យោបល់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ពីរ ។
« ចូរក្លាហានក្នុងទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ » ទំព័រ ២៨ ៖ អែលឌើរ ហ្គូលឌិន ពិភាក្សាអំពីរបៀបដែលយើងម្នាក់ៗនឹងជួបនូវការលំបាក ប៉ុន្តែជាគ្រាដ៏មានន័យនៅក្នុងជីវិតរបស់យើង ។ អ្នកអាចសម្តែងស្ថានភាពមួយចំនួន ដែលសមាជិកគ្រួសារជួបប្រទះនឹងការសម្រេចចិត្តដ៏លំបាក ។ ឧទាហរណ៍ អ្នកអាចហាត់សមបដិសេធមិត្តរួមថ្នាក់ ដែលសូមចម្លងកិច្ចការសាលារបស់អ្នក ឬ សូមឲ្យមិត្តភក្តិរបស់អ្នកប្រើពាក្យសម្តីពីរោះពិសា ។ សូមនិយាយអំពីរបៀបដែលអ្នកអាចរៀបចំខ្លួន ដោយការបង្កើនទីបន្ទាល់រឹងមាំអំពីព្រះអង្គសង្គ្រោះ មុនពេលស្ថានភាពបែបនោះកើតមានឡើង ។
« តើព្រះវរបិតាសួគ៌ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំជានិច្ចឬ ? » ទំព័រ ៦៩ ៖ តើអ្នកឃើញថា ការអធិស្ឋានរបស់អ្នកឆ្លើយតបយ៉ាងដូចម្តេច ? អ្នកអាចចែកចាយបទពិសោធន៍ជាក់លាក់ នៅពេលព្រះអម្ចាស់ឆ្លើយតបការអធិស្ឋានរបស់អ្នក ទោះបីចម្លើយទាំងនោះបានឆ្លើយតបតាមការរំពឹងទុក ឬ មិនតាមការរំពឹងទុកក្តី ។ សូមគិតពីការលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យកត់ត្រាក្នុងទិនានុប្បវត្តិអំពីរបៀបជាក់លាក់នានាដែលព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់អ្នក ហើយប្រទានពរដល់អ្នក ។