ឆ្នាំ​២០១៧
គោលការណ៍​របស់​ពួក​ព្យាការី​អំពី​ភាពស្មោះត្រង់
January 2017


គោលការណ៍​របស់​ពួក​ព្យការី​អំពី ភាពស្មោះត្រង់

ចេញ​មក​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន​មួយ « Where Will You Be in 20 Years » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅ​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១២ ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ទាំងស្រុង​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ​គេហទំព័រ web.byui.edu/devotionalsandspeeches ។

តើ​មាន​ការសម្រេច​ចិត្ត និង ការតាំងចិត្ត​អ្វី​ខ្លះ ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​ពេល​នេះ និង នា​ពេល​អនាគត​ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​ស្មោះត្រង់​នោះ ?

Woman reading

ជាង ២០ ឆ្នាំ​កន្លង​មក​ហើយ ខ្ញុំ​បាន​បញ្ចប់​ការបម្រើ​របស់​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​នៅក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង ។ ភរិយា​របស់​ខ្ញុំ រ៉ុនដា និង រូប​ខ្ញុំ​បាន​ឃើញ​ពី​ជោគជ័យ​ដ៏​អស្ចារ្យ ព្រមទាំង​សោកនាដកម្ម​ដ៏​ឈឺចាប់​នៅក្នុង​ជីវិត​របស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង អំឡុង​ពេល ២០ ឆ្នាំ​កន្លង​មក​នេះ ។

ភាគច្រើន​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​មាន​ចិត្ត​រីករាយ​ដែល​បាន​ផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ចិញ្ចឹម​កូនចៅ​ដោយ​សុចរិត ហើយ​បញ្ជូន​ពួកគេ​ទៅ​បម្រើ​បេសកកម្ម ព្រមទាំង​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ការហៅ​បម្រើ​ក្នុង​អង្គការ​ជំនួយ និង បព្វជិតភាព​របស់​សាសនាចក្រ ។ ប៉ុន្តែ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន ប្រែ​ជា​មិន​សូវ​សកម្ម មួយ​ចំនួន​បាន​រៀបការ ហើយ​លែងលះ​គ្នា និង មួយ​ចំនួន​ទៀត​ត្រូវបាន​កាត់កាលចេញ​ពី​សាសនាចក្រ ។

តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ នៅក្នុង​ជីវិត​របស់​អតីត​អ្នក​ផ្សព្វផ្សាយសាសនា​របស់​យើង ? តើ​ពួកគេ​អាច​ធ្វើ​អ្វី​ខ្លះ​ផ្សេង​ពី​នោះ ដើម្បី​ចៀសវាង​ពី​សោកនាដ្ឋកម្ម​ផ្ទាល់ខ្លួន​នោះ ? ចុះ​ចំពោះ​រូប​ប្អូនៗ​វិញ​នោះ ? តើ​ប្អូនៗ​នឹង​នៅ​ទីណា​ក្នុង​អំឡុង ២០ ឆ្នាំ​ទៀត ? តើ​មាន​ការសម្រេច​ចិត្ត និង ការតាំងចិត្ត​អ្វី​ខ្លះ ដែល​ប្អូនៗ​ត្រូវ​ធ្វើ​ក្នុង​ពេល​នេះ និង នា​ពេល​អនាគត​ដើម្បី​ជួយ​ប្អូនៗ​ឲ្យ​បន្ត​ស្មោះត្រង់​នោះ ?

ខ្ញុំ​សូម​ផ្តល់​យោបល់​នូវ​គោលការណ៍ ១០ យ៉ាង​ដែល​នឹង​ជួយ​ប្អូនៗ ។

១ បន្ត​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់​ប្អូនៗ

បទពិសោធន៍​ដ៏​ពេញ​ដោយ​ព្រះវិញ្ញាណ​នៅ​ក្នុង​បេសកកម្ម បង្កើត​ជា​គ្រឹះ​នៃ​សេចក្តីជំនឿ ដែល​អាច​ប្រទានពរ​ប្អូនៗ​ពេញ​មួយ​ជីវិត​នេះ ។ គ្រឹះ​នៃ​សេចក្តីជំនឿ​នោះ​អាច​ចុះ​ថយ​ដោយសារ​តែ​ការព្រងើយ​កន្តើយ ឬ អំពើ​បាប​ប៉ុណ្ណោះ ។

