សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការកែសម្រួលកិច្ចការអាទិភាពរបស់ខ្ញុំ
មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានចាប់ផ្តើមសរសេរកំណត់ហេតុបណ្តាញគ្រួសាររបស់យើង នោះខ្ញុំបានឃើញថា ខ្ញុំចំណាយរាល់ពេលទំនេររបស់ខ្ញុំ ធ្វើបច្ចុប្បន្នភាពវា ហើយគិតពីរបៀបដែលអាចធ្វើឲ្យកាន់តែច្នៃប្រឌិត និង គួរឲ្យចាប់អារម្មណ៍ ។ ខ្ញុំបានចំណាយពេលយ៉ាងច្រើន អានកំណត់ហេតុបណ្តាញរបស់មនុស្សផ្សេងទៀតផងដែរ ។
នៅអំឡុងពេលពីរបីសប្តាហ៍នោះ ខ្ញុំបានដាក់អាទិភាពលើការសរសេរកំណត់ហេតុបណ្តាញ ដោយយកទាំងពេលសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ខ្ញុំ និង ការអានសៀវភៅផ្សេងៗទៀតប្រើដើម្បីសរសេរវាផងដែរ ។ ខ្ញុំពុំអាចផ្ចង់អារម្មណ៍ឡើយអំឡុងពេលសិក្សា ខ្ញុំពុំចង់អានសៀវភៅច្រើនឡើយ ហើយខ្ញុំមានអារម្មណ៍ថាខ្វះព្រះវិញ្ញាណនៅក្នុងជីវិត ។ ខ្ញុំមានការអត់ធ្មត់តិចតួចជាមួយកូនៗរបស់ខ្ញុំ ហើយពេលវេលាដែលខ្ញុំគប្បីនៅជាមួយពួកគេ ខ្ញុំបែរជាចំណាយពេលនោះប្រើកុំព្យូទ័រទៅវិញ ។
ការសរសេរកំណត់ហេតុបណ្តាញមិនមែនជារឿងមិនសមរម្យនោះទេ ការពិតវាជាវិធីមួយដ៏អស្ចារ្យ ដើម្បីបន្តទាក់ទងជាមួយគ្រួសារ និង មិត្តភក្ដិ ។ ប៉ុន្តែដោយសារខ្ញុំមានអារម្មណ៍ថា ការផ្តោតចិត្តទុកដាក់របស់ខ្ញុំបានបង្វែរចេញឆ្ងាយពីកិច្ចការ ដែលផ្តល់គ្រឹះខាងវិញ្ញាណដ៏រឹងមាំសម្រាប់ខ្ញុំ នោះខ្ញុំបានដឹងថាខ្ញុំត្រូវតែផ្លាស់ប្តូរ ។
ខ្ញុំបានចាប់ផ្តើម តាំងចិត្តខ្លួនឯងថា ខ្ញុំមិនចាំបាច់ត្រូវសរសេរកំណត់ហេតុបណ្តាញរាល់ថ្ងៃឡើយ ហើយខ្ញុំក៏មិនចាំបាច់ពិនិត្យមើលកំណត់ហេតុបណ្តាញរបស់មនុស្សដទៃទៀតរៀងរាល់ថ្ងៃផងដែរ ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនៅតែអាចចំណាយពេលទំនេរប្រើកុំព្យូទ័រ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាព្រះគម្ពីរ និង ការអានសៀវភៅផ្សេងៗទៀតប៉ុណ្ណោះ ។ នៅពេលខ្ញុំបានធ្វើកិច្ចការសំខាន់ៗចប់សព្វគ្រប់ហើយ ជាទូទៅខ្ញុំគ្មានពេលច្រើនដើម្បីសរសេរកំណត់ហេតុបណ្តាញឡើយ ប៉ុន្តែការណ៍នោះវាមិនជាថ្វីទេ ។ ខ្ញុំបានសងពេលវេលាវិញជាច្រើន—ជាពេលដែលខ្ញុំចំណាយមើលថែ និង លេងជាមួយកូនៗរបស់ខ្ញុំ ពេលអាន និង ពេលសិក្សាសៀវភៅផ្សេងៗ ។
បន្ទាប់ពីពីរបីថ្ងៃក្រោយការកែសម្រួលកិច្ចការអាទិភាពមក ខ្ញុំបានកត់សម្គាល់ឃើញថា ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណកាន់តែច្រើនឡើងនៅក្នុងជីវិតខ្ញុំម្តងទៀត ។
ខ្ញុំដឹងថា នៅពេលខ្ញុំដាក់អាទិភាពធ្វើកិច្ចការដែលនឹងផ្តល់ប្រយោជន៍ខាងវិញ្ញាណដល់ខ្ញុំរៀងរាល់ថ្ងៃ នោះខ្ញុំនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណកាន់តែច្រើនឡើងរាល់ថ្ងៃ ។ ខ្ញុំដឹងថា ការចំណាយពេលសិក្សាព្រះគម្ពីរ អានទស្សនាវដ្តីសាសនាចក្រ និង សៀវភៅល្អផ្សេងទៀត ព្រមទាំងការគិតពីកិច្ចការនានាដែលសំខាន់អស់កល្បជានិច្ច អាចជួយយើងឲ្យក្លាយជាភរិយា ម្តាយ និង សមាជិកសាសនាចក្ររបស់ព្រះអម្ចាស់កាន់តែប្រសើរឡើង ។