គេហដ្ឋានរបស់យើង ក្រុមគ្រួសាររបស់យើង
កូនចង់រស់នៅជាមួយក្រុមគ្រួសារយើងជារៀងរហូត !
អ្នកនិពន្ធរស់នៅ សាន់តូ ដូមីងហ្គោ សាធារណរដ្ឋ ដូមីនីក ។
សេចក្តីជំនឿរបស់ក្មេងអាយុប្រាំមួយឆ្នាំ បានជួយខ្ញុំឲ្យមានសេចក្តីជំនឿជាថ្មីម្តងទៀត ។
កាលខ្ញុំអាយុ ២២ ឆ្នាំជីវិតរបស់ខ្ញុំបានជួបនឹងបញ្ហាដែលពុំបានព្រៀងទុក ៖ គឺម្តាយរបស់ខ្ញុំបានទទួលមរណភាព ។ គាត់ និង ឪពុកខ្ញុំជាមនុស្សដែលមានសេចក្តីជំនឿខ្លាំងណាស់ ហើយពួកគាត់បានចិញ្ចឹមខ្ញុំនៅក្នុងដំណឹងល្អ ។ បន្ទាប់ពីមរណភាពរបស់គាត់ទៅ ឪពុករបស់ខ្ញុំបានប្តូរទៅនៅសហរដ្ឋអាមេរិកដែលឆ្ងាយពីប្រទេសរបស់យើង ។ វេលាចេះតែកន្លងទៅ ខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ឯកោ ដោយសារខ្ញុំជាកូនទោលរបស់ឪពុកម្តាយខ្ញុំ ។ ខ្ញុំគ្មានម្តាយនៅជាមួយខ្ញុំនៅលើផែនដីនេះទៀតឡើយ ហើយឪពុកខ្ញុំបានរស់នៅសែនឆ្ងាយ ខ្ញុំអាចជួបគាត់បានតែបីសប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ ។
ដោយសារតែអារម្មណ៍នោះហើយ ទើបខ្ញុំបានចាប់ផ្តើមស្វែងរកការលួងលោមចិត្តកាន់តែច្រើនឡើងពី « មិត្តភក្តិ » របស់ខ្ញុំដែលនៅមហាវិទ្យាល័យ និង ពីការិយាល័យដែលខ្ញុំធ្វើការ ។ យូរៗទៅ ខ្ញុំបានចាប់ផ្តើមមើលឃើញពីសុភមង្គលក្លែងក្លាយនៅខាងសាច់ឈាម ។ ខ្ញុំបានឈប់ទៅព្រះវិហារ ហើយបន្តិចម្តងៗខ្ញុំបានអសកម្មទាំងស្រុង ។ ក្រោយមកខ្ញុំបានរៀបការជាមួយយុវជនដ៏អស្ចារ្យម្នាក់ ទោះបីជាគាត់មានគោលការណ៍ដ៏ល្អៗជាច្រើនក្តី តែគាត់មិនបានស្គាល់ដំណឹងល្អឡើយ ។ យើងមានកូនបីនាក់ ៖ លេអា អ៊ីសាក និង អ៊ីម៉ាអែល ។
ក្នុងខែតុលាមួយ ឪពុករបស់ខ្ញុំបានមកសួរសុខទុក្ខ និង មកមើលកូនតូចដែលទើបកើត ។ អំឡុងពេលមកសួរសុខទុក្ខនោះ កូនស្រីលេអាអាយុប្រាំមួយឆ្នាំរបស់ខ្ញុំ បានសួរជីតារបស់នាងថា ហេតុអ្វីគាត់មិនដែលនាំភរិយារបស់គាត់មកជាមួយគាត់ ។ ក្រោយមកឪពុករបស់ខ្ញុំបានពន្យល់នាងថា ជីដូននាងមានកន្លែងដ៏ពិសេសមួយនៅជិតនឹងព្រះវរបិតាសួគ៌ហើយ ។ មិនយូរប៉ុន្មានបន្ទាប់ពីឪពុកខ្ញុំបានត្រឡប់ទៅវិញ លេអា បានទទូចប្រាប់ខ្ញុំថា « ម៉ាក់ កូនចង់ជួបលោកយាយ ។ កូនដឹងថាគាត់នៅឯស្ថានសួគ៌ ប៉ុន្តែកូនក៏ចង់ឲ្យពួកយើងនៅទីនោះជាមួយគ្នានៅថ្ងៃណាមួយដែរ—ទាំងលោកតា និង លោកយាយ លោកប៉ា អ៊ីសាក អ៊ីម៉ាអែល ទាំងអ្នកម៉ាក់ និង ខ្ញុំផងដែរ ។ កូនចង់រស់នៅជាមួយក្រុមគ្រួសារយើងជារៀងរហូត ។ កូនចង់ឲ្យពួកយើងនៅតែធ្វើជាគ្រួសារនៅទីនោះ ដូចដែលយើងមាននៅលើផែនដីនេះ ដូច្នេះយើងអាចលេងជាមួយលោកយាយ ! »
ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ ។ ខ្ញុំបានយកដៃស្ទាបមុខដ៏គួរឲ្យស្រឡាញ់ និងបរិសុទ្ធរបស់នាង ហើយដើរចេញទៅបន្ទប់ដេករបស់ខ្ញុំ ។ ខ្ញុំបានលុតជង្គង់ចុះ ហើយយំយ៉ាងខ្លាំង ។ ខ្ញុំបានទូលសូមការអភ័យទោសពីព្រះវរបិតាសួគ៌ ។ ខ្ញុំបានដឹងថា ខ្ញុំបានដើរចេញពីផ្លូវដែលនឹងធ្វើឲ្យពួកយើងរស់នៅជាមួយគ្នាជាគ្រួសារអស់កល្បជានិច្ច ។ ខ្ញុំពុំបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ដើម្បីនាំពួកគេដើរលើផ្លូវត្រូវ ហើយខ្ញុំពុំបាននិយាយជាមួយស្វាមីខ្ញុំអំពីដំណឹងល្អឡើយ ។
នៅពេលខ្ញុំក្រោកឈរឡើងវិញ នោះខ្ញុំបានទាក់ទងទៅថ្នាក់ដឹកនាំសាសនាចក្រ ហើយគាត់បានឲ្យខ្ញុំទាក់ទងជាមួយអែលឌើរនៅក្នុងវួដរបស់ខ្ញុំ ។ នាយប់បន្ទាប់មកពួកគេបានមក ហើយបង្រៀនស្វាមីរបស់ខ្ញុំ ។ ចាប់តាំងពីយប់នោះមកជីវិតរបស់យើងបានផ្លាស់ប្ដូរជារៀងរហូត ។ ឥឡូវនេះយើងចូលរួមព្រះវិហារជាគ្រួសាររៀងរាល់ថ្ងៃអាទិត្យ ។ ខ្ញុំមានការហៅបម្រើដែលអនុញ្ញាតឲ្យខ្ញុំជួយបងប្អូនស្រីដែលមិនសូវសកម្ម ។ យើងក៏កំពុងរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធផងដែរ ។
ជួនកាលព្រះវិញ្ញាណនៃព្រះដឹកនាំយើងតាមរយៈអស់អ្នកដែលយើងរំពឹងតិចតួចលើពួកគាត់ ។ លើកនេះវាបានកើតឡើងតាមរយៈកូនស្រីអាយុប្រាំមួយឆ្នាំរបស់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំដឹងថាតាមរយៈការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នោះខ្ញុំអាចរស់នៅជាមួយក្រុមគ្រួសាររបស់ខ្ញុំជារៀងរហូត ។