ថ្មីៗនេះ ខ្ញុំ​បាន​សម្ភាស​អ្នក​ត្រឡប់​ពី​បេសកកម្ម​ម្នាក់ ដែល​មិន​សូវ​សកម្ម ដែល​បាន​គិត​ថា​គាត់​បាត់បង់​សេចក្តីជំនឿ​ហើយ ។ ខ្ញុំ​បាន​សួរគាត់ថា​គាត់​បាន​អាន ហើយ សិក្សា​ព្រះគម្ពីរ​មរមន ដូច​គាត់​បាន​ធ្វើកាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឬ​ទេ ។ គាត់​បាន​និយាយ​ថា គាត់​ពុំ​បាន​ធ្វើ​ឡើយ ដោយសារ​គាត់​បាន​បាត់បង់​សេចក្តីជំនឿ​លើ​យ៉ូសែប ស្ម៊ីធ ហើយ ។

ខ្ញុំ​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​សួរ​សំណួរ​នេះ​ដល់​គាត់ ៖ « តើ​ប្អូន​ជាប់​ពាក់ព័ន្ធ​នឹង​ការណ៍​អាសគ្រាម​ឬ ? » គាត់​បាន​ឆ្លើយ​ថា បាទ​មែន ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​គាត់​បាត់បង់​សេចក្តីជំនឿ​នោះ ។

ខ្ញុំ​បាន​ពន្យល់​ថា ទីបន្ទាល់​គ្មាន​អ្វី​ក្រៅ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ថ្លែង​ជាសាក្សី​ដល់​ព្រលឹង​យើង​អំពី​ភាពពោរពេញ​នៃ​សេចក្តីពិត​របស់​ដំណឹង​ល្អ និង សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​ឡើយ ។ នៅពេល​យើង​ពុំ​បាន​អធិស្ឋាន ហើយ សិក្សា​ព្រះគម្ពីរ លំដាប់​នោះ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង​នឹង​ចុះ​ខ្សោយ បន្ថយ​ការទប់ទល់​របស់​យើង​ចំពោះ​ការល្បួង ។ នៅពេល​យើង​មាន​អំពើ​បាប ហើយ​មិន​ស្អាតស្អំ នោះ​យើង​បាត់បង់​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការបន្ត​គ្មាន​សាក្សី​ពី​ព្រះវិញ្ញាណ នោះ​យើង​អាច​ងាយ​ចាប់ផ្តើម​គិត​ថា យើង​គ្មាន​ទីបន្ទាល់ ហើយ​ប្រហែល​ជា​ពុំ​ធ្លាប់​មាន​ទីបន្ទាល់​ផងដែរ ។

ទីបន្ទាល់​របស់​យើង​ត្រូវការ​បន្ត​ចិញ្ចឹម​បីបាច់ ។ ការចិញ្ចឹមបីបាច់​នោះ​កើត​ឡើង​ពី​ការអធិស្ឋាន​ផ្ទាល់​ខ្លួន ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ—ជាពិសេស​ព្រះគម្ពីរ​មរមន—និង ការបម្រើ​នៅក្នុង​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​យើង ។

២ ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី និង ពួកសាវក​នៅរស់

ខ្ញុំ​នឹង​រំឭក​អំពី​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី ដែល​អាច​ជួយ​ប្អូនៗ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ គ្រួសារ​ស្មោះត្រង់ និង ជីវិត​ដ៏​មាន​ជោគជ័យ ។ ខ្ញុំ​សំដៅ​លើ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ ខ្ញុំ​នឹង​ចែកចាយ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ពី​ការប្រកាស​នោះ ដែល​បាន​ចេញ​ផ្សាយ​ដោយ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​កាល​ពី​ឆ្នាំ ១៩៩៥ ។ យើង​គាំទ្រ​ពួក​បងប្អូនប្រុស​ទាំងនេះ​ថា ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ ពួកលោក​មាន​ប្រសាសន៍​មក​កាន់​កូនចៅ​របស់​ទ្រង់​នៅ​លើ​ផែនដី ជំនួស​ព្រះអង្គ ។

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​បាន​ស្ថាបនា​ឡើង ព្រះ​បាន​មាន​បន្ទូល​ទាក់ទង​នឹង​ព្យាការី​របស់​ទ្រង់​ថា « ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល​ហាក់​ដូច​ជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់​ធន់ និង សេចក្ដី​ជំនឿ​គ្រប់​យ៉ាង » ។ បន្ទាប់​មក​ព្រះអម្ចាស់ សន្យា​នូវ​ពរជ័យ​ខាង​សាច់ឈាម និង ពរជ័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅពេល​យើង​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី ៖ « ដ្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម របស់​ទ្រង់ » ( គ. និង ស. ២១:៥–៦ ) ។

វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​នេះ ។

៣ ត្រូវ​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រក្សា​សេចក្តីសញ្ញា​របស់​ប្អូនៗ

Couple outside temple

ខាងលើ ៖ រូបថត​នៅ​ខាង​ក្រៅ​ព្រះវិហារបរិសុទ្ធ ម៉ានីល ហ្វីលីពីន

ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ « ប្រកាស​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​ព្រះ ហើយ​ថា គ្រួសារ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ។ ពួកលោក​បន្ថែម​ដូចនេះ ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ឲ្យ​ចេះតែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្តី​ស្លាប់ ។ ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់ៗ ត្រឡប់​ទៅ​កាន់ វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច » ។

ការសម្រេច​ចិត្ត​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​នេះ « គឺ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ មនុស្ស​ត្រឹមត្រូវ នៅ​កន្លែង​ត្រឹមត្រូវ ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ » ហើយ​បន្ទាប់​មក​រក្សា​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ប្អូនៗ ។ បើ​គ្មាន​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ នោះ​ក៏​គ្មាន​ភាពតម្កើង​ឡើង​ដែរ ។

ដើម្បី​មាន​គុណសម្បត្តិ​ទទួល​បាន​ភាពតម្កើងឡើង គូស្វាមី​ភរិយា​ត្រូវ​ចូល​ក្នុង « សេចក្តីសញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​សេចក្ដី​សញ្ញា​នោះ [ ត្រូវ ] បាន​ភ្ជាប់​ដល់​ពួក​គេ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដោយ​អ្នក​ណា​ដែល​ត្រូវ​បាន​លាប »—គឺ​ជា​ព្យាការី ។ ប្រសិនបើ​យើង​រក្សា​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​យើង នោះ​យើង​នឹង « គ្រង​បល្ល័ង្ក​ទាំង​ឡាយ នគរ​ទាំង​ឡាយ ក្សត្រ​បុរី​ទាំង​ឡាយ និង អំណាច​ទាំង​ឡាយ អំណាច​គ្រប់​គ្រង​ទាំង​ឡាយ គ្រប់​ទី​កម្ពស់ និង​ជម្រៅ​ទាំង​អស់ … និង​សិរី​ល្អ​របស់​ពួក​គេ ក្នុង​អ្វីៗ​គ្រប់​ទាំង​អស់ … គឺជា​សិរី​ល្អ​ដែល​នឹង​បាន​ពូជ​ដ៏​បរិបូរ និង​បន្តបន្ទាប់​ជា​រៀង​ដរាប​ត​ទៅ » ( គ. និង ស. ១៣២:១៩ សូមមើល​ខ​ទី ៧ ផងដែរ ) ។

ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​នូវ​ការសន្យា​នៃ​ពរជ័យ​អស់កល្ប​ជានិច្ច​នៅក្នុង​ជីវិត​បន្ទាប់ ហើយ​ក៏​បង្កើត​ឲ្យ​មាន​ភាពស្រដៀង​គ្នា​នេះ​ដែរ​នៃ​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​ក្នុង​ជីវិត​នេះ ។ ក្នុង​នាម​ជា​បុត្រា ឬ បុត្រី​របស់​ព្រះ​ដែល​បាន​ការតែងតាំង ប្អូនៗ​បាន​ចុះ​សេចក្តីសញ្ញា​មក​កាន់​ផែនដី​នៅ​ជំនាន់​នេះ ដើម្បី​ស្ថាបនា​នគរ​ព្រះ ។ ការស្ថាបនា​នគរ​ព្រះ​នោះ​រួម​មាន​អាពាហ៍ពិពាហ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

៤ ជា​ដៃគូ​ជាមួយ​ព្រះ​ក្នុងការ​នាំ​កូន​វិញ្ញាណ​របស់​ទ្រង់​មក​កាន់​ផែនដី

Family with child on bike

ការប្រកាស​អំពី​ក្រុមគ្រួសារ​ចែង​ដូចនេះ ៖ « ព្រះបញ្ញត្តិ​ទីមួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា ទាក់ទង​ទៅនឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ភាពជា​ឪពុកម្ដាយ ក្នុង​នាម​ជា​ស្វាមី និង ភរិយា ។ យើង​សូម​ប្រកាស​ថា ព្រះបញ្ញត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី​នោះ នៅតែ​ឲ្យ​ប្រតិបត្តិ​នៅឡើយ » ។

