ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ព្យាការីដែលមានសុទិដ្ឋិនិយម និង ទស្សនវិស័យ
នៅពេលអ្នកសិក្សាសៀវភៅ Teachings of Presidents of the Church: Gordon B. Hinckley នៅក្នុងថ្នាក់បព្វជិតភាព និង សមាគមសង្គ្រោះឆ្នាំនេះ អ្នកនឹងរៀនអំពីព្យាការីដែលមានសុទិដ្ឋិនិយម សេចក្តីស្រឡាញ់ និង ការដឹងជាមុនដែលគ្មានដែនកំណត់ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានកត់ត្រានៅក្នុងសៀវភៅទិនានុប្បវត្តិរបស់លោកកាលលោកអាយុ ៨២ ឆ្នាំថា « ខ្ញុំត្រូវដាំដើមឈើមួយចំនួននៅរាល់រដូវផ្ការីក ។ ខ្ញុំគិតថា យ៉ាងហោចណាស់ខ្ញុំបានធ្វើបែបនេះអស់ ៥០ ឆ្នាំមកហើយ ។ … ដើមឈើមានភាពអស្ចារ្យណាស់ ។ វាចាប់ផ្តើមពីតូច ហើយដុះឡើងតាមរដូវកាល ។ វាផ្តល់ម្លប់ដែលជាទីជម្រកជ្រកពីកម្តៅព្រះអាទិត្យ ។ វាផ្តល់ផ្លែដែលមានឱជារសឆ្ងាញ់ ។ វាមានដំណើររស្មីសំយោគដ៏អស្ចារ្យ ។ … ដើមឈើគឺជាការបង្កបង្កើតដ៏អស្ចារ្យមួយរបស់ព្រះដ៏មានមហិទ្ធិឫទ្ធិ » ។១
ប្រធាន ហ៊ិងគ្លី បានបន្ដដាំដើមឈើរហូតដល់លោកមានអាយុ ៩០ ឆ្នាំ ។ សេចក្តីស្រឡាញ់ក្នុងការដាំដើមឈើរបស់លោកបានឆ្លុះបញ្ចាំងអំពីការបម្រើរបស់លោក ក្នុងនាមជាសាវក និង ជាប្រធាននៃសាសនាចក្រតាមរបៀបជាច្រើន ។ នៅពេលលោកបានដាំដើមឈើ វាគឺជាការបង្ហាញពីសុទិដ្ឋិនិយម ជាបុគ្គលិកលក្ខណៈមួយ ដែលផ្សារភ្ជាប់នឹងការបង្រៀនរបស់លោក និង ការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃផងដែរ ។ លោកបានថែទាំដើមឈើនីមួយៗ ដូចជាលោកបានមើលថែទាំមនុស្សម្នាក់ៗដែរ ។ ហើយលោកបានសម្លឹងឆ្ពោះមើលទៅពេលអនាគត ដោយមើលឃើញថាតើដើមឈើនោះនឹងក្លាយជាដើមឈើបែបណា—គឺដូចជាលោកបានឃើញសក្តានុពលអស់កល្បជានិច្ចរបស់បុគ្គលម្នាក់ៗ និង កិច្ចការនាពេលអនាគតដ៏ធំមហាសាលរបស់ព្រះផងដែរ ។
« យើងមានហេតុផលជាច្រើនដើម្បីមានភាពសុទិដ្ឋិនិយម »
« ខ្ញុំជាមនុស្សសុទិដ្ឋិនិយម ! » ប្រធាន ហ៊ិងគ្លី តែងតែបានថ្លែងបែបនេះ ។ « ខ្ញុំសូមអង្វរឲ្យយើងឈប់ស្វែងរកភាពងងឹត ហើយរីករាយទាំងស្រុងនឹងពន្លឺវិញ » ។២ សុទិដ្ឋិនិយមរបស់លោកមានច្រើនជាងទស្សនៈវិជ្ជមានរបស់លោក ដោយសារលោកបានបណ្តុះឲ្យមានគំនិតនោះ ។ ប្រភពដ៏សំខាន់បំផុតនៃសុទិដ្ឋិនិយមរបស់លោក—ជាប្រភពដែលធ្វើឲ្យសុទិដ្ឋិនិយមនោះមានអំណាច—គឺជាសេចក្តីជំនឿរបស់លោកលើព្រះ និង ទីបន្ទាល់របស់លោកអំពីផែនការនៃព្រះសម្រាប់សុភមង្គល និង សេចក្តីសង្គ្រោះរបស់កូនចៅទ្រង់ ។
ភស្តុតាងមួយនៃសុទិដ្ឋិនិយមរបស់ប្រធាន ហ៊ិងគ្លីគឺជាសេចក្តីជំនឿដ៏រឹងមាំរបស់លោកដែលថា « អ្វីៗនឹងដំណើរការល្អ » ។៣ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ឃ្លានោះ « ប្រហែលជាការអះអាងច្រើនបំផុតរបស់ប្រធាន ហ៊ិងគ្លី ចំពោះក្រុមគ្រួសារ មិត្តភក្ដិ និង អ្នកធ្វើការជាមួយលោក ។ លោកមានប្រសាសន៍ថា ‹ ចូរបន្តព្យាយាម › ។ ចូរជឿចុះ ។ ‹ ចូររីករាយឡើង ។ ចូរកុំបាក់ទឹកចិត្ត ។ អ្វីៗនឹងដំណើរការល្អ › » ។៤
