ឆ្នាំ​២០១៧
ការសន្យា​ទាំង​ប្រាំ​អំពី​ការអធិស្ឋាន
January 2017


ការសន្យា​ទាំង ៥ អំពី​ការអធិស្ឋាន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ការអធិស្ឋាន​ទុក​ជា​របៀប​មួយ​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ទ្រង់ ដើម្បី​ថ្លែង​អំណរគុណ ទូលសូម​ពរជ័យ ហើយ រីកចម្រើន​ខាង​វិញ្ញាណ ។ ជួនកាល​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ឱន​ក្បាល ឱប​ដៃ ហើយ​ពោល​ពាក្យ​មួយ​ចំនួន​ដែល​សាមញ្ញ ហើយ ស្មោះសរ ។ តើ​វា​​អស្ចារ្យណាស់ មែនទេ ? នេះ​គឺ​ជា​ការសន្យា ឬ ពរជ័យ​ប្រាំ​ផ្សេងៗ​គ្នា ដែល​យើង​អាច​ទទួល​បាន​ ប្រសិនបើ​យើង​អធិស្ឋាន ៖

១ កម្លាំង​ដើម្បី​មាន​ជ័យជម្នះ

ដោយសារ​យើង​ជា​មនុស្ស យើង​អាច​មាន​អារម្មណ៍​ទន់ខ្សោយ​ក្នុង​ចំណុច​ជា​ច្រើន—ខាង​រូបកាយ អារម្មណ៍ វិញ្ញាណ និង ផ្លូវ​ចិត្ត ។ យើង​អាច​មាន​ការលំបាក​ក្នុងការ​ព្យាយាម​រត់​ប្រណាំង ឬ ប្រឡង​ឲ្យ​ជាប់ ឬ ទប់ទល់​នឹង​ការល្បួង ឬ ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ប៉ុន្តែ​ការអធិស្ឋាន​អាច​ផ្តល់​កម្លាំង​ដល់​យើង ដែល​ចាំបាច់​ដើម្បី​យក​ជ័យជម្នះ​លើ អ្វី​គ្រប់​យ៉ាង ដែល​កើត​មាន​នៅក្នុង​ជីវិត​របស់​យើង ។

ដូច​នីហ្វៃ​បាន​និយាយ​ថា « ព្រះអម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ( នីហ្វៃទី១ ៣:៧ ) ។ ព្រះអម្ចាស់​អាច​ប្រទាន​កម្លាំង​ដល់យើង ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ល្អៗ ដែល​យើង​ព្យាយាមធ្វើ​ប្រសិនបើ​កិច្ចការ​នោះ​ជា​ព្រះឫទ័យ​របស់​ទ្រង់ ។

អធិស្ឋាន​សូម​កម្លាំង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង ។ អធិស្ឋាន​សូម​កម្លាំង​ដើម្បី​ផ្តោតចិត្តទុកដាក់ ហើយ សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ការប្រឡង ។ អធិស្ឋាន​សូម​កម្លាំង​ដើម្បី​រត់​ទៅ​ដោយ​ឥត​នឿយ​ហត់ ។ អធិស្ឋាន​សូម​កម្លាំង ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​រឹងប៉ឹង ។

Pray for strength

រចនា​រូបភាព​ដោយ ក្លេតុន ថមសុន

២ ការអភ័យទោស

ទោះបី​វា​ជា​រឿង​មួយ​ល្អ​ដែល​យើង​គិត​ថា​យើង​ពុំ​ល្អ​ឥតខ្ចោះ​ក្តី ។ យើង​មាន​កំហុស ហើយ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង ។ ប៉ុន្តែ​ព្រះអម្ចាស់​ផ្តល់​វិធី​មួយ ដើម្បី​កែតម្រូវ​កំហុស​ទាំង​នោះ ៖ ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​មធ្យោបាយ​មួយ​ដើម្បី អាច​ទទួល​បាន​ព្រះចេស្តា​ទ្រង់​នោះ​គឺ​ការអធិស្ឋាន ។

នៅពេល​យើង​ទូលសូម​ការអភ័យទោស​តាមរយៈ​ការអធិស្ឋាន នោះ​យើង​អាច​ត្រូវ​បាន​អត់ទោស​ឲ្យ​ពី​អំពើ​បាប​របស់​យើង តាមរយៈដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ទោះបី​ជា​យ៉ាង​ណា​អំពើ​បាប​ធ្ងន់ធ្ងរ​អាច​ត្រូវការ​ជំនួយ​ពី​ប៊ីស្សព ឬ ប្រធាន​សាខា ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង ដោយ​ស្មោះសរ​នឹង​ក្លាយ​ជា​ជំហានទី​មួយ ជានិច្ច ដើម្បី​ទទួល​ការអភ័យទោស—មិន​ថា​យើង​កំពុង​ទូលសូម​ការអភ័យទោស​ពី​ព្រះវរបិតា​សម្រាប់​ខ្លួន​យើង ឬ ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ផ្សេង​ទៀត​នោះ​ទេ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រៀន​ពី​របៀប​អភ័យទោស​ដល់​ខ្លួន​យើង ។