ក្រុម​គ្រួសារ​សព្វថ្ងៃ​នេះ​មាន​កូន​តិចជាង​ក្រុមគ្រួសារ​ជំនាន់​មុន—សូម្បីតែ​ក្រុមគ្រួសារ អិល.ឌី.អេស. ។ យើង​អាច​រកឃើញ​ហេតុផល​នានា​ជានិច្ច ដើម្បី​បង្ហាញ​ហេតុផល​សមរម្យ​ក្នុងការ​ពន្យារពេល ឬ កំណត់​ចំនួន​កូន​ដែល​យើង​មាន ។ ឧទាហរណ៍ « យើង​ត្រូវ​បញ្ចប់​ការសិក្សា​ជាមុន​សិន » ឬ « យើង​ត្រូវ​មាន​ការងារ​ល្អ​ប្រសើរ​សិន ដើម្បី​យើង​អាច​មាន​ប្រាក់​គ្រប់​គ្រាន់ » ឬ « ហេតុអ្វី​ត្រូវ​ដកយក​ភាពសប្បាយ​រីករាយ​ចេញ​ពី​អាពាហ៍ពិពាហ៍ ដោយ​ត្រូវ​មាន​កូន​ទៅ​វិញ ? »

ប្អូនៗ​បាន​ទទួល​ពរ​ជាមួយ​នឹង​ទីបន្ទាល់ អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ប្អូនៗ​មាន​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច​ផ្តល់​ឲ្យ​កូន​ចៅ​របស់​ប្អូនៗ ។ ចូរ​កុំ​ឲ្យ​មាន​គំនិត​ថា ​ប្អូនៗ​ត្រូវតែ​ផ្គត់ផ្គង់​អ្វីៗ​គ្រប់​យ៉ាង​ខាង​សាច់​ឈាម​ដល់​ពួកគេ​នោះ​ឡើយ ។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ប្អូនៗ​មាន ដើម្បី​ផ្តល់​ឲ្យ​កូនចៅ​របស់​ប្អូនៗ​នោះ​គឺ មធ្យោបាយ​ឆ្ពោះ​ទៅកាន់​អ្វីៗ​ខាង​វិញ្ញាណ​នៅក្នុង​នគរ​ព្រះ ។

នៅពេល​ប្អូនៗ​ប្រឹក្សា​គ្នា​ជាមួយ​ស្វាមី ឬ ភរិយា​ប្អូនៗ​​ដោយ​ការអធិស្ឋាន​អំពី​ការមាន​កូន ចូរ​ចាំ​ថា​ ប្អូនៗ​គឺ​ជា​យុវវ័យ​ដែល​មាន​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃថ្នូរ ។ សូម​កុំ​ទុក​ព្រះ​ឲ្យ​នៅ​ក្រៅ​នៃ​ការពិភាក្សា​របស់​ប្អូនៗ​ឡើយ ។ សូម​ចែកចាយ​សិទ្ធិ​ដើម្បី​ចាប់​កំណើត​នេះ​ជាមួយ​កូន​វិញ្ញាណ​ប្រុស​ស្រី​ជាច្រើន​ថា ព្រះ​បាន​រៀបចំ​បញ្ជូន​ពួកគេ​មក​ផ្ទះ​របស់​ប្អូនៗ ។ លើស​ពី​នោះ​ទៀត ពួកគេ​គឺជា​កូនចៅ​ខាង​វិញ្ញាណ​របស់​ទ្រង់​ជា​យូរយារ​ណាស់​មក​ហើយ ពីមុន​ពួកគេ​នឹង​ក្លាយ​ជា​កូនចៅ​របស់​ប្អូនៗ ។

ដោយ​មាន​ជំនឿ​លើ​ព្រះ និង ប្រសាសន៍​របស់​ពួក​ព្យាការី​ទ្រង់ ចូរ​ឆ្ពោះ​ទៅ​មុខ ដោយ​កុំ​ដោះសារ ឬ ស្ទាក់ស្ទើរ​ឡើយ ហើយ​បង្កើត​ក្រុមគ្រួសារ​អស់កល្ប​ផ្ទាល់​ខ្លួន ។

៥ ចូរ​កុំ​បណ្តោយ​ខ្លួន​ទៅក្នុង​ការណ៍​អាសគ្រាម ឬ ឥរិយាបថ​អសីលធម៌​ផ្សេង​ទៀត

ការប្រកាស​នោះ​បន្ត​ថា « កូនចៅ​មាន​សិទ្ធិ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍​ហើយ និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុកម្តាយ​ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង » ។