ប៉ុន្តែសារលិខិតនេះពុំមែនសម្រាប់តែមនុស្សដទៃនោះឡើយ ។ ប្រធាន ហ៊ិងគ្លី បានមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំមួយថា « ខ្ញុំនិយាយពាក្យទាំងនោះប្រាប់ខ្លួនខ្ញុំរៀងរាល់ព្រឹក ។ ប្រសិនបើ អ្នកធ្វើអស់ពីសមត្ថភាព នោះអ្វីគ្រប់យ៉ាងនឹងដំណើរការទៅបានយ៉ាងល្អ ។ សូមទុកចិត្តលើព្រះ ហើយបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ និង ទំនុកចិត្តក្នុងពេលអនាគត ។ ព្រះអម្ចាស់នឹងមិនបោះបង់យើងចោលឡើយ » ។៥
សុទិដ្ឋិនិយមរបស់ប្រធាន ហ៊ិងគ្លី បានគាំទ្រលោកឲ្យហែលឆ្លងកាត់ការសាកល្បង អារម្មណ៍នៃភាពបរាជ័យ និង អារម្មណ៍នៃសម្ពាធដ៏ស្មុគស្មាញ ។ ហើយលោកបានក្រោកឈរឡើង ដោយជំនឿស៊ប់របស់លោកថា « អ្វីៗនឹងដំណើរការល្អ » ទោះបីជានៅពេលដែលលោកជួបឧបសគ្គ និង ការខកចិត្ត ការខូចចិត្ត និង ភាពឯកោយ៉ាងណាក្តី ។
នៅក្នុងសុទិដ្ឋិនិយមរបស់លោក ប្រធាន ហ៊ិងគ្លីពុំបានកាត់បន្ថយបញ្ហាឡើយ ។ លោកបានពន្យល់ថា « ខ្ញុំបានឃើញពីភាពដ៏ធំធេងនៃផែនដីនេះ ។ … ខ្ញុំធ្លាប់រស់នៅក្នុងតំបន់ដែលមានសង្គ្រាម ហើយភាពស្អប់ខ្ពើមបានឆេះងំនៅក្នុងដួងចិត្តមនុស្សទាំងនោះ ។ ខ្ញុំអាចឃើញពីភាពក្រតោកយ៉ាកដែលកើតមានឡើងនៅក្នុងប្រទេសជាច្រើន ។ … ខ្ញុំបានមើលឃើញពីក្តីបារម្ភនៃការមិនគោរពសីលធម៌សង្គមរបស់យើង ។
« ប៉ុន្តែខ្ញុំជាមនុស្សមានសុទិដ្ឋិនិយម ។ ខ្ញុំមានសេចក្តីជំនឿមួយដ៏សាមញ្ញ និង មុតមាំថា ភាពត្រឹមត្រូវនឹងមានជ័យជម្នះ ហើយថាសេចក្តីពិតនឹងមានភាពជោគជ័យ » ។៦
អំឡុងពេលសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាសែត New York Times នៅក្នុងទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ស.រ.អា. ប្រធាន ហ៊ិងគ្លី បានទទួលស្គាល់ការរីករាលដាលនៃសោកនាដកម្ម និង បញ្ហានានា ហើយក្រោយមកលោកបានប្រើសេចក្តីស្រឡាញ់របស់លោកចំពោះប្រវត្តិសាសនាចក្រ បង្រៀនអំពីសុទិដ្ឋិនិយម ៖
« យើងមានហេតុផលជាច្រើនដើម្បីមានភាពសុទិដ្ឋិនិយម » ។ … ចូរមើលទៅទីក្រុង ណៅវូ ។ ចូរមើលទៅអ្វីដែលពួកគេបានសាងសង់នៅទីនេះ ក្នុងរយៈពេលប្រាំពីរឆ្នាំ ហើយក្រោយមកបានចាកចេញទៅបាត់ ។ ប៉ុន្តែតើពួកគេបានធ្វើអ្វីខ្លះ ? តើពួកគេទម្រេតខ្លួន ហើយដេកស្លាប់ឬ ? ទេ ! ពួកគេបានចេញទៅធ្វើការ ។ ពួកគេបានប្តូរទីលំនៅឆ្លងកាត់ទ្វីបនេះបានពាក់កណ្តាលផ្លូវ និង បានប្រែក្លាយដីវាលខ្សាច់នេះ ហើយធ្វើវាឲ្យរីកស្រស់បំព្រងឡើងដូចជាផ្កាកុលាប ។ ផ្អែកលើមូលដ្ឋាននោះ សាសនាចក្រនេះបានរីកចម្រើនឡើងក្លាយជាអង្គការមួយដ៏ធំទូទាំងពិភពលោក ដែលជះឥទ្ធិពលល្អដល់មនុស្សជាង ១៤០ ប្រទេស ។ ទុទិដ្ឋិនិយម ឬ ភាពសង្ស័យពុំអាចហើយពុំធ្វើឲ្យអ្នកស្ថាបនាអ្វីបានឡើយ ។ អ្នកត្រូវមើលទៅមុខដោយសុទិដ្ឋិនិយម ធ្វើការដោយសេចក្តីជំនឿ ហើយលទ្ធផលនឹងកើតមានឡើង » ។៧
