ការដកស្រង់គោលលទ្ធិសំខាន់ៗ
ការប្រែចិត្តគឺជាអំណោយរបស់ព្រះចំពោះយើង
« ពាក្យមួយដែលយើងស្ដាប់ឮញឹកញាប់នាសព្វថ្ងៃនេះ គឺថាសេចក្ដីស្រឡាញ់របស់ព្រះគឺ ‹ គ្មានលក្ខខណ្ឌ › ។ ក្នុងន័យមួយថា ការពិតអ្នកពិពណ៌នាថា គ្មានលក្ខខណ្ឌ គឺពុំមាននៅក្នុងគម្ពីរទេ ។ …
ព្រះនឹងស្រឡាញ់យើងជានិច្ច ប៉ុន្ដែទ្រង់មិនអាចសង្គ្រោះយើងនៅក្នុងអំពើបាបរបស់យើងបានទេ ។ សូមចងចាំពាក្យរបស់អាមូលេកថ្លែងទៅកាន់ស៊ីអែសរ៉ុមថា ព្រះអង្គសង្គ្រោះនឹងមិនសង្គ្រោះរាស្ត្ររបស់ទ្រង់ ក្នុង អំពើបាបរបស់ពួកគេទេ ប៉ុន្ដែ ពី អំពើបាបរបស់ពួកគេវិញ យើងមិនស្អាតស្អំដោយសារអំពើបាប ដោយមូលហេតុថា ‹ គ្មានអ្វីដែលមិនស្អាតអាចទទួលគ្រងនគរស្ថានសួគ៌ › [ អាលម៉ា ១១:៣៧ ] ឬអាស្រ័យនៅក្នុងវត្តមានរបស់ព្រះបានឡើយ ។ …
ចេញមកពីព្រះគម្ពីរមរមន យើងរៀនថាព្រះរាជបំណងនៃការរងទុក្ខរបស់ព្រះគ្រីស្ទ — ជាការបើកបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់គឺ — ‹ ដើម្បីនាំមកនូវចិត្តក្ដួលមេត្តាដែលមានអំណាចលើសេចក្ដីយុត្តិធម៌ ដើម្បីនឹងនាំមកនូវមធ្យោបាយទាំងឡាយដល់មនុស្ស ឲ្យគេមានសេចក្ដីជំនឿចំពោះការប្រែចិត្ត › [ អាលម៉ា ៣៤:១៥ ] ។ …
ការប្រែចិត្តគឺជាអំណោយរបស់ទ្រង់ចំពោះយើង បានទិញដោយតម្លៃដ៏ថ្លៃបំផុត » ។