ដោយស្មោះត្រង់​ទាំងស្រុង​មាន​ន័យ​ថា​ស្មោះត្រង់​ខាង​រូបកាយ ព្រមទាំង​ចិត្ត​គំនិត​ចំពោះ​ស្វាមី​ភរិយា​របស់​ប្អូនៗ ។ ការណ៍អាសគ្រាម និង ទំនាក់ទំនង​តាម​អ៊ិនធើរណែត​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ភាព​មិន​ស្មោះត្រង់​ខាង​ចិត្ត​គំនិត ។ នៅពេល​ស្វាមី ឬ ភរិយា​ពាក់ព័ន្ធ​នឹង​ការណ៍អាសគ្រាម ពួកគាត់​បំពាន​ការទុកចិត្ត​ដ៏​សំខាន់​បំផុត​នៃ​ភាពស្និទ្ធស្នាល​ពី​ធម្មជាតិ ។ ស្វាមី ឬ ភរិយា​ដែល​ពុំ​បាន​ដឹង​រឿង​នោះ​មាន​អារម្មណ៏​ថា​ត្រូវបាន​គេ​ក្បត់ ។ ទំនុកចិត្ត និង ការជឿជាក់​នៅក្នុង​អាពាហ៍ពិពាហ៍​កាន់តែ​ចុះ​ខ្សោយ​ទៅៗ ។ ការពាក់ព័ន្ធ​នឹង​ការណ៍​អាសគ្រាម​គឺ​ជា​គ្រាប់ពូជ​នៃ​ការប្រព្រឹត្ត​សេចក្តី​កំផិត ។

ខ្ញុំ​សូម​ចែកចាយ​អារម្មណ៍​មួយ​ចំនួន​របស់​បុរស​ម្នាក់ ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​បាន​បាត់​បង់​គ្រួសារ​របស់​គាត់​ទៅ​វិញ ដោយសារ​តែ​ការណ៍​អាសគ្រាម និង ទំនាក់​ទំនង​តាម​អ៊ិនធើរណែត​ជាមួយ​ស្ត្រី​ផ្សេង ។ ដោយ​ក្តី​កើត​ទុក្ខ​គាត់​បាន​សរសេរ​ដូចនេះ ៖ « ខ្ញុំ​ពុំ​បាន​ស្តាប់​តាម​ពាក្យ​ដែល​បាន​ផ្តល់​ដល់​ខ្ញុំ នៅក្នុង​ពរ​របស់​លោក​អយ្យកោ​ឡើយ ដែល​បាន​ចែង​ថា សាតាំង​នឹង​គ្មាន​អំណាច​អ្វី​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ឡើយ លុះត្រា​ណា​ខ្ញុំ​អនុញ្ញាត​ឲ្យ​វា​ធ្វើ​បែប​នោះ ។ ខ្ញុំ​បាន​ឲ្យ​អំណាច​នោះ​ទៅ​វា​ច្រើន​ណាស់ ហើយ​បន្តិចម្តងៗ វា​បាន​យក​អំណាច​នោះ ហើយ​វា​បាន​ប្រើ​អំណាច​នោះ​ដើម្បី​បំផ្លាញ​ជីវិត​របស់​ខ្ញុំ​ជាមួយ​ភរិយា និង កូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ពួកគេ​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​ស្រឡាញ់ និង ស្រឡាញ់​ពួកគេ​ជា​រៀង​ដរាប​តទៅ ប៉ុន្តែ​សេចក្តីស្រឡាញ់​នោះ​ពុំ​មាន​គ្រប់គ្រាន់​ដើម្បី​អាច​យក​ឈ្នះ​លើ​អំណាច​ដែល​ខ្ញុំ បាន​ស្ម័គ្រចិត្ត​ឲ្យ​ទៅ​សាតាំង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដើម្បី​បំផ្លាញ​សេចក្តីស្រឡាញ់​នោះ​ឡើយ ។ ការបង្រៀន​របស់​សាសនាចក្រ​បាន​ផ្តល់​របៀប​មួយ​ដល់ [ យើង ] ដើម្បី​ត្រឡប់​ទៅ​ជា​គ្រួសារ​ដែល​បាន​ផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង អស់កល្ប​ជានិច្ច ទៅ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ដែល​ខ្ញុំ​នឹង​មាន​ប្រសិនបើ​ខ្ញុំ​បាន​ស្តាប់ និង គោរព​តាម ប៉ុន្តែ​ទីបំផុត​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​ការបង្រៀន​នោះ​ឡើយ » ។