សុទិដ្ឋិនិយមរបស់ប្រធាន ហ៊ិងគ្លី ក៏ជះឥទ្ធិពលដល់ស្មារតីនៃចិត្តគំនិតរបស់លោកផងដែរ—នោះគឺភាពរីករាយ ភាពកំប្លុកកំប្លែង ដែលបង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សដទៃ ។ មានគ្រាមួយលោកបានស្នាក់នៅជាមួយប្រធានស្តេក គ្រួសារនោះរស់នៅក្នុងសាលារៀនមួយ ដែលពួកគេបានកែច្នៃវាឲ្យទៅជាផ្ទះ ។ នាយប់នោះប្រធាន ហ៊ិងគ្លីយកថ្នាក់រៀនធ្វើជាបន្ទប់ដេក ។ នៅអំឡុងពេលប្រជុំសន្និសីទស្តេកនាថ្ងៃបន្ទាប់ លោកបានមានប្រសាសន៍បែបកំប្លែងថា « កាលពីមុនខ្ញុំធ្លាប់ដេកនៅក្នុងថ្នាក់ពេលកំពុងរៀនជាច្រើនដង—ពុំមែនដេកលើគ្រែឡើយ » ។៨
« កង្វល់របស់យើងត្រូវតែគិតលើបុគ្គលម្នាក់ៗជានិច្ច »
នៅក្នុងសុន្ទរកថាសន្និសីទទូទៅលើកដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្រ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍យ៉ាងច្រើនអំពីការរីកចម្រើនរបស់សាសនាចក្រ ។ លោកបានមានប្រសាសន៍ថា « យើងកំពុងក្លាយជាសង្គមមួយដ៏ធំនៅទូទាំងពិភពលោក » ។ បន្ទាប់មកលោកបែរទៅគូសបញ្ជាក់អំពីគោលការណ៍ដ៏សំខាន់នេះ ៖ « ចំណាប់អារម្មណ៍ និង កង្វល់របស់យើងត្រូវគិតលើបុគ្គលម្នាក់ៗជានិច្ច ។ …«
… យើងនិយាយអំពីចំនួនមនុស្ស ប៉ុន្តែកិច្ចខិតខំរបស់យើងត្រូវតែបូជាចំពោះការរីកចម្រើនរបស់បុគ្គលម្នាក់ៗ » ។៩
អំឡុងពេលបម្រើជាសមាជិកនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ប្រធាន ហ៊ិងគ្លីបានធ្វើដំណើរទៅតំបន់ឆ្ងាយបំផុតនៃពិភពលោក រួមទាំងតំបន់មានសង្គ្រាម ដើម្បីបម្រើបុគ្គលម្នាក់ៗ ។ គ្មានក្រុមមនុស្សណាដែលនៅឆ្ងាយពេក ឬ តូចតាចពេកដែលធ្វើឲ្យលោកមិនខ្វល់ខ្វាយនោះឡើយ ។ លោកបានបន្តលំនាំនេះនៅពេលលោកធ្វើជាប្រធានសាសនាចក្រ ដោយធ្វើដំណើរជាងរាប់រយលានគីឡូម៉ែត្រ ទៅកាន់ប្រទេសជាង ៦០ ជួនកាលជួបមនុស្សទាំងក្រុមៗ ជួនកាលជួបមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ។
ផ្ទៃខាងក្រោយ © iStock/Thinkstock ខាងឆ្វេង ៖ ថតរូបដោយ ប៊ូសាត រូបថត ខាងស្តាំ ៖ ថតរូបនៅប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាងស្តាំខាងក្រោម ៖ រូបថតទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្ត្រសាសនាចក្រ និង បណ្ណាសារ
ក្នុងឆ្នាំ ១៩៩៦ ប្រធាន និង ស៊ីស្ទើរ ហ៊ិងគ្លីបានធ្វើដំណើររយៈពេល ១៨ ថ្ងៃ ទៅកាន់ប្រទេសប្រាំបីនៅក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ។ ដោយចាប់ផ្តើមពីប្រទេសជប៉ុន ហើយបន្តទៅមុខយ៉ាងស្វាហាប់ ពួកលោកបានជួបមនុស្សរាប់ពាន់នាក់ដែលមកពេញបន្ទប់ ។ ប្រធាន ហ៊ិងគ្លី បានកត់ត្រាអំឡុងពេលនៅប្រទេសកូរ៉េថា « នេះជាបទពិសោធន៍ដ៏រំជួលចិត្តអ្វីម៉្លេះសម្រាប់ខ្ញុំ ។ « ខ្ញុំបានឃើញអ្វីៗជាច្រើនដែលខ្ញុំមិនហ៊ានគិតដល់ កាលខ្ញុំមកប្រទេសនេះដំបូងក្នុងឆ្នាំ ១៩៦០ » ។១០ នៅក្នុងការធ្វើដំណើរនោះលោកក៏បានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធហុងកុងផងដែរ ។
កាលវិភាគការធ្វើដំណើរចុងបញ្ចប់គឺនៅប្រទេសហ្វីលីពីន ។ បន្ទាប់ពីនិយាយទៅកាន់មនុស្ស ៣៥០០០ នាក់នៅក្នុងទីក្រុង ម៉ានីល មកប្រធាន ហ៊ិងគ្លី បានកត់ត្រាថា « ខ្ញុំបានឈរ ហើយគ្រវីដៃដាក់ពួកគេដោយអារម្មណ៍ក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ។ យើងបានចាកចេញមកទាំងទឹកភ្នែក » ។ នៅព្រឹកព្រលឹមនាថ្ងៃនោះ លោកបានត្រឡប់ទៅកន្លែងមួយដែលលោកបានធ្វើការអធិស្ឋានឧទ្ទិសឆ្លងកាលពីឆ្នាំ ១៩៦១ ដើម្បីចាប់ផ្តើមកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងប្រទេសហ្វីលីពីន ។ លោកបាននៅចាំថា « យើងអាចរកបានសមាជិកជនជាតិហ្វីលីពីនបានតែម្នាក់គត់ ។ ចាប់ពីសមាជិកម្នាក់រហូតដល់ សាសនាចក្របានកើនសមាជិកជាង ៣០០,០០០ នាក់ » ។១១
នៅពេលប្រធាន និង ស៊ីស្ទើរ ហ៊ីងគ្លីចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅសហរដ្ឋវិញ ពួកលោកបានដឹងថា យន្តហោះត្រូវចាក់សាំងនៅលើកោះសាយផាន ។ ប្រធាន ហ៊ិងគ្លីបានសួរ ថាតើមានអ្នកផ្សព្វផ្សាយសាសនាមួយចំនួននៅលើកោះសាយផាននោះឬទេ ហើយគេបានប្រាប់លោកថាមានតិចតួច ។ ទោះបីជានៅគ្រាចុងក្រោយនៃការធ្វើដំណើរដ៏នឿយហត់ក្តី លោកចង់ជួបអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ៖ « បើអាច ខ្ញុំសូមឲ្យយើងអាចនាំពាក្យទៅប្រាប់ពួកគេថា យើងចង់ចុះនៅកោះសាយផាន ម៉ោង ៧ យប់ ហើយចង់ទៅខាងក្រៅព្រលានយន្តហោះដើម្បីស្វាគមន៍ពួកគេ » ។
ប៉ុន្មានម៉ោងក្រោយមកនៅសាយផាន មានអ្នកផ្សព្វផ្សាយសាសនា ១០ នាក់ និង សមាជិកសាសនាចក្រប្រហែលជា ៦០ នាក់បាននៅទីនោះ ដើម្បីស្វាគមន៍ដល់ប្រធាន និង ស៊ីស្ទើរ ហ៊ីងគ្លី ។ ប្រធាន ហ៊ិងគ្លី បានកត់ត្រាថា « ពួកគេបានឱបពួកយើង ។ ពួកគេមានអំណរគុណដែលបានជួបពួកយើង ហើយពួកយើងមានអំណរគុណដែលបានជួបពួកគេ ។ យើងបានចំណាយពេលនៅជាមួយពួកគេបានតែបន្តិចប៉ុណ្ណោះ ខណៈដែលយន្តហោះគ្រាន់តែឈប់ចាក់សាំង ។ យើងបានបន្សល់ទុកពរជ័យរបស់យើងជាមួយពួកគេ ហើយបានត្រឡប់ទៅយន្តហោះវិញ » ។១២
ឧទាហរណ៍សាមញ្ញមួយទៀតអំពីការខ្វល់ខ្វាយរបស់ប្រធាន ហ៊ិងគ្លីចំពោះបុគ្គលម្នាក់ៗនោះ បានកើតឡើងអំឡុងកីឡាអូឡាំពិករដូវរងាឆ្នាំ ២០០២ ដែលបានប្រារព្ធឡើងនៅក្នុងទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ លោកបានជួបជាមួយប្រធានាធិបតី ឯកអគ្គរាជទូត និង ឥស្សរជនដទៃផ្សេងទៀតជាច្រើន ស្ទើរតែរៀងរាល់ថ្ងៃ ។ មួយថ្ងៃ ពីមុនការប្រជុំជាមួយប្រធានាធិបតីប្រទេសអាល្លឺម៉ង់បន្តិច លោកបានជួបក្មេងស្រីអាយុ ១៣ ឆ្នាំ នាថ្ងៃខួបកំណើតរបស់នាង ។ លោកបានកត់ត្រាថា « [ នាង ] បានរងទុក្ខដោយជំងឺកង្វះឈាមក្រហមដែលបណ្តាមកពីបញ្ហាខួរឆ្អឹង ជាជំងឺមួយធ្ងន់ធ្ងរណាស់ ។ យើងមានការសួរសុខទុក្ខមួយដ៏រីករាយ ។ … ខ្ញុំបានប្រាប់នាងថា យើងនឹងអធិស្ឋានសម្រាប់នាង » ។១៣
