់តែច្រើន នោះយើងកាន់តែដឹងថា ការបូជាដ៏គ្មានកំណត់របស់ព្រះយេស៊ូវគ្រីស្ទគឺជាអំណោយទានមកពីព្រះ ។ ហើយសេចក្តីស្រឡាញ់របស់ព្រះបំផុសគំនិតឲ្យយើង ប្រើផ្លូវនៃការប្រែចិត្តដ៏ពិត ដែលនឹងនាំឲ្យទទួលបាននូវអព្ភូតហេតុនៃការអភ័យទោស ។ ដំណើរការនេះអនុញ្ញាតឲ្យយើងមានសេចក្តីស្រឡាញ់ និង សេចក្តីអាណិតអាសូរកាន់តែខ្លាំងដល់មនុស្សនៅជុំវិញយើង ។ យើងនឹងរៀនមើលមនុស្សលើសពីសំបកខ្លួនខាងក្រៅរបស់ពួកគេ ។ យើងនឹងចៀសផុតពីការល្បួងឲ្យចោទប្រកាន់ ឬ វិនិច្ឆ័យមនុស្សដទៃដោយសារតែអំពើបាប ភាពមិនល្អឥតខ្ចោះ កំហុស គោលគំនិតខាងនយោបាយ ការប្រែចិត្តជឿខាងសាសនា សញ្ជាតិ ឬ ពណ៌សម្បុររបស់ពួកគេ ។
យើងនឹងចាត់ទុកមនុស្សគ្រប់គ្នាដែលយើងជួបថាជាបុត្ររបស់ព្រះវរបិតាសួគ៌—ជាបងប្អូនប្រុសស្រីរបស់យើង ។
យើងនឹងឈោងទៅជួយមនុស្សដទៃដោយការយល់ចិត្ត និង សេចក្តីស្រឡាញ់—ទោះបីមនុស្សខ្លះអាចមិនងាយស្រឡាញ់ក្តី ។ យើងនឹងទួញយំជាមួយនឹងអ្នកណាដែលទួញយំ ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការការកម្សាន្តទុក្ខ ។២
ហើយយើងនឹងដឹងថា យើងពុំចាំបាច់បារម្ភអំពីទីដៅត្រឹមត្រូវរបស់ដំណឹងល្អឡើយ ។
បទបញ្ញត្តិធំពីរនោះហើយដែលជាទីដៅ ។ បណ្តាក្រឹត្យវិន័យ និង អស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង ។៣ នៅពេលយើងទទួលយកបទបញ្ញត្តិទាំងនេះ នោះរឿងល្អៗផ្សេងទៀតនឹងត្រូវបានយល់ទៅតាមភាពសំខាន់របស់វា ។
ប្រសិនបើយើងផ្តោតចិត្ត គំនិត និង កិច្ចការសំខាន់របស់យើងលើការបង្កើនសេចក្តីស្រឡាញ់ចំពោះព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយចែកចាយក្តីស្រឡាញ់របស់យើងចំពោះមនុស្សដទៃ នោះយើងអាចដឹងថា យើងរកឃើញទីដៅត្រឹមត្រូវ ហើយកំពុងតម្រង់ចំចំណុចកណ្តាលនៃផ្ទាំងស៊ីប—គឺការប្រែក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។