នោះ​ជា​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​អ្វី​ម៉្លេះ ។

៦ បង្រៀន និង រស់នៅ​តាម​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក

ការប្រកាស​បង្រៀន​យើង​អំពី កិច្ចការ​នានា​ដែល យើង​ត្រូវតែ​ធ្វើ​ដើម្បី​មាន​ភាពរីករាយ​នៅក្នុង​គេហដ្ឋាន​របស់​យើង ។ « សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន នៅ​ពេល​យើង​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​មាន​ជោគជ័យ នោះ​គឺ​ត្រូវ​ស្ថាបនា និង​ថែរក្សា​នៅលើ​គោលការណ៍​នៃ​សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការងារ និង​កម្មវិធី​កម្សាន្ត​ល្អៗ​នានា » ។

កាល​ភរិយា​ខ្ញុំ និង ខ្ញុំ​ទើប​តែ​រៀបការ​ថ្មីថ្មោង យើង​បាន​ព្យាយាម​បង្កើត​ទម្លាប់​ដ៏​រឹងប៉ឹង​មួយ​ក្នុងការ​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា​រៀងរាល់​ថ្ងៃ​ជា​គ្រួសារ​ម្តង​ហើយ​ម្តង​ទៀត ។ នៅ​ពេល​កូន​ច្បង​របស់​យើង​មាន​អាយុ​ប្រហែល​ប្រាំពីរ​ឆ្នាំ យើង​ទម្លាប់​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ។ យើង​អាន​នៅពេល​ព្រឹក​មុន​ធ្វើ​កិច្ចការ​ផ្សេងៗ យើង​បាន​បន្ត​ស្មោះត្រង់​តាំងពី​គ្រា​នោះ​រៀង​រហូត​មក ។ នៅពេល​ទម្លាប់​នោះ​បាន​បង្កើត​ឡើង​ជាមួយ​កូន​ផ្សេងៗ​ទៀត កូន​ដែល​តូចៗ​មាន​ចិត្ត​ចង់​ចូលរួម នៅពេល​ពួកគេ​មាន​អាយុ​ធំ​ល្មម ។ ជារឿយៗ​យើង​ត្រូវ​អាន​គម្ពីរ​មុន​ម៉ោង ៦ ព្រឹក ដោយសារ​មាន​ថ្នាក់​សិក្ខាសាលា​នៅពេល​ព្រឹក​ព្រហាម ។

គូស្វាមី​ភរិយា​ដែល​ទើប​រៀបការ​មាន​កាតព្វកិច្ច​ចាប់ផ្តើម​ទម្លាប់​គ្រួសារ​សុចរិត​ផ្ទាល់ខ្លួន​របស់​ពួកគេ—ដោយ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ប្រចាំ​ថ្ងៃ អធិស្ឋាន​ជា​គ្រួសារ និង រៀបចំ​កូនៗ​របស់​ពួកគេ​ឲ្យ​ទៅ​បម្រើ​បេសកកម្ម និង រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

៧ គោរព​ដល់​តួនាទី​ជា​ឪពុក និង ម្តាយ​នៅក្នុងការ​ចិញ្ចឹម​កូន

Family in Uruguay

ការប្រកាស​នោះ​ក៏​ចែកចាយ​ពី​ការទូន្មាន​សំខាន់ៗ​អំពី​ការចិញ្ចឹម​កូន ៖« ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​ឪពុក និង ម្តាយមាន​កាតព្វ​កិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា ដៃ​គូ​ស្មើ​គ្នា » ។

ជួនកាល​ឪពុក ឬ ម្តាយ​ម្នាក់​អាច​មាន​អារម្មណ៍​ថា គាត់​មាន​គុណសម្បត្តិ​ប្រសើរ​ជាង ក្នុង​ការ​ចិញ្ចឹម និង ដាក់​វិន័យ​កូនៗ ។ ព្យាការី​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​បាន​បង្រៀន​ម្តង​ហើយ​ម្តង​ទៀត​ថា ស្វាមី និង​ភរិយា​បង្កើត​បាន​ជា​ដៃគូ​មួយ​នៅក្នុង​អាពាហ៍ពិពាហ៍ ថា​រាល់​ការសម្រេច​ចិត្ត​ទាំងអស់​ទាក់ទង​នឹង​គ្រួសារ គប្បី​ត្រូវ​ពិភាក្សា​រួមគ្នា និង ចុះសម្រុង​គ្នា ។

ដៃគូ​ស្មើ​គ្នា​គឺ​ត្រូវ​ធ្វើ​ជា​គូ​ស្មើ​គ្នា ។ ប្រឹក្សា និង អធិស្ឋាន​ជាមួយ​គ្នា ។ ត្រូវ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ ដើម្បី​ដឹង​ពី​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការចិញ្ចឹម​កូនៗ​របស់​ប្អូនៗ​ជាមួយ​គ្នា ។ ជោគវាសនា​អស់កល្ប​ជានិច្ច​របស់​ពួកគេ គឺ​កើត​មក​ពី​ការសម្រេច​ចិត្ត​របស់​ប្អូនៗ ។