ប្រធាន ហ៊ិងគ្លីមានក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះកុមារ និង យុវវ័យសាសនាចក្រ ហើយពួកគេទាំងនោះក៏មានអារម្មណ៍បែបនោះចំពោះលោកផងដែរ ។ បន្ទាប់ពីស្តាប់លោកថ្លែងនៅក្នុងប្រទេសប្រេស៊ីលមក យុវនារីម្នាក់បានបង្ហាញអារម្មណ៍នាងដូចនេះ ៖ « ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះយ៉ាងខ្លាំង ។ នៅពេលប្រធាន ហ៊ិងគ្លីបញ្ចប់សុន្ទរកថារបស់លោក ដែលលោកបានមានប្រសាសន៍មកកាន់ពួកយើងថា ‹ ប្អូនៗអាចចាកចេញពីនេះ ទៅផ្ទះ ហើយភ្លេចអ្វីៗទាំងអស់ ដែលខ្ញុំបាននិយាយនាថ្ងៃនេះបាន ប៉ុន្តែសូមកុំភ្លេចថា ខ្ញុំស្រឡាញ់ប្អូនៗ › ។ ខ្ញុំនឹងមិនភ្លេចប្រសាសន៍ទាំងនោះឡើយ » ។១៤
ផ្ទៃខាងក្រោយ © iStock/Thinkstock ខាងឆ្វេង ៖ ថតរូបដោយ ប៊ូសាត រូបថត ខាងស្តាំ ៖ ថតរូបនៅប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាងស្តាំខាងក្រោម ៖ រូបថតទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្ត្រសាសនាចក្រ និង បណ្ណាសារ
ភរិយាប្រធាន ហ៊ិងគ្លី ម៉ារីជូរី គឺជាដៃគូ និង ជាអ្នកមានឥទ្ធិពលចំពោះការខ្វល់ខ្វាយរបស់លោកដល់បុគ្គលម្នាក់ៗ ។ លោកបានកត់ត្រាដូចនេះ ៖ « មនុស្សគ្រប់គ្នាដែលគាត់ស្គាល់ ហាក់ដូចជាស្រឡាញ់គាត់ ដោយសារគាត់មានចំណាប់អារម្មណ៍ស្មោះត្រង់លើមនុស្ស ។ គាត់យកចិត្តទុកដាក់ជាមួយបញ្ហា និង សេចក្តីត្រូវការរបស់ពួកគេ ។ ខ្ញុំមានសំណាងអ្វីម៉្លេះ ដែលមានគាត់ជាដៃគូ » ។១៥
បន្ទាប់ពីកូនទាំងប្រាំនាក់របស់ពួកលោកបានធំអស់ហើយ ប្រធាន និង ស៊ិស្ទើរ ហ៊ិងគ្លី ធ្វើដំណើរទៅណាមកណាជាមួយគ្នាជានិច្ច ហើយស៊ីស្ទើរ ហ៊ិងគ្លី បានផ្តល់សេចក្តីស្រឡាញ់ដល់មនុស្សជុំវិញពិភពលោក ។ នៅពេលស៊ីស្ទើរ ហ៊ិងគ្លីបានជួបអ្នកផ្សព្វផ្សាយសាសនា នោះគាត់តែងតែទូរសព្ទទៅឪពុកម្តាយរបស់អ្នកផ្សព្វផ្សាយសាសនាទាំងនោះនៅពេលស៊ីស្ទើរ ហ៊ិងគ្លីទៅដល់ផ្ទះវិញដើម្បីធ្វើឲ្យពួកគេភ្ញាក់ផ្អើល ។ ស៊ីស្ទើរ ហ៊ិងគ្លី ក៏ពូកែខាងការទាក់ទងជាមួយទស្សនិកជនជាក្រុមធំៗផងដែរ ។ ប្រធាន ហ៊ិងគ្លី បានកត់ត្រាបន្ទាប់ពីសន្និសីទប្រចាំតំបន់មួយថា « [ ម៉ាជី ] ចេះនិយាយអ្វីដែលគាប់ចិត្ត និង ជួយដល់មនុស្ស ។ « ពួកយើងទាំងអស់គ្នាបង្រៀន ប៉ុន្តែគាត់បែរជាពិភាក្សាជាមួយពួកគេដោយសាមញ្ញៗទៅវិញ » ។១៦
នៅពិធីបុណ្យសពរបស់ប្រធាន ហ៊ិងគ្លី ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សារបស់លោក បានសង្ខេបពីស្នាដៃមួយចំនួនរបស់ប្រធាន ហ៊ិងគ្លី ។ ក្រោយមកលោកបានសង្កេតឃើញថា នៅក្នុងគ្រប់ស្នាដៃទាំងអស់មានអ្វីមួយដែលដូចគ្នា ៖
