ឆ្នាំ​២០១៧
ឥឡូវ​នេះ តើ​មាន​ឈ្មោះ​ណា​ខ្លះ​ដែល​ត្រៀម​រួច​ជា​ស្រេច ?
January 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ឥឡូវ​នេះ តើ​មាន​ឈ្មោះ​ណា​ខ្លះ​ដែល​ត្រៀម​រួច​ជា​ស្រេច ?

magnifying glass over family history screen

រចនា​រូបភាព​ដោយ រីឆាដ មៀ

ថ្ងៃ​អាទិត្យ​មួយ​បន្ទាប់​ពី​សម័យ​ប្រជុំ​ចុង​ក្រោយ​នៃ​សន្និសីទ​ទូទៅ ខ្ញុំ​មាន​អារម្មណ៍​បំផុសគំនិត​យ៉ាង​ខ្លាំង ឲ្យ​ចុះឈ្មោះ​ចូល​គណនី​កម្មវិធី​ស្រាវជ្រាវ​ពង្សប្រវត្តិ​របស់​ខ្ញុំ ហើយ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​មួយ​ចំនួន ។ ខ្ញុំ​មាន​ចិត្ត​ស្ទាក់ស្ទើរ ក្នុង​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ព្យាយាម​ធ្វើ​វា​ច្រើន​ដង​កាល​ពី​ពេល​មុន តែ​មិន​សូវ​មាន​ជោគជ័យ​សោះ ។ គ្រួសារ​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​នេះ​ជា​ច្រើន​មក​ហើយ ហើយ​ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា គ្មាន​កិច្ចការ​អ្វី​ទៀត​ដែល​នៅ​សល់​សម្រាប់​ខ្ញុំ​ធ្វើ​ឡើយ ។

ខ្ញុំ​បាន​អង្គុយ​ចុះ ហើយ​ដក​ដង្ហើម​ធំ​ដែល​បង្ហាញ​ពី​ភាពស្មុគស្មាញ នៅពេល​ខ្ញុំ​បាន​មើល​ឃើញ​កន្លែង​មួយ​ដែល​គ្មាន​ព័ត៌មាន ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មក ដោយ​សង្ឃឹម​ថា​ថ្ងៃ​នេះ​គឺ​ជា​វេលា​ចុងក្រោយ​ដែល​ខ្ញុំ​អាច​រកបាន​ព័ត៌មាន​មួយ​ចំនួន ។ ខ្ញុំ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ដូច​ធម្មតា តាមរយៈ​កំណត់ត្រា​ជំរឿន អាពាហ៍ពិពាហ៍ សំបុត្រ​កំណើត ហើយ​មួយ​ម៉ោង​ក្រោយ​មក​ខ្ញុំ​ពុំ​បាន​រកឃើញ​ព័ត៌មាន​អ្វី​ឡើយ ។ បន្ទាប់​មក​ព្រះវិញ្ញាណ​ដែល​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ពេញ​មួយ​ចុង​សប្តាហ៍​អំឡុង​ពេល​សម័យ​ប្រជុំ​សន្និសីទ​នោះ បាន​បំផុសគំនិត​ខ្ញុំ​ឲ្យ​អធិស្ឋាន ហើយ​រកមើល​ថា ឥឡូវ​នេះ តើ​មាន​ឈ្មោះ​ណា​ខ្លះ​ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ឲ្យ​កិច្ចការ​របស់​ពួកគេ​ចប់​សព្វគ្រប់​នោះ ។

នៅពេល​ខ្ញុំ​អធិស្ឋាន​ចប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​មើល​ឈ្មោះ​របស់​ខ្ញុំ​វិញ ហើយ​បន្ត​មើល​តាម​ខ្សែ​ស្រឡាយ​នោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​យ៉ាង​ជាក់លាក់​ពី​ព្រះវិញ្ញាណ​ដឹកនាំ​ខ្ញុំ ឲ្យ​មើល​ពី​ខ្សែស្រឡាយ​មួយ​ទៅ​ខ្សែ​ស្រឡាយ​មួយ​ទៀត រហូត​ដល់​ត្រឹម​ខាង​ជីតា​របស់​ខ្ញុំ ។ មួយ​ម៉ោង​ជាង​ក្រោយ​មក ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​មាន​ពេញ​ក្នុង​បន្ទប់​នោះ ហើយ​ខ្ញុំ​បាន​រកឃើញ​ឈ្មោះ​ប្រាំមួយ ដើម្បី​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ខ្ញុំ​បញ្ចប់​ការស្នើសុំ​ឈ្មោះ​ទាំង​នោះ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ក្រឡេក​មើល​កំណត់​ត្រា​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នោះ ។ ខ្ញុំ​បាន​យំ ហើយ​ចិត្ត​ខ្ញុំ​ពេញ​ដោយ​អំណរ—ព័ត៌មាន​នោះ​បាន​មក​ពី​អ្នក​ធ្វើ​លិបិក្រម ដែល​បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា​របស់​ពួកគេ ដើម្បី​បញ្ចូល​កំណត់ត្រា​នានា​សម្រាប់​ជីដូនជីតា​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ធ្វើ​លិបិក្រម​ឈ្មោះ​សម្រាប់​មនុស្ស​ដទៃ​ទៀត អស់​មួយ​ម៉ោង​ទៀត ដោយ​អំណរគុណ ។

នា​ថ្ងៃ​នោះ​ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើន​ឡើង ដោយ​អំណរគុណ​ចំពោះ​ហេតុផល​ពីរ​យ៉ាង ។ ទីមួយ អំឡុង​ពេល​សន្និសីទ​ទូទៅ ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ហើយ​ស្គាល់​ឈ្មោះ​ដែល​ត្រូវ​ស្វែងរក ។ ទីពីរ អរគុណ​ដល់​សមាជិក​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ដែល​ធ្វើ​លិបិក្រម​ឈ្មោះ ប្រយោជន៍​ឲ្យ​មនុស្ស​ដូច​ជា​ខ្ញុំ អាច​រក​ឈ្មោះ​ដូនតា​របស់​យើង​បាន​យ៉ាង​ច្បាស់លាស់ និង លឿន ហើយ​ពន្លឿន​កិច្ចការ​របស់​ពួកគាត់ ។ ខ្ញុំ​មាន​ទីបន្ទាល់​យ៉ាង​ជាក់ច្បាស់ និង ដ៏​មាន​ឥទ្ធិពល​អំពី​កិច្ចការ​របស់​ព្រះ ដែល​បាន​ផ្សព្វផ្សាយ​ចេញ​ទៅ​ទូទាំង​ពិភពលោក ។