៨ ប្រើ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​របស់​ប្អូនៗ​ដើម្បី​ជ្រើស​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ

ការសម្រេច​ចិត្ត​ទាក់ទង​នឹង​ឃ្លា​ថា តើ​ប្អូនៗ​នឹង​នៅ​ទីណា​នៅក្នុង​រយៈពេល ២០ ឆ្នាំ ឬ ២០ ទសវត្សរ៍​ទៀត​គឺ​អាស្រ័យ​លើ​ប្អូនៗ​ទាំងស្រុង ។ ប្អូនៗ​មាន​សេរីភាព​ជ្រើសរើស ប៉ុន្តែ​លទ្ធផល​អស់កល្ប​ជានិច្ច​នឹង​កើត​ឡើង​ពី​ជម្រើស​របស់​ប្អូនៗ​នោះ ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ មនុស្ស​ទាំងអស់ « ត្រូវ​បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការ​ធ្លាក់ [ ទើប ] ពួក​គេ​មាន​ឥស្សរភាព​រហូត​តទៅ ដោយ​ដឹង​ខុស និង​ត្រូវ​ដើម្បី ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ លើក​លែង​តែ​ដោយ​ការ​ធ្វើ​ទោស​តាម​ក្រឹត្យវិន័យ​នៅ​ក្នុង​ថ្ងៃ​ដ៏​មហិមា ហើយ​ចុង​ក្រោយ​បង្អស់ ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ។

ហេតុ​ដូច្នោះ​ហើយ មនុស្ស​លោក​មាន …​ សេរីភាព​រើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​ដ៏​ធំ​របស់​មនុស្សលោក​ទាំងអស់ ឬ​ក៏​រើស​យក​ការជាប់​ឃុំឃាំង និង ការស្លាប់​ស្របតាម​ការជាប់​ឃុំឃាំង និង អំណាច​របស់​អារក្ស ដ្បិត​វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្សលោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូច​វា​ដែរ » ( នីហ្វៃទី ២ ២:២៦–២៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

សាតាំង​ស្អប់​ប្អូនៗ ដោយសារ​ប្អូនៗ​ជា​មនុស្ស​បែប​ណា និង ដោយសារ​អ្វី​ដែល​ប្អូនៗ​តំណាង​ឲ្យ ។ វា​ចង់​ឲ្យ​ប្អូនៗ​រងទុក្ខវេទនា​ដូច​ជា​វា​ដែរ ។ ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ស្រឡាញ់​ប្អូនៗ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​ប្អូនៗ ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់​ដើម្បី​ប្អូនៗ ។ ទ្រង់​អញ្ជើញ​ប្អូនៗ​ឲ្យ​ធ្វើ​តាម​ទ្រង់ ហើយ​ប្រែចិត្ត​ប្រសិនបើ​ចាំបាច់ ។ នៅពេល​ប្អូនៗ​ជ្រើស​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ នោះ​ប្អូនៗ​នឹង​មាន « អំណរ​ក្នុង​ជីវិត​នេះ និង ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ជីវិត​បន្ទាប់ » ។

៩ បង្កើន​សេចក្តីជំនឿ​ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

Family praying

សេចក្តីជំនឿ​កើត​ឡើង​នៅពេល​ប្អូនៗ​បាន​ប្រែចិត្តជឿ​លើ​ព្រះ​អម្ចាស់ ។ ព្យាការី នីហ្វៃ​បាន​បង្រៀន​ដូចនេះ ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។

ថ្មីៗ​នេះ​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ទូទៅ​ថា « អនាគត​របស់​អ្នក​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ » ។ នោះ​រួមមាន​ទាំង​ជំនឿ​ដើម្បី​កាន់ខ្ជាប់ និង យកឈ្នះ​លើ​ឧបសគ្គ​ទាំងអស់ ទាំង​ការអាក់អន់​ចិត្ត ការក្បត់ និង ការខកចិត្ត ។ សេចក្តីជំនឿ​របស់​ប្អូនៗ​ដើម្បី​កាន់ខ្ជាប់​នឹង​កំណត់​ពី​គោលដៅ​របស់​ប្អូនៗ ដែល​ជា​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច ។

១០ ដាក់​ឆន្ទៈ​របស់​ប្អូនៗ​ឲ្យ​ចុះចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះ

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​បាន​បណ្តាល​ដួងចិត្ត​របស់​ប្អូនៗ​ជាមួយ​នឹង​បំណង​ប្រាថ្នា ដើម្បី​ធ្វើ​កិច្ចការ​នានា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង និង ក្លាយ​ខ្លួន​កាន់តែ​ប្រសើរ​ជាងមុន ព្រមទាំង​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់​របស់​យើង ។ ខ្ញុំ​សង្ឃឹម​ថា ប្អូនៗ​មាន​បំណង​ប្រាថ្នា ដើម្បី​ពង្រឹង​ការតាំងចិត្ត​របស់​ខ្លួន ឲ្យ​ប្រែក្លាយ​ជា​អ្វី​ទាំងអស់​ដែល​ព្រះ​បាន​តែងតាំង​ប្អូនៗ​តាំង​ពី​មុន​ផែនដី​មក​ម៉្លេះ ។

« ប្អូន​ប្រុស [ និង ប្អូនស្រី ]​តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ទេ​ឬ ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ… ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យជម្នះ ! … ចូរ​យើង​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់ ដោយ​សេចក្ដី​សុចរិត ក្នុង​នាម​ជា​សាសនាចក្រ ហើយ​ជា​ប្រជារាស្ត្រ ហើយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចុះ » ( គ. និង ស. ១២៨:២២, ២៤ ) ។

តើ​ដង្វាយ​នោះ​អាច​ជា​អ្វី​ខ្លះ ដែល​ប្អូនៗ​គ្រប់​គ្នា​អាច​ថ្វាយ​ដល់​ព្រះ​បាន ? វា​គឺ​ជា​អំណោយ​ទាន​មួយ​ដែល​ទ្រង់​ពុំ​ធ្លាប់​តម្រូវ​ចង់​បាន​ពី​ប្អូនៗ​ឡើយ ។ វា​គឺ​ជា​ដង្វាយ​នៃ​ឆន្ទៈ​របស់​ប្អូនៗ ដើម្បី​ចុះចូល​នឹង​ព្រះហឫទ័យ​របស់​ទ្រង់ ។ វា​គឺ​ជា​ការដាក់​សិទ្ធិជ្រើសរើស​របស់​ប្អូនៗ​នៅលើ​អាសនា​នៃ​ការបូជា​ផ្ទាល់​របស់​ប្អូនៗ ។

មាន​មេរៀន​មួយ​នៃ មេរៀន​អំពី​សេចក្តីជំនឿ ដែល​បាន​រៀបចំ​ឡើង​ដោយ​ពួក​បងប្អូនប្រុស​ពី​ជំនាន់​ដើម​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ចែង​ដូចនេះ ៖ « សាសនា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការបូជា​អ្វី​ទាំងអស់ គឺ​គ្មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​ជំនឿ​ដែល​ចាំបាច់​ដល់​ជីវិត និង សេចក្ដីសង្គ្រោះ​នោះ​ទេ » ។

សិទ្ធិជ្រើសរើស​របស់​ប្អូនៗ​គឺ​ជា​ដង្វាយ​មួយ ដែល​ប្អូនៗ​អាច​ថ្វាយ​ចំពោះ​ព្រះ ។ តាមរយៈ​ការស្ម័គ្រ​ចិត្ត​ដាក់​ឆន្ទៈ​របស់​ប្អូនៗ​ទៅ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ នោះ​ប្អូនៗ​នឹង​ក្លាយ​ដូចជា​ទ្រង់ ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ ។ តាមរយៈ​កម្រិត​ដែល​ប្អូនៗ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដាក់​ឆន្ទៈ​របស់​ប្អូនៗ​ឲ្យ​ចុះចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះ ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ហើយ​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ប្អូនៗ​នឹង​មាន​ភាពស្មោះត្រង់ ភាពរីករាយ និង ​ជ័យជម្នះ ។

កំណត់​ចំណាំ

  1. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  2. ប្រ៊ូស អ័រ.ម៉ាខន់ឃី « Agency or Inspiration ? » New Era ខែ មករា ឆ្នាំ ១៩៧៥ ទំព័រ ៣៨ ។

  3. ហ្គរដុន ប៊ី ហ៊ិងគ្លី Caesar, Circus, or Christ ? Brigham Young University Speeches of the Year ( ថ្ងៃ​ទី ២៦ ខែ តុលា ឆ្នាំ ១៩៦៥ ) ទំព័រ ៨ សូម​មើល​ផងដែរ រ័សុល អិម ណិលសុន « Spiritual Capacity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ១៦ ។

  4. ថូម៉ាស អេស. ម៉នសុន « Be of Good Cheer » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ។

  5. Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៦៩ ។