« ពួកលោកផ្តល់ឱកាសដល់បុគ្គលម្នាក់ៗជានិច្ច ។ ហើយលោកតែងតែគិតគូរដល់អស់អ្នកដែលមានឱកាសតិចតួច ជាមនុស្សសាមញ្ញដែលពុះពារដោះស្រាយបញ្ហាលំបាកក្នុងជីវិតប្រចាំថ្ងៃ និង ឧបសគ្គក្នុងការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ លោកបានយកដៃគោះទ្រូងខ្ញុំជាច្រើនលើកច្រើនគ្រា នៅពេលខ្ញុំផ្តល់យោបល់ ហើយលោកមានប្រសាសន៍ថា ‹ ហល តើលោកចងចាំពីមនុស្សដែលកំពុងជួបការលំបាកឬទេ ? › »១៧
ទស្សនវិស័យសម្រាប់ពេលអនាគត
ភ្ជាប់ជាមួយនឹងសុទិដ្ឋិនិយមរបស់ប្រធាន ហ៊ិងគ្លី និង ការផ្តោតចិត្តទុកដាក់របស់លោកជាមួយបុគ្គលម្នាក់ៗ គឺជាទស្សនវិស័យនៃការព្យាកររបស់លោកសម្រាប់ពេលអនាគត ។ គួរឲ្យសរសើរបំផុតនោះគឺថាទស្សនវិស័យទាក់ទងនឹងព្រះវិហារបរិសុទ្ធ ។ ប្រធាន ហ៊ិងគ្លី បានគូសបញ្ជាក់អំពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធថាជា « ពរជ័យអស្ចារ្យបំផុត ដែលសាសនាចក្រផ្តល់ឲ្យ » ។១៨
កាលលោកក្លាយជាប្រធានសាសនាចក្រនៅក្នុងឆ្នាំ ១៩៩៥ មានព្រះវិហារបរិសុទ្ធចំនួន ៤៧ កំពុងដំណើរការនៅទូទាំងពិភពលោក ។ ក្រោមការដឹកនាំរបស់លោក សាសនាចក្របានបង្កើនចំនួនព្រះវិហារបរិសុទ្ធទ្វេដងក្នុងរយៈពេលប្រាំឆ្នាំដ៏ខ្លីប៉ុណ្ណោះ ។ ទស្សនវិស័យរបស់លោកទាក់ទងនឹងព្រះវិហារបរិសុទ្ធមានភាពរឹងប៉ឹង ហើយ ទូលំទូលាយ ប៉ុន្តែគោលបំណងទាំងស្រុងនោះគឺផ្តល់ពរដល់បុគ្គលគ្រប់រូបម្តងម្នាក់ៗ ។
ការបំផុសគំនិតសម្រាប់យុគសម័យថ្មីនៃការសាងសង់ព្រះវិហារបរិសុទ្ធនេះកើតឡើងនៅក្នុងឆ្នាំ ១៩៩៧ នៅពេលប្រធាន ហ៊ិងគ្លី បានទៅទីក្រុង កូឡូនៀ វ៉រែស ម៉ិកស៊ិក ដើម្បីប្រារព្ធខួបទី ១០០ ឆ្នាំ ដែលសាសនាចក្រមានសាលារៀនផ្ទាល់ខ្លួន ។ បន្ទាប់មក អំឡុងពេលជិះឡានតាមផ្លូវដីហុយដ៏យូរនោះមកលោកបានសញ្ជឹងគិត ។ ដុន អេច ស្តាហេលី លេខារបស់លោកបានរំឭកថា « វាមានសភាពស្ងប់ស្ងាត់ ។ ហើយក្រោយមក តាមខ្ញុំយល់ វិវរណៈបានចាប់ផ្តើមកើតមានឡើង ។ លោកបានគិតអំពីព្រះវិហារបរិសុទ្ធដែលតូចជាងកាលពីបុរាណ ប៉ុន្តែលើកនេះពុំដូចលោកគិតកាលពីមុនឡើយ » ។១៩
ក្រោយមកប្រធាន ហ៊ិងគ្លី បានពិពណ៌នាអំពីដំណើរការដូចនេះ ៖« ខ្ញុំបានចាប់ផ្តើមសួរខ្លួនខ្ញុំ អំពីអ្វីដែលអាចធ្វើបាន ដើម្បីឲ្យមនុស្សទាំងនេះអាចទទួលបានព្រះវិហារបរិសុទ្ធ ។ … នៅពេលខ្ញុំសញ្ចឹងគិតអំពីរឿងនេះ មានគំនិតមួយផុសក្នុងចិត្តខ្ញុំថា… យើងអាចសាងសង់ធាតុចាំបាច់ទាំងអស់របស់ព្រះវិហារបរិសុទ្ធនៅក្នុងអគារតូចៗបាន ។ … ខ្ញុំបានធ្វើគំនូរគម្រោងព្រាងមួយ ។ … រូបភាពទាំងស្រុងបានផុសឡើងក្នុងគំនិតខ្ញុំយ៉ាងច្បាស់ ។ ខ្ញុំជឿដោយអស់ពីចិត្តខ្ញុំថា វាគឺជាការបំផុសគំនិត ថាវាជាវិវរណៈមកពីព្រះអម្ចាស់ ។ ខ្ញុំបានត្រឡប់មកផ្ទះវិញ ហើយនិយាយរឿងនោះជាមួយទីប្រឹក្សារបស់ខ្ញុំ ហើយពួកលោកបានអនុម័ត ។ ក្រោយមកខ្ញុំបានបង្ហាញរឿងនោះដល់ពួកដប់ពីរនាក់ ហើយពួកលោកបានអនុម័ត » ។២០