Pray for forgiveness

៣ ចំណេះ​ដឹង និង ការណែនាំ

វិវរណៈ​ផ្ទាល់ខ្លួន​អាច​ជា​ពរជ័យ​ដំបូង​គេ​នៃ​ការអធិស្ឋាន ដែល​អ្នក​ត្រូវ​គិត​ដល់ ជាពិសេស​ជាមួយ​នឹង​បាវចនា​ម៉្ញូតឆល​ថ្មី​នេះ​ដែល​អ្នក​គិត​អំពី​វា ។ យ៉ូសែប ស៊្មីធ ខ្វះ​ចំណេះដឹង​ថា​តើ​ត្រូវ​ចូលរួម​ជាមួយ​ព្រះវិហារ​ណា​មួយ ដូច្នោះ​លោក​បាន​លុតជង្គង់​នៅ​ក្នុង​ព្រៃពិសិដ្ឋ ហើយ​ទូលសួរ​សំណួរ​របស់​លោក ហើយ​លោក​បាន​ទទួល​ចម្លើយ—តាម​របៀប​មួយ​ដ៏​អស្ចារ្យ​បំផុត ។

ប៉ុន្តែ​វិវរណៈ​ពុំ​មែន​មាន​សម្រាប់​តែ​ព្យាការី​នោះ​ទេ ហើយ​វា​ក៏​មិនចាំ​ទាល់តែ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ដែរ ។ ប្រសិនបើ​យើង​ខ្វះ​ប្រាជ្ញា​លើ​រឿង​អ្វី​មួយ​យើង អាច ហើយ គួរតែ ទូលសូម​ដល់​ព្រះ ។ ទ្រង់​នឹង​ឆ្លើយតប ទោះ​ជួនកាល​វា​មិន​តាម​អ្វី​ដែល​យើង​រំពឹង​ចង់​បាន​ក្តី ។ ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​សំណួរ​របស់​យើង ហើយ​ជួយ​ដឹកនាំ​ជីវិត​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​ទូល​សូម​ជា​មុន​សិន !

Pray for knowledge

៤ បំណងប្រាថ្នា​ដើម្បី​ធ្វើ​តាម​ព្រះឫទ័យ​របស់​ព្រះអម្ចាស់

វា​អាច​មាន​ការលំបាក ក្នុង​ការមើល​ឃើញ​ចំណុច​នេះ​ថា​ជា​ពរជ័យ—និយាយ​ដោយ​ត្រង់​ជួនកាល​យើង​ចង់​បាន​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ខ្លួន​យើង ដែល​ព្រះអម្ចាស់​ពុំ​សព្វ​ព្រះឫទ័យ​ឲ្យ​យើង​ឡើយ ។ ប៉ុន្តែ​នៅពេល​យើង​អធិស្ឋាន​ដើម្បី​ប្រែចិត្តជឿ​ពិតប្រាកដ ហើយ​មាន​បំណង​ប្រាថ្នា​ធ្វើ​តាម​ព្រះឫទ័យ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​កត់សម្គាល់​អ្វី​មួយ​ដែល​អស្ចារ្យ ៖ គឺ​អ្វី​ដែល​យើង​ចង់​បាន ចាប់ផ្តើម​កាន់តែ​ដូច​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ ។

ទោះជា​យ៉ាង​ណា​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួង​ចិត្ត​នេះ​នឹង​មិន​កើត​ឡើង​ភ្លាមៗ​ឡើយ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ដូចនេះ ៖ « សម្រាប់​យើង​ភាគច្រើន​ការប្រែចិត្តជឿ​ជា​ដំណើរការ​ដែល​បន្ត​ជានិច្ច មិនមែន​ជា​ហេតុការណ៍​តែ​ម្ដង ដែល​កើត​ឡើង​ពី​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល ឬ អស្ចារ្យ​តែម្តង​នោះ​ទេ ។ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ បន្ដិចម្ដងៗ និង ស្ទើរតែ​មិន​ដឹង ការជំរុញ គំនិត ពាក្យសម្ដី និង ទង្វើ របស់​យើង​ប្រែជា​ស្រប​នឹង​ព្រះទ័យ​ព្រះ » ( « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៧–៨ ) ។

Pray for desire

៥ ភាព​សុខសាន្ដ

ពរជ័យ​មួយ​ដែល​បាន​សន្យា​ដល់​យើង​ប្រសិនបើ​យើង​អធិស្ឋាន​នោះ​គឺ​ភាពសុខសាន្ត និង ការលួងលោម​ចិត្ត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ លើស​ពី​នោះ​ទៀត គេ​ហៅ​ទ្រង់​ថា​ព្រះ​ដ៏​ជា​ជំនួយ ។ សូម​ប្រាកដ​ថា​ភាពសុខសាន្ត​នឹង​កើត​ឡើង​ទោះ​ជា​ក្នុង​គ្រា​លំបាក​ក្ដី ។ សូម​ចាំ​ពី​ការសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង យ៉ូហាន ១៤:២៧ ៖ « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ថប់បារម្ភ ឬ​ភ័យ​ឡើយ » ។ ភាពសុខសាន្ត​នឹង​កើត​មាន​ឡើង​ប្រសិនបើ​យើង​ទូលសូម ។

ការអធិស្ឋាន​គឺ​ជា​មធ្យោបាយ​មួយ ទាក់ទង​ជាមួយ​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង ។ សូម​ប្រើ​មធ្យោបាយ​នេះ ហើយ​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក ។ ប៉ុន្តែ​បន្ទាប់​ពី​ការទទួល​ពរជ័យ​ទាំង​នេះ​តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះសរ​ហើយ​នោះ សូម​ចាំថា​ត្រូវ​បង្ហាញ​អំណរគុណ​ដ៏​ស្មោះអស់​ពី​ចិត្ត​របស់​អ្នក—ដូច​ដែល​អ្នក​បាន​គិត​នោះ​ហើយ—គឺ​ការអធិស្ឋាន ។

Pray for peace