បួនខែក្រោយមក នៅក្នុងសន្និសីទទូទៅប្រធាន ហ៊ិងគ្លី បានធ្វើការប្រកាសជាប្រវត្តិសាស្ត្រថា សាសនាចក្រនឹងចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធតូចៗជាងមុន នៅក្នុងតំបន់នានា ដែលគ្មានសមាជិកគ្រប់គ្រាន់ដើម្បីមានព្រះវិហារបរិសុទ្ធដែលធំៗ ។ លោកបានមានប្រសាសន៍ថា « យើងបានសម្រេចចិត្ត… នាំយកព្រះវិហារបរិសុទ្ធទៅកាន់មនុស្សទាំងនោះ ហើយផ្តល់ឱកាសគ្រប់គ្រាន់ដល់ពួកគេ នូវពរជ័យដ៏មានតម្លៃបំផុត ដែលកើតមកពីការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ » ។២១
នៅក្នុងសន្និសីទទូទៅបន្ទាប់មក ប្រធាន ហ៊ិងគ្លី បានធ្វើការប្រកាសជាប្រវត្តិសាស្ត្រមួយទៀតថា មានគម្រោងបន្តសាងសង់ព្រះវិហារបរិសុទ្ធឲ្យដំណើរការឲ្យបានចំនួន ១០០ នៅចុងឆ្នាំ ២០០០ ។ លោកបានថ្លែងថា « យើងកំពុងបន្តសាងសង់នៅលើមាត្រដ្ឋានមួយ ដែលយើងពុំធ្លាប់ឃើញពីមុន » ។២២ នៅពេលលោកបានប្រាប់ពីការរីកចម្រើននៃការសាងសង់ព្រះវិហារបរិសុទ្ធនៅក្នុងខែ មេសា ឆ្នាំ ១៩៩៩ លោកបានប្រើឃ្លាដែលយើងធ្លាប់ស្គាល់ដូចនេះ ៖ « នេះគឺជាកិច្ចការដ៏អស្ចារ្យ ទោះបីជាមានបញ្ហា ការលំបាកជាច្រើនក្តី អ្វីៗនឹងដំណើរការល្អ ហើយខ្ញុំមានទំនុកចិត្តថា យើងនឹងសម្រេចបានគោលដៅរបស់យើង » ។២៣
ផ្ទៃខាងក្រោយ © iStock/Thinkstock ខាងឆ្វេង ៖ ថតរូបដោយ ប៊ូសាត រូបថត ខាងស្តាំ ៖ ថតរូបនៅប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាងស្តាំខាងក្រោម ៖ រូបថតទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្ត្រសាសនាចក្រ និង បណ្ណាសារ
នៅក្នុងខែ តុលា ឆ្នាំ ២០០០ ប្រធាន ហ៊ិងគ្លី បានធ្វើដំណើរទៅទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ស.រ.អា. ដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទី ១០០ របស់សាសនាចក្រ—ជាព្រះវិហារបរិសុទ្ធមួយនៃព្រះវិហារបរិសុទ្ធទាំង ២១ ដែលលោកបានឧទ្ទិសឆ្លងនាឆ្នាំនោះនៅលើទ្វីបទាំងបួន ។ នៅពេលលោកទទួលមរណភាព ព្រះវិហារបរិសុទ្ធចំនួន ១២៤ បានសាងសង់ចប់សព្វគ្រប់ ហើយមានព្រះវិហារបរិសុទ្ធចំនួន ១៣ ត្រូវបានប្រកាស ឬ កំពុងសាងសង់ ។
ទស្សនវិស័យរបស់ប្រធាន ហ៊ិងគ្លី ចំពោះអនាគតបានបំផុសលោក ឲ្យស្វែងរកការបំផុសគំនិតអំពីរបៀបផ្សេងៗ ដើម្បីប្រទានពរដល់កូនចៅរបស់ព្រះ ។ លោកមានក្តីឈឺចាប់ចំពោះការរងទុក្ខ និង ភាពក្រីក្រដែលលោកបានមើលឃើញ ដូច្នោះលោកបានដឹកនាំការពង្រីកជំនួយឧបត្ថម្ភ នៃកិច្ចការមនុស្សធម៌របស់សាសនាចក្រ ជាពិសេសចំពោះអ្នកដែលមិនមែនជាសមាជិកសាសនាចក្រ ។ លោកក៏បានផ្តួចផ្តើមមូលនិធិអប់រំជាបន្តបន្ទាប់ ដើម្បីជួយសមាជិកសាសនាចក្រក្នុងប្រទេសដែលមានភាពក្រីក្រយ៉ាងខ្លាំង ។ តាមរយៈមូលនិធិនេះ ពួកគេអាចទទួលបានប្រាក់កម្ចី បង់ថ្លៃអប់រំដែលពួកគេត្រូវការ ដើម្បីទទួលបានការងារប្រសើរជាងមុន ដែលនឹងជួយពួកគេកាត់ផ្តាច់ចំណងនៃភាពក្រីក្រ ហើយមានភាពខ្លួនទីពឹងខ្លួន ។ គិតដល់ត្រឹមឆ្នាំ ២០១៦ មានមនុស្សជាង ៨០,០០០ នាក់បានទទួលឱកាសអប់រំ និង ការបំពាក់បំប៉ន តាមរយៈប្រាក់កម្ចីពីមូលនិធិនេះ ។
គំរូផ្សេងទៀតជាច្រើនអំពីទស្សនវិស័យនៃការព្យាកររបស់ប្រធាន ហ៊ិងគ្លី មានដូចជា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » និង ការសាងសង់មជ្ឈមណ្ឌលសន្និសីទ ត្រូវបានដាក់បញ្ចូលទៅក្នុង Teachings of Presidents of the Church: Gordon B. Hinckley ។
« ទីបន្ទាល់របស់ខ្ញុំ »
ពីរបីថ្ងៃពីមុនឈានដល់អាយុ ៩១ ឆ្នាំ ប្រធាន ហ៊ិងគ្លី បានកត់ត្រាដូចនេះ ៖ « ខ្ញុំមិនចាំបាច់ដាំដើមឈើទៀតឡើយ ប៉ុន្តែខ្ញុំនឹងដាំវា ។ នេះគឺជាចរិតលក្ខណៈរបស់ខ្ញុំ » ។២៤ មិនថាលោកមានអាយុចាស់ប៉ុណ្ណាឡើយ ទោះកាលនៅជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ឬ ជាព្យាការីអាយុ ៩៧ ឆ្នាំក្តី លោកមានចរិតលក្ខណៈស្រដៀងគ្នា ដើម្បីដាំគ្រាប់ពូជដំណឹងល្អ ហើយវាបានលូតលាស់ឡើងនៅក្នុងចិត្តមនុស្សទូទាំងពិភពលោក ។ លោកបានបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អស់រយៈពេល ២០ ឆ្នាំ ។ ក្រោយមកលោកបានបម្រើជាទីប្រឹក្សាក្នុងគណៈប្រធានទីមួយអស់រយៈពេល ១៤ ឆ្នាំ ។ នៅពេលលោកក្លាយជាប្រធានសាសនាចក្រនៅអាយុ ៨៤ឆ្នាំ នោះលោកបានដឹកនាំសាសនាចក្រឲ្យរីកចម្រើនយ៉ាងខ្លាំងអស់រយៈពេលជិត ១៣ ឆ្នាំ ។
នៅក្នុងការបម្រើដ៏សំខាន់បំផុតក្នុងជីវិតរបស់ប្រធាន ហ៊ិងគ្លី គឺជាទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុងសុន្ទរកថាសន្និសីទទូទៅមួយដែលមានចំណងជើងថា « ទីបន្ទាល់របស់ខ្ញុំ » លោកបានបង្ហាញពីទីបន្ទាល់ដូចតទៅនេះ ដោយនិយាយផ្នែកខ្លះនៃទីបន្ទាល់នោះទាំងយំថា ៖
« ក្រៅពីរឿងគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមានអារម្មណ៍ថ្លែងអំណរគុណនាព្រឹកនេះ នោះមានរឿងមួយដែលខ្ញុំមានអំណរគុណខ្លាំងបំផុត ។ នោះគឺជាទីបន្ទាល់ដែលខ្ញុំមានអំពីព្រះយេស៊ូវគ្រីស្ទ ។ …
« ទ្រង់គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់ខ្ញុំ ។ តាមរយៈការប្រទានជីវិតរបស់ទ្រង់ដោយការឈឺចាប់ និងការរងទុក្ខដែលមិនអាចថ្លែងបាននោះ ទ្រង់បានលូកព្រះហស្តចុះមកលើកខ្ញុំឡើង និង ដល់យើងម្នាក់ៗ និង ដល់បុត្រាបុត្រីទាំងឡាយរបស់ព្រះ ចេញពីអន្លង់ដ៏ជ្រៅនៃភាពងងឹតដ៏អស់កល្បបន្ទាប់ពីសេចក្ដីស្លាប់ទៅ ។ …
« ទ្រង់គឺជាព្រះ និង ជាស្ដេចរបស់ខ្ញុំ ។ ចេញពីភាពដ៏អស់កល្ប ទៅភាពដ៏អស់កល្ប នោះទ្រង់នឹងសោយរាជ្យ ហើយគ្រប់គ្រងជាស្ដេចលើអស់ទាំងស្ដេច ហើយព្រះលើអស់ទាំងព្រះ ។ ការគ្រប់គ្រងរបស់ទ្រង់គ្មានទីបញ្ចប់ឡើយ ។ សិរីល្អរបស់ទ្រង់គ្មានភាពងងឹតឡើយ ។ …
« ដោយអំណរគុណ និង ដោយសេចក្តីស្រឡាញ់ដ៏លើសលុប នោះខ្ញុំសូមថ្លែងទីបន្ទាល់អំពីកិច្ចការទាំងនេះនៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់ » ។២៥